The Cambodia Daily
20-3-2021

បទវិភាគ៖ ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ក្រុម​មនុស្ស​ថ្នាក់​ក្រោម រួម​មាន កសិករ កម្មករ មន្ត្រី​រាជការ និង​កងក​ម្លាំង​ប្រដាប់​អាវុធ​ ដែល​មាន​ឋានៈ​ទាប សុទ្ធតែ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​​តោក​យ៉ាក ខ្វះ​មុខ​ខ្វះ​ក្រោយ រីឯ​ក្រុម​មនុស្ស​ថ្នាក់​លើ​វិញ រួម​មាន នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី ឩត្តមសេនីយ៍ ឩកញ្ញ៉ា និង​មនុស្ស​ជា​ច្រើន​ទៀត សុទ្ធ​តែ​រស់​ក្នុង​ជីវភាព​ហ៊ឺហារ ​មាន​លុយ​កប់​ពពក ហើយ​សូម្បី​តែ​ការ​ចំណាយ លើ​ម្ហូប​ឆ្កែ​របស់​អ្នក​មាន​ខ្លះ​ក្នុង​មួយ​ខែ​ អាច​ស្មើ​នឹង​ប្រាក់​ខែ​កូន​ទាហាន​ដល់​ទៅ​រាប់​ខែ ឬ​រាប់​ឆ្នាំ​ឯណោះ។

ថ្វីបើជាក់ស្តែង គេ​សង្កេត​ឃើញ​ដូច្នេះ​មែន ប៉ុន្តែ​​អ្វី​ទៅ​ជា​ញ្ហា​ចំបង​ ដែល​នាំ​ឲ្យ​ស្ថានភាព​ជីវិត​ថ្នាក់​ក្រោម​ និង​ថ្នាក់​លើ​មាន​ភាព​ខុស​គ្នា​ដូច​ឋាននរក និង​ឋានសួគ៌​បែប​នេះ?

ជាការពិត ភាព​ខុសគ្នា​នៃ​ជីវភាព ឬ​ភាព​មាន​បាន​ខុសៗ​គ្នា​របស់​មនុស្ស​ក្នុង​សង្គម​និមួយៗ គឺ​ជា​រឿង​ធម្មតា។

អ្វីដែល​គួរ​កត់​សម្គាល់​សម្រាប់​​កម្ពុជា​​វិញ គឺ​​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្តោប​ក្តាប់​អំណាច​ក្នុង​ឆ្នាំ​១៩៧៩ គេ​សង្កេត​ឃើញ​ជីវភាព​របស់​កម្មាភិបាល​ថ្នាក់​លើ និង​ថ្នាក់​ក្រោម មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ជីវភាព​ថ្នាក់​ក្រោម និង​ថ្នាក់​លើ​នៃ​គណបក្ស​កាន់​អំណាច​មួយ​នេះ មាន​គម្លាត​ខុស​គ្នា​ដូច​មេឃ និង​ដី។

តើភាពខុស​គ្នា​នេះ ដោយសារ​អំពើ​ពុករលួយ ឬ​ដោយ​សារ​ប្រព័ន្ធ​គ្រប់​គ្រង​អំណាច​របស់​របប​លោក ហ៊ុន សែន?

ជាការពិត របាយការណ៍​ជាច្រើន បាន​បង្ហាញ​ពី​ទ្រព្យ​​សម្បត្តិ​ដ៍​មហា​សាល និង​លុយ​រាប់រយ​លាន​ដុល្លារ​របស់ ពួក​អ្នក​មាន​អំណាច​ក្នុង​របប​លោក ហ៊ុន សែន និង​បក្ខពួក ដែល​បាន​មក​ពី​អំពើ​ពុក​រលួយ និង​មធ្យោបាយ​ទុច្ចរិក​ផ្សេងៗ។

កាលពីពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ វិទ្យុ RFA បាន​ផ្សាយ​នូវ​របាយការណ៍​មួយ អំពី​ការ​គ្រប់​គ្រង​អចលនទ្រព្យ និង​ជំនួញ​មួយ​ចំនួន​នៅ​ប្រទេស​អូស្រ្តាលី ក្នុង​តម្លៃ​រាប់​សិប​លាន​ដុល្លារ អាមេរិក ដែល​ជា​កម្មសិទ្ធិ​របស់​បុគ្គល ១៤ រូប​នៃ​គ្រួសារ​ចំនួន​ ៤​ ដ៍​មាន​អំណាច​ខ្លាំង​នៅកម្ពុជា គឺគ្រួសារ​លោក ហ៊ុន សែន លោក ឡៅ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា លោក អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី។

សាព័ត៌មាន​ដដែល ឲ្យដឹង​ថា នេះ​គ្រាន់​ជា​ទំហំ​ទឹក​ប្រាក់​នៃ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ទាំង ៤​ ខាង​លើ​ដែល​បាន​បោះ​ទុន​វិនិយោគ​តែ​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ ២០១៥ មក។

បី​ថ្ងៃ​មុន​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី គឺ​នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦ អង្គការ Global Witness បាន​ចេញ​របាយ​ការណ៍​មួយ​ឈ្មោះ​ថា “Hostile Takeover” ឬ​ហៅ​ថា អាណាចក្រ​ជំនួញ​គ្រួសារ​ត្រកូល ហ៊ុន។ អង្គការនេះ បាន​បើក​ការ​ស៊ើប​អង្កេត​ដ៍​ធំ​មួយ​ដោយ​លាត​ត្រដាង​ អំពី​ការ​ត្រួតត្រា​សេដ្ឋកិច្ច​យ៉ាង​សម្ងាត់ ដោយ​គ្រួសារ និង​ខ្សែ​ស្រឡាយ​ត្រកូល ហ៊ុន នៅ​កម្ពុជា ដែល​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​យ៉ាង​ច្រើន ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ និង​បង្ក​ហានិភ័យ​ធំ​ធេង​ សម្រាប់​វិនិយោគិន​បរទេស។

