បញ្ជាក់​
កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​លុប​ចោល​ទាំងអស់​ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ដោះដូរ និង​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ បន្ទាប់ពី​ក្រុមហ៊ុន​ទាំង​៣ បាន​ឈូស​ឆាយ​ព្រៃ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​ អស់​ប្រមាណ​ជិត ៦០០​​ហិកតារ​​ក្នុង​​ចំណោម​ដី​ព្រៃ ១៥០០​​ហិកតារ ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​ក្រោម​​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន​ឯកជន​​ទាំង ​៣ រួម​មាន​ក្រុមហ៊ុន Bati Tourism & Development, ក្រុមហ៊ុន TP Moral Group និង​ក្រុមហ៊ុន China Poipet Satellite City ដែល​សហការ​គ្នា​ ដោយ​មាន​ការ​ឯកភាព​ពី ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុន​​ពេល​ឈូស​ឆាយ​ព្រៃ​ភ្នំ​តាម៉ៅ​នោះ។ ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ​ស្ថិត​នៅ​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ។ (ដកស្រង់​ពី​អត្ថបទ The Cambodia Daily)


កូនឈើ​នៅ​ភ្នំ​តាម៉ៅ ដាំ​ក្រោយ​ព្រៃឈើ​ឈូស​ឆាយ​អស់ ខ្វះ​ការ​ថែទាំ

វិទ្យុអាស៊ីសេរី RFA /ដោយលោក មាន ប្ញទ្ធិ
16-8-2023

ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន ​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​ នឹង​មិន​អាច​ស្ដារ​ឡើងវិញ​បាន ដោយ​សារ​​កូនឈើ​ ដែល​ដាំ​ជួស​ការ​ឈូស​ឆាយ​ទាំងនោះ មិនសូវ​លូតលាស់ និង​​ងាប់​ដោយអន្លើ​ៗ។ សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​​ថា អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​​កូន​ឈើ​ទាំងនោះ និង​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​ចេញចូល​ធ្វើ​អាជីវកម្ម​​កម្សាន្ត​នៅ​ទីនោះ​ឡើយ។

កូនឈើ​មួយ​ចំនួន ​នៅ​តំបន់​ព្រៃ​ភ្នំ​តា​ម៉ៅ ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដាំ​ស្ដារ​ឡើងវិញ ក្រោយ​រង​ការ​ឈូស​ឆាយ​​​ដោយ​ក្រុមហ៊ុន​ឧកញ៉ា ​ឡេង ណាវ៉ាត្រា កាលពីឆ្នាំមុន​នោះ កំពុង​ខ្វះ​ការថែទាំ ដោយ​ខ្លះ​នៅសល់​តែ​ដើម ​គ្មាន​ស្លឹក និង​មួយ​ចំនួន​ទៀត ​ងាប់​តែម្ដង។

ពលរដ្ឋ​នៅ​តំបន់​ភ្នំ​តា​ម៉ៅ លោក ឃ្លាំង សុផាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថា បច្ចុប្បន្ន​ទីវាល​នេះ ​បាន​ក្លាយ​ជា​កន្លែង​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយមាន​អាជីវករ​លក់​អាហារ កន្លែង​ក្មេង​លេង និង​មនុស្ស​មក​ជួបជុំ​ផឹកស៊ី​នៅ​ទីនោះ។ លោក​បន្ត​ថា ដោយសារ​ឡាន ​ម៉ូតូ​ ចេញចូល​ច្រើន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូនឈើ​ ដោយសារ​ការ​ជិះ​កិន​ប៉ះ​ពារ​លើ​រុក្ខជាតិ​ទាំងនោះ។ ជាង​នេះ​ទៅទៀត ​លោក​ថា អ្នក​មក​កម្សាន្ត​នៅ​ទីនោះ ​តែង​បោះចោល​ស​ម្រាម​ពាស​វាល​ពាសកាល​ទាំង​លើ​ដី និង ​ក្នុង​ស្រះ​ទឹក ដែល​យក​ទៅ​ស្រោចស្រព​រុក្ខជាតិ​ផង​ដែរ។

លោក ឃ្លាំង សុផាត៖ «កន្លែង​ខ្លះ ​គេ​ថត​មិន​អស់​ដែរ។ ដល់​ច្រើនពេក​ទៅ​ កម្មករ​ក៏​ប្រមូល​អត់​អស់​ដែរ។ បើ​សៅរ៍​អាទិត្យ​កាន់តែ​ណែន»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ បាន​អនុញ្ញាត​ឱ្យ​អាជីវករ​លក់ដូរ​ នៅ​តំបន់​ដាំ​កូនឈើ ហើយ​ប្រជា​ពលរដ្ឋ​​ដែល​មក​កម្សាន្ត​នៅ​ទីនោះ មាន​រ៉ឺម៉ក ម៉ូតូ និង​រថយន្ត ដោយ​ពួកគាត់​ យក​បរិវេណ​ដាំ​កូនឈើ មក​ធ្វើ​ជាំ​ចំណត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូនឈើ​មួយ​ចំនួន។ ក្នុង​នោះ កូនឈើ​មួយ​ចំនួន​​បាន​បាក់ មួយ​ចំនួន​ក្រិន​ជ្រុះ​ស្លឹក​អស់ និង​​មួយ​ចំនួន​ទៀត​ងាប់។

សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា បារម្ភ​ថា ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ ​នឹង​មិន​អាច​វិល​រក​សភាព​​ដើម បើ​អាជ្ញាធរ ​និង​ក្រសួង​ពាក់ព័ន្ធ​ មិន​អើពើ និង​ថែរក្សា​ឱ្យ​បាន​ដិតដល់​បែប​នេះ។ កញ្ញា​បន្ត​ថា អាជ្ញាធរ​គួរ​លើកទឹកចិត្ត​ ឱ្យ​ប្រ​ជាំ​ពលរដ្ឋ​មាន​ការចូលរួម​ថែរក្សា និង​ដាំ​ដុះ​កូនឈើ​ឡើងវិញ ​ដើម្បី​ឱ្យ​ព្រៃ​ភ្នំ​តា​ម៉ៅ​ ក្លាយ​ជា​ព្រៃ​ធម្មជាតិ ​ដូច​ពីមុន។

កញ្ញា មាន លីសា៖ «ខ្ញុំ​សូម​ឱ្យ​តំបន់​ភ្នំ​តា​ម៉ៅ​ ហ្នឹង​ ជា​តំបន់​បទពិសោធន៍​មួយ​ សម្រាប់​អាជ្ញាធរ បន្ទាប់ពី​ត្រូវ​បាន​បំផ្លាញ​អស់​ជាង ៦​រយ​ហិកតារ​ហ្នឹង ក៏​គួរតែ​លលើក​កម្ពស់​ ឱ្យ​មាន​ការចូលរួម​កិច្ចការពារ​បរិស្ថាន​ពី​ប្រជាពលរដ្ឋ ជា​ពិសេស យុវជន និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើង​វិញ ទោះបី​ក្នុង​កំឡុង​ប៉ុន្មាន​ទសវត្ស​ទៅ​មុខ​ បាន​វា​ធំ​ដូចដើម ក៏​ត្រូវតែ​ធ្វើ​វា​ចាប់ពី​ពេល​ហ្នឹង»។

តំបន់​ភ្នំ​តា​ម៉ៅ ត្រូវ​បាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ២០២២ ដាក់​ឱ្យ​ទៅ​ជា​ឧទ្យាន​​សួនសត្វ ព្រៃ​​ការពារ និង​​សួន​​ភូតគាម ភ្នំ​តា​ម៉ៅ ដែល​មានផ្ទៃ​ដី​សរុប ២០២៥ ហិកតារ ដោយ​បង្កើត​ជា​ឧទ្យាន​សួនសត្វ ដើម្បី​ថែរក្សា អភិ​រក្ស​ព្រៃឈើ និង​សត្វព្រៃ។ កា​រដាក់​ព្រៃ​ភ្នំ​តា​ម៉ៅ ចូល​ជា​តំបន់​ការពារ​នេះ គឺ​ក្រោយ​​ពេល​ក្រុមហ៊ុន​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ បាន​ឈូស​ឆាយ​ព្រៃ​អស់​ជាង ៥​រយ​ហិកតារ តែ​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ឈប់​ទៅ​វិញ ដោយសារ​មាន​ការ​រិះគន់​ពី​មហាជន និង​អង្គការ​សង្គម​ស៊ីវិល។

ក្រោយ​បាត់បង់​សិទ្ធិ​អភិវឌ្ឍ លោក ឡេង ណាវ៉ាត្រា ប្រជាពលរដ្ឋ និង​អាជ្ញាធរ បាន​រួមគ្នា​ដាំ​កូនឈើ​នៅ​តំបន់​នោះ​​ឡើងវិញ។ ប៉ុន្តែ​ការ​ដាំ​ឡើងវិញ​បែប​នេះ​មិន​ងាយស្រួល និង​មិន​អាច​ស្ដារ​ព្រៃឈើ​ភ្នំ​តា​ម៉ៅ​ ឱ្យ​មករ​ក​ស្ថានភាព​​ដើម ដូច​ការ​បំផ្លាញ​ ដែល​ប្រើ​ពេល​ត្រឹមតែ​មួយ​សប្ដាហ៍​នោះ​បាន​ឡើយ​ ខណៈ​កន្លង​ទៅ ​មួយ​ឆ្នាំ​ទៅ​ហើយ​​ក្ដី កូនឈើ​ទាំងនោះ​ នៅតែ​មិន​លូតលាស់ និង​ងាប់​អស់​មួយ​ចំនួន​ទៅវិញ។

