ក្រុមគ្រួសារលោក ឈុត វុទ្ធី ផ្សព្វផ្សាយលើបណ្តាញសង្គមថា គ្រោងធ្វើពិធីបុណ្យរំឭកខួបគម្រប់ ៨ ឆ្នាំ នៃឃាតកម្មលើរូបលោក ឈុត វុទ្ធី នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ នៅតំបន់ព្រៃឡង់ ក្នុងខេត្តព្រះវិហារ។ ពិធីរំឭកខួបនេះ ជាការឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី និងទាមទាររកយុត្តិធម៌ផង។ លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ បាញ់សម្លាប់កាលពីថ្ងៃទី ២៦ មេសា ២០១២ ខណៈពេលលោក ចុះស៊ើបអង្កេតការកាប់ឈើខុសច្បាប់ នៅខេត្តកោះកុង។
លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី ត្រូវបានវិទ្យុអាស៊ីសេរី ដកស្រង់សំដីផ្សាយថា ពិធីបុណ្យខួបគម្រប់ ៨ ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងរំឭកឡើងវិញ នូវវីរភាពការងារ និងការលះបង់របស់ឪពុករបស់លោក ក្នុងការការពារព្រៃឈើ និង បន្តស្នើសុំឱ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារលោក ឈុត វុទ្ធី។
គួររំលឹកថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី កាលពីខែមេសា ឆ្នាំ ២០១២ កើតឡើងនៅខេត្តកោះកុង មិនឆ្ងាយពីក្រុមហ៊ុន ក្រុមហ៊ុន Timber Green ដែលជាក្រុមហ៊ុនរកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ក្រុមហ៊ុននេះ មានឈ្មោះលោកស្រី ខៀវ សស៊ីលៀប ជាអ្នកឈរឈ្មោះ។ លោកស្រីរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ហើយក៏មានព័ត៌មាន នៅឆ្នាំ២០១៦ ដែរថា លោកស្រី ខៀវ សស៊ីលៀប ជាអ្នកឈរឈ្មោះក្នុងក្រុមហ៊ុនកាប់ឈើនោះ គឺជាតំណាងឲ្យលោកស្រី ហ៊ុន ម៉ាណា ទៀតផង។ ក្រុមហ៊ុន Timber Green នេះ ត្រូវបានបិទអាជីវកម្មរបស់ខ្លួន នៅក្រោយព្រឹត្តិការណ៍បាញ់សម្លាប់ លោក ឈុត វុទ្ធី។
ចំណែកមន្ត្រីប៉េអឹមឈ្មោះ អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ ក្នុងពេលឃាតកម្មលើរូបលោក ឈុត វុទ្ធី ដែរ។ មន្រ្តីប៉េអឹមរូបនេះ គឺជាមិត្តភក្តិរបស់លោក ឈុត វុទ្ធី។ ប៉ុន្តែកាលនោះ ក្រុមមន្រ្តីអាជ្ញាធរ និយាយថា ប៉េអឹមឈ្មោះ អ៊ុន រតនា ជាអ្នកសម្លាប់លោក ឈុត វុទ្ធី។
ប៉ុន្មានឆ្នាំមកនេះ មានព័ត៌មានជាច្រើន បានដាក់ចម្ងល់ថា ការស្លាប់របស់លោក ឈុត វុទ្ធី តើមានពាក់ព័ន្ធជាមួយក្រុមហ៊ុន Timber Green ឬទេ? តើមានពាក់ព័ន្ធជាមួយក្រុមហ៊ុន ទ្រី ភាព ដែលជាឈ្មួញរកស៊ីឈើ ដ៏ឧក្រិដ្ឋនៅកម្ពុជា?