ក្នុងពេល​ជាមួយ​គ្នា​នោះ សារព័ត៌មាន The Diplomat របស់​អាមេរិកាំង បាន​ដក​ស្រង់​របាយការណ៍​នោះ​ថា ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​គ្រប់​គ្រង​ក្រុមហ៊ុន ដោយ​ប្រយោល ឬ​ផ្ទាល់​ចំនួន ១៤ ក្រុមហ៊ុន ដែល​តម្លៃ​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក

បើតាមសារព័ត៌មាន The Diplomat របាយការណ៍​នោះ មិន​បាន​រួម​បញ្ចូល​ទាំង​តម្លៃ​ដីធ្លី​របស់​គ្រួសារ​នេះ​ទេ ដែល អ្នក​សង្កេត​ការណ៍​ខ្លះ គិត​ថា​វា​អាច​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​បន្ថែម​ទៀត។

លោក Patric Alley ដែល​ជា​សហ​ស្ថាបនិក​នៃ​អង្គការ Global Witness បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា តួលេខ​នៃ​តម្លៃ អចលនទ្រព្យ​នោះ​គឺ ប្រមាណ​ពី​ប្រាំ​រយ​លាន ទៅ​បួន​ពាន់​លាន (៥០០​លាន​ទៅ ៤០០០ លាន)​​ដុល្លារ ប៉ុន្តែ​គេ​មិន​មាន​ឯកសារ​ផ្លូវការ​បញ្ជាក់​នោះ​ទេ។

ប្រសិនបើ​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ក្នុ​ង​​របាយ​ការណ៍​នេះ​មែន នោះ​មាន​ន័យ​ថា គ្រួសារ​ត្រកូល ហ៊ុន អាច​មាន​ទឹក​ប្រាក់​រហូត​ដល់ ៤២០០ លានដុល្លារ​អាមេរិក​យ៉ាង​តិច បើ​គិត​ត្រឹម​ថ្ងៃ​ នៃ​ការ​​ចេញ​ផ្សាយ​របាយការណ៍​ខាង​លើ។

ដូចគ្នាដែរ លោក​បណ្ឌិត កែម ឡី បាន​ផ្តល់​កិច្ច​សម្ភាសន៍​អំពី​របាយការណ៍​នោះ ដល់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​នានា ​ដែល​ជា​ការ​វិភាគ​ដ៏​ស៊ីជំរៅ និង​ចំៗ លើ​អំពើ​ទុច្ចរិត​របស់​គ្រួសារ​លោក ហ៊ុន សែន ហើយ​ ២ ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ លោក​ត្រូវ​បាន​​ឃាតក បាញ់​សម្លាប់​ទាំង​ព្រឹក​ ក្នុង​ហាង​លក់​ទំនិញ ឬ​ស្តាម៉ាត នៃ​ស្ថានីយ៍​ចាក់សាំង កាល​តិច ក្បែរ​ស្តុប​បូកគោ ក្នុង​ទីក្រុង​ភំ្នពេញ។

ក្រៅពីក្រុមគ្រួសារ​អ្នកនយោបាយ​កំពូលៗ​ទាំង​នេះ ពួក​មេ​បញ្ជាការ​គ្រាក់ៗ នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ក៍​ត្រូវ​បាន គេ​រក​ឃើញ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ នឹង​អំពើ​ពុករលួយ និង​ការបំផ្លាញ​ជាតិ​ធ្ងន់​ធ្ងរ​ដែរ។

ក្នុងរបាយការណ៍​ចេញ ផ្សាយ​ក្នុង​ខែ​តុលា ឆ្នាំ​២០២០ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​លើក​​ឡើង​អំពី​ឩត្តម​សេនីយ៍​កំពូលៗ ១២ រូប ដែល​ជា​មេបញ្ជាការ​នគរបាល និង​កងទ័ព មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​យ៉ាង​អាថ៌​កំបាំង និង​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ឃោរឃៅ បាត​ដៃប្រឡាក់​ឈាម​ នៅ​កម្ពុជា។ មន្ត្រី​ទាំង​នោះ​រួម​មាន​ លោក ប៉ុល សារឿន លោក គន់ គីម លោក សៅ សុខា លោក នេត សាវឿន លោក ជា មន លោក ប៊ុន សេង លោក ឈឿន សុវន្ថា លោក រត្នន៍ ស៊្រាង លោក សុខ ផល លោក ម៉ក់ ជីតូ និង​លោក ជួន សុវណ្ណ

ពួកមន្រ្តីទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ តាម​មធ្យោបាយ​ផ្សេងៗ ដែល​ធ្វើ​អោយ​ពួក​ គេ​ម្នាក់ៗ​មាន​លុយ​រាប់​សិប​ ឬ​រយ​លាន​ដុល្លារ​អាមេរិក។

កាលពីខែ​តុលា ឆ្នាំ​២០១៩ សារព័ត៌មាន Reuter បាន​រាយការណ៍​អំពី​ទ្រព្យ​មហា​សាល​របស់​សាច់​ញាតិ និង​មនុស្ស​ជំនិតៗ​របស់​លោក ហ៊ុន សែន ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន។

