អត្ថបទព័ត៌មាន VOD /ដោយ ប៉ុល សម្បត្តិ / 27-3-2025

ការដែលមេដឹកនាំបន្តវេនបក្ស​កាន់​អំណាច ចេញ​មុខ​អះ​អាង​ជា​លើក​ដំបូង​ថា កោះ​គុ​ត​មិន​​ទាន់​​បាត់​ប​ង់​​ទៅ​​​ប្រ​ទេស​ថៃ​នោះ ហាក់​បាន​បង្កើន​សម្ពាធ​ទាម​ទារ​ឱ្យ​កម្ពុជា ​ផ្ត​ល់​សច្ចា​ប័ន​ច្បាប់​លើ​សមុទ្រ UN​CLOS ដើម្បី​​ទ​​ប់​​ទល់​មហិច្ឆតា​បរទេ​ស​ឈ្លាន​ពាន​​ទឹក​ដី និង​ទា​ម​ទារ​ដែន​​សមុទ្រ និ​ង​កោះ​ត្រ​ឡប់​មក​​​វិ​ញ​។​

[អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូម​​ទាញ​យក​ «ភាសាអង់គ្លេស» Download ឬ​ទាញ​​យក​ «ភាសាខ្មែរ» Download)។]

ចរន្តជំរុញសម្ពាធដែលថា កម្ពុជា​ចាំបាច់​ត្រូវ​យល់​ព្រម​លើ​ច្បាប់​សមុទ្រ​អន្តរ​ជាតិ​នេះ ខណៈ​ដែន​សមុ​ទ្រ និង​​​ប្រ​ជុំ​កោះ ​​មាន​កោះ​ត្រល់​កំពុង​ស្ថិត​ក្នុង​ដៃ​វៀតណាម​គ្រប់​គ្រង រីឯ​កោះ​គុត​​ត្រូវ​​បាន​ថៃ ​គ្រប់​គ្រង​​ទាំង​ស្រុង​​ច្រើន​ឆ្នាំ​​ទៅ​នេះ ស្រប​ពេល​ដែល​កម្ពុជា​ មិន​បាន​ផ្តល់​ការ​យល់​ព្រម​លើ​ច្បាប់​សមុទ្រ​អន្តរ​ជាតិ (UNCLOS)។

ជុំវិញបញ្ហានេះ ពលរដ្ឋនិងអ្នកឃ្លាំមើល លើក​ឡើង​ថា កម្ពុជា​ចាំបាច់​​ត្រូវ​ផ្តល់​សច្ចា​ប័ន ឬ​ទទួល​ស្គាល់ច្បាប់​សមុទ្រ​ UNCLOS ដែល​ជា​មូល​ដ្ឋាន​ច្បាប់ ទប់​ទល់​នឹង​មហិច្ឆតា​ឈ្លានពាន​ពី​​ប្រទេស​ជិត​ខាង។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយលើបណ្តាញ​សង្គម នៅថ្ងៃទី​២៧ ខែ​មីនា​នេះ ថា ​កា​រដែល លោក ហ៊ុន ម៉ាណែត និយាយ​ថា កោះ​គុត នៅ​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា លោក​ថា វា​ជា​ល​ទ្ធ​ផល​​បាន​​​ពី​កា​រ​បន្លឺ​សំឡេង​​ទាម​ទារ​​របស់​ពលរដ្ឋ​ខ្មែរ​ នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន មាន​ កូរ៉េ ជប៉ុន អូស្ត្រាលី អាមេ​រិក ​និង​​ពលរដ្ឋ​មួយ​ចំនួន​ទៀត កំពុង​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង ​CLV ជាដើម។