ឃាតកម្មលោក ឈុត វុទ្ធី ជាប្រភេទឃាតកម្មនយោបាយ ពាក់ព័ន្ធនឹងអ្នកនយោបាយកាន់អំណាច ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងឃាតកម្មលើរូបលោក ជា វិជ្ជា កាលពីថ្ងៃទី ២២ មករា ២០០៤ និង ឃាតកម្មលើរូប លោក កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ២០១៦។ ឈុតឆាកនៃឃាតកម្ម បង្ហាញជាលក្ខណៈប្រព័ន្ធ មានការគ្រោងទុកជាមុន, មានអ្នករង់ចាំទទួលទោសជំនួស និងបង្កើតព្រឹត្តិការណ៍ថ្មី ឲ្យលុបលើព្រឹត្តិការណ៍ចាស់ ជាដើម។
លោក ឈុត វុទ្ធី កាលនោះជាប្រធាន អង្គការការពារធនធានធម្មជាតិ ជាអតីតមន្រ្តីយោធា គឺជាសកម្មជនការពារព្រៃឈើខ្មែរដ៏ឆ្នើម តែងតែចុះទៅពិនិត្យ និងថតរូបសកម្មភាពបទល្មើសព្រៃឈើ នៅកម្ពុជា។ ការស្លាប់សកម្មជនរូបនេះ គឺជាការសោកស្ដាយជាទីបំផុត សម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងព្រៃឈើ។
នៅពេលឃាតកម្ម លោក ឈុត វុទ្ធី មានអាយុជាង ៤០ ឆ្នាំ រស់នៅក្នុងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លោកមានកូន ៣ នាក់ ប្រុសម្នាក់ ស្រី ២នាក់។
កាលនោះលោក ឈុត វុទ្ធី បានចុះទៅខេត្តកោះកុង ក្នុងថ្ងៃទី ២៤ ខែមេសា ២០១២ ជាមួយនឹងអ្នកកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily) ចំនួនពីររូប គឺមាននាង ផន បុប្ឆា ជាជនជាតិខ្មែរ និងមួយរូបទៀត ជាជនជាតិបរទេស។ គោលបំណងរបស់លោក ត្រួវទៅពិនិត្យមើលក្រុមហ៊ុនកាប់ឈើខុសច្បាប់ នៅតំបន់ក្រវាញ ភាគកណ្ដាល ក្នុងស្រុកថ្មបាំង។ ជាអកុសល លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់តែម្តង នៅថ្ងៃទី ២៦ មេសា ខណៈលោក បានទៅថតរូបភាព អំពីការកាប់ឈើរបស់ក្រុមហ៊ុនឯកជនមួយ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) កាលនោះ។
លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាហាន មកពីប្រទេសរុស្សី។ បន្ទាប់ពីលោក បញ្ចប់ការសិក្សានៅឆ្នាំ ១៩៩២ លោក ឈុត វុទ្ធី បានធ្វើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និង ធ្វើជាគ្រូបង្ហាត់នាយទាហាន នៅក្រសួងការពារជាតិ។
លុះដល់ឆ្នាំ ២០០៣ លោក ឈុត វុទ្ធី បានបម្រើការងារនៅអង្គការ គ្លបល វីនេស (Global Witness) មានតួនាទីជានាយករង នៃអង្គការអន្តរជាតិមួយនេះ ដែលធ្វើការឃ្លាំមើលអំពីការកាប់ព្រៃឈើនៅកម្ពុជា។
ក្រោយពីរដ្ឋាភិបាលបានបណ្ដេញអង្គការ Global Witness ចេញពីកម្ពុជា លោក ឈុត វុទ្ធី បានបង្កើតអង្គការមួយឈ្មោះថា អង្គការការពារធនធានធម្មជាតិ ដែលមានជំនួយពីប្រទេសអាល្លឺម៉ង់។
នៅក្នុងប្រវត្តិរបស់ខ្លួន លោក ឈុត វុទ្ធី បានសរសេរចក្ខុវិស័យថា «ខ្ញុំប្រាថ្នាបញ្ឈប់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា តាមរយៈការកសាងសមត្ថភាព ក្នុងការគ្រប់គ្រងរដ្ឋ របស់រដ្ឋាភិបាល និងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសគឺមានរចនាសម្ព័ន្ធ ដែលប្រសើរគង់វង្សឋិតថេរ និងមានប្រសិទិ្ធភាព»៕
(អត្ថបទដោយស្រាវជ្រាវដោយលោក ម៉ែន ណាត /២៥ មេសា ២០២០)
ឯកសារពិគ្រោះ
– វិទ្យុអាស៊ីសេរី (RFA Khmer)
– វិទ្យុ VOA Khmer
– កាសែត The Cambodia Daily
.