ក្មួយស្រីរបស់លោក ហ៊ុន សែន គឺអ្នក​ស្រី ហ៊ុន គឹមឡេង ដែល​ជា​ភរិយា​របស់​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ទិញ​អាផាត​មិន (Apartment) ដ៏​ទំនើប​មួយ មាន​តម្លៃ​ជិត​ ៣ លាន ដុល្លារ​អាមេរិក នៅ​កណ្តាល​ទីក្រុង​ឡុង នៃ​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ​២០១០ រីឯ​កូន​ស្រី​របស់​គាត់​ឈ្មោះ នេត វិចឈុណា ក្នុង​វ័យ ២៦​ឆ្នាំ កំពុង​គ្រប់គ្រង អាផាតមិន (Apartment) ដ៏​ទំនើប​មួយ​ទៀត​មាន​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក ក្នុង​ទីក្រុង​នេះ​ដែរ។

សាព័ត៌មាន Reuter ក៍បានឲ្យដឹងដែរថា គ្រួសារ​លោក នេត សាវឿន និង​ភរិយា ហ៊ុន គឹមឡេង បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ទិញ​ខុនដូ​ទំនើប​ ក្នុង​ប្រទេស​សង្ហបូរី វិនិយោគ​ក្នុង​ប្រទេស Cyprus និង​បាន​នាំ​គ្នា​ទិញ​សញ្ជាតិ Cyprus ថែម​ទៀត។

ដូចគ្រួសារលោក នេត សាវឿន ដែរ លោក អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ភរិយាឈ្មោះ អ៊ឹម ផល្លិកា លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា និង​ភរិយា​ឈ្មោះ ជឹង សុភាព ហៅ​យាយ​ភូ ដែល​ជា​មនុស្ស​ជំនិត​របស់​ភរិយា​លោក ហ៊ុន សែន ព្រម​ទាំង​ក្មួយ​ស្រី​ម្នាក់​ទៀត​របស់​លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ចន្ថា បាន ចំណាយ​ប្រាក់​វល់​លាន​ដុល្លារ​អាមេរិក​ លើ​គំរោង​វិនិយោគ​ទុន​នានា ក្នុង​ប្រទេស Cyprus ដើម្បី​ទទួល​បាន​សញ្ជាតិ នៃ​ប្រទេស​នេះ​ថែម​ទៀត។

បើតាម Reuter ឲ្យដឹងថា ដើម្បី​ទទួល​បានសញ្ជាតិ Cyprus ជនបរទេស​ម្នាក់ ត្រូវ​មាន​លុយ វិនិយោគ​ចាប់​ពី​ ២ លាន ប្រាំ​សែន​ដុល្លារ​អាមេរិក (USD2.5 millions) ឡើង​ទៅ។

គេហទំព័ររបស់​អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍន៍​ឲ្យ​ដឹង​ថា ប្រាក់ខែ​របស់​លោក ហ៊ុន សែន បាន​ឡើង​ពី ៣​លាន ៦​សែន​រៀល ទៅ​ ១០​លាន​រៀល ឬ​ស្មើ​នឹង $900 ទៅ $2,500 អាមេរិក ក្នុងឆ្នាំ​២០១៧។  

បើគេធ្វើការគណនា លើតួលេខ $​900 ដែល​ជា​ប្រាក់​ខែ​របស់​លោក ហ៊ុន សែន រាប់​ឆ្នាំ​កន្លង​មក ទៅ​នឹង​របស់​អ្វីមួយ​ដូចជា​នាឡិកា ឬ​ផ្ទះ ដែល​មាន​តម្លៃ​ត្រឹម​តែ​ ១ លាន​ដុល្លារ​អាមេរិក​ចុះ ពេលនោះ​គេ​ឃើញ​ថា គាត់​ត្រូវការ​ពេល​ជាង​ ៩២​ឆ្នាំ ដោយ​មិន​ចាយ​អ្វី​មួយ​រៀល​សោះ ដើម្បី​សន្សំ​ប្រាក់​ខែ​របស់​គាត់​ បាន​គ្រប់​មួយ​លាន​ដុល្លារ​នោះ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​របស់​គាត់ បាន​គ្រប់​គ្រង​អំណាច​ត្រឹម​តែ ៤២​ឆ្នាំ​ប៉ុណ្ណោះ បើ​គិត​ពីឆ្នាំ​១៩៧៩ រហូត​ដល់ បច្ចុប្បន្ន​នេះ ហើយ​លោក ហ៊ុន សែន បាន​តំណែង​ជានាយក​រដ្ឋមន្ត្រី​ត្រឹមតែ ៣៦ ឆ្នាំ​ប៉ុណ្ណោះ បើ​គិត​ពី​ពេល​ដែល​វៀតណាម លើក​បន្តុប​លោក ក្នុង​ឆ្នាំ​១៩៨៥ រហូត​ដល់​បច្ចុប្បន្ន​នេះ។ ចុះ​ទំរាំ​ដូច​ការ​លើក​ឡើងខា​ង​លើ ដែល​ថា​ គាត់​មាន​លុយ​រាប់​សិប ឬ​រាប់​រយ​លាន​ដុល្លារ តើ​គាត់​ត្រូវ​ការ​ពេល​ប៉ុន្មាន​រយឆ្នាំ ដើម្បី​សន្សំ​ប្រាក់ខែ​គាត់ ឲ្យ​គ្រប់​នោះ?

