អត្ថបទពីហ្វេសប៊ុកលោក អ៊ុំ សំអាន
សម្រួលអត្ថបទដោយលោក ម៉ែន ណាត
27-3-2025
សូមស្វែងយល់ពីនីតិសមុទ្រ ឬច្បាប់សមុទ្រ (UNCLOS)។ បន្ទាប់ពីអានអត្ថបទនេះ យើងនឹងយល់ថា កោះគុត ស្ថិតនៅចម្ងាយ ៣២ គីឡូម៉ែត្រពីបន្ទាត់មូលដ្ឋាន (ឆ្នេរនៅតំបន់ ចាំយាម) គឺស្ថិតក្នុងតំបន់តភ្ជាប់ (៤៤ គីឡូម៉ែត្រ) របស់កម្ពុជា វាជាកោះរបស់កម្ពុជា។
កោះត្រល់ ស្ថិតនៅចម្ងាយ ១៥ គីឡូម៉ែត្រពីបន្ទាត់មូលដ្ឋាន (ឆ្នេរនៅខេត្តកំពត) គឺស្ថិតក្នុងសមុទ្រដែនដី (២២ គីឡូម៉ែត្រ) របស់កម្ពុជា វាគឺជាកោះរបស់កម្ពុជា។ ហើយកោះត្រល់ វាស់ចេញពីឆ្នេរ តំបន់ហាទៀង ប្រទេសវៀតណាម (កម្ពុជាក្រោម) មានចម្ងាយ ៤៥ គីឡូម៉ែត្រ។
តំបន់សមុទ្រត្រួតសុីគ្នា (OCA = Overlapping Claims Area) រវាងកម្ពុជា និងថៃ មានទំហំ ២៦០០០ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងសមុទ្រដែនដី តំបន់តភ្ជាប់ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់កម្ពុជា វាគឺជាដែនសមុទ្ររបស់កម្ពុជា ១០០%។ [អនុស្សារណៈនៃការយោគយល់គ្នា រវាងកម្ពុជា–ថៃ ឆ្នាំ២០០១ (MOU 2001) ជាភាសាអង់គ្លេស សូមទាញយកត្រង់នេះ (Read or download)។]
ហេតុនេះ បើកម្ពុជាប្តឹង វៀតណាម និង ថៃ លើករណីកោះគុត កោះត្រល់ និង ដែនសមុទ្រត្រួតសុីគ្នា ទៅតុលាការអន្តរជាតិ ដោយប្រើនីតិសមុទ្រ (UNCLOS) នោះកម្ពុជា នឹងឈ្នះ ១ លានភាគរយ។
- សូមអានលំអិតនូវអត្ថបទអំពី នីតិសមុទ្រ ឬច្បាប់សមុទ្រ (UNCLOS) ចុចនៅត្រង់នេះ ( Read here)។
- អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូមទាញយក «ភាសាអង់គ្លេស» Download ឬទាញយក «ភាសាខ្មែរ» Download)។
នីតិសមុទ្រ ឬច្បាប់សមុទ្រ (UNCLOS)
ការកំណត់ព្រំដែនសមុទ្រសម័យបច្ចុប្បន្ន ដែលលើកយកមកបកស្រាយ នៅត្រង់ចំណុចនេះ សំដៅទៅលើការកំណត់ព្រំដែនសមុទ្រ ដោយអនុលោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (United Nations Covention on the Law of the Sea “UNCLOS”) ។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានអនុម័តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គោ បាយ (Montégo Bay) ប្រទេសហ្សាម៉ាយកា (Jamaica)។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានកំណត់ដែនសមុទ្រដូចតទៅ ៖
