The Cambodia Daily
09th-2-2023

ក្រុម​អ្នក​តស៊ូ​មតិ​ ​ជំរុញ​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព និង​គណបក្ស​នយោបាយ​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ពី​ការ​គាប​​សង្កត់​​របស់​បក្ស​កាន់​អំណាច គួរ​នាំគ្នា​ចេញ​ធ្វើ​ធម្មយាត្រា​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​របៀប​ដឹកនាំ​តាម​បែប​គាប​សង្កត់ មក​ជា​ការ​បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិមនុស្ស។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កុម្ភៈ នេះ​ថា វត្ថុបំណង​សំខាន់ៗ​របស់​ក្បូន​ធម្មយាត្រា ​ដែល​ដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គឺជា​រឿង​ល្អ ដើម្បី​ជួយ​ស្ដារ​សីលធម៌​សង្គម​នៅ​កម្ពុជា ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ជាពិសេស​គឺជា​សញ្ញា​នៃ​ការ​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ និង​អ្នក​ដឹកនាំ​ប្រទេស គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ជាជាង​រឿង​ផ្ទាល់ខ្លួន និង​ជម្លោះ​បុគ្គល​របស់​ពួកគេ។

លោក ម៉ែន ណាត លើកឡើង​ថា វត្ថុបំណង​សំខាន់ៗ​ទាំង ៤​ ចំណុច​របស់​ធម្មយាត្រា​ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូបភាព និង​អ្នក​ដឹកនាំ​នយោបាយ​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ និង​ដោះលែង​សកម្មជន​សង្គម​ជាដើម គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ថា​បើ​រដ្ឋាភិបាល​ នៅតែ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ​បន្ត​ទៀត គឺ​គ្មាន​ផល​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យក​រឿង​នេះ​ទៅ​ពិចារណា​ឡើងវិញ ដើម្បី​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ តំណាង​សហជីព សមាគម​​ចំនួន ៥​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថា ក្បួន​ធម្មយាត្រា​រយៈពេល ៧​ថ្ងៃ ​ដែល​ដឹកនាំ​ដោយ ​សមាគម​​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ្យ ទៅ​កាន់​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា ​ឃ្លាំង​មឿង ដែល​ទើប​នឹង​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ នេះ មាន​វត្ថុបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ធ្វើការ​កែលំអ​សីលធម៌​សង្គម​ឡើងវិញ​ចំនួន ៤​ចំណុច​សំខាន់ៗ។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បញ្ជាក់​ថា ស្មារតី​រួម​នៃ​ធម្មយាត្រា​នេះ ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ទាំងអស់ ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ និង​ងាក​មក​រក​ការ​ប្រកួតប្រជែង​គ្នា​ប្រកប​ដោយ​សីលធម៌ ក្នុង​នាម​ជា​ពូជសាសន៍​តែ​មួយ។ ជាង​នេះ​ទៀត អ្នក​មាន​អំណាច​ ក៏​ត្រូវ​តែ​បញ្ឈប់​ការ​រំលោភ​បំពាន​ចាប់​ខ្លួន​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក ជុំវិញ​សកម្មភាព​ដើម្បី​សង្គម​ជាតិ​របស់​ពួកគេ​បន្ត​ទៀត​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្បួន​ធម្មយាត្រា​នេះ​ ក៏​មាន​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ដោះ​លែង​​អ្នក​ទោស​​មនសិការ​ទាំងអស់​ ដែល​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ ដើម្បី​បង្ហាញ​ពី​ភាតរភាព និង​សាមគ្គី​ភាព​រវាង​ខ្មែរ និង​ខ្មែរ​ផង​ដែរ។ លើស​ពី​នេះ ក៏​មាន​បំណង​​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បញ្ឈប់​នូវ​ការ​ប្រកាន់​និន្នាការ​នយោបាយ និង​បក្ខពួក ដោយ​ងាក​មក​រក​ការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ ក្នុង​នាម​ជា​ពូជសាសន៍​ដែល​ធ្លាប់​ជា​មហា​អាណាចក្រ ​ក្នុង​សម័យ​មហានគរ។

ក្បួន​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ចប់​​កាល​ពី​​ថ្ងៃ​​អង្គារ នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា​​ឃ្លាំង​មឿង បន្ទាប់ពី​ធ្វើការ​ដង្ហែ​អស់​រយៈពេល ៦​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មក ប៉ុន្តែ​ក្បួន​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​នេះ បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ជាច្រើន​ដំណាក់កាល។

ទីប្រឹក្សា​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន លើក​ឡើង​​ក្នុង​​ពិធី​ជួបជុំ​បញ្ចប់​ក្បួន​ធម្មយាត្រា ​នៅ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង កាលពី​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ក្បួន​ធម្មយាត្រា​នេះ ​ពិត​មែន​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​ក៏​មាន​ការ​រំខាន​ពី​អាជ្ញាធរ​នៅ​ទីតាំង​ខ្លះ​ដែរ ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​ចូលរួម​យ៉ាង​ខ្លាំង។

លោក រ៉ុង ឈុន រិះគន់​ថា ទង្វើ​អាជ្ញាធរ​បែប​នេះ គឺជា​ការ​រំលោភ​បំពាន​លើ​សេចក្តី​ណែនាំ​ របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទាំងស្រុង ជាពិសេស​ការ​ហាមឃាត់​ប្រជាពលរដ្ឋ​ មិន​ឱ្យ​មក​ចូលរួម​ពិធី​គោរព​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃ​បញ្ចប់​នៃ​ក្បួន​ធម្មយាត្រា​នេះ​ជាដើម៕

.