ម្យ៉ាងទៀត បើ​គេគិត​អំពី​លទ្ធភាព​ដែល​លោក ហ៊ុន សែន ក៏ដូចជា​អ្នក​មាន​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​លទ្ធភាព​​ប្រើ​ប្រាស់​​តួនាទី ឬ​​អំណាច​​រក​​លុយ​​នោះ គឺ​ពួក​គេ​មាន​រយៈពេល​តែ ៣១​ ឆ្នាំ​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ​២០២១ នេះ ព្រោះ​បើ​គេ​គិត​ពី​រយៈ​ពេល​ដែល​គណបក្ស​មួយ​នេះ កាន់អំណាច ពីឆ្នាំ​១៩៧៩ នោះ គឺ​វា​មាន​រយៈ​ពេល ៤២ ឆ្នាំ​ដូច​លើក​ឡើងខាង​លើ​មែន តែយួន បាន​ត្រួត​ត្រា​រដ្ឋាភិបាល​គាត់​រហូត​ដល់​ឆ្នាំ​១៩៨៩ គឺ​វា​មាន​រយៈពេល ១០​ឆ្នាំ មុន​នឹង​យួន​ដក​ទ័ព​ចេញ​ពី​ប្រទេស​កម្ពុជា តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩៩១។

ដូច្នេះ វាមានន័យថា លោក ហ៊ុន សែន និង ក្រុម​របស់​គាត់​មាន​លទ្ធភាព​ប្រើ​អំណាច​ក្នុង​ប្រទេស​ខ្លួន​ពីត្រឹម​ឆ្នាំ១៩៩០ មក​តែ​ប៉ុណ្ណោះ ហើយ​បើ​គេ​គិត មក​ត្រឹម​ពេល​ដែល​អង្គការ Global Witness ចេញ​ផ្សាយ​របាយការណ៍​អំពី​ទឹក​ប្រាក់​របស់​គ្រួសារ និង​សែ​ស្រឡាយ​ ហ៊ុន ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ នោះ គឺ​វា​មាន​រយៈ​ពេល​ប្រមាណ​ជិត ២៦​ឆ្នាំ​ប៉ុណ្ណោះ។

បើតាមសារព័ត៌មាន The Dipliomat ដែល​ដកស្រង់​របាយការណ៍ និង​មន្ត្រី​របស់​អង្គការ Global Witness ដែល​ថា គ្រួសារ​ត្រកូល ហ៊ុន អាច​មាន​លុយ​រហូត​ដល់​ទៅ ៤២០០ លាន​ដុល្លារ​អាមេរិក នោះ​មាន​ន័យ​ថា គ្រួសារ ឬ​សែ​ស្រឡាយ​ត្រកូល ហ៊ុន មាន​លុយ​​ទាំង​នោះ ដោយ​ប្រើ​ពេល​វេលា តែ ២៦ ឆ្នាំ​ប៉ុណ្ណោះ។

បើគេធ្វើការ គណនា​ដោយ​យក​ចំនួន​លុយ​នេះ ចែក​នឹង​ចំនួន​ឆ្នាំ​នោះ គេ​ទទួល​ចម្លើយ​ថា ត្រកូល ហ៊ុន អាច​រក​លុយ​បាន​ជាង ១៦១លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​មាន​សំណួរ ចោទសួរថា តើ​គ្រួសារ​នេះ រក​លុយ​បាន​ដោយ​វិធី​ណា? ដោយ​អំពើ​ពុករលួយ?

ពួកគេអាច​ដោះសារ​ថា វា​មិនមែន​ជា​អំពើ​ពុ​​ករលួយ​ទេ តែ​ជាកា​រ​រក​លុយ​ដោយ​មុខ​ជំនួញ​ស្រប​ច្បាប់។ ប្រសិន​បើ​ជា​មុខ​ជំនួញ​មែន ក៏​គេ​នៅ​តែ​សង្ស័យ​ថា អាច​ទាក់​ទិន​នឹង​មុខ​ជំនួញ​ទុច្ចរិត ឬ​អំពើ​ពុករលួយ​ច្រើន​ជាង។

ម្យ៉ាងវិញទៀត មាត្រា​១២០ នៃ​រដ្ឋធម្មនុញ្ញ បាន​ហាម​សមាជិក​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ជំនួញ​អ្វី​មួយ ដោយ​ចែងថា​ «មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល ​មាន​វិស​មិតភាព និង​សកម្មភាព​ខាង​វិជ្ជាជីវៈ​ផ្នែក​ពាណិជ្ជកម្ម ឬ​ឩស្សាហកម្ម»

បើតាមរដ្ឋធម្មនុញ្ញ សមាជិក​រាជរដ្ឋាភិបាល​រួមមាន នាយក​រដ្ឋមន្ត្រី ឩបនាយក​រដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ដទៃ​ទៀត។

ទោះជាយ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​អាច​លើក​ជា​ហេតុផល​ថា ក្រែង​លុយ​កាក់ ឬ​ទ្រព្យ​មហាសាល​ទាំង​អស់​នោះ គឺ​ជា​អំណោយ​ដែល​គេ​ឲ្យ​មក​គាត់ ទេ​ដឹង?