សម្រាប់ លោក អ៊ុំ សំអាន សមិទ្ធផលនេះ ពលរដ្ឋខ្មែរមិនត្រូវ​ដក​ថយ​ទេ តែ​ត្រូវ​បន្ត​បង្កើន​សំឡេង​កាន់​តែខ្លាំង​បន្ថែម​​ទៀត ដើម្បី​ជំរុញ​មេដឹក​នាំ​ផ្តល់​សច្ចា​ប័ន​​​លើ​​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២ ដើ​​ម្បី​​កា​​រ​ពារដែន​សមុទ្រ​ ព្រម​ទាំង​កោះ និង​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ករ​ណី​កោះគុត និង​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នាទំហំ​២៦០០០​គីឡូម៉ែត្រ​ការ៉េ។

បន្ថែមលើនេះ លោកថា បើលោក ហ៊ុន ម៉ាណែត ពិត​ជាមាន​ឈាម​ជ័រ​ជា​ខ្មែរ​ដែរ ត្រូវ​ហ៊ាន​ទាម​ទារ​ចំណែក​នៃ​​កោះ​គុត​​​ពី​ភាគី​ថៃ ដោយ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​ជាមួយ​អង្គ​ការ​សហប្រជា​ជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ UNCLOS។

លោកបញ្ជាក់ថា ប្រទេសដែលប្រឈមនឹងបញ្ហាជម្លោះ​​ដែនសមុទ្រ​ ឬប្រជុំកោះ ភាគី​ច្រើន​គេ​តែង​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ឬ​ច្បាប់​សមុទ្រ​ UNCLOS​ ឆ្នាំ​១៩៨២​នេះ ដើម្បី​ដោះ​ស្រាយ និង​ជៀស​វាង​បង្ក​សង្រ្គាម​។

លោកថា៖ «យើងសូមជំរុញឲ្យ លោក ហ៊ុន ម៉ាណែត និង​រដ្ឋ​សភាហ្នឹង ត្រូវ​ផ្ដល់​សច្ចាប័ន​ទៅ​លើ​ច្បាប់​សមុទ្រ​UNCLOS​ហ្នឹង​ ដើម្បី​ការ​ពារ​ទឹក​ដី​របស់​យើង ជាពិសេស​ដែន​សមុទ្រ និង​កោះ​របស់​យើង​ជាមួយថៃ​ និង​វៀតណាម ព្រោះ លោក ហ៊ុន សែន គាត់​កាន់​អំណាច​ជាង​៤០​ឆ្នាំ​ហើយ គ្រាន់​តែ​ធ្វើ​ការ​ផ្ដល់​សច្ចាប័ន​ដល់​ទៅ​លើ​ច្បាប់​សមុទ្រ​ ធ្វើ​មិន​កើត​ដែរ»។

ដោយឡែក ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង អ្នកស្រី ឡែង ចិន្តា គាំទ្រ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រើយន្ត​ការ​អន្តរ​ជាតិ ប្តឹង​ភាគី​ថៃ​ករណី​កោះ​គុត​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ដើម្បី​ការ​ពារ​ទឹក​ដី​ខ្មែរ។

អ្នកស្រីក៏ជំរុញឱ្យរដ្ឋសភា ជាពិសេស​មេដឹកនាំកម្ពុជា ដែលអះអាងថា​ខ្លួន​ស្រឡាញ់​ជាតិ​មាតុ​ភូមិ ត្រូវផ្តល់​​សច្ចាប័ន​ជាមួយ​អង្គ​ការ​សហប្រជា​ជាតិ​ ស្តីពី ​ច្បាប់​សមុទ្រ UNCLOS ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ​មក​វិញ។

អ្នកស្រីថា៖ «ខ្ញុំគាំទ្ររាល់សកម្មភាព​ណា ដែល​ការ​ពារ​បូរណ​ភាព​ជាតិ និង​អធិប​តេយ្យ​ភាព​ប្រទេស​ ហើយ​សម្រាប់​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា ការ​សាម​គ្គី​រវាង​បញ្ញវន្ត​ រវាង​អ្នក​ជំនាញ រវាង​ពលរដ្ឋ គឺ​ត្រូវ​តែសកម្ម​ ងើប​ឡើង​មក​ទាំង​អស់​គ្នា យើង​ដឹង​ស្រាប់​ហើយ​ បើ​ពលរដ្ឋ​យុវជន​ដូច​ជា​ពួក​ខ្ញុំ​អី សាមញ្ញ​ជន​នេះក៏​ជា​សំឡេង​កម្លាំង​មួយ​​ដែល​ជំរុញ​ទៅ ប៉ុន្តែ​អ្នក​ដើរ​ផ្លូវ​ច្បាប់ គឺ​ជា​អ្នក​ជំនាញ​បណ្ឌិត​បញ្ញ​វន្ត»។

