អត្ថបទ វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ ដែល​មាន​មូលដ្ឋាន​​នៅ​សហរដ្ឋ​អាមេរិក ​ចេញ​​សេចក្តី​ថ្លែងការណ៍ ទាម​ទារ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ដោះ​លែង​សកម្មជន​សង្គម​ លោក ធែល ធីលែន និង​សកម្មជន​ឯ​ទៀត។ សេចក្តីថ្លែងការណ៍​នេះ ចុះ​ហត្ថ​លេខា​​ដោយ​​លោក អ៊ាប គឹមសេង (អ៊ាប សែង) អគ្គ​លេខា​ធិការ​​វេទិកា​​ពលរដ្ឋ បាន​ចេញ​​ផ្សាយ​នៅ​ថ្ងៃទី​​០៤ ខែ​តុលា ឆ្នាំ​២០២២។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
ការ​ចាប់​​ខ្លួន​​លោក​ ធែល​ ធី​លែន
ជា​​ការ​​លេីក​តម្កើង​មហិច្ឆតា​ឈ្លាន​ពាន​របស់​វៀតណាម

​វេទិកាពលរដ្ឋ ថ្កោលទោស​អាជ្ញាធរ​នៃ​លោក ហ៊ុន សែន ដែល​បាន​ចាប់​ខ្លួន​សកម្មជន​សង្គម​យ៉ាង​​តក់​ក្រហល់​ ខណៈ​​ពេល​យុវជន​រូប​នេះ ធ្វើ​យុទ្ធនាការ​បាតុកម្ម​អហិង្សា ទាម​ទារ​ឲ្យ​រដ្ឋាភិបាល ទម្លាក់​ចោល​គម្រោង​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រែយ៍​ដល់​ជន​អន្តោ​ប្រវេសន្ដ​នៅ​កម្ពុជា ដែល​ស្ទើរ​តែ​ទាំង​អស់ ជា​ជន​អន្តោ​ប្រវេសន្ត​វៀតណាម​ខុស​ច្បាប់ និង ស្នើ​រំសាយ​ផែនការ​បង្កើត​ដេប៉ាតឺម៉ង់​​(Département)​ ភាសា​វៀតណាម នៅ​សាកល​វិទ្យល័យ​ភូមិន្ទ​ភ្នំពេញ។

ការ​លេច​ចេញ​ភ្លាមៗ​នូវ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន លោក ធែល ធីលែន ភ្ជាប់​សាច់​រឿង​«​លួច​លក់​អចលនវត្ថុ​របស់​អ្នក​ដទៃ» តាំង​ពី​អំឡុង​ឆ្នាំ​២០១៦ នៅ​ចំ​ពេល​យុវជន ធែល ធីលែន ធ្វើ​សកម្មភាព​តស៊ូ​មតិ​ការពារ​ពូជសាសន៍​ខ្មែរ​នៅ​ពេល​នេះ នោះ​បង្ហាញ​ពី​ចំណាត់​ការ ដែល​មាន​ចរិត​អាជ្ញា​ទំនើង​ចិត្ត បំបាក់​ស្មារតី​កូន​ខ្មែរ ដែល​មាន​ឆន្ទៈ​គិត​គូរ​អាយុ​ជីវិត​ជាតិ​ខ្មែរ។ វា​ពិត​ជា​រឿង​អកុសល​ខ្លាំង​ណាស់ សម្រាប់​ពូជ​សាសន៍​ខ្មែរ​យើង ដែល​បច្ចុប្បន្ន​មាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ៊ាន​ប្រើ​គ្រប់​ឧបាយកល ក្នុង​ការ​បំផ្លាញ​ទឹក​ចិត្ត​តស៊ូ​ដើម្បី​ជាតិ​ខ្មែរ​របស់​កូន​ខ្មែរ​ ក្នុង​គោល​ដៅ​ជ្រោម​ជ្រែង​យុទ្ធសាស្ត្រ​ឈ្លាន​ពាន​របស់​វៀតណាម។

វេទិកាពលរដ្ឋ ពិត​ជា​សោក​ស្ដាយ​ពន់​ពេក ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​មិត្ត​ដ៏​ស៊ី​ជម្រៅ​របស់​វៀតណាម មិន​រៀន​មេរៀន​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ខ្មែរ ឲ្យ​ការពារ​អធិប​តេយ្យ​ជាតិ​ខ្មែរ ដូច​គំរូ​របស់​មេដឹកនាំ​វៀតណាម ដែល​បំពាក់​ស្មារតី​ជាតិ​ដល់​​ពលរដ្ឋ​របស់​គេ។ មេរៀន​គំរូ ដែល​មេដឹកនាំ​វៀតណាម​អនុវត្ត​សម្រាប់​ពង្រឹង​ស្មារតី​ការពារ​ជាតិ​ខ្លួន គឺ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​វៀតណាម មិន​ត្រឹម​តែ​មិន​ធ្វើ​ទុក្ខ​បុក​ម្នេញ​បាតុករ​វៀតណាម​នោះ​ទេ ថែម​ទាំង​បាន​លើក​សរសើរ​នូវ​ពាក្យ «ជា​អ្នក​ការពារ​ទឹកដី​វៀតណាម ដ៏​អង់​អាច​ក្លាហាន» ទោះ​បី​ជា​បាតុករ​ទាំង​នោះ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​វិនិយោគ​ដីសម្បទាន​របស់​ក្រុមហ៊ុន​ចិន រហូត​ដល់​ក្លាយ​ជា​កុប្បកម្ម ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​អស់​ជា​ច្រើន​ក៏ដោយ។

យើង​ខ្ញុំ​មើល​ឃើញ​ថា បើ​ដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ធ្វើ​ជា​ឧបករណ៍​ឈ្លាន​ពាន​របស់​វៀតណាម​ទេ គួរ​ណាស់ រៀន​មេរៀន លើក​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ ឲ្យ​ការ​ពារ​ជាតិ​ខ្មែរ ដូច​មេដឹកនាំ​វៀតណាម ដែល​លើក​តម្កើង​ប្រជា​ជន​​របស់​គេ​ដែរ។ តាម​គំរូ​នេះ លោក ធែល ធីលែន និង សកម្មជន​សង្គម​ឯ​ទៀត ត្រូវ​​​​​​​​តែ​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ពី​សកម្មភាព​តស៊ូ​មតិ​អហិង្សា​របស់​ពួក​គាត់ ដើម្បី​បុព្វហេតុ​ជាតិ។ បើ​មិន​ដូច្នោះ​ទេ លោក ហ៊ុន សែន គឺ​ជា​ភ្នាក់ងារ​បន្ត​សម្រួល​ការ​ឈ្លាន​ពាន​របស់​វៀតណាម មិន​អាច​ប្រកែក​បាន។

សហរដ្ឋអាមេរិក ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២២

អ៊ាប គឹមសេង
អគ្គលេខាធិការ​វេទិកាពលរដ្ឋ

Photo: PM Hun Sen & New Vietnam PM Pham Minh Chinh / 24-4-2021
Photo: PM Hun Sen & New Vietnam PM Pham Minh Chinh / 24-4-2021

.