The Cambodia Daily
12th-5-2022

អនុប្រធាន​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​ដំណោះស្រាយ​បន្ទាន់​ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ឆ្នាំ​២០២២ ខាង​មុខ​​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ ​ដែល​មាន​តម្លៃ​ផ្លូវច្បាប់​ពេញលេញ។

អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​ រដ្ឋ​ ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​​៥ ខែ​​ឧសភា ឆ្នាំ​​២០២២ ថា សហភាព​អឺរ៉ុប​ បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​ លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ច្រើន​ឡើង ​លើ​បញ្ហា​នៃ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

តំណាង​សហភាព​អឺរ៉ុប លើកឡើង​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ រដ្ឋាភិបាល​ខ្មែរ ​គួរ​តែ​ចាត់​វិធានការ​ជាបន្ទាន់ ​ក្នុង​ការ​បើក​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា និង​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​មួយ ​ដែល​អាច​ជឿ​ទុកចិត្ត​បាន ជាពិសេស​កម្ពុជា​ គួរតែ​ផ្តល់​ដំណោះស្រាយ​ជាបន្ទាន់​ លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ទាំង​​អយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អនុប្រធាន​សហភាព​អឺរ៉ុប លោក ចូសឹប បូរ៉ែល បញ្ជាក់​ថា ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​​២០១៧ កន្លងទៅ សហភាព​អឺរ៉ុប ​បាន​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យ៉ាង​យកចិត្ត​ទុកដាក់ រួម​មាន​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​កម្ពុជា​ជាដើម ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​បើក​ឡើងវិញ ​នូវ​លំហ​សេរីភាព​នយោបាយ និង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​​១១ ឧសភា នេះ​ថា ការ​លើកឡើង​របស់​អនុប្រធាន​សហភាព​អឺរ៉ុប បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​តស៊ូ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា មាន​តម្លៃ​លើស​អ្នក​នយោបាយ​ណាៗ​ទាំងអស់​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

លោក ម៉ែន ណាត អះអាង​ថា ខ្លឹមសារ​នៃ​សុន្ទរកថា​ដដែល​នោះ ​ក៏​មាន​ន័យ​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា សហភាព​អឺរ៉ុប​ បាន​ច្រានចោល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ឆ្នាំ​​២០២២ នេះ​រួច​ទៅ​ហើយ ដូច្នេះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ពួកគេ​​នឹង​​មិន​ទទួលស្គាល់​នោះ​ទេ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​នេះ ​គ្រាន់តែ​ជា​ការ​រៀបចំ​ផែនការ ​ដើម្បី​ប្លន់​តាមរយៈ​នៃ​ការ​រៀបចំ​គ្រប់​បែប​យ៉ាង ​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា អាណត្តិ​កន្លងទៅ គណបក្ស​កាន់​អំណាច​ មាន​លទ្ធភាព​ត្រឹមតែ​លួច​សន្លឹកឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​អាណត្តិ​ទី​៥ នេះ បក្ស​កាន់​អំណាច​បាន​គ្រប់គ្រង និង​រៀបចំ​ដំណើរការ​ទាំងស្រុង​តាមរយៈ គ.ជ.ប ដែល​មាន​សមាសភាព​មក​ពី​បក្ស​កាន់​អំណាច​ទាំងអស់ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជិត​កន្លះ​ប្រទេស នៅតែ​ត្រូវ​បាន​បិទ​សិទ្ធិ​ មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ដដែល។

កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ កន្លងទៅ តុលាការ​កំពូល​កម្ពុជា ​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ ជាមួយ​​រដ្ឋ​បរទេស ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​ប្រសាសន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន

ជុំវិញ​ការ​ចោទប្រកាន់​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច ​ដាក់​កម្លាំង​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ទាំង​កណ្តាល​យប់ ​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ យក​ទៅ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​មួយ​ឆ្នាំ និង​បន្ត​រឹតត្បិត​សេរីភាព​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​កម្ពុជា​ រហូត​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០២២ ថា បណ្តា​តំណាង​អង្គទូត ​ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​ចាត់ទុក​លោក​ថា​ជា​តួអង្គ​ តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាច​ចូលរួម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​បាន ដោយ​មាន​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ៕