វិទ្យុអាស៊ីសេរី RFA
11th-8-2023

ក្រុម​អ្នកច្បាប់ ​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ចាត់​វិធានការ​ច្បាប់​លើ​លោក ឡេង ណាវ៉ាត្រា ដែល​ជា​អ្នក​រកស៊ី​អចលនទ្រព្យ​មួយ​រូប ​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដូច​ឧកញ៉ា​ឆបោក​ពលរដ្ឋ​​ផ្សេងៗ​​ទៀត។ ការ​ជំរុញ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការ ចាត់​វិធានការ​ច្បាប់ លើ​ឧកញ៉ា​ឆបោក​ពលរដ្ឋ​មួយ​ចំនួន និង​ខណៈ​ដែល​អតិថិជន ​ដែល​បាន​បង់លុយ​ទិញ​ផ្ទះ​បុរី​ ពី​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា ហើយ​​ប៉ុន្តែ ភាគ​​ច្រើន​ នៅ​​មិនទាន់​ទទួល​បាន​ផ្ទះ​នៅ​ឡើយ។

អ្នកច្បាប់​ចង់​មើល​ឃើញ​ថា សមត្ថកិច្ច និង​តុលាការ​ មាន​ចំណាត់ការ ទៅលើ​អ្នក​រកស៊ី​ខិលខូច​ ឱ្យ​បាន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ ដើម្បី​ការពារ​ផលប្រយោជន៍​​របស់​​ប្រជា​ពលរដ្ឋ​ ដែល​ជា​អតិថិជន។

សាស្ត្រាចារ្យ និង​​ជាទី​ប្រឹក្សា​ផ្នែក​ច្បាប់​លោក ស៊ឹម វិបុល មាន​​ប្រសាសន៍​ថា ពលរដ្ឋ​បាន​ខាតបង់​ប្រាក់​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា ដោយសារតែ​ពួកគេ​ បាន​បង់ប្រាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​នេះ​ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​មកវិញ​នូវ​ផ្ទះ​សម្រាប់​រស់នៅ។ លោក​បន្ត​ថា ប្រសិនបើ​ករណី​របស់​លោក ឡេង ណាវ៉ាត្រា ជា​ករណី​​ឆបោក ដូចគ្នា តែ​អាជ្ញាធរ បែរជា មិន​មាន​វិធានការ​នោះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់ តែ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឧកញ៉ា ​ដែល​ជា​​អ្នក​ជំនួញ​អចលនទ្រព្យ​មួយចំនួន​ ក្រោយ​ពី​មាន​ការ​ប្តឹងផ្តល់​ពី​ពលរដ្ឋ​ថា ឧកញ៉ា​ទាំង​នោះ​ បាន​ឆបោក​ប្រាក់​របស់​ពួកគេ ដោយសារ​មិន​បាន​បំពេញ កាតព្វកិច្ច​ជាមួយ​អតិថិជន ក្នុង​នោះ​រួមមាន ​ឧកញ៉ា ជា សារ៉ន និង​បក្ខពួក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ ចាប់​ខ្លួន​​កាល​ពី​ខែ​មេសា។

ចំណែក​នៅ​ដើម​ខែ​សីហា សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​បាន​ឃាត់ខ្លួន លោក​ឧកញ៉ា ហ៊ី គឹមហុង ក្នុង​ករណី​ប្រហាក់​ប្រហែល​​គ្នា​នេះ​ដែរ។

ចំពោះ​លោក ឡេង ណាវ៉ាត្រា វិញ ក្រោយពី​មាន​ការ​តវ៉ា​ច្រើន​ពី​ពលរដ្ឋ​ថា មិនបាន​សាងសង់​ផ្ទះ​ដូច​ការ​សន្យា បើ​ទោះជា​ពលរដ្ឋ​ បាន​បង់ប្រាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ក្តី លោក ឡេង ណាវ៉ាត្រា កាលពី​ខែ​កក្កដា បាន​បង្កើត​កិច្ចសន្យា​ជា​ឯកតោភាគី​ ស្នើសុំ​ពន្យារ​ការសាងសង់​ផ្ទះ​ ឱ្យ​អតិថិជន​ក្នុង​រយៈពេល​៣៦​ខែ ឬ​៣​ឆ្នាំ​ទៀត។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ចាត់ទុក​កិច្ចសន្យា​ដែល​លោក ឡេង ណាវ៉ាត្រា ធ្វើ​ឡើង​ជា​ឯកតោភាគី​នេះ​​ជា​អំពើ​ខុសច្បាប់។ លោក​បន្ត​ថា ដើម្បី​​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ល្អៗ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែ​ហ៊ាន​​អនុវត្ត​ច្បាប់​លើ​លោក ឡេង ណាវ៉ាត្រា