ប្រហាក់ប្រហែលគ្នានេះដែរ ពលករនៅប្រទេសកូរ៉េខាងត្បូងម្នាក់ទៀត​គឺ លោក ផា រ៉ា និយាយ​ថា ការចូល​រួម​បន្លឺសំ​ឡេង​ជំរុញ​ឱ្យ​មេដឹកនាំ​ការ​ពារ​ទឹក​ដី ជា​កាតព្វ​កិច្ច​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ លោក​យល់​ថា ការ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដូច​ជា សន្ធិ​សញ្ញា​បារាំង-សៀម​ ឆ្នាំ​១៩០៧ ឬ​ច្បាប់​សមុទ្រ​អន្តរ​ជាតិ​ UNCLOS គឺ​ជា​រឿង​ចំបាច់ ដែល​មេដឹក​នាំ​ឈាម​ថ្មី​ត្រូវ​ផ្តល់​សច្ចាប័ន។

លោកថា៖ «ខ្ញុំគាំទ្រ បើ​សិន​ជា​រដ្ឋាភិបាល​​គាត់​ប្ដឹង​ទៅ​អង្គ​ការ​អន្តរ​ជាតិ ឲ្យ​គេ​ជួយ​ដោះ​ស្រាយ​បញ្ហា​រឿង​កោះ​គុត​អ៊ីចឹង ព្រោះ​អី​យើង​មើល​ឃើញ​ពី​មុន​មក ដូច​ជា​ បញ្ហា​ប្រាសាទ​ព្រះ​វិហារ យើង​ក៏​ពឹង​អន្តរ​ជាតិ​ឱ្យ​ដោះ​​ស្រាយ​ផង​ដែរ ហើយ​បើ​សិន​ជា​បញ្ហា​រឿង​កោះ​គុត​ហ្នឹង គាត់​ប្តឹង​អន្តរជាតិ​ឲ្យ​ជួយ​ដោះ​ស្រាយ​ឲ្យ ​វាជា​រឿង​ល្អ»។

កាលពីថ្ងៃទី២៦ ខែមីនា នាយករដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែង​ពី​ខេត្ត​ព្រះសីហនុ​ថា កោះគុតមិន​ទាន់​បាត់​បង់​ទៅ​ប្រទេស​ថៃ​ដូច​ការ​ចោទ​ទេ។

សាររបស់​ លោក ហ៊ុន ម៉ាណែត នេះ​ខណៈ​កោះគុត ត្រូវ​បាន​ថៃ​គ្រប់​គ្រង​ទាំង​ស្រុង គ្មាន​វត្តមាន​សមត្ថកិច្ច​កម្ពុជា​ឈរ​ជើង​នៅ​ទី​នោះ សូម្បី​តែ​ម្នាក់​ក្តី។ លើសពីនេះ លោក​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​ថៃ មិនមាន​ការ​ចាំ​បាច់ ប្តឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ​ឡើយ។

លោកថា៖ «ជាមួយថៃ ​យើង​មានអនុសញ្ញាសន្ធិ​សញ្ញា​១៩០៧ ដែល​​និយាយ​​ព្រំ​​ដែន​​គោក​​​​ព្រំ​ដែន​​ទឹកយើង​​មិន​​ទាន់​​ចរ​​ចា​​ទេ យើង​​​នៅ​​បន្ត​ចរចា យើង​មាន​ការ​ទាម​ទារ​របស់​យើង​ពី​ឆ្នាំ​​៧២ ជំនាន់​​នោះ។ ខ្ញុំគ្រាន់​​តែ​សូម​បញ្ជាក់​​ថា ព្រំដែន​​​ទឹក​ដី​​កោះ​គុត តំបន់​ត្រួត​ស៊ី​គ្នា​នេះ អ្នក​​ខ្លះ​ខំស្រែក​​ឱ្យ​​យើង​​ប្តឹង យើងបញ្ជាក់​​​ វា​អត់​ទាន់​មាន​បាត់​បង់​ទៅ​ណា​ទេ»។

