ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (Student Movement for Democracy – SMD) លោក ទូច វិបុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ «ទាមទាររដ្ឋាភិបាលកម្ពុជា គួរស្នើមេដឹកនាំវៀតណាម ទទួលជនជាតិវៀតណាមខុសច្បាប់ ត្រទ្បប់ទៅវិញ»។ សេចក្តីថ្លែងការណ៍នេះ បានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១។ សូមទាញយកសេចក្តីថ្លែងការណ៍ (Download) ឬអានសេចក្តីថ្លែងការណ៍ទាំងស្រុងខាងក្រោម។
សេចក្តីថ្លែងការណ៍
«ទាមទាររដ្ឋាភិបាលកម្ពុជា គួរស្នើមេដឹកនាំវៀតណាម ទទួលជនជាតិវៀតណាមខុសច្បាប់ ត្រទ្បប់ទៅវិញ»
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវដល់លោក ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន គួរបង្ហាញសេចក្ដីក្លាហាន ធ្វើលិខិតផ្លូវការស្នើទៅនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាម លោក Pham Minh Chinh ដូចខាងក្រោម ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមិត្តជិតខាងល្អ ៖
(១) រដ្ឋាភិបាលវៀតណាម ត្រូវតែទទួលយកជនជាតិរបស់ខ្លួន ដែលចូលមករស់នៅខុសច្បាប់ នៅប្រទេសកម្ពុជា ឲ្យត្រទ្បប់ទៅប្រទេសវៀតណាមទៅវិញ។
(២) រដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គ្រប់ទម្រង់លើពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម ដែលជាម្ចាស់ទឹកដីកំណើតកម្ពុជាក្រោម ហើយត្រូវគោរពសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរក្រោម តាមគោលការណ៍ធានាការពារដោយអង្គការសហប្រជាតិ។
(៣) រដ្ឋាភិបាលវៀតណាម ត្រូវតែគោរពច្បាប់សមុទ្រ ឆ្នាំ១៩៨២ UNCLOS 1982 ដោយប្រគល់មកឲ្យប្រទេសកម្ពុជាវិញ នូវកោះត្រល់ ចង្កោមកោះក្រចកសេះ និងទំហំផ្ទៃទឹកសមុទ្រទាំងអស់របស់កម្ពុជា ដែលវៀតណាមកំពុងគ្រប់គ្រងទាំងខុសច្បាប់ ដូចដែលរដ្ឋាភិបាលវៀតណាម បានទាមទារឲ្យប្រទេសចិន គោរពច្បាប់សមុទ្រ ឆ្នាំ១៩៨២ ដែរ។
(៤) រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ត្រូវតែហ៊ានប្រកាសប្រាប់រដ្ឋាភិបាលថ្មី របស់ប្រទេសវៀតណាមថា ក្នុងស្ថានភាពកម្ពុជាពុំមានឯកភាពជាតិ ប្រទេសកម្ពុជាត្រូវការផ្អាក ការបោះបង្គោលព្រំដែនគោក ដែលនៅសល់ ជាមួយវៀតណាមសិន និងក៏រក្សាសិទ្ធិសើរើឡើងវិញ លើបង្គោលព្រំដែន ដែលបានបោះរួចហើយដែរ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា ក្នុងកាលៈទេសៈដែលប្រទេសវៀតណាម ទើបតែរៀបចំរដ្ឋាភិបាលថ្មី គឺជាឱកាសល្អបំផុត សម្រាប់កម្ពុជា បញ្ជាក់អំពីជំហរច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍របស់កម្ពុជា ទោះបីជាត្រូវធ្វើកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធដល់ជម្រៅយ៉ាងណា ជាមួយវៀតណាមក៏ដោយ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ផ្កោលទោសនាយករដ្ឋមន្ត្រីវៀតណាម ដែលបានបង្ហាញគោលដៅបន្តរំលោភអធិបតេយ្យភាពនៃកម្ពុជា និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា នៅឯជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន នៅទីក្រុងចាការតា នៃប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ នេះគឺជារឿងអយុត្តិធម៌ណាស់ សម្រាប់ប្រជាជាតិខ្មែរ នៅពេលលោក Pham Minh Chinh បានណែនាំប្រាប់លោក ហ៊ុន សែន ថា « … ឲ្យកម្ពុជាត្រូវបន្តផ្តល់ការគាំទ្រដល់ សហគមន៍វៀតណាម នៅកម្ពុជា ជាពិសេសផ្តល់ឯកសារស្របច្បាប់នានា ដើម្បីជួយសម្រួលជនជាតិវៀតណាមទាំងនោះ ឱ្យមានលំនឹង … » ហើយលោក ហ៊ុន សែន បង្ហាញឥរិយាបថទទួលយក។
នាយករដ្ឋមន្ត្រីវៀតណាម បង្ហាញចរិតបន្តឈ្លានពានកម្ពុជា ដោយឥតអៀនខ្មាស ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្ត លោក ហ៊ុន សែន ត្រូវហ៊ានប្រាប់មេដឹកនាំវៀតណាមវិញ អំពីកាតព្វកិច្ចរដ្ឋាភិបាលកម្ពុជា ដែលត្រូវការពារប្រយោជន៍របស់ប្រជាជាតិខ្មែរជាចាំបាច់ តាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិ។
ទីក្រុងវ៉ាស៊ីនតុន (សហរដ្ឋអាមេរិក) ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១
ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.