លោក វ៉ន ចាន់ឡូត៖ «រដ្ឋ​ខ្លួនឯង​ ក៏​មិន​ត្រូវ​ប្រើ​មនោសញ្ចេតនា​ដោយ​សំអាង​ថា អ្នក​ហ្នឹង​មាន​ទំនាក់ទំនង​ល្អ ​អ្នក​ហ្នឹង​ធ្លាប់​ជួយ​សង្គម​ច្រើន ការឧបត្ថម្ភ​ទៅលើ​អាជ្ញាធរ ឬ​លើ​អ្នក​មាន​អំណាច​ហ្នឹង​។ ខ្ញុំ​យល់​មិន​គួរ​សំអាង​ហេតុ​ហ្នឹង ​ទៅ​ការពារ​សកម្មភាព​ដែល​ខុសច្បាប់​ហ្នឹង​ទេ»។

អ្នក​អត្ថាធិប្បាយ​ជុំវិញ​ដំណើរការ​អភិវឌ្ឍន៍ និង​ប្រព័ន្ធ​យុត្តិធម៌ លោក មុំ អាស្សនី លើក​ឡើង​​ថា លោក ឡេង ណាវ៉ាត្រា ខកខាន​ក្នុង​ការ​ធ្វើ​ផ្ទះ​ជាង​ ២​ពាន់​ល្វែង ដែល​អតិថិជន បង់​លុយ រយៈ ​៣​ឆ្នាំ​មក​ហើយ។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អនុវត្ត​ច្បាប់​ចំពោះ​លោក ឡេង ណាវ៉ាត្រា

លោក មុំ អាស្សនី៖ «បើ​អង្គច្បាប់ ឡេង ណាវ៉ាត្រា ត្រូវ​មានទោស​ពី​បទ​ឆបោក ​រំលោភ​សេចក្ដីទុកចិត្ត​លើ​អតិថិជន​ ដែល​ទិញ​ផ្ទះ។ អ៊ីចឹង​ រដ្ឋាភិបាល​ត្រូវ​មាន​ឆន្ទៈ​មួយ ​ត្រូវ​សម្រេចចិត្ត​មួយ​ថា ត្រូវ​ធ្វើ​យ៉ាងម៉េច​លើ ឡេង ណាវ៉ាត្រា»។

អតីតមន្ត្រី​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន លោក ឡេង ណាវ៉ាត្រា ម្នាក់ សូម​ថ្លែង​ដោយ​លាក់​អត្តសញ្ញាណ​ថា ចាប់ពី​ដើម​ឆ្នាំ​​២០២៣ មក ក្រុមហ៊ុន បាន​កាត់បន្ថយ​គ្រឿងចក្រ និង​កម្លាំង​កម្មករ​ជា​បន្តបន្ទាប់ ហើយ​រហូត​ដល់​ចុងខែ​កក្កដា​ កន្លង​ទៅ​នេះ កម្លាំង​កម្មករ និង​គ្រឿងចក្រ ​នៅ​បន្ត​សាងសង់ តែ​ប្រមាណ ២០​ភាគរយ​តែប៉ុណ្ណោះ។

