អត្ថបទដោយចលនានិស្សិត (SMD)

ចលនានិស្សិតខ្មែរ «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ “Student Movement for Democracy – SMD”» ដែលមានមូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ ចុះហត្ថលេខា​ដោយ​អនុប្រធាន​ប្រតិបត្តិ លោក អ៊ាប សេង នៅថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ២០២០ បានច្រានចោល​សេចក្តីថ្លែងការណ៍​របស់ គណៈ​​កម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន នៃរដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយ​លោក វ៉ា គឹមហុង ដែលបានចោទ​ប្រកាន់​មិន​ចំពោះ ទៅ​លើ​ក្រុម​បញ្ញវន្ត សកម្មជន និង​ក្រុមអ្នក​ជំនាញ​​ព្រំដែន​ខ្មែរ​ថា «ឧទ្ទាម និងបក្ខពួក» និង​ការបកស្រាយ​របស់ខ្លួន​ ចងភ្ជាប់ភាព​មន្ទិលសង្ស័យជាច្រើន។ សូមទាញយកអត្ថបទ «សេចក្តីបំភ្លឺរបស់ចនានិស្សិត /​Download» និងសូម​ទាញយក «សេចក្តីថ្លែងការណ៍គណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង /​Download»។ ចំណែកខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់ចលនានិស្សិត៖

សេចក្តីបំភ្លឺ
ជូនគណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​នៃ​រដ្ឋាភិបាលកម្ពុជា

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូម​បដិសេធទាំងស្រុង ចំពោះ​សេចក្តីថ្លែង​ការណ៍​នៃ​ គណ:​កម្មា​ធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ក​ម្ពុជា លេខ​ពិសេស៥ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០ ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​មិន​ចំពោះ, គ្មានមូលដ្ឋាន និង​មាន​ចរិត​គំរាម​កំហែង ​មក​លើក្រុម​បញ្ញវន្ត សកម្មជន​ព្រំដែន និង​ក្រុមអ្នក​ជំនាញ​ព្រំដែន ដែល​ជាអ្នក​តស៊ូម​តិ​ដើម្បីការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​តាម​គោលការណ៍​ច្បាប់​ជាតិ-អន្តរជាតិ​ជាមូលដ្ឋាន។

ដើម្បីជៀសវាង​ការភាន់ច្រឡំ​ពីមតិសាធារណៈ​ លើការខ្វែង​គំនិតគ្នា​ ក្នុង​ការការពារ​អធិបតេយ្យ បូរណ​ភាព​​ទឹក​ដី និង​ដើម្បី​លើក​កំពស់​ស្មារតីឯកភាព​ជាតិ​ខ្មែរ ចលនានិស្សិត​ដើម្បីលទ្ធិ​ប្រជាធិប​តេយ្យ សូម​ធ្វើ​ការ​បំភ្លឺ​ជូន គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ដូចតទៅ៖

១- ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មិនមែនជា​ «ក្រុមឧទ្ទាម និងគូកន» ដូច​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ររស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នោះទេ។
យើងខ្ញុំជាក្រុម​បញ្ញវន្តខ្មែរ ដែល​តែងតែយក​ចិត្តទុកដាក់​អំពី​បញ្ហា​ព្រំដែន​ជាតិ​ខ្មែរ និង​ធ្វើ​ពលិកម្ម​ដើម្បីរួម​ចំណែក​ការពារ​ទឹកដីខ្មែរ ក្នុង​កាតព្វកិច្ច​ជាពលរដ្ឋ​ល្អ របស់ជាតិ​កម្ពុជា។ យើងខ្ញុំ​ធ្វើការងារ​ព្រំដែន ​តាម​គោល​ការណ៍​ច្បាប់​យ៉ាង​ខ្ជាប់​ខ្ជួន ដោយ​ជម្រុញ​ឲ្យភាគី​ពាក់ព័ន្ធ ទាំង​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា និងទាំង​ប្រទេស​ជិត​ខាង ឲ្យគោរព​ច្បាប់​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ បញ្ហា​ព្រំដែន ដូចជា​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ១៩៨២ (UNCLOS1982), កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១, និង​ផែនទី​របស់​កម្ពុជា ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​ដើម។ ទាំង​នេះគឺជា​កិច្ចការ​ស្រប​តាម​គោលការណ៍​ច្បាប់ជាតិ​-​អន្តរជាតិ មិនមែន​ជាសកម្មភាព​បែប​ឧទ្ទាម ទេ។

២- ការបម្លែង​មាត្រដ្ឋានផែនទី ខ្នាត ១/២៥.០០០ ធ្វើឡើងស្ងាត់ៗ ជាមួយវៀតណាម ដោយ​​គ្រាន់​តែ​ប្រើពាក្យ​ថា «ដូចមាន​នៅ​លើផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០» គឺនាំ​មក​នូវភាព​មន្ទិល​សង្ស័យ អំពី​សុក្រឹតភាព​នៃការបម្លែង​មាត្រដ្ឋាន​ផែនទី និង​សមភាព​​របស់​កម្ពុជា​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម។ បើ​សិន​រដ្ឋាភិបាល​កម្ពុជា ពិតជាធ្វើ​កិច្ចការ​បម្លែង​ផែនទី​នេះ បានត្រឹមត្រូវ​មែន​នោះ រដ្ឋាភិបាល​ពុំ​មានហេតុផល​អ្វី ត្រូវលាក់បាំងឡើយ។ ដោយ​សារការបម្លែង​ខ្នាត​ផែនទី ធ្វើឡើង​ដោយស្ងាត់ៗ​បែបនេះ នាំ​ឲ្យយើង​ខ្ញុំ និង​សារណៈមតិ មានចម្ងល់ថា៖

