អត្ថបទស្រាវជ្រាវសង្ខេបដោយលោក ម៉ែន ណាត
Updated 20-4-2020
វប្បធម៌ខ្មែរ ជុំវិញការស្លៀកពាក់ ដែលមានលក្ខណៈសំបូរបែប គឺចាប់តាំងពីសម័យមហានគរ មកសម័យក្រោយៗមកទៀត រហូតមកដល់សម័យសព្វថ្ងៃ។ ការសៀកពាក់ និងសិល្បៈ គឺជាផ្នែកមួយនៃប្រពៃណីវប្បធម៌ បង្ហាញពីអត្តសញ្ញាណជាតិ របស់ជនជាតិនីមួយៗ។
ខណៈនេះ យើងសូមលើកយកប្រវត្តិសាស្ត្រសង្ខេបខ្លីៗ ភ្ជាប់ជាមួយប្រពៃណីវប្បធម៌ក្នុង ៣ សម័យកាល៖
– សម័យនគរភ្នំ ឬហ្វូណន ពីសតវត្សទី១ ដល់សតវត្សទី៦ (ឆ្នាំ ៥៥០)
– សម័យចេនឡា ពីពាក់កណ្តាលសតវត្សទី៦ (ឆ្នាំ ៥៥០) ដល់សតវត្សទី៩ (ឆ្នាំ ៨០២)
– សម័យអង្គរ ពីសតវត្សទី៩ ដល់សតវត្សទី១៥ (ពីឆ្នាំ ៨០២ ដល់ឆ្នាំ ១៤៣១)
សម័យនគរភ្នំ ឬហ្វូណន
សម័យនគរភ្នំ (អាណាចក្រភ្នំ ឬនគរគោកធ្លក) រាប់ចាប់តាំងពីសតវត្ស (ស.វ) ទី១ ដល់ទី៦ (ឆ្នាំ ៥៥០)) ជាសម័យរុងរឿងដំបូងបំផុតរបស់ខ្មែរ ដែលមានទីតាំងរាជធានី នៅស្រុកអង្គរបុរី ខេត្តតាកែវ សព្វថ្ងៃ។ កាលនោះ ទឹកដីខ្មែរ លាតសន្ធឹងមួយភាគធំ ដល់អាស៊ីអាគ្នេយ៍ដីគោក។ ចំណែកទីតាំងនៅតាមដងទន្លេ បានលាតសន្ធឹងដល់ភាគកណ្តាល នៃប្រទេសលីនយី (នគរចម្បា) ដែលសព្វថ្ងៃ បានក្លាយជាប្រទេសវៀតណាម។ ពោលគឺចាប់ពីទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) និងវៀតណាមទាំងមូល ដល់ផ្នែកខាងត្បូង និងកណ្តាលនៃប្រទេស លាវ ព្រមទាំងផ្នែកខាងកើតនៃប្រទេស ថៃ ហើយមានពេលខ្លះ អំណាចខ្មែរ លាតសន្ធឹងរហូតដល់ជ្រោយ ម៉ាឡាយូ (ម៉ាឡេស៊ី) និងប្រទេស ភូមា ថែមទៀតផង។ ទឹកដីនគរភ្នំ ស្ថិតក្នុងឈូងសមុទ្រដ៏ធំ និងមានទន្លេមួយ ហូរចេញពីទិសពាយ័ព្យ ទៅចាក់ក្នុងសមុទ្រ (ទន្លេមេគង្គ)។ នេះបើតាមឯកសារប្រវត្តិសាស្រ្ត ភាគ១ និងភាគ២ របស់លោក ត្រឹង ងា។
មហាក្សត្រ ដំបូងគេដែលសោយរាជ ក្នុងសម័យនគរភ្នំ គិតចាប់ពីសតវត្ស (ស.វ) ទី១ ពីឆ្នាំ ៥០ នៃគ្រឹស្តសរាជ (គ.ស.) គឺដឹកនាំដោយមហាក្សត្រី មានព្រះនាមថា សោមា ឬ លីវយី។ កាលនោះមានរឿងតំណាលថា មានបុរសម្នាក់ឈ្មោះ ហ៊ុនទៀន ដែលគោរពបូជា ព្រហ្មញ្ញសាសនា ធ្វើដំណើរមកពីទក្សិណ (ពីឥណ្ឌា) គឺចេញពីសមុទ្រខាងត្បូង សុំចតនៅលើដែនសមុទ្រ នៃរាជធានីនគរភ្នំ ហើយបានប្រយុទ្ធឈ្នះទ័ពព្រះនាង លីវយី រួចក្រោយមកក៏រៀបអភិសេកជាមួយព្រះនាង និងឡើងគ្រងរាជ។
