អត្ថបទ The Cambodia Daily
09-9-2022

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​លាវ (ឡាវ) នា​ពាក់កណ្តាល​ខែ​កញ្ញា នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រធាន​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែ​កញ្ញា និង​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​លាវ (ឡាវ) ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ​ផង​ដែរ។

ប្រភព​ដដែល​ បាន​រៀបរាប់​ឈ្មោះ​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម ដែល​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ត្រូវ​ជួប មាន​អគ្គលេខាធិការ​បក្ស​នៃ ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ហ្វូ ជុង ប្រមុខ​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ុន ហ្វូគ ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌិញ វ៉េ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ ប្រធាន​សមាគម​មិត្តភាព​វៀតណាម-កម្ពុជា អ្នកស្រី ង្វៀន ធី ថាញ់ និង​ជួប​ជាមួយ​ប្រធាន​ក្រុម​មិត្តភាព​សភា​វៀតណាម-កម្ពុជា លោក ង្វៀន ឌឹគ ហ៊ាយ ផង​ដែរ។

អគ្គលេខាធិការដ្ឋាន​នៃ ​រដ្ឋសភា​នៃ​រាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​ថា ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នេះ ក៏​មាន​ការ​ទស្សនា​បន្ទប់​ប្រពៃណី​ក្នុង​រដ្ឋសភា​វៀតណាម និង​មាន​ពិធី​ចុះហត្ថលេខា​លើ​សៀវភៅ​អនុស្សាវរីយ៍​មាស ​នៅ​វិមាន​រដ្ឋសភា​វៀតណាម​ផង​ដែរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា មុន​ការ​ផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ថ្មី ​នៃ​បក្ស​កាន់​អំណាច ពួក​មេដឹកនាំ​វៀតណាម​ អាច​មាន​ផែនការ​ហៅ​ក្រុម​មេដឹកនាំ​ចាស់ៗ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ស្ថាប័ន​កំពូល​សំខាន់ៗ ​នៅ​ប្រទេស​កម្ពុជា មក​សួរ​បញ្ជាក់​ថា តើ​ក្រុម​អ្នក​បន្ត​វេន​ជំនាន់​ថ្មី​របស់​ពួកគេ​ អាច​មាន​សមត្ថភាព​អនុវត្ត​មហិច្ឆតា​របស់​វៀតណាម ​ទៅ​ថ្ងៃ​មុខ​បាន​ដែរ​ឬ​ក៏​អត់។

លោក​បន្ថែម​ថា ជាពិសេស​ការ​រឹតចំណង​មិត្តភាព​យុទ្ធសាស្ត្រ​ស៊ីជម្រៅ ​រវាង​រដ្ឋ​កុម្មុយនីស្ត​វៀតណាម និង​អ្នក​ជំនាន់​ថ្មី​ នៃ​បក្ស​កាន់​អំណាច​ ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ ក្នុង​គោលដៅ​ដែល​វៀតណាម​ សម្លឹង​រក​ឱកាស​ក្ដោប​ក្តាប់​កម្ពុជា ​ឲ្យ​កាន់តែ​ណែន ហើយ​ប្រើ​ឧបាយកល​បំផ្លាញ​ពូជសាសន៍​ខ្មែរ​ តាមរយៈ​ពួកគេ​ ទៅ​ថ្ងៃ​អនាគត។

លោក គឹម សុខ លើកឡើង​ថា ក្នុង​ជំនាន់​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស រដ្ឋ​កុម្មុយនីស្ត​វៀតណាម នឹង​ផ្ដោត​លើ​រណសិរ្ស​សេដ្ឋកិច្ច គឺ​ការ​ក្ដោប​ក្តាប់​កម្ពុជា ​ដោយ​ប្រើ​រូបភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ខ្នាត, រណសិរ្ស​ប្រជាសាស្ត្រ គឺ​ការ​ក្ដោប​កម្ពុជា ​ដោយ​ប្រើ​នយោបាយ​បញ្ចូល​ជនជាតិ​វៀតណាម ​ឲ្យ​កាន់តែ​ច្រើន​លើសលប់​លើ​ជនជាតិ​ខ្មែរ និង ​រណសិរ្ស​សង្គម​វប្បធម៌ គឺ​ការ​ពង្វក់​យុវជន​ខ្មែរ​ ដោយ​ប្រើ​អំពើ​អបាយមុខ ជាដើម ហើយ​វៀតណាម ​ក៏​នឹង​ឆ្លៀត​ឱកាស​ពង្រីក​វប្បធម៌ និង​ភាសា​របស់​គេ​ ក្នុង​សង្គម​ខ្មែរ​ថែម​ទៀត។

លោក​បន្ត​ថា វៀតណាម​ក៏​មាន​ផែនការ​ បង្កើត​យុទ្ធនាការ​ពង្រីក​រណសិរ្ស​ឈ្លានពាន ​តាម​វិធីសាស្ត្រ​ជាច្រើន​បន្ថែម​ទៀត ដែល​ត្រូវ​សម្រួល​ការ​អនុវត្ត​ ដោយ​អ្នក​បន្ត​វេន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​មេខ្លោង ដូច្នេះ​វៀតណាម​ ត្រូវតែ​ទាមទារ​ឲ្យ​មាន​ការ​ធានា​ពី​មេដឹកនាំ​ចាស់ៗ ​ពី​បក្ស​កាន់​អំណាច ដូចជា​លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និង​លោក សាយ ឈុំ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​ដែល​ត្រូវ​បក្ស​កុម្មុយនីស្ត​វៀតណាម​ លើក​បន្តុប គឺ​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​​កាលពី​ពេល​កន្លងទៅ​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​ខ្មែរ និង​រូបលោក​ផ្ទាល់ តែង​យកចិត្ត​ទុកដាក់​ដល់​ការ​ថែរក្សា​នូវ​ចំណង​មិត្តភាព សាមគ្គីភាព និង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​នឹង​សាធារណរដ្ឋ​​សង្គម​និយម​វៀតណាម ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ស្របតាម​ទិស​ស្លោក​ថា ភាព​ជា​អ្នក​ជិត​ខាង​​ល្អ មិត្តភាព​ជា​ប្រពៃណី យុទ្ធ​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង៕

.