RFA Khmer / ដោយអន្កស្រី ម៉ៅ សុធានី / 01st-4-2021

អង្គការ​គំនិត​​ផ្ដួច​ផ្ដើម​​សាកល​​ប្រឆាំង​​នឹង​​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន គ្លូបល អ៊ីន​នី​ហ្សី​អេ​ធីវ (Global Initiative Against Transnational Organized Crime) បាន​​ផ្សាយ​​របាយការណ៍​​ស្រាវ​ជ្រាវ​ថ្មី​មួយ​ រកឃើញ​ថា កម្ពុជា​​បាត់បង់​​គម្រប​​ដើមឈើ​​ក្នុង​តំបន់​ការពារ​ធម្មជាតិ​​ជាង ៥​ សែន​​ហិកតារ (៥៥៧.០០០) ឬ​ស្មើនឹង​ជិត ១២% (១១,៧%) ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៨​ អង្គការ​នេះ​​ថា ការ​​ថយ​ចុះ​​ទំហំ​​ព្រៃ​ឈើ​​នេះ បង្ក​ឱ្យ​ប៉ះពាល់​​ដល់​​សេដ្ឋកិច្ច ជនជាតិ​​ដើម​​ភាគតិច ​ដែល​​ពឹង​ផ្អែក​លើ​​ការ​​ប្រមូល​​អនុផល​​ព្រៃឈើ។

អង្គការ​គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) រក​ឃើញ​​ថា ដើមឈើ​​រាប់ពាន់​​ដើម ​ត្រូវ​បាន​​គេ​កាប់​​បំផ្លាញ​​ដោយ​​ខុសច្បាប់ ក្នុង​​ដែនជម្រក​សត្វព្រៃ​ឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃ​​ព្រះ​រកា ក្នុង​ខេត្តព្រះវិហារ ដើម្បី​កែច្នៃ​​សម្រាប់​​នាំចេញ​​លក់​នៅ​​ក្រៅ​​ប្រទេស។

របាយការណ៍​កម្រាស់ ៤៣ទំព័រ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន (២៦ មីនា) បង្ហាញថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មាន​អត្រា​ខ្ពស់​បំផុត ក្នុង​រយៈពេល​ជិត ១ទសវត្ស​ចុងក្រោយ​នេះ​។ អង្គការ​នេះ រកឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​គម្រោង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ លើស​ពី​នេះ​ទៀត សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ត្រូវ​បាន​ដឹកជញ្ជូន​ដោយ​សម្ងាត់ ចូល​រោង​អារឈើ​ក្នុង​ដី​សម្បទាន ដែល​ជា​កន្លែង​កែច្នៃ​ឈើ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ស្រុក​។ ទន្ទឹម​នឹង​នេះ ការ​ប្រមូល​ទិញ​ឈើ​ប្រណីតៗ ដោយ​ប្រើ​លិខិត​មិន​ប្រក្រតី ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម គឺជា​ក្តី​បារម្ភ​ទាក់ទិន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់។

សកម្មជន​ការពារ​ព្រៃឈើ លោក សាន់ ម៉ាឡា យល់​ថា របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​​ពី​ការពិត ដែល​​រដ្ឋាភិបាល ​គួរ​​ទទួល​យក នឹង​​​កែតម្រូវ​ចំណុច​ខ្វះចន្លោះ ឡើងវិញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ការពារ​ព្រៃឈើ​បន្សល់​ចុងក្រោយ​ឱ្យ​គង់វង្ស​។ លោក​ថា ការ​ផ្តល់​​ដី​​សម្បទាន​​សេដ្ឋកិច្ច​​ជាប់​​ព្រៃ​អភិរក្ស គឺជា​ប្រភព​​នៃ​​វិនាសកម្ម​ព្រៃឈើ ព្រោះ​ក្រុមហ៊ុន​ ​ដែល​​ទទួល​សិទ្ធិ​វិនិយោគ​ពី រដ្ឋាភិបាល នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ខុសច្បាប់​​ ចេញ​ពី​ព្រៃ​ឡង់៖ «រដ្ឋាភិបាល​គួរតែ​ទទួល​យក ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ឡើងវិញ អំពី​គម្រោង ឬក៏​អភិវឌ្ឍន៍​ខ្លួនឯង​កន្លងមក​ថា តើ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​កន្លែង​ណាខ្លះ​? ដែល​គួរតែ​កែ​លម្អ​ពង្រឹង​បន្ថែម ឬ​ត្រូវ​អនុវត្ត​បន្ថែម​ទៀត»។

