ក្រុម​គ្រួសារ​​លោក ឈុត វុទ្ធី ផ្សព្វផ្សាយ​លើបណ្តាញ​សង្គម​ថា គ្រោង​​ធ្វើ​​ពិធី​​បុណ្យ​រំឭក​ខួប​​គម្រប់ ៨ ​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​រូប​​លោក ឈុត វុទ្ធី នៅ​​ថ្ងៃ​ទី ​២៦ ខែ​​មេសា ឆ្នាំ​២០២០ នៅ​​តំបន់​​ព្រៃ​ឡង់ ​ក្នុង​​ខេត្ត​​ព្រះវិហារ។ ​ពិធី​​រំឭក​​ខួប​​នេះ ជា​ការឧទ្ទិស​​កុសល​​​ផល​បុណ្យ​ជូន​​ដល់​​វិញ្ញាណក្ខន្ធ​ លោក ឈុត វុទ្ធី និង​ទាមទារ​​រក​យុត្តិធម៌​ផង។ លោក ឈុត វុទ្ធី ​ត្រូវ​​បាន​​មន្ត្រី​កង​រាជអាវុធហត្ថ​ ​បាញ់​​សម្លាប់​កាល​ពី​ថ្ងៃ​ទី​ ២៦ មេសា ២០១២ ខណៈ​ពេល​​លោក ចុះ​​ស៊ើប​អង្កេត​​ការ​កាប់​ឈើ​​ខុសច្បាប់​ នៅ​​ខេត្ត​​កោះកុង។

​លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី ត្រូវ​បាន​វិទ្យុ​អាស៊ីសេរី ដក​ស្រង់​សំដី​ផ្សាយ​ថា ពិធី​​បុណ្យ​ខួប​​គម្រប់ ​៨ ​ឆ្នាំនេះ ធ្វើ​ឡើង​​ក្នុង​គោលបំណង​រំឭក​​ឡើង​វិញ​ នូវ​វីរភាព​​ការងារ និង​​ការ​លះបង់​​របស់​ឪពុក​របស់​លោក ក្នុង​​ការ​​ការពារ​​ព្រៃឈើ និង បន្ត​​ស្នើ​សុំ​​ឱ្យ​​រដ្ឋាភិបាល ​ស្វែងរក​យុត្តិធម៌ ជូន​ក្រុម​គ្រួសារ​​​លោក ឈុត វុទ្ធី។

គួររំលឹកថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី កាលពីខែមេសា ឆ្នាំ ២០១២ កើត​​ឡើង​នៅ​ខេត្ត​កោះកុង មិនឆ្ងាយ​​ពី​​ក្រុមហ៊ុន ក្រុមហ៊ុន Timber Green ដែល​​ជាក្រុមហ៊ុន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់។ ក្រុមហ៊ុន​នេះ មាន​​ឈ្មោះ​​លោកស្រី ខៀវ សស៊ីលៀប ជា​អ្នក​ឈរឈ្មោះ។ លោក​ស្រីរូប​នេះ មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធ​​ជាមួយ​​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ហើយ​ក៏មានព័ត៌មាន នៅ​ឆ្នាំ​​២០១៦ ដែរ​ថា លោកស្រី ខៀវ សស៊ីលៀប ជា​អ្នកឈរឈ្មោះ​ក្នុង​​ក្រុមហ៊ុន​កាប់​ឈើ​នោះ គឺ​ជា​តំណាង​ឲ្យ​លោកស្រី ហ៊ុន ម៉ាណា ទៀត​​ផង។ ​ក្រុមហ៊ុន Timber Green នេះ ត្រូវ​បាន​បិទ​អាជីវកម្ម​របស់​ខ្លួន នៅ​ក្រោយ​​ព្រឹត្តិការណ៍​​បាញ់​សម្លាប់ លោក ឈុត វុទ្ធី។

