អត្ថបទ RFA Khmer
20-7-2022

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ព្រួយបារម្ភ​​ចំពោះ​​ការ​​កែ​​រដ្ឋធម្មនុញ្ញ​ ជា​​លើក​ទី​១០ ​យ៉ាង​​​ប្រញាប់​ប្រញាល់ និង​​ស្នើសុំ​​ឲ្យ​​រដ្ឋាភិបាល​ ទម្លាក់​ចោល​ផែនការ​នេះ​វិញ។ មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច ​ចាត់​ទុក​ថា ការ​ព្រួយ​បារម្ភ​នេះ​ គ្រាន់​តែ​ជា​សេរីភាព​បញ្ចេញ​មតិ​ប៉ុណ្ណោះ មិន​អាច​បញ្ឈប់​ការ​កែ​រដ្ឋធម្មនុញ្ញ​បាន​ឡើយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (សូម​ទាញ​យក​​សេចក្តី​ថ្លែង​ការណ៍ /Download) ព្រួយ​បារម្ភ​ជា​ខ្លាំង ​ចំពោះ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន, ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​រដ្ឋសភា ដែល​កំពុង​ជំរុញ​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ យ៉ាង​ប្រញាប់​ប្រញាល់​ ខណៈ​​ស្ថានភាព​​ប្រទេស​កម្ពុជា​ កំពុង​មាន​វិបត្តិ​នយោបាយ វិស័យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ទំនិញ​លើ​ទីផ្សារ ​និង​ប្រេង​ឥន្ធនៈ​​ឡើង​ថ្លៃ ព្រម​ទាំង​​ភាព​​​​អយុត្តិធម៌​​សង្គម ក៏​កើន​ឡើង​ជា​ដើម។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ​ថា រដ្ឋធម្មនុញ្ញ​​បច្ចុប្បន្ន មាន​តម្លៃ​គ្រប់គ្រាន់​ ក្នុង​ការ​ធានា​ប្រក្រតី​ភាព និង​​យន្តការ​ការងារ​របស់​​ស្ថាប័ន​​ជាតិ។ ដូច្នេះ ​ពុំគួរ​មាន​ភាព​ចាំបាច់​ណាមួយ​ ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដែល​មជ្ឈដ្ឋាន​សាធារណៈ​មើល​ឃើញ​ថា «កែ​រដ្ឋធម្មនុញ្ញ ដើម្បី​បំពេញ​បំណង​​របស់​​អ្នក​កាន់​អំណាច»។

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​​ជា​ប្រធាន​​​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ ទាំង​​តក់​ក្រហល់​​​ក្នុង​​ស្ថានភាព​​មិន​​ចាំ​បាច់ ​និង​​ដោយ​គ្មាន​ការ​ធ្វើ​ប្រជាមតិ​ ពី​​ប្រជា​ពលរដ្ឋ និង​​សង្គម​​ស៊ីវិល​​បែប​​នេះ មិន​​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​​នោះ​​ទេ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​រូប​នេះ អំពាវ​​នាវ​​ឲ្យ​រដ្ឋាភិបាល ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និង​រដ្ឋសភា ​បញ្ឈប់​ការ​កែ​​រដ្ឋធម្មនុញ្ញ​នេះ​ជា​បន្ទាន់​ ហើយ​​ងាក​​មក​ដោះ​​ស្រាយ​​បញ្ហា​ជាតិ​​ជាច្រើន ​ដែល​​កំពុង​​ប្រឈម​​នៅ​​ចំពោះ​មុខ។ បញ្ហា​អាទិភាព​ទាំងនោះ​ ​ដូចជា ​ការ​ផ្សះផ្សា​នយោបាយ​ជាតិ ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ ទប់ស្កាត់​ទំនិញ និង​ប្រេងសាំង​កុំឲ្យ​ឡើងថ្លៃ​ ព្រម​ទាំង​​ដោះ​​ស្រាយ​ភាព​អយុត្តិធម៌​សង្គម ​ជូន​ពលរដ្ឋ​រងគ្រោះ​ជា​ដើម។