របាយការណ៍​បន្ថែម​ថា ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន បាន​ហាម​ប្រាម​​ប្រជា​​សហគមន៍​​ មិន​​ឱ្យ​ល្បាត​ព្រៃ ក៏ប៉ុន្តែ​អ្នក​កាប់​​ឈើ​ខុសច្បាប់ នៅតែ​អាច​ចូល​ព្រៃ​បាន បើ​ទោះ​បី​ជា​ច្បាប់​ព្រហ្មទណ្ឌ ចែង​ពី​ការ​ផ្តន្ទាទោស ចំពោះ​អ្នក​កាប់​ឈើ​ខុសច្បាប់​ក្តី។ ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd) បាន​នាំ​ឈើ​ចេញទៅ​ប្រទេស​ចិន តាម​កំពង់ផែ​ភ្នំពេញ​។ រីឯ​ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​កាប់​ឈើ​ចេញ​ពី​ដែន​ជម្រក​​សត្វព្រៃ​​ព្រះ​រកា ដើម្បី​​កែច្នៃ​លក់​​ចេញ​​មានតម្លៃ ៣៩ លាន​​ដុល្លារ​។ ក្រុមហ៊ុន​នេះ មាន​រោងចក្រ​អារឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ទទួល​សិទ្ធិ​​វិនិយោគ​​ពី​រដ្ឋាភិបាល។

អាស៊ីសេរី​ (RFA) មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី​៣១ ខែ​មីនា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​តាម​បណ្តេញ​សង្គម​សិកណល​ថា (Signal) ក្រសួង​បរិស្ថាន​​ គ្មាន​​ភាព​ចាំបាច់​​ត្រូវ​អធិប្បាយ​​ឆ្លើយតប​​នឹង​​របាយការណ៍​នេះ​ទេ។ លោក​ថា ក្រសួងបរិស្ថាន​ នៅតែ​បន្ត​​ពង្រឹង​​អនុវត្ត​ច្បាប់ និង​អនុវត្ត​ផែនការ​សកម្មភាព​នានា សហការ​ជាមួយ​អង្គការ​ដៃគូ សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក្នុង​បំណង​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ ១​ម៉ឺន ៦​ពាន់​ហិកតារ បាន​ប្រមូល​ឈើ​ក្នុង​ផ្ទៃដី​សម្បទាន ហើយ​​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ហោចណាស់ ៨០០រយ​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំងនេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រមូល​ឈើ​ខុសច្បាប់ ចេញ​ពី​ដែន​​ជម្រក​​សត្វ​ព្រៃ​ឡង់​​ដែរ។

អង្គការ​អន្តរជាតិ​មួយ​នេះ​ផ្តល់​អនុសាសន៍​ថា ការអនុវត្ត​ច្បាប់​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ដោះស្រាយ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​​មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​មូលដ្ឋាន។ អង្គការ គ្លូបល អ៊ីននីហ្សីអេធីវ ជា​បណ្ដាញ​របស់​ក្រុម​អ្នកឯកទេស​លើស​ពី ៥​០០ ​នាក់ នៅ​ជុំវិញ​​ពិភពលោក បាន​រួម​គ្នា​ស៊ើប​អង្ក​ត និង​ស្រាវជ្រាវ​ករណីនេះ ក្នុង​ចន្លោះ​ឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ២០២០​។ ពួកគេ​បាន​ចុះ​មូលដ្ឋាន​​ស្នាក់​នៅ​ ​ក្នុង​ព្រៃ​ជាច្រើន​សប្តាហ៍​។ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ មាន​ភាព​ឈ្លាសវៃ ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នកស្រុក និង​អ្នក​កាប់​ឈើ ដើម្បី​ស្វែងរក​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់​។ ពួកគេ​បាន​ប្រើ​ឧបករណ៍​តាមដាន ប្រព័ន្ធ​កំណត់​ទីតាំង​សកល ឬ​ GPS ម៉ាស៊ីន​ថត និង​ស្វាត​ហ្វូន ដើម្បី​កត់ត្រា ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​។ លើស​ពី​នេះ​ទៀត ពួកគេ​មាន​យន្តហោះ ដ្រូន (Drone) សម្រាប់​ថត​ពីលើ​អាកាស ដើម្បី​ចងក្រង​ឯកសារ បង្ហាញ​ពី​ការ​កាប់​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស។

របាយការណ៍​បន្ថែម​ថា ធនាគារ​ពិភពលោក (Word Bank) ប៉ាន់​ប្រមាណ​ថា ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខាតបង់​ថវិកាជាតិ ចន្លោះ​ពី ៦ពាន់ ទៅ ៩ ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​មួយឆ្នាំ​។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​​​រង​​ការ​រិះគន់​ថា គ្មាន​តម្លាភាព​នោះ​ទេ ដោយសារ អំពើ​ពុករលួយ ហើយ​ផ្ទៃដី​សម្បទាន ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ប៉ះចំ​ព្រៃឈើ និង​ព្រៃស្រោង​បាន​ក្លាយជា​ឧបករណ៍​សម្រាប់​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ៕

.