ប្រសិនបើមាន​សំណួរ​បែបនេះ​មែន គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​ ត្រង់​មាត្រា​៣២ នៃ​ជំពូក​៦ ដែល​ចែង​អំពី​ប្រភេទ និង​ទោស​នៃ​អំពើ​ពុករលួយ។

បើតាមច្បាប់នេះ មន្រ្តីរាជការ ឬ​មន្ត្រី ដែល​ជាប់​ឆ្នោត​ដែល​ទទួល​អំ​ណោយ ឬ​ជំនូន ​ត្រូវ​​បាន​ចាត់​ទុក​ជា​មាន​ទោស ​ពី​បទ​ស៊ី​សំណូក ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ។ ថ្វីបើ​មាន​ច្បាប់​គ្រប់​គ្រាន់​យ៉ាង​ដូច្នេះ​ក្តី ក៏​គេ​ឃើញ​លោក ហ៊ុន សែន និង មន្ត្រី របស់​គាត់​ដទៃ​ទៀត តែង​តែង​មាន​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់ ប្រើប្រាស់​សម្ភារៈ​ទំនើបៗ ដែល​មាន​តម្លៃ​រាប់ សិប ឬ​លាន​ដុល្លារ​អាមរិក ហើយ​ក៏ធ្លាប់​ផ្តល់​អំណោយ​ដល់​ស្រីស្នេហ៍ ឬ​មនុស្ស​សំណព្វចិត្ត​របស់​ពួកគេ ក្នុង​ ទំហំ​ទឹកប្រាក់​ដ៏ច្រើន​ក្រាស់​ក្រែល​ផង​ដែរ។

ជាឩទាហរណ៍ ក្នុងសារ​សម្លេង​បែក​ធ្លាយ​មួយ​ក្នុង​ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​សន្យា​ឲ្យ​នាង ធី សុវណ្ណថា ចំនួន​ ១ លាន​ដុល្លារ​​អាមរិក។  

ដោយឡែក បើ​គេ​ពិនិត្យ​មើល​ប្រាក់​ខែ​មន្ត្រីរាជការ កង​នគរបាល និង កង​យោធា​វិញ គេ​អាច​វាយ​តម្លៃ​ថា​ពួកគេ​រស់​ក្នុង​ស្ថានភាព​​លំបាក បើ​ទោះ​បី​ពួក​គេ មាន​ភារកិច្ច​សំខាន់ សម្រាប់​ប្រទេស​ជាតិ ជាពិសេស ក្នុង​ការ​ធានា​ស្ថេរភាព​នៃ​អំណាច​របស់​លោក ហ៊ុន សែន។

បើតាមអត្ថបទ​មួយ របស់​សារព័ត៌មាន​កោះសន្តិភាព ចុះ​ផ្សាយ​ក្នុង​ខែ​មករា ឆ្នាំ​២០២០ ប្រាក់ខែ​របស់​យោធិន​ថ្នាក់​ពលទោ ដែល​បាន​តម្លើង​ចាប់​ពី​ខែ​មករា ឆ្នាំ​២០២០ នេះ​ទៅ គឺ ១.១២៣.៥០០រៀល ឬ ២៨០ ដុល្លារ​អាមេរិក​ ហើយ​ក្នុង​ចំណោម​មន្ត្រី​ទាំង​ ៣ ប្រភេទ​នេះ កង​យោធា​មាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​គេ គឺ​ចន្លោះ​ពី ២៨០ ដុល្លារ​អាមរិក​ទៅ ៥៨០ ដុល្លារអាមេរិក ដោយ​អាស្រ័យ​តាម​ឋានៈ។ ជាទូទៅ ក្នុងជួរកងទ័ព ឋានៈពលទោ ឬ​កូន​ទាហាន គឺជា​ឋានៈ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ។

អង្គការ Asia Floor Wage Alliance ដែលធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​លើកម្រិត​ប្រាក់​ចំណូល​របស់ កម្មករ​ក្នុង​តំបន់​អាស៊ី សម្រាប់​ការ​រស់នៅ​ដោយ​សមរម្យ បាន​រក​ឃើញ​ថា នៅ​កម្ពុជា កម្មករ​ម្នាក់ ត្រូវ​មាន​ប្រាក់​ចំណូល ២៩៤ អាមរិក ក្នុង​មួយ​ខែ ឬ​គ្រួសារ​មួយ​ ត្រូវការ ៥៨៨ អាមរិក​ក្នុង​មួយខែ ទើប​អាច​រស់​ក្នុង​កំរិត​សមរម្យ​បាន។ ដូច្នេះកម្រិត​ប្រាក់​ខែ​រ​បស់​ពលទោ ឬ​កូ​នទាហាន​ចំនួន ២៨០ ដុល្លារ​អាមេរិក ដូច​លើក​ឡើង​ខាង​លើ គឺ​មិន​អាច​ធ្វើ​​ឲ្យ​ពួកគេ​មាន​លទ្ធភាព​រស់នៅ ដោយ​សមរម្យ ឬ​ថ្លៃថ្នូរ​បាន នៅ​ឡើយ។

ជារួម ប្រាក់បៀវត្ស​របស់​មន្ត្រីរាជការ កងនគរបាល និងកងទ័ព ដែល​មិន​អាច​អោយ​ពួកគេ​រស់នៅ​ក្នុង​កំរិត​ជីវភាព​សមរម្យ​បាន ឬ​ថ្លៃថ្នូរ​បាន គឺមាន​ន័យថា ពួកគេ​រស់បាន​ត្រឹម​មួយ​គ្រប់ៗ ក្រពះ ឬ​ខ្វះមុខ ខ្វះក្រោយ ហើយ​រស់​ក្នុ​ង​ហានិភ័យ ព្រោះ​ពួកគេ​មិន​អាច​មាន​ប្រាក់​សន្សំ​សល់​ប្រចាំខែ នោះទេ។