ប្រពៃណីទំនៀមទម្លាប់៖
– កាន់ព្រះពុទ្ធសាសនាមហាយាន បន្ទាប់មកកាន់ព្រហ្មញ្ញសាសនា
– កូនស្រី មានសិទ្ធិរើសគូស្រករដោយខ្លួនឯង
– កាន់ទុក្ខញាតិស្លាប់៖ កោរពុកមាត់ កោពុកចង្ការ ដើម្បីកាន់ទុក្ខ
– ពិធីរំលាយសព មាន ៤បែបគឺ កប់ ដុត ឬបូជា ចោលក្នុងព្រៃ និង ក្នុងទឹក
– នៅក្រៅទីក្រុង រាស្រ្តតែងប្រមូលគ្នាទៅដោយភូមិធំ មានផ្ទះពី ៥០ ទៅ ៦០ខ្នង មានស្រះទឹករួមគ្នាមួយ
– ផ្ទះធ្វើពីឈើ ប្រក់ស្លឹកចាក សង់លើចន្ទល់ខ្ពស់ផុតដី
– មនុស្សមានសំបុរស្រអែម សក់រួញអង្គាសដី ចោះត្រចៀកពាក់ក្រវិល ទាំងប្រុស ទាំងស្រី
– ស្លៀកសម្ពត់អង្កាញ់ ញ៉ុកទៅខាងមុខ ហើយទុកដងខ្លួនទទេ។ អ្នកក្រ ប្រើសម្ពត់អំបោះ ឯនាម៉ឺន អ្នកមាន ប្រើសម្ពត់ចរបាប់។ (ចរបាប់ គេត្បាញរំលេចដោយសរសៃសូត្រ ចាក់ពណ៌មាស និងពណ៌ទឹកប្រាក់។ ក្រណាត់នេះ មានតម្លៃណាស់ គេប្រើសម្រាប់ព្រះរាជវង្សតាមបែបប្រពៃណី។ សព្វថ្ងៃ គេប្រើប្រាស់ក្នុងពិធីរៀបអាពាហ៌ពិពាហ៌។ ក្បួនខ្នាតសំខាន់ៗក្នុងពិធីអាពាហ៌ពិពាហ៌សព្វថ្ងៃ មានមូលដ្ឋានគ្រឹះពីសម័យនគរភ្នំ)។
– ចោរកម្ម៖ អ្នកនគរភ្នំ ពុំចេះលួចគ្នាទេ។ នៅពេលទំនេរ គេប្រជល់ជ្រូក ព្រជល់មាន់ ជាដើម។
– កសិកម្ម៖ រីកចម្រើនលូតលាស់ ព្រោះនយោបាយទឹក លូតលាស់យ៉ាងក្រៃលែង
– សិប្បកម្ម៖ ជឿនលឿនខ្លាំង – សូន្យរូប ត្បាញសូត្រ ចរបាប់ ឆ្លាក់គ្រឿងមាសប្រាក់ ស្លកែវ។
– ពាណិជ្ជកម្ម៖ ហ្វូណន ឬនគរភ្នំ ជារដ្ឋដែលមានសកម្មភាពសេដ្ឋកិច្ចខ្លាំងក្លា។ កំពង់សំពៅ អូរកែវ (កម្ពុជាក្រោម) ជាកំពង់ផែអន្តរជាតិ មានពាណិជ្ជករគ្រប់ជាតិសាសន៍ រកស៊ីយ៉ាងកុះករ។

សម័យចេនឡា
ឯកសារប្រវត្តិសាស្ត្រសរសេរថា ចេនឡា ចាប់ផ្តើមពីពាក់កណ្តាលសតវត្សទី៦ ដល់ដើមសតវត្សទី៩ គឺជាឈ្មោះអាណាចក្រមួយ ដែលកើតឡើង ក្រោយពីអាណាចក្រភ្នំ ឬសម័យនគរភ្នំ បានដួលរលំ។ នៅសតវត្សទី៧ ក្រោយការចូលទីវង្គតរបស់ព្រះបាទ ជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា នគរចេនឡា ត្រូវបានបំបែកជានគរជា ២ ដែលហៅថា «ចេនឡាទឹក» និង នគរសម្ភុបុរៈ ហៅថា «ចេនឡាគោក»។ ចេនឡាទឹក មានទឹកដីនៅត្រង់ម្តុំទឹកដីកម្ពុជាក្រោម សព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹង ដល់ជួរភ្នំដងរែក។
