អត្ថបទ​វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ បានសេចក្តីថ្លែងការណ៍​ ដែល​ចុះ​ហត្ថ​លេខា​​ដោយ​​លោក គឹម សុខ ជា​ប្រធាន​នៃ​​​វេទិកា​​​នេះ ផ្សព្វ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​០៧ ខែ​​វិច្ឆិកា ឆ្នាំ​២០២២។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
យើង​ពលរដ្ឋ​ខ្មែរ ត្រូវ​ការ​ប្រើ​សិទ្ធិ​អំណាចតាម​រដ្ឋធម្មនុញ្ញ និង កិច្ច​ព្រម​ព្រៀង​ប៉ារីស៍

លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​ជា​មូលដ្ឋាន​ធានា នូវ​អនាគត​ល្អ​ប្រសើរ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ អាយុ​ជីវិត​ជាតិ​សាសន៍​ខ្មែរ មិន​ឲ្យ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ។ ប្រជា​​ធិបតេយ្យ​សេរី​ពហុបក្ស​កម្ពុជា មាន​ការ​ធានា ដោយ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព ទីក្រុង​ប៉ារីស៍ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ១៩៩១ និង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣។ កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស៍ មាន​ហត្ថលេខា​របស់​មហា​អំណាច​នានានៅ​លើ​ពិភពលោក ដែល​នៅ​តែ​មាន​ករណី​កិច្ច​ជ្រោម​ជ្រែង​កម្ពុជា ឲ្យ​ដើរ​លើ​ផ្លូវ​ប្រជា​ធិបតេយ្យ ដូចជា សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង ជប៉ុន អូស្ត្រាលី និង រដ្ឋ​ហត្ថលេខី​​ដទៃ​​ទៀត។ ពួកគេ​នៅ​តែ​ទទួល​ស្គាល់​តម្លៃ​កិច្ចព្រម​ព្រៀង​​នេះ។

កាលៈទេសៈ​នេះ គឺ​ជា​ឱកាស​ល្អ​ណាស់ សម្រាប់​អ្នក​នយោបាយ សង្គម​ស៊ីវិល ​សកម្មជន និង ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ប្រាថ្នា​ប្រជា​ធិបតេយ្យ គួរ​នាំ​គ្នា​ចេញ​មុខ​ជា​សាធារណៈ ទាម​ទារ​យុត្តិធម៌​ប្រជា​ធិបតេយ្យ នៅ​ស្រប​ពេល​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល ​នៃ​រដ្ឋហត្ថលេខី​មាន​សក្ដានុពល​ទាំង​ឡាយ មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ាន​បូក។ ការ​ចេញ​មុខ​​បង្ហាញ​​សំឡេង​​កាន់​​តែ​​ខ្លាំង​ក្លា និង​ជំហរ​ទទូច​ចង់​បាន​លទ្ធិ ​ប្រជា​ធិបេតេយ្យ​នៅ​ពេល​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់។ ទី១. អាច​លើក​ទឹក​ចិត្ត​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល ឬ ប្រមុខ​រដ្ឋ​នៃ​បស្ចិម​ប្រទេស រួម​ទាំង​សហរដ្ឋ​អាមេរិក មាន​សារ​នយោបាយ​ត្រូវ​ស្ថាន​ការណ៍ ដើម្បី​រំឭកលោក ហ៊ុន សែន អំពី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង ទី២. អាច​ចង​ជាប់ ក្នុង​ចិត្ត​នៃ​ពួកគេ​ថា​ អនាគត​ប្រជាជាតិ​ខ្មែរ ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ប្រជា​ធិបតេយ្យ​សេរី​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ពឹង​ពាក់​លើ​អន្តរាគមន៍​របស់​ពួក​គេ​ជា រដ្ឋហត្ថលេខី​ជា​ចាំបាច់ ដូច្នេះ ពួក​គេ​មិន​អាច​បន្ត​ធ្វើ​ព្រងើយ​កន្តើយ ឬ​បោះ​បង់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ។