ហានិភ័យរបស់ពួកគេ គឺ​អាច​កើត​ឡើង​ដោយ​ជៀស​មិន​ផុត ព្រោះ​តំរូវការ​បន្ថែម​របស់​គ្រួសារ រមែង​តែងតែ​កើត​មាន ដូចជា​តំរូវការ​បញ្ហា​សុខភាព និង​ការ​រៀនសូ​ត្រ​របស់​កូន​ជាដើម ដោយ​មិនទាន់ គិត​ពី​តម្លៃ​​ទំនិញ​ទីផ្សារ​ឡើង​ថ្លៃ​​ជា​ប្រចាំ​នោះ​ផង។ ជាង​នេះ​ទៅ​ទៀត បើ​ប្រាក់​បៀវត្ស​របស់​ពួកគេ​ហូប មិន​គ្រប់​ផង តើ​ពួកគេ​អាច​មាន​លទ្ធភាព​មាន​ជំរក​រស់នៅ​ដោយ​សមរម្យ​ទេ?

ប៉ុន្តែ​បើ​គេ​ប្រៀបធៀប​អំពី​អំណោយ ឬ​ការ​ចំណាយ​សំរាប់​កំសាន្ត​របស់​អ្នកធំម្តងៗ ទៅ​នឹង​ប្រាក់​បៀវត្ស របស់​ពលទោ គឺ​វា​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ឩទាហរណ៍ លោក គឹម រស្មី អតីត​មេប៉េអឹម​ ខេត្តរតនគីរី បាន​ចំណាយ​លុយ ៥០ ម៉ឺន​ដុល្លារ​អាមេរិក សំរាប់​ចែក​លុយ​ឲ្យ​កូន​របស់គាត់ ៥ នាក់ ដែលម្នាក់ៗ​ទទួល បាន ១០ ម៉ឺនដុល្លារ ក្នុងព​ិធីខួប​កំណើត​មួយ កាល​ពី​ខែ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ស្រដៀងគ្នានេះ អតីតស្នងការរង​នគរបាល​ ខេត្តកណ្តាល គឺលោក ស្រេង សុខា បាន​ឲ្យ​ថ្លៃទឹកដោះ១០ម៉ឺនដុល្លារ និងរថយន្ត ទំនើប Lexus 570 មួយគ្រឿង ដែល​មាន​តម្លៃ ២២ ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​លោក កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩។

បើប្រៀបធៀប​នឹង​ប្រាក់​ខែ​ត្រឹម ២៨០ ដុល្លារ ក្នុង​មួយ​ខែ​របស់​កូន ទាហាន ឬ​នគរបាល គេ​ត្រូវការ​​ពេល​ជាង ២៩ ឆ្នាំ ដោយ​មិន​ចាយ​មួយ​សេន​សោះ ទើប​ពលទោ​ម្នាក់ អាច​មាន​លុយសើ្ម នឹង​ថ្លៃទឹកដោះ​កូនក្រមុំ របស់​មេប៉ូលីស​ ចំនួន ១០ ម៉ឺនដុល្លារ។ ចុះ​ទំរាំ​អំណោយ​របស់​អ្នកធំ​ដទៃទៀត ដែល​មាន​តម្លៃ​រាប់សិប​ម៉ឺនដុល្លារ ឬ​អំណោយ​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​ចៅ​ស្រី​ខុស​ត្រកូល ធី សុវណ្ណថា របស់​គាត់ ចំនួន​មួយ​លាន​ដុល្លារ តើ​វា​ស្មើ​ប្រាក់​ខែ​របស់​ពលទោម្នាក់ ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ពាន់​ខែ ឬ​ប៉ុន្មាន​រយ​ឆ្នាំ​ទៅ?

របាយការណ៍អង្គការ​ឃ្លាំមើល​កងទ័ព​ក្នុង​ពិភពលោក (Global Fire Power) កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​កង​ទ៏ព​ជិត​ ២ សែន​នាក់ កម្ពុជា​មាន​កងទ័ព សកម្ម​ចំនួន ១២​ម៉ឺន ៥​ពាន់នាក់។ ដូចអ្វីដែល​លើក​ឡើង​ខាង​លើ គ្រួសារ​ត្រកូល ហ៊ុន អាច​រក​ចំណូល​បាន ១៦១ លាន​ដុល្លារ​អាមរិក​ក្នុង​មួយ​ឆ្នាំៗ ដែល​គេ​សង្ស័យ​ថា​បាន​មក​ដោយ​អំពើពុក​រលួយ​របស់​គ្រួសារ​ដ៏​មាន​អំណាច​នេះ។

ឩបមាថា គ្រួសារហ៊ុនមិន​ប្រព្រឹត្តិ​អំពើ​ពុករលួយ ហើយ​ដាក់​ចំនួន​លុយ​នេះ ចូល​ក្នុង​ថវិកា​ជាតិ​​សំរាប​បើក​​ប្រាក់​​ខែ​​អោយ​​កងទ័ព​វិញ​ទៅ​​ចុះ គេឃើញថា​ កងទ័ព​ម្នាក់ៗ អាចទទួល​ប្រាក់​បន្ថែម លើប្រាក់ខែបច្ចុប្បន្នចំនួន ១ពាន់ ២៩២ ដុល្លារអាមរិកក្នុងមួយឆ្នាំ ឬ១០៧ ដុល្លារអាមរិក​ក្នុងមួយ​ខែ លើប្រាក់​ខែ​ដែលពួកគេ​មាន​ស្រាប់។ នេះគ្រាន់​តែ​ជាតួរ លេខ​នៃ​អំពើ​ពុករលួយ​របស់​គ្រួសារ ឬ​សែស្រឡាយ ហ៊ុន ចុះ​អំពើពុករលួយរ​បស់​គ្រួសារ​អ្នកមាន​អំណាច​ដទៃៗ​ជាច្រើន​រូប​ទៀត​នោះ?

