អត្ថបទដោយ TCD / 08th-7-2020
អ្នកឃ្លាំមើលសង្គមអះអាងថា យុទ្ធសាស្ត្រនយោបាយអហិង្សារបស់លោក កឹម សុខា ទាមទារឲ្យស្តារលទ្ធិប្រជាធិបតេយ្យ ដើម្បីសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សម្រាប់ពលរដ្ឋ គឺជាសម្លេងតំណាងឲ្យឆន្ទៈរបស់ម្ចាស់ឆ្នោតពាក់កណ្តាលប្រទេស។
លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ (CCIM) លើកឡើងថាដំណោះស្រាយវិបត្តិនយោបាយ កំពុងជាប់គាំងនាពេលនេះ មិនអាចពឹងលើបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន បានទេ។ លោកបន្តថា ការធ្វើនយោបាយតស៊ូមតិដោយអហិង្សាតាមផ្លូវច្បាប់ ដើម្បីប្រមូលកម្លាំងអ្នកគាំទ្រឡើងវិញ និងពង្រឹងនយោបាយការទូត ជាមួយអន្តរជាតិ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងគោរពសិទ្ធិមនុស្ស នោះទើបជាដំណោះស្រាយសម្រាប់ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។ នេះបើតាមការអះអាងរបស់លោក ប៉ា ងួនទៀង បានធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ដេលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ចំណែកអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ លោក សួន រីដា ដែលចូលរួមក្នុងកម្មវិធីនេះដែរ ថ្លែងថា លោក កឹម សុខា កំពុងធ្វើនយោបាយការទូតអហិង្សាតទល់ជាមួយលោក ហ៊ុន សែន ដើម្បីទាមទារនូវអ្វីដែលគណបក្សសង្គ្រោះជាតិ បានបាត់បង់ឲ្យត្រឡប់មកវិញ ដោយមានសហគមន៍អន្តរជាតិចូលរួមដើរតួនាទីជាអាជ្ញាកណ្តាល ក្នុងការសម្របសម្រួលរកដំណោះស្រាយកណ្តាលមួយឲ្យបានល្អ ទាំងសងខាង និងបានចំណេញដល់ជាតិទាំងមូល។ លោកលើកឡើងថា ដោយសារឥទ្ធិពលនយោបាយការទូត របស់គណបក្សសង្គ្រោះជាតិ បានធ្វើឲ្យសហគមន៍អ៊ឺរ៉ុប សម្រេចចិត្តដកប្រព័ន្ថអនុគ្រោះពន្ធ EBA ២០% «អ្វីគ្រប់យ៉ាងលើកលែងសព្វាវុធ (Everything But Arms)» ដែលនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ។ លោកបន្តថា សហរដ្ឋអាមេរិក បានសម្រេចប្រកាសផ្អាកទិដ្ឋាការ ទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់មួយចំនួន មិនអនុញ្ញាតឲ្យចេញចូលសហរដ្ឋអាមេរិកបន្តទៀត ក្នុងគោលបំណងដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងគោរពគោលការណ៍សិទ្ធិមនុស្សជាដាច់ខាត។
ចំណែកលោក ប៉ា ងួនទៀង លើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងអំណាចរបស់លោក ធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ប្រទេសជាតិអន់ថយ ជំពាក់បំណុលបរទេសកាន់តែច្រើនទៅៗ វិបត្តិនយោយបាយកើនឡើងជាលំដាប់ វិបត្តិសេដ្ឋកិច្ចក៏គ្មានផែនការច្បាស់លាស់ ក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋកាន់តែដុនដាបទៅៗ ព្រោះអ្វីដែលសំខាន់សម្រាប់លោក ហ៊ុន សែន មិនមែនប្រទេសជាតិ និងប្រជាជនទេ នោះគឺអំណាច។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីស្នើច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលមានឈ្មោះថា (Cambodia Democracy Act ឬ H.R. 526)។ ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ គឺនឹងត្រូវដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជា ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលគេសំដៅដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
គណៈកម្មការអឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ EBA ២០% ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍សិទ្ធិមនុស្ស ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ដើម្បីឱ្យប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ ដូចដើមឡើងវិញ រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងសទ្ធិមនុស្សឡើងវិញ។
រហូតមកដល់ពេលនេះ មានឯកអគ្គរដ្ឋទូតប្រទេសលោកសេរី បានចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់ រួមមាន ឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន ស្វីស និងឯកអគ្គរាជទូតអង់គ្លេស ជាដើម។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗទាំងនេះ នៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ។
អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់មានប្រសាសន៍ថា ការដែលឯកអគ្គរាជទូតបរទេសធំៗ ចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់នេះ គឺជាការអបអរសាទរ ចំពោះលទ្ធផលបណ្ដើរៗ ដែលរដ្ឋាភិបាល និងស្ថានទូតទាំងនោះ បានទាមទាររហូតមក ឱ្យដោះលែងលោក កឹម សុខា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សឡើងវិញ ហើយក៏ជាសារបង្ហាញថា ពួកគេមិនបោះបង់ការទាមទារត្រឹមនេះទេ។
ជាងនេះទៅទៀតលោក ប៉ា ងួនទៀង បានអះអាងថា ទោះគ្មានគណបក្សសង្គ្រោះជាតិជាផ្លូវការ លើបញ្ជីគណបក្សនយោបាយក៏ដោយ តែកម្លាំងសង្គ្រោះជាតិ ដែលប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន នៅតែកម្រើកជានិច្ច។ លោកបញ្ជាក់ថា រចនាសម្ព័ន្ធថ្នាក់ជាតិអាចនឹងមានការបែកបាក់ តែកម្លាំងគាំទ្រនៅមូលដ្ឋាន នៅតែផ្តុំគ្នាជាធ្លុងមួយដដែល ពីព្រោះប្រជាពលរដ្ឋ ផ្តល់ក្តីសង្ឃឹមលើគណបក្សសង្គ្រោះជាតិ ដើម្បីការផ្លាស់ប្តូរ ដោយពួកគាត់ប្រកាន់គោលជំហរថា មានសង្គ្រោះជាតិ ទើបមានការផ្លាស់ប្តូរ។
រីឯលោក សួន រីដា លើកឡើងថា អ្នកនយោបាយខ្មែរ គួរតែរកផ្លូវចរចាឲ្យបានឆាប់ ដើម្បីរកដំណោះស្រាយជូនជាតិ និងប្រជាពលរដ្ឋ ព្រោះស្ថានភាពប្រទេសកម្ពុជាពេលនេះ មិនត្រឹមតែវិបត្តិនយោបាយតែម្យ៉ាងទេ ដែលគម្រាមកំហែងប្រជាពលរដ្ឋ មានទាំងជំងឺកូវីដ១៩ មកបន្ថែមួយទៀត ដែលកាន់តែធ្វើឲ្យប្រជាជនរងការគម្រាមកំហែងកាន់តែខ្លាំង៕
.