* បន្ទាត់មូលដ្ឋាន (Baselines)
ជាគោលការណ៍ដើម្បីកំណត់ដែនសមុទ្រ ចាំបាច់ណាស់ត្រូវតែគូសបន្ទាត់មូលដ្ឋាន។ បន្ទាត់មូលដ្ឋាន គឺជាខ្សែបន្ទាត់ទឹកនាច តាមបណ្តោយឆ្នេរ ដែលគេបង្កើតឡើងសម្រាប់វាស់តំបន់សមុទ្រ។
បន្ទាត់មូលដ្ឋានបានបែងចែកជា ២ ប្រភេទ គឺបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។ បន្ទាត់មូលដ្ឋានធម្មតា ជាបន្ទាត់ខ្សែទឹកនាច តាមបណ្តោយឆ្នេរ ដោយមានបញ្ជាក់នៅក្នុងផែនទី មាត្រដ្ឋានខ្នាតធំ ហើយទទួលស្គាល់ជាផ្លូវការដោយរដ្ឋជាប់ឆ្នេរ។ ចំណែកឯបន្ទាត់មូលដ្ឋានត្រង់ វិញ គឺសំដៅទៅលើបន្ទាត់ ដែលប្រើនៅពេលដែលឆ្នេរសមុទ្ររបស់រដ្ឋណាមួយ មានលក្ខណៈមិនត្រង់ស្មើ។ បន្ទាត់នេះ ត្រូវបានប្រើដើម្បីគូសភ្ជាប់ចំណុចនៅត្រង់មាត់ឆ្នេរ ឆ្នេរផតជ្រៅ កោះ រដ្ឋប្រជុំកោះ ដីដុះ ថ្មប៉ប្រះទឹក និងសមុទ្រ ព្រមទាំងឆកប្រវត្តិសាស្រ្តជាដើម។
* ដែនទឹកផ្ទៃក្នុង (Internal Waters)
ដែនទឹកផ្ទៃក្នុង ត្រូវគេបង្កើតឡើងសម្រាប់បង្កើតបន្ទាត់មូលដ្ឋាន។ បើសិនជាគ្មានដែនទឹកផ្ទៃក្នុងទេ គឺមិនអាចបង្កើតបន្ទាត់មូលដ្ឋានបានឡើយ។ ដែនទឹកផ្ទៃក្នុង គឺជាតំបន់សមុទ្រ ដែលស្ថិតនៅផ្នែកខាងឆ្នេរសមុទ្ររបស់រដ្ឋ ហើយត្រូវរាប់បញ្ចូល ដូចជា កំពង់ផែ ឆក ពាម ដៃសមុទ្រ។ល។ រដ្ឋជាប់ឆ្នេរមានសិទ្ធិ និងអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងតំបន់នេះ។ នាវាបរទេស ត្រូវសុំការអនុញ្ញាតពីរដ្ឋជាប់ឆ្នេរ មុននឹងឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុង។
លើសពីនេះទៅទៀត រដ្ឋជាប់ឆ្នេរអាចប្រើប្រាស់ នូវអំណាចយុត្តាធិការទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ទៅលើនាវាបរទេសទាំងឡាយណា ដែលធ្វើនាវាចរណ៍ ឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុងនេះ។
* សមុទ្រដែនដី (Territorial Sea)
សមុទ្រដែនដី ត្រូវបានគេចាត់ទុកថាជាតំបន់នៅជាប់ដែនគោក។ សមុទ្រដែនដី ជាតំបន់សមុទ្រ ដែលវាស់ចេញពីបន្ទាត់មូលដ្ឋាន ឆ្ពោះទៅកាន់លំហសមុទ្រ មានចម្ងាយ ១២ ម៉ាយល៍ (ស្មើនឹង ២២ គីឡូម៉ែត្រ)។ នៅក្នុងតំបន់នេះ រដ្ឋជាប់ឆ្នេរមានអធិបតេយ្យភាព លើដែនទឹក លំហអាកាស បាតសមុទ្រ និងដីក្រោមបាតសមុទ្រ។