ប្រពៃណីទំនៀមទម្លាប់៖
– គោរពព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា (ហរិហរៈ)
– ប្រុស ដណ្ដឹងស្រី (ខុសពីសម័យនគរភ្នំ)
– កាន់ទុក្ខញាតិស្លាប់៖ កោរពុកមាត់ កោពុកចង្កា អត់បាយប្រាំពីរថ្ងៃ ស្រែកយំខ្លាំងៗ
– រំលាយសពមាន ៤ យ៉ាងគឺ កប់ក្រោមថ្ម, បូជាដោយភ្លើង, ឲ្យសត្វស៊ី, ដាក់កោដ្ឋបោះចូលទន្លេ
– ទម្លាប់ចាស់ៗ ពីសម័យនគរភ្នំ ឬ អាណាចក្រភ្នំ រក្សាទុកនៅដដែល។
– វិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម មិនខុសគ្នាពីសម័យនគរភ្នំទេ។

សម័យមហាអង្គរ
សម័យអង្គរ ជាសម័យរុងរឿងបំផុត ដែលហៅម្យ៉ាងទៀតថា «សម័យមហានគរ ៖ អាណាចក្រខ្មែរ ឬចក្រភពខ្មែរ» មានទឹកដីធំទូលាយ និងមានអំណាចគ្របដណ្តប់ដល់ភូមា ដល់តំបន់ណានឆាវ ប្រទេសចិន ដល់នគរចម្បា និងជ្រោយម៉ាឡាយូ។ សម័យអង្គរ រាប់ចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ (ពីឆ្នាំ៨០២ ដល់ឆ្នាំ១៤៣១)។ រាជធានី ក្នុងសម័យមហានគរ នៅតំបន់អង្គរ ខេត្តសៀមរាប សព្វថ្ងៃ។ វិស័យកសិកម្ម ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការកសាងមហានគរ។
សម័យមហានគរ គោរពបូជា ព្រហ្មញ្ញសាសនា។ ចំណែកព្រះបាទ ជ័យវរ្ម័នទី៧ ទ្រង់ប្រោសប្រទានគោរពព្រហ្មញ្ញសាសនា គួបផ្សំនឹងព្រះពុទ្ធសាសនាមហាយានផងដែរ នេះបើតាមឯកសារប្រវត្តិសាស្រ្ត។
របៀបគ្រប់គ្រងប្រទេស
– ធ្វើទៅតាមទស្សនៈព្រាហ្មញ្ញសាសនា។
– ព្រះមហាក្សត្រ ជាអាទិទេព ឬជាអវតានៃព្រះអាទិទេព ដែលជាអ្នកបែងភាគ ចុះមកដឹកនាំមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដី។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រ ក៏ជាមេទ័ពដ៏ខ្លាំងក្លាផង។
ការរៀបចំរដ្ឋបាល
– មានមន្ត្រីច្រើន
– អំណាចគ្រប់គ្រង ត្រូវបែងចែកជា ២គឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ
– ព្រះរាជា ឬព្រះមហាក្សត្រ ជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ។ អំណាចព្រះរាជា មានប្រភពចេញពីព្រះអាទិទេព។ ព្រះអង្គ ជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ ព្រមទាំងអាចជ្រើសតាំង និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និង ជាមេដឹកនាំសាសនា។