លោក រ៉ុង ឈុន «រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ហើយ​រាល់​ការ​ធ្វើ​​វិសោធនកម្ម​ ត្រូវ​ពិនិត្យ​និង​ត្រូវ​​ធ្វើ​​ប្រជា​មតិ​​ស្វែង​រក​ការ​គាំទ្រ ហើយ​​អ្នក​កាន់​អំណាច ​ក៏​​ត្រូវ​​ស្ដាប់​​មតិ​​ប្រជា​ពលរដ្ឋ​ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែរ​ថា តើ​មាន​សំឡេង​ប៉ុន្មាន​គាំទ្រ ហើយ​មាន​សំឡេង​ប៉ុន្មាន​មិន​គាំទ្រ​មិន​មែន​ធ្វើ​ស្ងាត់ៗ ហាក់​ដូចជា​ឆក់​កណ្ដៀត​បែបនេះ ហើយ​ក្នុង​កាលៈទេសៈ​នេះ យើង​ដឹង​ហើយ​ថា ​មាន​ការ​ងារ​ជា​ច្រើន ​ត្រូវតែ​រដ្ឋាភិបាល​ និង​រដ្ឋសភា ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ដូច​ទំនិញ​ឡើងថ្លៃ​ ប្រេង ឥន្ធនៈ​ឡើងថ្លៃ​វិបត្តិ​​ទំនាស់​ ​ដូចជា​ករណី​ណាហ្គាវើលដ៍ ​ទំនាស់​ដីធ្លី​ និង​ករណី​កសិកម្ម​ គ្មាន​ទីផ្សារ​ជាដើម»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​​បក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ដែល​មាន ទម្លាប់​​កំណត់​នាទី ​និង​លក្ខខណ្ឌ​​ មិន​ឲ្យ​អ្នកកាសែត​សួរ​ដេញ​ដោល​នោះ ថ្លែង​ថា ការ​ព្រួយ​បារម្ភ​រឿង​កែ​រដ្ឋធម្មនុញ្ញ​នេះ​ គ្រាន់តែ​មតិ​មួយ ប៉ុន្តែ​គ្មាន​ន័យ​អ្វី​ឡើយ​សម្រាប់​រដ្ឋាភិបាល។

លោក ឈឹម ផលវរុណ «នរណា​ក៏ដោយ ក៏​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ ហើយ​នរណា​​ក៏​ដោយ ក៏​មាន​សិទ្ធិ​សេរីភាព​ដេក​ព្រួយ​បារម្ភ​អំពី​ការ​វិវឌ្ឍ​របស់​ប្រទេស ជាតិ​ខ្លួន​ ប៉ុន្តែ​ជាមួយ​នឹង​ការ​ព្រួយបារម្ភ​មនុស្ស​​ម្នាក់ៗ មិន​គួរ​សម្ដែង​ត្រឹមតែ​ព្រួយ​បារម្ភ​ទេ ត្រូវ​លើក​ជា​ហេតុផល ​ហើយ​នឹង​ការ​យល់ដឹង​របស់​ខ្លួន​ឲ្យ​បាន​​ច្បាស់​លាស់។ អា​ហ្នឹង​​បាន​វា​ផ្តល់​នូវ​ប្រយោជន៍​ដល់​អ្នកដទៃ​ក្នុង​ការ​គិត ​និង​ថ្លឹងថ្លែង​ផង​ដែរ»

ទោះ​ជា​យ៉ាង​ណា ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​លើក​ហេតុផល​ជាច្រើន ​ដែល​ថា ​ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ មិន​បាន​បម្រើ​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ឡើយ ​គ្រាន់តែ​តម្រូវ​ទៅ​តាម​ការ​ចង់​បាន​ក្រុម​មេ​ដឹកនាំ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បញ្ជាក់​ថា ការ​កែ​មាត្រា ១២៥​ថ្មី​ នៃ​​រដ្ឋធម្មនុញ្ញ ​គឺ​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ចាត់​តាំង​​នាយក​រដ្ឋមន្ត្រី​ថ្មី ​និង​រដ្ឋាភិបាល​នៅ​ពេលណា​ក៏បាន​ តាម​ការ​ចង់បាន​របស់​បក្ស​កាន់​អំណាច។ ចំពោះ​ការ​កែ​មាត្រា ១១៩​ថ្មី​​នោះ​វិញ​ គឺ​គ្រាន់​តែ​ជា​ការ​បង្ក​ភាព​ងាយ​ស្រួល ​ក្នុង​ការ​ចាត់តាំង​បុគ្គល​ណា​ម្នាក់​ ជា​នាយក​រដ្ឋមន្ត្រី តាម​​រយៈ​ការ​ប្រគល់​អំណាច​ឲ្យ​គណបក្ស ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា ជា​អ្នក​ស្នើសុំ​ឲ្យ​ព្រះ​មហា​ក្សត្រ​ ចាត់តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចាត់​ទុក​ថា ទង្វើ​នោះ ជា​ការ​កាត់បន្ថយ​អំណាច​រដ្ឋសភា ដែល​ផ្ទុយពី​គោលការណ៍​សភានិយម​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី។ លើស​ពី​នេះ ការ​កែ​មាត្រា​ដទៃ​ទៀត ​សុទ្ធតែ​បង្ហាញ​ការ​ពី​ការ​ការ​ពារ​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​ទទួល​បាន​ការ​តែងតាំង​រួចរាល់។