ផែនទី ខ្នាត ១/២៥.០០០ ថ្មីទាំងនោះ បម្លែង​ពីមាត្រដ្ឋាន​ផែនទី​បោន ១/១០០.០០០ តើ​ធ្វើ​បាន​ប៉ុន្មាន​ផ្ទាំង? តើ​ផែនទី បោន ខ្នាត ១/១០០.០០០ គំរូ​ដើម​ទាំង​នោះ ជា​ផែនទី​ពិត បោះ​ពុម្ព​ដោយ​ក្រុមភូមិសាស្ត្រ​ឥណ្ធូចិន​មែន​ឬ​ទេ? ហើយ​ជាផែនទី​ ដែល​មាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ឬ​យ៉ាង​ណា?

ជាក់ស្តែង ការបម្លែង​ផែនទី បាន​ធ្វើឡើង​ដោយ​ស្ងាត់ៗ ហើយ​«គោលការណ៍ដោះដូរដី មួយស្មើមួយ» ក៏​ធ្វើឡើង​ដោយ​ស្ងាត់ៗ​ដែរ។ រាល់ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និយាយ​អំពី​ការដោះដូរ​ដីភូមិ​ជាមួយ​វៀតណាម ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន ស្រែក​យំ​ជាហូរហែរ​ពីការបាត់​ដីស្រែ​ចំការ​របស់​ពួក​គាត់ ដោយសារ​តែ​ការទន្ទ្រាន​ឈ្លាន​ពាន​យក ពីសំណាក់​ប្រទេស​វៀតណាម។ អ្វីដែល​គួរ​ឲ្យកត់​សម្គាល់​នោះ រដ្ឋាភិបាល​កម្ពុជា ក៏មិន​បាន​ធ្វើរបាយការណ៍ត្រឹមត្រូវ ប្រាប់​ទៅប្រជាពលរដ្ឋ​ខ្មែរ​ជាសាធារណៈ អំពី​ការដោះដូរ​ភូមិ និង​ដីស្រែចំការ ដែល​ទទួល​បាន និង​បាត់បង់​ ពី«គោលការណ៍ដោះដូរ មួយស្មើមួយ» ទ្បើយ។ ដូច្នេះ រដ្ឋាភិបាល កម្ពុជា ត្រូវ​ធ្វើរបាយការណ៍​ឲ្យបាន​លម្អិត ពីចំនួនភូមិខ្មែរ និងភូមិវៀតណាម ដែលប្រទេសទាំងពីរ បានដោះដូរគ្នាកន្លងមក

ដើម្បីជម្រះមន្ទិល​សង្ស័យ​នានា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ហាញ​នូវ​ផែនទី ខ្នាត ១/២៥.០០០ ដែល​បម្លែង​ថ្មីទាំង​អស់ និង​ ផែនទី​បោន ខ្នាត ១/១០០.០០០ ដែល​ជាគំរូ​ដើម ជា​សាធារណៈ។ ជាមួយ​គ្នា​នេះ ត្រូវ​អញ្ជើញ​អ្នក​ជំនាញ​ផែនទី របស់​អង្គការ​សហ​ប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ រួមទាំង​ប្រទេស​បារាំង ដែល​ជាម្ចាស់​គំនូស​ផែនទី​ដើម របស់​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់​អំពី សុក្រឹតភាពនៃ​ការបម្លែង​មាត្រដ្ឋាន​ផែនទី។

៣- គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បាន​ប្រើពាក្យ «ដេញថ្លៃជាអន្តរជាតិ» ក្នុង​ការ​បោះ​ពុម្ព​ផែនទី។ ការអះអាង របស់​គណៈកម្មាធិការ​នេះ មាន​កំហុស ២យ៉ាង ក្នុង​បំណង​បំភាន់​ពលរដ្ឋខ្មែរ​៖ ទី១. រដ្ឋាភិបាល គ្រាន់តែ​និយាយ​អំពីការ«ដេញថ្លៃ ជាអន្តរជាតិ» ប៉ុន្តែពលរដ្ឋ​ខ្មែរ មិន​បាន​ដឹង ហើយ​មិនឃើញ​មាន​បណ្ដាញ​សារពត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ​ណា​មួយ ចុះផ្សាយ​អំពី​​ការដេញ​ថ្លៃ​នេះ​ទេ។ ទី២. ទោះ​បី​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ទទួល​បាន​អាជ្ញាប័ណ្ណ​បោះពុម្ព​ផែនទី គឺមាន​សិទ្ធិត្រឹម​តែ​បោះពុម្ព​ តាមការណែនាំ​របស់​ភាគី​វៀតណាម និង​កម្ពុជា​ប៉ុណ្ណោះ ដោយ​ពុំមាន​សិទ្ធិ​វែកញែក​ផ្ទៀង​ផ្ទាត់ ថា​តើផែនទី​​បោះ​ពុម្ព​ថ្មី​នោះ ត្រឹម​ត្រូវ​តាម​គំរូដើម​នៃ​ផែនទី ខ្នាត​បោន ឬខ្នាត យូធីអឹម (UTM) ឡើយ។