ដូច្នេះប្រាក់ខែ​របស់​កងទ័ពតិចបំផុត​អាចមាន​ចំនួន ៣៨៧ ដុល្លារ​អាមរិកក្នុង មួយខែ ដែលធ្វើ​អោយជីវិតកងទ័ពម្នាក់អាច​រស់​ក្នុង​កំរិត​សមរម្យបាន ព្រោះ​វាជា​ចំណូល​ខ្ពស់​ជាង ២៩៤ ដុល្លារ​អាមរិក​ក្នុង​មួយខែ ដែល​អង្គការ Asia Floor Wage Alliance រកឃើញ​ថា ជាកំរិត​មួយ​សំរាប់​ការរស់នៅ​ដោយ​សមរម្យ សំរាប់​ជីវិត​មនុស្ស​ម្នាក់។

តែបើទោះបីជាកងទ័ព​ម្នាក់ៗ អាច​ទទួល​បាន​ប្រាក់​ខែ​ចំនួន ៣៨៧ ដុល្លារ​អាមេរិក ក៏ដោយ ក៏មិន​ប្រាកដ​ថា គ្រួសារ​របស់​ពួកគេ អាច​​រស់​​បាន​​ក្នុង​​ភាព​សមរម្យ​​បាន​នោះទេ ព្រោះ​បើតាម អង្គការ Asia Floor Wage Alliance គ្រួសារ​និមួយៗ អាច​រស់​ក្នុងកំរិត​ជីវភាព​​សមរម្យ​បាន លុះណា​តែ​មាន​ចំណូល​យ៉ាងតិច ៥៨៨ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ថ្វីបើអំពើពុករលួយ​ជាមូល​ហេតុ​មួយ ដែល​ធ្វើអោយ​មន្ត្រីរាជការ នគរបាល និង យោធិន រស់​ក្នុងភាព ក្រីក្រ និង​ធ្វើ​អោយ​ស្ថានភាព​​ជីវិត​មាន​គម្លាតគ្នា​ខ្លាំង រវាង​ថ្នាក់ក្រោម និង​ថ្នាក់លើ ក៏គេនៅ​តែ​អាច ចោទ​ជាសំណួរ​ថា បើមេៗ​ថ្នាក់​លើ​អាច​ប្រព្រឹត្តិ​អំពើ​ពុករលួយ ក្លាយជា​អ្នកមាន​មហាសាល ចុះហេតុ​អី​ថ្នាក់ក្រោម មិន​អាច​ធ្វើដូចគ្នា ដើម្បី​ជីវិត​ធូរធារ​បាន?

បើមិនធ្វើការគិតដោយស៊ីជំរៅទេ គេអាចឆ្លើយដោយសាមញ្ញថា មកពីមេៗជាអ្នកធំ គឺគេមានឩិកាស ជាងអញ្ចឹងហើយ។ តែ​បើ​ធ្វើការ​វិភាគ​បន្តិច គេអាច​មើឃើញ​នូវ​មូលហេតុ​សំខាន់ ៣៖

ទីមួយ៖ ថ្វីបើរបប​លោក ហ៊ុន សែន ពុករលួយ​យ៉ាងណា ក៏លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​មន្រីរាជការ នគរបាល និង​កងទ័ព គ្រប់​ជាន់​ថ្នាក់ អាច​ប្រព្រឹត្តិអំពើ​ពុករលួយ​បាន ដូចពួកគាត់ និង​បក្ខពួក​នោះ​ដែរ ព្រោះ​បើម្នាក់ៗ អាច​ធ្វើដូច្នោះ នោះ​វា​ក្លាយ​ជា​រឿង​អនាធិបតេយ្យ ហើយ​ពលរដ្ឋ និង​ជាតិ​ទាំងមូល ក៏​គ្មាន​ធនធាន​ឯណា​គ្រប់គ្រាន់ សំរាប់ពួកគេ​គ្រប់គ្នា​ប្រជែង​ហែក​ស៊ី​ឡើយ ហើយ​វា​ក៏​អាច​ដុត​កំហឹង​ពលរដ្ឋ អោយ​ឆេះខ្លាំង​ដល់​កំរិត​ទ្រាំលែង​បាន រហូត​ដល់​ការបះបោរ​លែង​ខ្លាច​ស្លាប់ ដូច​សម័យ​ខ្មែរ​បះបោរ វាយ បារាំង​ក្នុង​រឿង​ភូមិ​តិរិច្ឆាន។