លោក រ៉ុង ឈុន លើក​ឡើង​ថា ​ទោះបីជា​ស្ថិត​ស្ថានភាព​នៃ​​ការ​​រឹត​ត្បិត​​សិទ្ធិ​​​សេរី​ភាព​ក្ដី លោក​ និង​​ពលរដ្ឋ​​ផ្សេង​ទៀត ​នៅតែ​ខិតខំ​តស៊ូ​មតិ​ ឲ្យ​រដ្ឋាភិបាល​​ពិចារណា​ឡើងវិញ ដើម្បី​ កុំឲ្យ​ចេះតែ​កែ​រដ្ឋធម្មនុញ្ញ​ជា​បន្ត​បន្ទាប់​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​ដើម ​ឆ្នាំ១៩៩៣។

លោក រ៉ុង ឈុន «មិន​មាន​បម្រើ​ផល​ប្រយោជន៍​ជាតិ វា​គ្រាន់​បម្រើ​ផល​ប្រយោជន៍​ក្រុម​អ្នក​មាន​អំណាច មាន​ឥទ្ធិពល​តែ​ប៉ុណ្ណឹង​ហើយ​មួយ​ទៀត យើង​មើល​ឃើញ​ថា ហាក់​បី​ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​ បាត់បង់​ជំនឿ​ចិត្ត​ ទៅ​លើ​ក្រុម​ខ្លួន​គាត់។ ឧទាហរណ៍ គាត់​ថា មាន​ប្រជាប្រិយ​ភាព​ខ្ពស់ មាន​គាំទ្រ​ខ្ពស់។ ដូច្នេះ រឿង​អី​ត្រូវ​ធ្វើ​វិសោធនកម្ម​បែប​ហ្នឹង។ វា​មិន​មាន​អី​ដែល​ត្រូវ​ជាប់​គាំង​ទេ។ អ៊ីចឹង​ មានតែ​ផ្ទៃក្នុង​របស់​គាត់ ត្រូវ​គាត់​ បាត់បង់​ការ​គាំទ្រ​ពី​ផ្ទៃក្នុង​របស់​គាត់ ​ផង​ដែរ»

មក​ទល់​ពេល​នេះ សេចក្ដី​ស្នើ​វិសោធនកម្ម​ចំនួន៦ មាត្រា​នៃ​រដ្ឋធម្មនុញ្ញ និង ២ មាត្រា ​នៃ​ធម្មនុញ្ញ​បន្ថែម​​ដ៏​ចម្រូង​ចម្រាស​​នេះ បាន​ចូល​ដល់ដៃ​រដ្ឋសភា​ឯក​បក្ស​ហើយ ដែល​គ្រោង​នឹង​អនុម័ត​ជា​ការ​ប្រញាប់​ តាម​ការ​ចង់បាន​របស់​លោក ហ៊ុន សែន

ក្រៅពី​​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​នេះ គណ​បក្ស​​នយោបាយ ក្រុម​​អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ ​និង​​ប្រជា​ពលរដ្ឋ​មួយ​​ចំនួន បាន​ជំទាស់​ជា​ហូរហែ​ចំពោះ​ការ​កែ​រដ្ឋ​ធម្មនុញ្ញ​លើក​ទី១០ នេះ។ ពួក​គាត់​មើល​ឃើញ​ដូចៗ គ្នា​ថា កែ​រដ្ឋធម្មនុញ្ញ​​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ឲ្យ​​កូន​​ប្រុស​​ច្បង​​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នៅ​​ពេល​​ខាង​​មុខ ហើយ​​ពង្រឹង និង​ការពារ​អំណាច​នោះ ​ឲ្យ​បាន​រឹងមាំ​​ដោយ​​គ្មាន​​ក្រុម​​ណា​​មួយ ​អាច​​ប៉ះ​ពាល់​​បាន៕