អត្ថបទ CWCI Cambodia / 05th-6-2020

ក្រុមអ្នកជំនាញ​ព្រំដែន​កម្ពុជា បាន​រិះគន់រដ្ឋាភិបាល​បច្ចុប្បន្ន​ថា ជា​រដ្ឋាភិបាល​បម្រើ​មហិច្ឆតា​វៀត​ណាមឥត​ងាករេ និង​កាន់​តែ​ធ្វើឲ្យកម្ពុជា បាត់​បង់​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សាំឃ្លាំមើលកម្ពុជា ដែល​មានមូលដ្ឋាន​ក្នុង​ប្រទេស Norway លោក ម៉ែន ណាត ថ្លែង​​​ថា «ពលរ​ដ្ឋខ្មែរ​ មិន​ត្រូវ​នាំគ្នា​ដេក​ចាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ទាមទារ​ព្រំដែន​ទឹក និង​​ព្រំដែន​​គោក ដែល​វៀតណាម​ បាន​រំលោភ​យក​ទៅ​នោះ​ទេ ប៉ុន្តែ​​គេ​ត្រូវ​នាំ​គ្នា​​ ក្រោក​ឈរ​​​តស៊ូ​​ទាមទារ​​ទឹកដី​​របស់​ខ្លួន​ ដែល​​បាន​​បាត់បង់​​នោះ​​មក​វិញ»។ ការលើក​​ឡើង​​របស់​​លោក ម៉ែន ណាត នេះ បាន​​​​ថ្លែង​​​នៅ​​ក្នុង​​​កម្មវិធី Idea Talk នៃ​​​សារព័ត៌មាន ឌឹ​ខេមបូឌា​ ឌែលី (The Cambodia Daily) កាលពី​​រាត្រី​ថ្ងៃទី ០៣ ខែ​​ឧសភា​ ឆ្នាំ​​២០២០ កន្លង​ទៅនេះ។

កម្មវិធី Idea Talk នេះ មាន​ការចូលរួមពី​លោក ទូច វិបុល លោក អ៊ុំ សំអាន លោក ម៉ែន ណាត លោក ប៉ាង សុខឿន និងលោក អ៊ាប គឹម​សេង​ (អ៊ាប សេង) ដែល​​ពួកគេ​​សុទ្ធ​សឹង​​ជា​​មេដឹកនាំ​​នៃ ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (Students’ Movement for Democracy – SMD) ជា​​ក្រុម​​អតីត​​អ្នកតស៊ូ​​ក្នុង​​កិច្ចការ​ព្រំដែន។

ពួកគេទាំង ៥ នាក់នេះ ក៏បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការប្រកាស​បន្ត​ការតស៊ូ​​មតិ អំពី​បញ្ហា​ព្រំដែន​ឡើង​វិញ ក្រោយ​ពីពួកគេ​ ផ្អាក​សកម្មភាព​នេះ​អស់រយៈពេល ២០ឆ្នាំ​មក​ហើយ​។ ជាងនេះទៅទៀត ពួកគេ​ក៏​គ្រោង​ប្រកាស​ការ​ចាប់​កំណើត​ជាថ្មី​ នៃ​ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​ជា​ផ្លូវការ​ឡើងវិញ ក្នុង​ពេលឆាប់ៗ​នេះ ដែល​ពួក​គេ​មាន​សុទិដ្ឋិនិយម​ថា ក្រុមថ្មីនេះ នឹង​មាន​ឥទ្ធិពល ហើយ​មាន​ប្រសិទ្ធិភាព​ការងារ​ខ្លាំង​ជាង​មុន។

លោក ទូច វិបុល អតីតមេដឹកនាំនៃ​ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​​បញ្ជាក់​ថា «ការ​បង្កើត​ចលនា​​នេះ​​​ឡើង​វិញ គឺដើម្បី​​ប្រឆាំង​ការឈ្លានពាន​ព្រំដែន ពី​​ប្រទេស​​​ជិត​​ខាង និង​​​​បញ្ហា​ជន​អន្តោប្រវេសន៍​​​ខុសច្បាប់ លើទឹកដី​កម្ពុជា»។ លោក​បន្ត​ថា ចលនា​នេះ​នឹង​ធ្វើកា​រតស៊ូមតិ​​ជាលក្ខណៈ​​អន្តរជាតិ ដើម្បី​​ការពារ​​បូរណភាពទឹកដី និង​​អធិបតេយ្យភាពជាតិ។

ចំណែកឯលោក ប៉ាង សុខឿន និងលោក អ៊ាប គឹមសេង វិញមានព្រមានថា «ប្រសិនបើពលរដ្ឋខ្មែរ នៅ​តែ​បណ្តែត​​បណ្តោយ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើអ្វីស្រេចតែនឹងចិត្តទៀត នោះ​ខ្មែរ​នឹង​មាន​វាសនាដូច​កម្ពុជាក្រោម ជាមិនខាន»

ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ បាន​ង្កើត​ឡើង​ក្នុងឆ្នាំ ១៩៩៨ ដើម្បី​​ប្រឆាំង​​​លទ្ធផល​​​ការ​​បោះ​ឆ្នោត និង​​បេក្ខភាព​លោក ហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី នៅ​ក្រោយ​ការបោះ​ឆ្នោត​ លើកទី២ កាល​​ពី​​ខែ​កក្កដា ឆ្នាំ ១៩៩៨។ ចលនានេះ ធ្លាប់​​​ចូល​រួម​ប្រឆាំង​តវ៉ា​​ជនអន្តប្រវេសន៍​​ខុស​​ច្បាប់​​វៀតណាម ​នៅ​​កម្ពុជា និង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សន្ធិសញ្ញា​ខុសច្បាប់​​នានា ដូចជាឆ្នាំ ១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ ១៩៨៥។ ពួកគេ​ចាត់​ទុក​ថា សន្ធិសញ្ញា​ទាំង​នោះ ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ​​ដោយ​​ខុស​ច្បាប់ រាប់ម៉ឺន​គីឡូម៉ែត្​រក្រឡា

ជាងនេះទៅទៀត ក្រុម​ចលនានិស្សិត​​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ក៏ធ្លាប់​បាន​​ធ្វើ​សកម្មភាព​​​តវ៉ា​​​ជា​ច្រើន​​ទៀត លើ​បញ្ហា​​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​​​ពង្រឹង​​ស្មារតី ​ដឹកនាំយុវជន​ជំនាន់ថ្មី ឲ្យចូល​រួម​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​​សង្គម នៅ​កម្ពុជា​ផង​ដែរ។

នៅឆ្នាំ ២០០៥ ចលនានិស្សិតមួយនេះ បាន​ផ្អាក​សកម្មភាព​របស់ខ្លួន ហើយ​មេដឹកនាំ​សំខាន់ៗ ត្រវ​បាន​រង​ការគំរាម​កំហែង​ដល់អាយុជីវិត ពី​សំណាក់​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ហើយ​​បាន​​ភៀសខ្លួន​ សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅបរទេស។ ទោះ​ជា​បែប​នេះ​​ក្តី​ ​ក៏​ឆន្ទៈ​​របស់​ក្រុម​នេះ នៅ​តែ​ក្តៅ​គគុក​ មិន​​រួញ​រា​ក្នុង​កិច្ចការ​តស៊ូ លើ​​កិច្ចការ​​ព្រំដែន​​នោះ​ឡើយ។

លោក អ៊ុំ សំអាន បញ្ជាក់ថា «បេសកកម្ម​ចលនានិស្សិតថ្មីនេះ មិន​ត្រឹម​តែ​​តវ៉ា​​បញ្ហ​ព្រំដែន ​ជនអន្តប្រវេសន៍​ខុសច្បាប់ និង​យុត្តិធម៌​សង្គម​នោះ​ទេ​ ប៉ុន្តែក្រុមរបស់លោក នឹង​ទាមទារ​ «កោះត្រល់»​ របស់​ខ្មែរ ត្រឡប់​ពី​ការគ្រប់គ្រង​របស់​វៀតណាម មកវិញ នៅ​ពេល​​មាន​រដ្ឋាភិបាល​​​ត្រឹមត្រូវ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម​​នោះ»។​

លោក សំអាន បាន​បន្តថា កូន​ខ្មែរ​មិន​ត្រូវ​ភ្លេច​ទឹកដី​ ដែល​បរទេស​ឈ្លានពាន​ យក​ទៅ​នោះ​​ទេ។ លោកប្រកាស​ថា «ស្លាក​សញ្ញាថ្មី​ របស់​ក្រុមចលនា​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជាធិបតេយ្យ សម្រាប់​កំណើត​ទី២ នេះ នឹង​ប្រើ​រូប​កោះត្រល់ ជា​និមិត្ត​សញ្ញា​​សម្គាល់ ឬ​​អាច​​ហៅ​​ចលនា​នេះ​​ថា «ក្រុមចលនាកោះត្រល់ ឬ​ក្រុម​កោះត្រល់» ក៏​បាន»

ក្រុមស្ថាបនិកនៃ​ចលនានិស្សិត​កំណើតទី២ នេះ ប្តេជ្ញា​ថា ពួកគេនឹងធ្វើជាគំរូ ដល់​​ប្រជាពលរដ្ឋ និស្សិត ​និង​​បញ្ញវន្ត​​គ្រប់រូប ក្នុង​ការតស៊ូ​មតិ ហើយ​ត្រូវ​តែ​ហ៊ាន​និយាយ​ការពិត ហ៊ាន​​លះបង់​ដើម្បី​​​បម្រើ​​​ជាតិ​មាតុ​ភូមិ។ ជាងនេះ​ទៅ​ទៀត​ ពួកគេ​ក៏បាន​​អំពាវ​នាវ ឲ្យ​មាន​ការ​ចូល​រួម​​​ពី​​អតីត​ក្រុម​ការងារ សមាជិក និស្សិតបញ្ញវន្ត និង​ពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាន ដោយ​​មិន​​​ប្រកាន់​​និន្នាការ​​នយោបាយ​​អ្វី​នោះ​ឡើយ៕

 

.