ទីពីរ៖ វីធីគ្រប់គ្រង​អំណាច​របស់លោក ហ៊ុន សែន គឺជាការ​គ្រប់គ្រង​ដោយ​បក្ខពួក​និយម គឺមាន​ន័យ​ថា គាត់​យក​ចិត្ត​ទុកដាក់ ឬ​ផ្តល់​ឩិកាស​ឲ្យ​តែក្រុម ឬ​បក្ខពួក​របស់​គាត់​ប៉ុណ្ណោះ ឬ​គេអាច​និយាយ​ម្យ៉ាង ទៀត​ថា បើអ្វីដែល​បក្សពួក​គាត់​ធ្វើ​បាន ​គឺគ្មាន​អ្នក​ណា ឬ​ក្រុម​ផ្សេង អាច​ធ្វើ​ដូច​បាន​ឡើយ។ វិធីនេះ ត្រូវបាន​​គេ​​មើល​​ឃើញ​ថា លោក ហ៊ុន សែន បានប្រើប្រាស់​រាប់ឆ្នាំ ដើម្បី​ពង្រឹង​​​អំណាច​​របស់​គាត់​​ទាំង​​នៅ​​ផ្ទៃក្នុង​​បក្ស និង​ក្នុង​ក្របខ័ណ្ឌរដ្ឋ ដូចជា​ការកំចាត់​ក្រុម​លោក ជា ស៊ីម ជាដើម។

កាលពីខែ ធ្នូ ឆ្នាំ២០១៩ អង្គការ Global Witness បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើងថា លោក ហ៊ុន សែន បាន​ពង្រឹង​អំណាច​ផ្ទាល់​ខ្លួន តាម​រយៈ​ការកាងបក្ខពួក ​និង​សមាជិក​គ្រួសារ​របស់គាត់ ដែល​បាន​បំផ្លាញ​អត្ថ ប្រយោជន៍ និង​សេចក្តី​សុខ​ពលរដ្ឋ​សាមញ្ញ។ បើយោង​តាម​ទឡ្ហីករណ៍​នេះ មានន័យ​ថា លោក ហ៊ុន សែន មិន​អាច​អនុញ្ញាត​ឲ្យមន្រី​រាជការ នគរបាល និង កងទ័ព គ្រប់រូប​ធ្វើអ្វី​បាន​ដូច​បក្ខពួក​របស់ គាត់​នោះទេ។ ផ្ទុយទៅវិញ បើគាត់​អនុញ្ញាត​គ្រប់គ្នា ធ្វើអ្វីៗ​បាន ដូច​បក្ខពួក​របស់​គាត់ តើ​គាត់​មាន​តម្លៃ​ពិសេស​អ្វី សំរាប់​បក្ស​ពួក​របស់​គាត់ ដែល​ជា​អ្នកកាង​អំណាច​របស់​គាត់នោះ? ហើយ​លោក ហ៊ុន សែន ក៏មិន​ចង់​អោយ​ក្រុម​ផ្សេង​ណាមួយ មាន​លទ្ធភាព​ស្មើ ឬ​ខ្លាំង​លើស​ក្រុម​របស់​លោក​នោះ​ឡើយ។

ទីបី៖ លោក ហ៊ុន សែន ប្រហែល​ជាគ្មាន​ការ​តាំងចិត្ត​ច្បាស់លាស់​ក្នុង​ការ​លើកំពស់​ជីវភាព​របស់​កងទ័ព ឬ រដ្ឋភិបាល​របស់​គាត់​គ្មាន​លទ្ធភាពឡើយ បើទោះបី គាត់តែង​តែអួត​អំពី​ការរីកចំរើន​គ្រប់​វិស័យ ឬ មាន មាស​រាប់​តោន​យ៉ាង​ណា​ក្តី។ ជា​ឩទាហរណ៌ លោក ហ៊ុន សែន តំរូវ​ក្រុមហ៊ុន ឬ​អង្គភាព​ស៊ីវិល​ចងសម្ព័ន្ធភាព​ ជាមួយ​អង្គភាពទ័ព ដើម្បី​ជួយ​ឩបត្ថម្ភ​កងទ័ព។

ការធ្វើបែបនេះគឺជាការ​បង្ហាញថា ការជួយ​ឩបត្ថម្ភ កងទ័ពគឺ​ជា​រឿង​មនុស្សធម៌ ឬ​ហេងស៊យ ព្រោះ​សប្បុរសជន​ទាំងនោះ អាច​ធ្វើតាម​សទ្ធា ឬលទ្ធភាព ហើយវា អាចធ្វើ​អោយ​កងទ័ព​បាត់បង់​តម្លៃ ឬមោទភាព​ដែល​ខ្លួន​លះបង់ ដើម្បី​ជាតិ​ដែល​ខ្មែរ​គ្រប់រូប​ ត្រូវ​គោរព។

តែផ្ទុយទៅវិញ កងទ័ពជាតិ​បែរ​ជាត្រូវ​គោរព​សប្បុរសជន​ទាំងនោះ​វីញ ដោយសារ​តែ​អំណោយ​ដែល​តាម​ពិត វា​គួរ​តែ​ជាការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។ ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន ឬ​បុគ្គល​ខ្លះនោះ សុទ្ធ​តែ​ជាជន​ពុករលួយ ឬ​ជន​ទុច្ចរិត​បំផ្លាញ​ជាតិ​ទៀត​ផង ដែល​មិនសម​នឹង​ត្រូវផ្តល់​ការគោរព​ទាល់​តែ​សោះ។    

សរុបសេចក្តីមក ប្រព័ន្ធដឹកនាំ​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឲ្យ​មន្រី​រាជការ នគរបាល និង​កងទ័ព ថ្នាក់ក្រោម ត្រូវ​តែ​រស់​ក្នុង​កំរិត​ជីវភាព​ក្រីក្រ៕

.