៤- រដ្ឋាភិបាលកម្ពុជា បាន​អះអាង​ថា «ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥.០០០ ជា​ផែនទី​បង្ហាញ​ពីលទ្ធផល​ប្រមាណ​ជា ៨៤% ដែល​កម្ពុជា និង​វៀតណាម សម្រេច​បាន​លើការងារ​ព្រំដែន»។ ការអះអាង​នេះ ​ជាក់​ស្តែង​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បន្ត​គប់​គិត​ជាមួយ​វៀតណាម គូស​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ ដើម្បី​​តម្រូវ​​ទៅ​តាម​ការបោះ​បង្គោល​ព្រំដែន បាន​ចំនួន ៨៤% រួច​ហើយ។ ដោយសារ​ការគប់​គិត​នេះ​ហើយ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​គ្រប់​តំបន់ រង​ការឈឺចាប់​ពីការបាត់​បង់​ដី​ស្​រែចំការ​របស់​ពួកគាត់ ទៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម។

ទង្វើរបស់​រដ្ឋាភិបាល​កម្ពុជា​ខាងលើ​នេះ គឺជា​ការធ្វើ​​សម្បទាន​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ទៅ​វៀតណាម ដែលមិន​អាច​ប្រកែក​បាន​ទ្បើយ ជាពិសេស​ការចុះ​ហត្ថលេខា​ទទួលស្គាល់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ កាល​ពីថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ២០២០ ឲ្យត្រូវ​នឹង​លទ្ធផល​នៃ​ការបោះ​បង្គោល​​ព្រំដែន​​រួចហើយ។

រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០

ជ.គណៈកម្មាធិការប្រតិបត្តិ
អនុប្រធាន

(ហត្ថលេខា)
អ៊ាប សេង

 

បណ្តុំឯកសារសំខាន់ៗ

  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ​ ២០១៩ សូម​ទាញ​យក​ខ្លឹមសារ​ទាំង​ស្រុង (ទាញយក / Download)។ អត្ថបទ​នេះ​វិញ គឺ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ លើ​សន្ធិសញ្ញា​នេះ (Download)។
  • សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ លើ​សន្ធិសញ្ញា​កំណត់​​ព្រំដែន​​រដ្ឋ ឆ្នាំ​១៩៨៥ (សូម​ទាញ​យក Download)
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​​ជាមួយ​បញ្ជី​​ស្ថិតិ ផែន​ទី​​​ព្រំដែន ឆ្នាំ ១៩៨៥ (ច្បាប់​ដើម) Download 
  • សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាង​​កម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ (សូម​​ទាញ​​យក Download)
  • កិច្ចព្រមព្រៀង ស្តី​ពី​លក្ខន្តិកៈ​ព្រំដែន​គោក ថ្ងៃទី ២០ កក្កដា ១៩៨៣ Download
  • កំណត់ហេតុ​​ប្រជុំ ជា​ឯកសារ​​សម្ងាត់ ឆ្នាំ​ ២០០៧ ស្តី​ពី​​​​ការបោះ​បង្គោល​​​ព្រំដែន​ ​កម្ពុជា​​-​​វៀតណាម Download
  • សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ​​ដោយ​​លោក ហ៊ុន សែន បាន​ផ្តល់​​សិទ្ធិ និង​ការពារ​ពលរដ្ឋ​​វៀតណាម​​ នៅ​​កម្ពុជា – សូមទាញយក (Download)
  • – លិខិត​លោក ប្រេវីយេ (Brévié) អំពី​កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូម​ទាញ​យក ជាអង់គ្លេស – English និង បារាំង – French ហើយ​និង​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា ភាសាខ្មែរ – Khmer)
  • កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង​លោក ង្វៀង កូថាច់ (សូម​​ទាញ​យក​ «ច្បាប់ដើម» Download ឬ​ទាញ​​យក​ «ចម្លង»​ Download)
  • – សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • – ព្រះរាជសារសម្តេច រោត្តម សីហនុ ថ្ងៃទី ១៦ តុលា ២០០៤ អំពី​ កម្ពុជា​ក្រោម និង កោះត្រល់។ (សូម​ទាញ​យក ​ព្រះរាជសារ – Download)
  • – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថា​ជន​ជាតិ​​វៀត​ណាម រាប់​លាន​នាក់ រស់​នៅ​​កម្ពុជា​ (Download)
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូម​ទាញ​យក Download)
  • អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូម​​ទាញ​យក​ «ភាសា​អង់គ្លេស» Download ឬ​ទាញ​​យក​ «ភាសាខ្មែរ»​ Download)

.