ចំណែកមន្ត្រីប៉េអឹមឈ្មោះ អ៊ិន រតនា ត្រូវ​បាន​បាញ់​សម្លាប់ ក្នុង​ពេលឃាតកម្ម​លើរូប​លោក ឈុត វុទ្ធី ដែរ។ មន្រ្តី​​ប៉េអឹមរូប​នេះ គឺជាមិត្តភក្តិ​របស់​លោក ឈុត វុទ្ធី។ ប៉ុន្តែ​កាលនោះ ក្រុម​មន្រ្តីអាជ្ញាធរ និយាយ​ថា ប៉េអឹម​ឈ្មោះ អ៊ុន រតនា ជាអ្នក​សម្លាប់​លោក ឈុត វុទ្ធី។

ប៉ុន្មាន​ឆ្នាំមកនេះ មានព័ត៌មាន​ជាច្រើន បានដាក់​ចម្ងល់ថា ការស្លាប់​របស់​លោក ឈុត វុទ្ធី តើ​មាន​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Timber Green ឬទេ? តើ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព ដែល​ជា​ឈ្មួញរកស៊ីឈើ ដ៏ឧក្រិដ្ឋ​នៅ​កម្ពុជា?

ឃាតកម្មលោក ឈុត វុទ្ធី ជាប្រភេទ​ឃាតកម្ម​នយោបាយ ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​កាន់អំណាច ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា ទៅ​នឹង​ឃាតកម្មលើ​រូប​លោក ជា វិជ្ជា កាល​ពីថ្ងៃទី ២២ មករា ២០០៤ និង ឃាតកម្ម​​លើរូប​ លោក កែម ឡី កាល​ពីថ្ងៃទី ១០ កក្កដា ២០១៦។ ឈុត​ឆាកនៃ​ឃាតកម្ម បង្ហាញ​ជាលក្ខណៈ​ប្រព័ន្ធ មាន​ការគ្រោង​ទុក​ជាមុន​, មាន​អ្នករង់​ចាំ​ទទួល​ទោស​ជំនួស និង​បង្កើត​ព្រឹត្តិការណ៍ថ្មី ឲ្យ​លុប​លើព្រឹត្តិការណ៍​ចាស់ ជាដើម។ 

លោក ឈុត វុទ្ធី កាលនោះជាប្រធាន ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជាអតីត​មន្រ្តីយោធា គឺ​​ជា​សកម្មជន​ការពារ​ព្រៃឈើខ្មែរ​ដ៏ឆ្នើម តែង​តែ​ចុះ​ទៅ​​ពិនិត្យ និង​​ថតរូប​​សកម្មភាព​​បទល្មើស​​ព្រៃ​ឈើ​ នៅ​កម្ពុជា។ ការស្លាប់ស​កម្មជន​រូបនេះ គឺ​ជា​​ការ​សោកស្ដាយ​​ជា​ទីបំផុត សម្រាប់​អ្នកស្រឡាញ់​ធម្មជាតិ និង​ព្រៃឈើ។

នៅ​ពេលឃាតកម្ម លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០ ​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ លោក​មាន​កូន​ ៣ នាក់ ប្រុស​ម្នាក់ ស្រី ២​នាក់។

