តាមគេហទំព័រវីអូឌី (VOD News) បានចុះផ្សាយថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា ក្រុម​មេដឹកនាំ​​នៃ សមាគម​​ខ្មែរក្រោម​ បានប្រតិកម្មទៅ​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី​ កិច្ច​ព្រមព្រៀង​​ផ្ទេរ​អ្នកទោស​ រវាង​កម្ពុជា​-វៀតណាមថាអាច​ជា​ការ​ធ្វើឡើង​តាម​ការ​ចង់បាន​របស់​វៀតណាម​ សមាគមខ្មែរក្រោម ដាក់ការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះ មានចរិត​គាប​សង្កត់ខ្មែរក្រោម ដែលមានសញ្ជាតិវៀតណាម នៅកម្ពុជា ដូចរដ្ឋាភិបាល​វៀត​ណាម សង្កត់​សង្កិនបងប្អូនខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ជាទឹកដីកំណើតរបស់ខ្លួនដែរ។

កាលពីកាលពី​ថ្ងៃទី ០៣ មីនា ២០២០ ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​បញ្ជូន​កិច្ច​ព្រមព្រៀង​ចំនួន ២ ទៅកាន់​រដ្ឋសភា​ របស់លោក ហេង សំរិន នៃរបបដឹកនាំរបស់លោក ហ៊ុន សែន ដើម្បីពិនិត្យ និងអនុម័ត។ កិច្ចព្រមព្រៀងទាំងពីរ រួមមាន ទី១. កិច្ច​ព្រមព្រៀង​​ស្តី​ពី​ការផ្ទេរ​​ទណ្ឌិត​ ឬអ្នកទោស​​ប្រទេស​​ទាំងពីរ​ និង ទី២. ​កិច្ច​ព្រមព្រៀង​​ស្តី​ពី​ការ​ជួយគ្នា​ទៅវិញទៅមក​លើ​ផ្នែក​ច្បាប់ ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាងកម្ពុជា និងវៀតណាម​​។ 

គេហទំព័រវីអូឌី បានដកស្រង់សំដី លោក​ សឺន​ ជុំ​ជួន អគ្គលេខាធិការ​នៃ ​សមាគម​​ខ្មែរ​កម្ពុជា​ក្រោម​​​ដើម្បី​សិទ្ធិមនុស្ស​ និង​​ការ​អភិវឌ្ឍ​​ ថា​ «ប្រសិនបើ​កិច្ច​ព្រមព្រៀង​នេះ ​លេច​ចេញ​ជា​ផ្លូវការ​ ពលរដ្ឋខ្មែរ​ក្រោម ដែល​​​មាន​​សញ្ជាតិ​​វៀតណាម ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​ បន្ត​នៅ​ប្រទេស​កុម្មុយនិស្ត​ ហើយ​នឹង​មានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​​ពួកគាត់​​ធ្ងន់ធ្ងរ​ជាក់​ជា​មិនខាន»​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ បានឆ្លើយតប​ទៅមន្រ្តីសមាគមខ្មែរកម្ពុជា ថា​ «ការ​ព្រួយបារម្ភ​​​ចំពោះ​​កិច្ច​​ព្រមព្រៀង​​នេះ​ ដែលអាច​​ធ្វើ​ទុក្ខ​​បុកម្នេញ​​ ដល់​ពលរដ្ឋខ្មែរ​កម្ពុជា​នោះ​ គឺជា​រឿង​យល់​ខុស​ ប្រាសចាក​ពី​គោល​​ដៅ​​នៃ ​កិច្ច​ព្រមព្រៀង​​នោះ​​ទាំងស្រុង»​។ លោក​​ បញ្ជាក់ថា​ «​ការផ្ទេរ​ទណ្ឌិត​ គឺ​យើង​ជា​ជនល្មើស​ បាន​ប្រព្រឹត្ត​បទល្មើស​ បានន័យ​ថា ត្រូវ​បាន​គេ​ផ្តន្ទា​ទោស​ និង​​​អនុវត្ត​ទោស។ អីចឹង ​កិច្ច​ព្រមព្រៀង​នេះ​ គឺ​ឱ្យ​ប្រទេស​សា​ម៉ី​ ផ្ទេរ​ពលរដ្ឋ​គេ​​ ដែល​ជា​ទណ្ឌិត​ យក​មក​អនុវត្តទោស​ ​នៅ​ប្រទេស​ដើម​ ឬប្រទេស​​កំណើត​។ អីចឹង​ វា​អត់មាន​ទាក់​ទង​ការ​ធ្វើទុក្ខ​បុកម្នេញ​ ទៅដល់​ខ្មែរ​កម្ពុជាក្រោម​អី​នោះ​ទេ​។ វា​អត់​ទាក់ទង​សោះតែ​ម្តង»។ 

ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ លោក​ ថាច់​ សេដ្ឋា​ មើល​ឃើញ​​ថា «​មូលហេតុ​​ដែល​​​​​ជំរុញ​​​ឲ្យមាន​កិច្ច​ព្រមព្រៀង​នេះ ​ចេញ​រូបរាង​​នៅពេល​នេះ​ គឺ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដឹកនាំ​ដោយ​ឯក​បក្ស​ គ្មាន​សំឡេង​ជំទាស់​អ្វី​ទាំងអស់​។ នោះ​ជា​ការ​ធ្វើឡើង ​តាម​ការ​ចង់បាន​របស់​វៀត​ណាម​។ លោក​ ព្រួយបារម្ភ​​ចំពោះ​កិច្ច​ព្រមព្រៀង​​ទាំងនេះ ​ត្បិត​កន្លងមក ​ការអនុវត្ត​ច្បាប់​​របស់​អាជ្ញាធរ​កម្ពុជា ​មិន​បាន​​ត្រឹមត្រូវ​ ហើយ​តែង​ធ្វើតាម​ការ​ស្នើសុំ​​របស់​វៀតណាម​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​មួយចំនួន​រងគ្រោះ»​

អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេង​ ប៉េង​ឡុង​ មានប្រសាសន៍​​ថា ​ខាង​​​​រដ្ឋសភា ​បាន​ទទួល​កិច្ច​ព្រមព្រៀង​ទាំងពីរ​នោះ​ និង​​បាន​បញ្ជូន​ទៅ ​គណៈកម្មការ​ទី៦​ រដ្ឋសភា​ ដែល​ជា​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ ដើម្បី​សិក្សា​លម្អិត​។ លោក​ ថា​កិច្ច​ព្រម​ព្រៀង​​បែបនេះ​ កម្ពុជា ​ចាប់ផ្តើម​ធ្វើ​ដំបូង​គេ ​ជាមួយ​វៀតណាម​ ហើយ​គ្រោង​នឹង​ធ្វើជា​មួយ​បណ្តា​ប្រទេស​ ក្នុង​តំបន់​អាស៊ាន​ ក្នុង​គោលបំណង​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ។

មុន​មាន​កិ​ច្ច​ព្រម​ព្រៀង​ផ្ទេរ​អ្នកទោស​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-វៀតណាម​ ក៏​ធ្លាប់​​បាន​ចុះ​សន្ធិសញ្ញា​មួយ​ កាល​ពី​ចុងឆ្នាំ ​២០១៣​ ស្តី​ពី​ការ​ផ្តល់​បត្យាប័ន​ ចាប់​បញ្ជូន​​ជនល្មើស​​​ឱ្យ​គ្នា​ទៅវិញទៅមក​ តាម​ការ​ស្នើ​សុំ​​របស់​ភាគី​ម្ខាង​។ សន្ធិសញ្ញាបត្យាប័ននេះ ធ្វើឡើង​ក្នុង​គោល​បំណង​ សហប្រតិបត្តិ​ការ ​ឱ្យ​មានប្រសិទ្ធភាព​ ក្នុង​ការ​បង្ក្រាប​​​បទល្មើស​​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ឈរ​លើ​​មូលដ្ឋាន​គោរព​​អធិបតេយ្យ​ភាព​ សមភាព​ និង​ប្រយោជន៍​រួម​​រវាង​ប្រទេស​​ទាំងពីរ​។ ប៉ុន្តែ ​សន្ធិសញ្ញាបត្យាប័ន​​ដដែល​​នេះ​ បាន​បដិសេធ​ការ​ធ្វើ​បត្យាប័ន​ ឬការ​បញ្ជូន​ខ្លួន​សា​ម៉ី​ជន​ ពាក់ព័ន្ធ​បទល្មើស​នយោបាយ​ បទល្មើស​យោធា​ បទល្មើស​ ដែល​មាន​លក្ខណៈ​​ធ្វើទុក្ខ​បុកម្នេញ​​ផ្នែក​ពូជសាសន៍​ ជាតិ​ពិន្ធុ​ ជំនឿ​ សាសនា​ ឬទស្សនៈនយោបាយ​ជាដើម​។ 

យ៉ាងនេះ​ក្តី​ លោក​ ជិន​ ម៉ា​លីន​ ថា​ជា​នីតិវិធី​ ក្រោយ​គណៈកម្មការ​ជំនាញ​សិក្សា​រួច​ កិច្ច​ព្រមព្រៀង​ទាំងពីរ​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់ទៅ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​ ដើម្បី​​កំណត់កាល​បរិច្ឆេទ​ លើកយក​ទៅ​អនុម័ត​​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ ​រដ្ឋសភា​ ព្រមទាំង​ព្រឹទ្ធសភា​ផង​ មុននឹង​ដាក់ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​ឡាយ​ព្រ​ហស្តលេខា ​ទទួលស្គាល់​ជា​ផ្លូវការ​៕
(ប្រភពគេហទំព័រ វីអូឌី (VOD News) /អត្ថបទដោយលោក សូត សុខប្រាថ្នា / អត្ថបទបន្ថែម និងសម្រួលខ្លឹមសារដោយ នគរ / ០៥ មីនា ២០២០)

.