អត្ថបទ ៖ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភអំពីស្ថានភាពកម្ពុជា បន្ទាប់សភាអឺរ៉ុប ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ជាថ្មី ពីកម្ពុជា (សូមទាញយក ជាភាសាអង់គ្លេស / Download – European Parliament on Cambodia) នៅក្រោយពេលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការ កាត់ក្តីឲ្យជាប់គុកក្នុងផ្ទះ ២៧ឆ្នាំថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក គឹម សុខ ជាប្រធាននៃវេទិកានេះ ផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
វេទិកាពលរដ្ឋ ដាស់តឿនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តោតការយកចិត្តទុកដាក់ លើសេចក្តីសម្រេចរបស់សភាអឺរ៉ុប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ វាពិតជាចៀសមិនផុតទេ ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ឬ ដកទាំងស្រុង បើលោក ហ៊ុន សែន (១).មិនដោះលែងលោក កឹម សុខា ជាមេដឹកនាំប្រឆាំង និង សកម្មជនប្រឆាំង ឲ្យមានសេរីភាព (២).មិនបើកឲ្យ គណបក្សសង្គ្រោះជាតិ និង សារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD មានដំណើរការឡើងវិញ និង (៣).មិនបើកការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ដោយសេរី និង ត្រឹមត្រូវ ដែលអាចទទួលយកបានទេនោះ។
ស្ថានភាពជាក់ស្ដែងសព្វថ្ងៃ ក្នុងពេលសហរដ្ឋអាមេរិក មិនផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជា ហើយសហភាពអឺរ៉ុបកាត់ EBA ២០% កម្មកររោងចក្រកាត់ដេរសរុបប្រមាណ ៨០ម៉ឺននាក់ យ៉ាងតិចមាន ៥០% ឬខ្ទង់ ៤០ម៉ឺននាក់ទៅហើយ កំពុងប្រឈមជីវភាពដ៏លំបាក។ ខ្លះបាត់បង់ការងារទាំងស្រុង ខ្លះត្រូវព្យួរការងារ និង ខ្លះត្រូវកាត់បន្ថយការងារពាក់កណ្ដាល ខណៈពេលដែលពួកគាត់ ក៏ជាប់បន្ទុកសងបំណុលធនាគារ។ វិស័យផ្សេងទៀត ក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ ដូចជា កសិកម្ម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។ ចុះទម្រាំ អឺរ៉ុបដក EBA បន្ថែមទៀត ឬដកទាំងអស់ តើសេចក្ដីទុក្ខវេទនារបស់កម្មករខ្មែរ និង គ្រួសាររបស់ពួកគាត់ នឹងធ្លាក់យ៉ាប់យ៉ឺនយ៉ាងណា?
វេទិកាពលរដ្ឋ សូមរំឭកលោក ហ៊ុន សែន ថា ស្ថានភាពដ៏លំបាកសម្រាប់ពលរដ្ឋខ្មែរទូទៅ មិនត្រឹមតែករណីអឺរ៉ុប ដក EBA បន្ថែមទៀតនោះទេ គឺលើសពីនេះទៅទៀត បើលោក ហ៊ុន សែន នៅតែមានះ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមរិក និង សម្ព័ន្ធមិត្ត អាចនឹងពិចារណាបន្ថែមការរឹតត្បិតទំនាក់ទំនងពាណិជ្ជកម្ម និងប្រព័ន្ធចរាចរហិរញ្ញវត្ថុ សម្រាប់ក្រុមអ្នកវិនិយោគនៅកម្ពុជា។ ពេលនោះ កម្ពុជានឹងធ្លាក់ចូលជ្រៅក្នុងវិបត្តិ ទាំងសេដ្ឋកិច្ចជាតិ ហិរញ្ញវត្ថុពលរដ្ឋ និងចលាចលសង្គម។
វេទិកាពលរដ្ឋ សូមបញ្ជាក់ជូនពលរដ្ឋខ្មែរថា សេចក្ដីសម្រេចរបស់សភាអឺរ៉ុប ពុំមានគោលដៅធ្វើបាបពលរដ្ឋខ្មែរ និង កម្មករ/កម្មការិនីខ្មែរឡើយ តែជាការសង្តត់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ដើម្បីធានាថា ជំនួយនានា និង ការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់អឺរ៉ុបដល់កម្ពុជា មិនធ្លាក់ក្នុងអំពើពុករលួយនៃក្រុមបក្ខពួកនិយម និងមិនក្លាយជាឧបករណ៍បម្រើប្រយោជន៍នយោបាយរបស់ពួកអ្នកមានអំណាច ប៉ុន្តែ បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត នឹងយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា បើរដ្ឋាភិបាល វិលទៅកាន់នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និង កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍។
វេទិកាពលរដ្ឋ សូមអំពាវនាវដល់ប្រជាពលរដ្ឋ សកម្មជន និងអ្នកនយោបាយ ប្រើសិទ្ធិចេញតវ៉ាជាសាធារណៈ ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីជួយដាស់តឿនលោក ហ៊ុន សែន ឲ្យអនុវត្តតាមសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ក្នុងគោលដៅបញ្ចៀសផល អាក្រក់ ដែលអាចនឹងកើតវិបត្តិធ្ងន់ធ្ងរ ចំពោះប្រជាជាតិខ្មែរទាំងមូល។
សហរដ្ឋអាមេរិក ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣
គឹម សុខ
ប្រធាន វេទិកាពលរដ្ឋ

.