កាលនោះលោក ឈុត វុទ្ធី បាន​ចុះ​ទៅ​ខេត្ត​កោះកុង ​ក្នុង​ថ្ងៃ​ទី​ ២៤ ខែ​មេសា ២០១២ ជាមួយ​​នឹង​​អ្នក​​កាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) ចំនួន​ពីរ​រូប គឺ​មាន​នាង ផន បុប្ឆា ជា​​ជន​ជាតិ​​ខ្មែរ និង​មួយ​​រូប​​ទៀត​ ជា​ជន​ជាតិ​​បរទេស។ គោលបំណង​របស់​លោក ត្រួវ​ទៅ​​ពិនិត្យ​​មើល​​ក្រុមហ៊ុន​​កាប់​ឈើ​​ខុស​​ច្បាប់​ នៅ​​តំបន់​​ក្រវាញ​ ភាគ​​កណ្ដាល ក្នុង​​ស្រុក​ថ្មបាំង។ ជា​អកុសល​ លោក ឈុត វុទ្ធី ត្រូវ​​បាន​គេ​​បាញ់​សម្លាប់​តែ​ម្តង នៅថ្ងៃទី ២៦ មេសា ខណៈ​​លោក​ បាន​ទៅ​​ថត​រូបភាព ​អំពី​​ការ​កាប់​ឈើ​​របស់​​ក្រុមហ៊ុន​ឯកជន​​មួយ។ នេះបើតាម​ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) កាលនោះ។

លោក ឈុត វុទ្ធី បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​​ទាហាន​ មក​ពី​ប្រទេស​រុស្សី។ បន្ទាប់​​ពី​លោក ​បញ្ចប់​​ការ​​សិក្សា​​​នៅ​​ឆ្នាំ​ ១៩៩២ លោក ឈុត វុទ្ធី បាន​​ធ្វើ​ការ​​នៅ​​មជ្ឈមណ្ឌល​​សកម្មភាព​​កម្ចាត់​​មីន​​កម្ពុជា និង ​ធ្វើ​​​ជា​គ្រូ​​បង្ហាត់​នាយ​ទាហាន​ នៅ​ក្រសួង​​ការពារ​ជាតិ។

លុះ​ដល់​ឆ្នាំ​ ២០០៣ លោក ឈុត វុទ្ធី បាន​​បម្រើ​ការងារ​​នៅ​អង្គការ គ្លបល វីនេស (Global Witness) មាន​តួនាទី​​​ជា​​នាយក​រង​ ​នៃ​​អង្គការ​​អន្តរជាតិ​​មួយ​​នេះ ដែល​​ធ្វើ​ការ​​ឃ្លាំមើល​​អំពី​​ការ​កាប់​​ព្រៃ​​ឈើ​​នៅ​​កម្ពុជា។

ក្រោយ​ពី​រដ្ឋាភិបាល​បាន​បណ្ដេញ​អង្គការ Global Witness ចេញ​ពី​កម្ពុជា លោក ឈុត វុទ្ធី បាន​​បង្កើត​​អង្គការ​​មួយ​​ឈ្មោះ​​ថា អង្គការ​​ការពារ​​ធនធាន​​ធម្មជាតិ​ ដែល​មាន​​ជំនួយ​​ពី​ប្រទេស​​អាល្លឺម៉ង់។

នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន លោក ឈុត វុទ្ធី បាន​សរសេរ​ចក្ខុវិស័យ​ថា «ខ្ញុំ​​ប្រាថ្នា​​បញ្ឈប់​​បទល្មើស​​ព្រៃ​ឈើ និង​សត្វ​​ព្រៃ​​នៅ​​កម្ពុជា តាម​​រយៈ​​ការ​កសាង​​សមត្ថភាព ​ក្នុង​​ការ​គ្រប់​គ្រង​​រដ្ឋ​ របស់​​រដ្ឋាភិបាល និង​​ការ​ពង្រឹង​​ការ​អនុវត្ត​​ច្បាប់ ជា​ពិសេស​​គឺ​​មាន​​រចនាសម្ព័ន្ធ​ ដែល​​ប្រសើរ​​គង់វង្ស​​ឋិតថេរ និង​​មាន​​ប្រសិទិ្ធភាព»

(អត្ថបទដោយស្រាវជ្រាវដោយលោក ម៉ែន ណាត /២៥ មេសា ២០២០)

ឯកសារពិគ្រោះ
– វិទ្យុអាស៊ីសេរី (RFA Khmer)
– វិទ្យុ VOA Khmer
– កាសែត The Cambodia Daily

CheaVichea -KemLey -Chutt Vutty

.