នៅពេល​ជួប​អតិថិជន​ដែល​ផ្ទុះ​ការ​តវ៉ា​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា កន្លង​ទៅ​នេះ លោក ឡេង ណាវ៉ាត្រា ថ្លែង​ថា មូលហេតុ​​​ដែល​ក្រុមហ៊ុន​​សាងសង់​យឺត​ ដោយសារ​អតិថិជន​មួយ​ចំនួន​ ​ចូល​​នៅ​​ក្នុង​​ផ្ទះ​សាង​សង់​រួច​ហើយ ​តែ​​មិន​ព្រម​បង់លុយ​បន្ត។ លោក​បាន​ស្នើ​សុំ​ឱ្យ​អតិថិជន​ ដែល​បង់លុយ​ហើយ មិន​ទាន់​ទទួល​បាន​ផ្ទះ​ទុក​ពេល​ឱ្យ​លោក ហើយ​ថា បើ​ទោះ​ចាប់​លោក ​ដាក់​ពន្ធនាគារ​ក៏​គ្មាន​ដំណោះស្រាយ​ដែរ។

លោក ឡេង ណាវ៉ាត្រា៖ «ថ្ងៃមុន ​បងស្រី​ចេញ​វីដេអូ​ ធ្វើ​ឱ្យ​អតិថិជន​មួយចំនួន​លែង​បង់​ទៀត ហើយ​ដើម​នៅ​ណា​? ក្រុមហ៊ុន​អត់​មាន​ទុន​បន្តដំណើរ​ទៅមុខ​ទៀត។ ធ្វើ​អ៊ីចឹង ​បាន​អី​មក​វិញ? ចង់ឱ្យ​ខ្ញុំ​ជាប់គុក​មែន? បាន​តើស​! ចាប់​ខ្ញុំ​ដាក់គុក​ទៅ​! ខ្ញុំ​អត់​ទៅ​ណា​ទេ សូម​ទុក​ពេលវេលា​ឱ្យ​ខ្ញុំ​ រក​ដំណោះស្រាយ​ ខ្ញុំ​ត្រូវការ​តែ​ពេលវេលា​ទេ»។

ជុំវិញ​បញ្ហា​នេះ លោក ស៊ឹម វិបុល ចាត់ទុក​ថា វា​ជា​ករណី ពាក់ព័ន្ធ​នឹង​យុត្តិធម៌​សង្គម​ទាំងមូល​។ លោក​ថា នៅ​ពេល​ពលរដ្ឋ​យល់​ថា ពួកគេ​រង​ភាព​អយុត្តិធម៌​ ហើយ​មិន​មាន​ស្ថាប័ន មាន​សមត្ថកិច្ច​ដោះស្រាយ​ឱ្យ​នោះ ពួកគេ​អាច​ធ្វើ​សកម្មភាព​ខ្លួនឯង​ដោយ​មិន​គិត​ពី​ច្បាប់។

លោក ស៊ឹម វិបុល៖ «អ៊ីចឹង ​បើសិន​តុលាការ ឬ​អាជ្ញាធរ​ អត់​ចាត់ការ​លើ​រឿង​ហ្នឹង​ទេ ធ្វើ​ឱ្យ​ទំនុកចិត្ត​រវាង​ប្រជាជន និង​ប្រព័ន្ធ​យុត្តិធម៌​ កាន់តែ​ឆ្ងាយ​ទៅ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដោះស្រាយ​ខ្លួនឯង។ កាលណា​ដោះស្រាយ​ខ្លួនឯង​ វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ណាស់»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​​អ្នក​នាំពាក្យ ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​សីហា។

លោក ឡេង ភ័ត្រា ហៅ ឡេង ណាវ៉ាត្រា គឺជា​អ្នកឧកញ៉ា​វ័យ​ក្មេង ដែល​ធ្លាប់​ប្រកាស​អួត​ថា មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​ជា​មនុស្ស​សម្ភារ​និយម​ខ្លាំង។ លោក​មាន​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន និង​មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​។ អ្នកឧកញ៉ា វ័យក្មេង​រូប​នេះ​ តែងតែ​បង្ហាញ​រូប​ថត ​ដែល​លោក​ថត​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ហើយ​លោក​ ក៏​ជា​បុគ្គល​ដែល​ធ្លាប់​ទទួល​បាន​សិទ្ធិ​ឈូស​ឆាយ​ព្រៃ និង​លុប​បឹង ដើម្បី​ធ្វើ​អាជីវកម្ម​ពី​រដ្ឋាភិបាល ដូចជា ករណី​ឈូស​ឆាយ​ភ្នំ​តាម៉ៅ​ ជាដើម៕