អាស្រ័យហេតុនេះហើយ រដ្ឋជាប់ឆ្នេរ មានសិទ្ធិទាំងស្រុងក្នុងការធ្វើអាជីវកម្មនៅបាតសមុទ្រ និងក្នុងដីក្រោមបាតសមុទ្រ។ ការធ្វើនាវាចរណ៍របស់នាវាបរទេស នៅក្នុងតំបន់សមុទ្រដែនដី គឺមានកម្រិត ហើយការហោះហើរនៅខាងលើសមុទ្រដែនដី ក៏ត្រូវតែមានការអនុញ្ញាត ពីរដ្ឋជាប់ឆ្នេរដែរ។
* តំបន់តភ្ជាប់ (Contiguous Zone)
តំបន់តភ្ជាប់ជាតំបន់សមុទ្រ ដែលវាស់ចេញពីបន្ទាត់មូលដ្ឋាន ឆ្ពោះទៅកាន់លំហសមុទ្រ មានចម្ងាយ ២៤ ម៉ាយល៍ (ស្មើ ៤៤ គីឡូម៉ែត្រ) នៅក្នុងតំបន់តភ្ជាប់នេះ រដ្ឋជាប់ឆ្នេរអាចការពារការបំពានច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ សារពើពន្ធ អន្តោប្រវេសន៍ ឬសុខាភិបាលរបស់ខ្លួន។ ម្យ៉ាងវិញទៀត រដ្ឋជាប់ឆ្នេរ ក៏អាចធ្វើការដាក់ទោសទៅលើការបំពានច្បាប់ និងបទប្បញ្ញត្តិដែលកើតឡើងនៅក្នុងតំបន់នេះបានផងដែរ។
នៅក្នុងតំបន់តភ្ជាប់នេះ រដ្ឋដទៃមានសិទ្ធិក្នុងការធ្វើនាវាចរណ៍ សិទ្ធិក្នុងការហោះពីលើ ប៉ុន្តែពុំមានសិទ្ធិក្នុងការនេសាទ ការទាញយករ៉ែនោះទេ។ ចំណែកឯសិទ្ធិ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការដាក់ខ្សែកាបវិញ រដ្ឋដទៃត្រូវតែមានការព្រមព្រៀងពីរដ្ឋជាប់ឆ្នេរ។
* តំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone “EEZ”)
តំបន់សេដ្ឋកិច្ចផ្តាច់មុខ ជាតំបន់សមុទ្រដែលវាស់ចេញពីបន្ទាត់មូលដ្ឋាន ហើយលាតសន្ធឹងទៅកាន់លំហសមុទ្រ មានចម្ងាយ ២០០ ម៉ាយល៍ (ស្មើនឹង ៣៧០ គីឡូម៉ែត្រ)។ រដ្ឋជាប់ឆ្នេរ មានសិទ្ធិពេញលេញ ក្នុងការរុករក ការធ្វើអាជីវកម្ម ការអភិរក្ស ការចាត់ចែងលើធនធានធម្មជាតិរួមមាន ទាំងធនធានធម្មជាតិមានជីវិត និងគ្មានជីវិត ដែលស្ថិតនៅបាតសមុទ្រ និងដីក្រោមបាតសមុទ្រ។ រដ្ឋជាប់ឆ្នេរ ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋដទៃផងដែរ នៅពេលដែលប្រើប្រាស់សិទ្ធិ និងបំពេញកាតព្វកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ។
នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ រដ្ឋទាំងអស់ ទោះជារដ្ឋជាប់ឆ្នេរក៏ដោយ ឬរដ្ឋមិនជាប់ឆ្នេរក៏ដោយ ក៏មានសេរីភាពក្នុងការធ្វើនាវាចរណ៍ ហោះពីខាងលើ ដាក់ខ្សែកាប ដាក់បំពង់បង្ហូរក្រោមសមុទ្រ ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ដែលស្របតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពទាំងនេះ។
