ប្រធានប្រតិបត្តិ​នៃ​ចលនា​​​និស្សិត​​ដើម្បី​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) លោក ទូច វិបុល បាន​ចុះហត្ថលេខាលើ​​​​សេចក្តី​​​ថ្លែងការណ៍​​មួយ «ទាមទារ​រដ្ឋាភិបាល​​កម្ពុជា គួរ​ស្នើ​មេដឹកនាំ​វៀតណាម ទទួល​ជនជាតិ​វៀត​ណាម​​​ខុស​ច្បាប់ ត្រទ្បប់​ទៅ​វិញ»។ សេចក្តី​​ថ្លែងការណ៍​​នេះ បាន​​ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០២១។ សូម​ទាញ​យកសេចក្តីថ្លែងការណ៍ (Download) ឬ​​អាន​សេចក្តី​ថ្លែងការណ៍​​ទាំង​ស្រុង​ខាង​​ក្រោម។

សេចក្តីថ្លែងការណ៍
«ទាមទាររដ្ឋាភិបាល​កម្ពុជា គួរ​ស្នើ​មេដឹកនាំ​វៀតណាម ទទួល​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ត្រទ្បប់​ទៅ​វិញ
»

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ សូម​អំពាវនាវ​ដល់​លោក ហ៊ុន សែន ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន គួរ​បង្ហាញ​សេចក្ដី​ក្លាហាន ធ្វើ​លិខិត​ផ្លូវការ​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​វៀតណាម លោក Pham Minh Chinh ដូច​ខាង​ក្រោម​ ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហ​ប្រតិបត្តិការ ជា​មិត្ត​ជិត​ខាង​ល្អ ៖

(១) រដ្ឋាភិបាល​វៀតណាម ត្រូវ​តែ​ទទួល​យក​ជនជាតិ​របស់​ខ្លួន ដែល​ចូល​មក​រស់នៅ​ខុស​ច្បាប់ នៅ​ប្រទេស​កម្ពុជា ឲ្យ​ត្រទ្បប់​ទៅ​ប្រទេស​វៀតណាម​ទៅ​វិញ។
(២) រដ្ឋាភិបាល​វៀតណាម ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើទុក្ខ​បុក​ម្នេញ គ្រប់​ទម្រង់​លើ​ពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ក្រោម​ ដែល​ជា​ម្ចាស់​ទឹកដី​កំណើត​កម្ពុជា​ក្រោម ហើយ​ត្រូវ​គោរព​សិទ្ធិ​សេរីភាព របស់​ពលរដ្ឋ​ខ្មែរ​ក្រោម តាម​គោលការណ៍​ធានា​ការពារ​ដោយ​អង្គការ​សហ​ប្រជាតិ។
(៣) រដ្ឋាភិបាល​វៀតណាម ត្រូវ​តែ​គោរព​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ UNCLOS 1982 ដោយ​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ នូវ​កោះ​ត្រល់ ចង្កោម​កោះ​ក្រចកសេះ និង​ទំហំ​ផ្ទៃ​ទឹក​សមុទ្រ​ទាំង​អស់​របស់​កម្ពុជា ដែល​វៀតណាម​កំពុង​គ្រប់​គ្រង​ទាំង​ខុស​ច្បាប់ ​ដូច​ដែល​រដ្ឋាភិបាល​វៀតណាម បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ដែរ។
(៤) រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​តែ​ហ៊ាន​ប្រកាស​ប្រាប់​រដ្ឋាភិបាល​ថ្មី​ របស់​ប្រទេស​វៀតណាម​ថា ក្នុង​ស្ថានភាព​កម្ពុជា​ពុំ​មាន​ឯកភាព​ជាតិ ប្រទេស​កម្ពុជា​ត្រូវ​ការ​ផ្អាក ការបោះបង្គោល​ព្រំដែន​គោក ដែល​នៅ​សល់ ជាមួយ​វៀតណាម​សិន និង​ក៏​រក្សា​សិទ្ធិ​សើរើ​ឡើង​វិញ លើ​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ហើយ​ដែរ។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ យល់​ឃើញ​ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​វៀតណាម ទើប​តែ​រៀបចំ​រដ្ឋាភិបាល​ថ្មី គឺ​ជា‍​ឱកាស​ល្អ​បំផុត សម្រាប់​កម្ពុជា បញ្ជាក់​អំពី​ជំហរ​ច្បាស់​លាស់ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កម្ពុជា ទោះបី​ជា​ត្រូវ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ជិត​ស្និទ្ធ​ដល់​ជម្រៅ​យ៉ាង​ណា ជាមួយ​វៀតណាម​ក៏​ដោយ។

ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ផ្កោល​ទោស​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​បង្ហាញ​គោលដៅ​បន្ត​រំលោភ​អធិប​តេយ្យ​ភាព​នៃ​កម្ពុជា និង​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា នៅ​ឯ​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន នៅ​ទីក្រុង​ចាការតា នៃ​ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១។ នេះ​គឺជា​រឿង​អយុត្តិធម៌​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ នៅ​ពេល​លោក Pham Minh Chinh បាន​ណែនាំ​ប្រាប់​លោក ហ៊ុន សែន ថា « … ឲ្យ​កម្ពុជា​ត្រូវ​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់ សហគមន៍​វៀតណាម នៅ​កម្ពុជា ជាពិសេស​ផ្តល់​ឯកសារ​ស្រប​ច្បាប់​នានា ដើម្បី​ជួយ​សម្រួល​ជនជាតិ​វៀតណាម​ទាំង​នោះ ឱ្យ​មាន​លំនឹង … » ហើយ​លោក ហ៊ុន សែន បង្ហាញ​ឥរិយាបថ​ទទួល​យក។

នាយករដ្ឋមន្ត្រី​វៀតណាម បង្ហាញ​ចរិត​បន្ត​ឈ្លានពាន​កម្ពុជា ដោយ​ឥត​អៀនខ្មាស ដូច្នេះ​យើងខ្ញុំ​សូម​លើក​ទឹកចិត្ត​ លោក ហ៊ុន សែន ត្រូវ​ហ៊ាន​ប្រាប់​មេដឹកនាំ​វៀតណាម​វិញ អំពី​កាតព្វកិច្ច​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​ការពារ​ប្រយោជន៍​របស់​ប្រជាជាតិ​ខ្មែរ​ជា​ចាំបាច់ តាម​គោលការណ៍​នៃ​​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស៍​ ឆ្នាំ​១៩៩១ និង​យុត្តាធិការ​ច្បាប់​អន្តរជាតិ។

ទីក្រុងវ៉ាស៊ីនតុន (សហរដ្ឋអាមេរិក) ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១

ទូច វិបុល (ហត្ថលេខា)
ប្រធានប្រតិបត្តិ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ

.