ទោះបីជា​យ៉ាង​ណា​ក្ដី មន្ត្រី​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ លោក ទ្រី ស៊ីថេង ឱ្យ​ដឹង​ថា កូនឈើ​ភាគ​ច្រើន​នៅ​តំបន់​ភ្នំ​តា​ម៉ៅ ដុះ​លូតលាស់​ល្អ ក្នុង​នោះ មានតែ​កូនឈើ​ដែល​ដាំ​នៅ​ជិត​ស្រះ​ទឹក​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​ដុះ​លូតលាស់​មិនសូវ​ល្អ ព្រោះ​ដី​ទីនោះ ជា​ដី​បាត​ស្រះ​គ្មាន​ជីជាតិ។ លោក​បន្ត​ថា នៅ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​មក​កម្សាន្ត​នោះ មាន​ដាំ​កូនឈើ ដូចជា ក្រញូង ធ្នង់ បេង និង​កកោះ ហើយ​កូនឈើ​ទាំងនេះ ត្រូវការ​ការថែទាំ​ខ្ពស់ ដើម្បី​ឱ្យ​ធំ​លូតលាស់​ល្អ។

លោក ទ្រី ស៊ីថេង«វា​មានការ​ប៉ះពាល់​ដែរ ដូចជា​ការ​ថយ​ឡាន ងាកឆ្វេង ងាក​ស្ដាំ​អី អាច​នឹង​មាន​ផល​ប៉ះពាល់​កូនឈើ អា​ហ្នឹង​ជា​រឿង​មួយ​ប៉ះពាល់​ដែរ ព្រោះ​កូនឈើ​ តែ​កាលណា​វា​ប៉ះ មាន​អី​ហើយ ការ​លូតលាស់​របស់​វា​នឹង​កាន់តែ​ខ្សោយ​ថែម​ទៀត»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​តាកែវ លោក អ៊ួច ភា និង​ប្រធានមន្ទីរ​បរិស្ថាន​ ខេត្ត​តាកែវ លោក ឆយ ម៉ុនលី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី១៦ សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មើល​ឃើញ​ថា កូនឈើ​នៅ​តំបន់​ព្រៃ​ភ្នំ​តា​ម៉ៅ​ ពិបាក​លូតលាស់​ជាង​តំបន់​ផ្សេងៗ ដោយ​ទីនោះ​ សម្បូរ​ដីខ្សាច់ ខណៈ​ការ​ស្រោចស្រព​មិនសូវ​ទៀងទាត់ បណ្ដាល​ឱ្យ​កូនឈើ​ខ្លះ​ងាប់​ជាបន្តបន្ទាប់។ លោក​យល់ឃើញ​ថា កា​របើក​ឱ្យ​មនុស្ស​ចូល​ទៅ​កម្សាន្ត រួម​ទាំង​ការ​បន្សល់​សំរាម​ប្លាស្ទិក បែប​នេះ​ បាន​រំខាន​ដល់​ការលូតលាស់​របស់​រុក្ខជាតិ។ លោក​ជំរុញ​ឱ្យ ​អាជ្ញាធរ​បង្កើន​ការថែទាំ និង​ត្រូវ​រក​កន្លែង​សមគួរ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​លក់ដូរ ដើម្បី​ថែរក្សា​តំបន់​ការពារ​ ដែល​កំពុង​ស្ដារ​ឡើងវិញ​បែប​នេះ។

លោក ហេង គឹមហុង«ខ្ញុំ​យល់​ថា ដើម្បី​ស្ដារ​គម្រប​ព្រៃឈើ​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ ឡើង​វិញ​ទៅ​បាន ទាល់តែ​មាន​ការ​​មើល​ថែទាំ​ឱ្យ​បាន​ទៀងទាត់ ជាពិសេស​គឺ​ ការ​ស្រោច​ទឹក​កូន​ឈើ​នៅ​រដូវ​ប្រាំង និង​ការថែទាំ​នៅ​រដូវ​វស្សា កុំ​ឱ្យ​មាន​សកម្មភាព​មនុស្ស ឬ​សកម្មភាព​សត្វ​ណា ដែល​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​គម្រប​ព្រៃឈើ ដែល​កំពុង​ត្រូវ​បាន​ដាំ​ស្ដារ​ឡើងវិញ»។

ពលរដ្ឋ សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​ បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន ​នៅតែ​មិន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា ការពារ និង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដុះ​កូនឈើ​ទេ​នោះ កូនឈើ​នៅ​ភ្នំ​តា​ម៉ៅ អាច​នឹង​ចំណាយ​ពេល​កាន់តែ​យូរ ដើម្បី​ស្ដារ​ឡើង​វិញ៕