* លំហសមុទ្រអន្តរជាតិ (High Seas)
លំហសមុទ្រអន្តរជាតិ ជាតំបន់សមុទ្រដែលមិនមែនជាកម្មសិទ្ធិរបស់រដ្ឋណាមួយឡើយ។ គ្រប់បណ្តាប្រទេស ទាំងអស់នៅជុំវិញពិភពលោក មានសេរីភាពក្នុងការប្រើប្រាស់តំបន់លំហសមុទ្រអន្តរជាតិ ដែលមានដូចជា ការធ្វើនាវាចរណ៍ ការហោះពីលើ ការដាក់បំពង់បង្ហូរ ការដាក់ខ្សែកាប ការនេសាទ ការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។
រដ្ឋទាំងអស់ត្រូវឈរលើគោលការណ៍ថែរក្សាសន្តិភាព ក្នុងការប្រើប្រាស់តំបន់លំហសមុទ្រអន្តរជាតិ ហើយការប្រើប្រាស់នូវកម្លាំងយោធាត្រូវបានហាមឃាត់។
* ខ្ពង់រាបបាតសមុទ្រ (Continental Shelf)
ខ្ពង់រាបបាតសមុទ្រ ជាដីនៅបាតសមុទ្រ ដែលដុះបន្តចេញពីដែនដីគោក។ យោងទៅតាមអនុសញ្ញា Montégo Bay នៅឆ្នំា១៩៨២ ស្តីពីច្បាប់សមុទ្រ បានកំណត់តំបន់ខ្ពង់រាបបាតសមុទ្រ ថា តំបន់ខ្ពង់រាបបាតសមុទ្ររបស់បណ្តារដ្ឋជាប់ឆ្នេរ រួមមាន៖ បាតសមុទ្រ និងដីក្រោមបាតសមុទ្រ ដែលស្ថិតនៅហួសពីតំបន់ សមុទ្រដែនដីរបស់រដ្ឋជាប់ឆ្នេរ ដែលជាការពន្លយចេញនៃដែនដីគោករបស់រដ្ឋជាប់ឆ្នេរ ចុះទៅក្នុងទឹកសមុទ្រ រហូតដល់ជំរៅចោតខ្លាំងនៃបាតសមុទ្រ។
យោងទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ (The Geneva Convention) បានកំណត់តំបន់ខ្ពង់រាបបាតសមុទ្រ ទៅលើធាតុសំខាន់ៗ ចំនួនបីដូចជា៖ ស្ថានភាពតំបន់ដែលនៅជិត (Adjacency) ជម្រៅ (Depth) ការធ្វើអាជីវកម្ម (Exploitability)។ នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ រដ្ឋជាប់ឆ្នេរមិនអាចពង្រីកចម្ងាយ ឲ្យហួសដែនកំណត់ ២០០ ម៉ាយល៍ ពីខ្សែបន្ទាត់មូលដ្ឋាននោះទេ។ ករណីដែលគែមចុងបំផុត នៃខ្ពង់រាបបាតសមុទ្រមាន ប្រវែងលើសពី ២០០ ម៉ាយល៍ រដ្ឋជាប់ឆ្នេរ មិនអាចធ្វើការកំណត់ប្រវែងលើសពីចម្ងាយ ៣៥០ ម៉ាយល៍ បានឡើយ។
នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ រដ្ឋជាប់ឆ្នេរ មានសិទ្ធិប្រើប្រាស់នូវអធិបតេយ្យរបស់ខ្លួន ដើម្បីរុករក និងធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមមាន ធនធានរ៉ែ និងធនធានមាន និងគ្មានជីវិតផ្សេងៗនៅបាតសមុទ្រ និងដីក្រោមបាតសមុទ្រ។ រដ្ឋដទៃ មិនអាចបំពាន ឬជ្រៀតជ្រែកដោយមិនសមហេតុផល ទៅលើនាវាចរណ៍ ឬសិទ្ធិផ្សេងទៀតរបស់រដ្ឋជាប់ឆ្នេរនោះទេ។
###