ម្យ៉ាងទៀត គួរណាស់​តែ​ពេល​នេះ យើង​ជាពលរដ្ឋ​ខ្មែរ មិន​គួរ​នៅ​បន្ត​ញញើត​ខ្លាច​អំណាច​នាយក​រដ្ឋមន្ត្រី​ហួស​ហេតុ​ពេក​ទេ ពីព្រោះ​អំណាច​ នាយក​រដ្ឋមន្ត្រី មិន​មាន​អ្វី​ហួស​ពី​សេចក្ដី​ចែង​ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ឡើយ គឺ​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញអង្គការ​​សហប្រជាជាតិ សេចក្ដីប្រកាស​ជាកសល ស្ដីពី​សិទ្ធិមនុស្ស និង កតិកា​សញ្ញា ព្រមទាំង​អនុសញ្ញា​ទាំង​ឡាយ ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ កាលណា​លោក ហ៊ុន សែន អនុវត្ត​រំលោភ​បំពាន​ហួស​បញ្ញត្តិ​នេះ គាត់​ចៀស​មិន​ផុត​ពី​ត្រូវ​ប្រឈម​ធ្ងន់​ធ្ងរ​ឡើង ពី​សម្ពាធ​របស់​សហគមន៍ អន្តរជាតិ​សេរី​ប្រជា​ធិបតេយ្យ ដែល​នឹង​រុញ​ឲ្យ​គាត់​និង​កូន​ប្រុស​របស់​គាត់ កាន់​តែ​ថប់​ដង្ហើម​អំណាច។

រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ មិន​មែន​ចែង​តែ​ពី​អំណាច​នាយក​រដ្ឋមន្ត្រី​ទេ ក៏​មាន​ចែង​អំពី​សិទ្ធិ​អំណាច​របស់​យើង ដែល​ជា​ប្រជាពលរដ្ឋ​ដែរ។ គឺ​​យើង​ពលរដ្ឋ​ខ្មែរ​រួម​គ្នា ជា​ម្ចាស់​វាសនា​ប្រទេស​កម្ពុជា។ យើង​​ពលរដ្ឋ​​ខ្មែរ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង វប្បធម៌​របស់​ប្រទេស​ជាតិ។ យើង​​ពលរដ្ឋ​​ខ្មែរ មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​បាតុកម្ម ដោយ​សន្តិវិធី។ សេចក្ដីស្នើ​របស់​យើង​ជា​ពលរដ្ឋ ត្រូវ​តែ​ទទួលបាន ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់ ពី​អង្គការ​រដ្ឋ។ សព្វថ្ងៃ យើងពលរដ្ឋ​ខ្មែរ កំពុង​មាន​ទុក្ខ​ជា​ទម្ងន់​ពី​ការ​រំលោភ​សិទ្ធិ​របស់​យើង ដោយ​រដ្ឋអំណាច គ្រប់​ជាន់​ថ្នាក់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហេតុ​នេះ តើ​យើង​នៅ​ទ្រាំ​ដល់​ពេល​ណា ទើប​យើង​ហ៊ានប្រើ​សិទ្ធិ​យើង ចេះ​ចេញ​តវ៉ា​ជា​ចំហ ​ដើម្បី​ទាមទារ​យុត្តិធម៌​ប្រជា​ធិបតេយ្យ ដែល​ជា​ផល​ប្រយោជន៍​របស់​យើង​ជា​ប្រជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​ជាតិ?

វេទិកាពលរដ្ឋ លើក​ទឹក​ចិត្ត​ពលរដ្ឋ ចេញ​តវ៉ា​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​១៣ វិច្ឆិកា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រជុំ​អាស៊ាន។

បងប្អូនរួមជាតិ គួរ​តែ​ពិចារណា​ថា រដ្ឋធម្មនុញ្ញ​ជាតិ​ចែង​ប្រគល់​សិទ្ធិ​ឲ្យ​យើង​ហើយ ហើយ​បើ​យើង​មិន​ប្រើ​សិទ្ធិបង្ហាញ​ជា​សាធារណៈ​ទេ សហគមន៍អន្តរជាតិ​ប្រជា​ធិបតេយ្យ​ ក៏​ពិបាក​រក​ហេតុផល​រឹង​មាំ ដើម្បី​នឹង​ធ្វើអន្តរាគមន៍​ជួយ​យើង​ដែរ។

សហរដ្ឋអាមេរិក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២

គឹម សុខ
ប្រធានវេទិកាពលរដ្ឋ