ដោយឡែក ប្រធានក្រុមប្រឹក្សា​​ឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សាទរចំពោះលោក ហ៊ុន ម៉ាណែត ដែល​នៅមានគំនិតជាតិ​និយម​ខ្លះ ហ៊ាននិយាយ​ថា កោះគុត​កម្ពុជា មិនទាន់​បាត់​បង់​ទាំង​ស្រុង​នោះ​ទេ។

តែ​យ៉ាណា លោកថា ដើម្បីបញ្ជាក់​ថា កោះគុត​ជា​កម្ម​សិទ្ធិ​របស់​ខ្មែរ ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​ UN​CL​O​S​។ លោកថា UNCLOS ជាកិច្ចព្រម​ព្រៀង​អន្តរ​ជាតិ ​ដែល​បង្កើត​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​រាល់​សកម្ម​ភាព​មាន​ជ​ម្លោះ​​ដែ​ន​សមុទ្រ និង​​ដែន​កោះ រវា​ង​ប្រទេស​និង​ប្រទេស។

លោកថា៖ «លោក ហ៊ុន ម៉ាណែត តាមស្ដាប់គាត់ពីម្សិលមិញ ហាក់​ដូច​គាត់​ផ្ញើ​សារ​មិន​ច្បាស់​លាស់​មួយហើយ​មិន​ទាន់​ឲ្យ​យើង​ជឿ​ទុក​ចិត្ត​បាន តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​យល់​ស្រប​ជាមួយ​នឹងលោក ហ៊ុន ម៉ាណែត ក្នុង​ការ​ចរចា​ទ្វេភាគី​ដទៃ​ទៀត​ទេ យើង​មិន​អាច​ទទួល​យក​ការ​ចរចា​ទ្វេ​ភាគី​ជាមួយថៃ​ទេ តាម​ពិត​ថៃ​គេ​ចង់​ឲ្យ​យើង​ចរចា​ទ្វេ​ភាគី ពី​ព្រោះគេ​មាន​ប្រៀប​ក្នុង​ការ​លេប​ត្របាក់​បូរណភាព​ទឹក​ដី​ខ្មែរ​ទាំង​គោក​ទាំង​ទឹក»។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៥ ខែ​មីនា ចៅក្រម​អន្តរជាតិ លោក Horinouchi បាន​និយាយ​ចំៗ​បញ្ហា​ដែន​​សមុទ្រ​កម្ពុជា។ លោកថា កម្ពុជា​គួរតែ​ធ្វើ​​សច្ចាប័ន ​លើ​អនុ​សញ្ញា​របស់​​អង្គការ​​សហប្រជា​ជាតិ ស្តីពី ច្បាប់​​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​អាច​ដោះស្រាយ​ដែន​សមុទ្រ និង​កោះ​កម្ពុជា​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ថៃ​និង​វៀត​ណាម។

លោក Horinouchi Hidehisa ជាចៅក្រម​នៃ​តុលាការ​អន្តរ​ជាតិ​សម្រាប់​ច្បាប់​​សមុទ្រ (Internatinal Tribunal for the law of the sea “ITLOS”) និង​ជា​អតីត​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ ជុំវិញបញ្ហានេះ កម្ពុជា​បាន​ចុះ​​អនុ​​សញ្ញា (UNCLOS) នេះ​នៅ​ឆ្នាំ​១៩៨៣។

មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ​ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អនុ​​វ​​ត្ត​​​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា«អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕


ច្បាប់​សមុទ្រ UNCLOS 1982
ច្បាប់​សមុទ្រ UNCLOS 1982