The Cambodia Daily
18-01-2022

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។

លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​មីយ៉ាន់ម៉ា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។

បុរស​ខ្លាំង​រូប​នេះ​ បាន​លើកឡើង​ថា គោលបំណង ៣​ សំខាន់ៗ​ទៅ​កាន់​មីយ៉ាន់ម៉ា គឺ៖

  • ទី​១ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់ បញ្ឈប់​អំពើ​ហិង្សា
  • ទី​២ ផ្ដល់​ជំនួយ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​ត្រូវការ​ចាំបាច់
  • និង​ទី​៣ បើក​ច្រក​ទ្វារ​នៃ​ការ​ចរចា​រក​ដំណោះស្រាយ ជាពិសេស​សម្រាប់​ការងារ​ប្រេសិត​ពិសេស​អាស៊ាន។

បុរស​ខ្លាំង​បាន​លើកឡើង​ទៀត​ថា កិច្ចប្រជុំ​ពេញ​អង្គ​ត្រូវ​រៀបចំ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌ ​ជួយ​ដល់​មីយ៉ាន់ម៉ា ដែល​កន្លងមក​ប្រទេស​ជប៉ុន​ ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​បង្កើត​កិច្ចប្រជុំ ដើម្បី​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា នេះ​ផង​ដែរ។

ចំណែក​ឯ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា លោក​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ជាពិសេស​គោលបំណង​របស់​កម្ពុជា ​ដែល​បាន​អនុវត្ត​ស្រប​ទៅ​ចំណុច​ទាំង​ ៥ កុងសង់ស៊ីស​របស់​អាស៊ាន ដែល​បាន​ដាក់​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា អនុវត្ត​កន្លងមក​នោះ។

លោក លឹម ចុកហ៊ុយ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ តប​តាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការទូត​កម្ពុជា។ ក្រៅពី​មាន​ជំនួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​១៧ មករា អគ្គលេខាធិការ​អាស៊ាន​រូប​នេះ ​ក៏​មាន​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​ ជាមួយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ផង​ដែរ។

កាលពី​ថ្ងៃ​ទី​៧ មករា កន្លងមក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា ភាគី​កម្ពុជា និង​ភូមា បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​ដែល​បញ្ជាក់​ថា ភូមា​សន្យា​ផ្អាក​ឈប់​បាញ់​គ្នា​ក្នុង​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក៏​មាន​ការ​វាយប្រហារ​បង្ហូរ​ឈាម​ បាន​កើតឡើង​ជា​ថ្មី។ ក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែ​មករា អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​របប​សឹក​ភូមា ចាប់​ឃុំ​ខ្លួន និង​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ ឆ្នាំ​រួច​ហើយ​នោះ ក៏​ត្រូវ​បាន​តុលាការ​ភូមា ដាក់​ពាក្យ​ចោទប្រកាន់​សាជាថ្មី​ថែម​ទៀត​ ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ចំនួន ៥ ​ករណី ប្រឆាំង​នឹង​អ្នកស្រី។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែ​មករា នៅ​ឯ​ខេត្ត​សៀមរាប ក៏​ត្រូវ​ផ្អាក​មិន​កំណត់​ពេលវេលា បន្ទាប់ពី​លោក ហ៊ុន សែន ទៅ​ទស្សនកិច្ច​ជួប​ជាមួយ​មេ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា រួច​មក។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​ ១៣ ខែ​មករា ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា បន្ទាប់ពី​របប​សឹក​ភូមា​ មិន​គោរព​សន្យា​រក្សា​បទ​ឈប់​បាញ់។

លោក​ {ម៉ែន ណាត} បន្ត​ថា ការ​បរាជ័យ​របស់​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ គឺ​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​ពេល​ដែល​គាត់​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ទៀត។ លោក​ថា «ដើម្បី​កែប្រែ​ស្ថានការណ៍​នេះ​ឡើងវិញ លោក ហ៊ុន សែន ត្រូវតែ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ទៀត មុន​នឹង​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមាជាង​នេះ​ទៅ​ទៀត លោក {ហ៊ុន សែន} ​អាច​ស្នើ​ឱ្យ​អគ្គលេខាធិការ​អាស៊ាន ​ចូលរួម​ដោះស្រាយ​វិបត្តិ​ដ៏​តានតឹង​នេះ​ផង​ដែរ»

កាលពី​ឆ្នាំ​២០២១ ប្រទេស​ប្រ៊ុយណេ បាន​ស្នើ​ឲ្យ​ផាត់​ចោល​របប​សឹក​ភូមា មិន​ឱ្យ​ចូល​ប្រជុំ​អាស៊ាន ដោយ​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ។ ប៉ុន្តែ​សម្រាប់​កម្ពុជា ដែល​កាន់​តំណែង​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ បាន​ប្រកាស​ធ្វើការ​ជាមួយ​របប​សឹក​ភូមា ហើយ​សន្យា​យក​របប​សឹក​នេះ​ត្រឡប់​មកវិញ​ទៀត​ផង។

ក្រុម​យោធា​ភូមា បាន​ធ្វើ​រដ្ឋប្រហារ​ប្លន់​យក​អំណាច​ពី​គណបក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១។ រដ្ឋប្រហារ​នោះ​បាន​កើតឡើង​ បន្ទាប់ពី​គណបក្ស​របស់​អ្នកស្រី​ ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ភ្លូក​ទឹក​ភ្លូក​ដី​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ។ ការ​ប្លន់​អំណាច​របស់​ពួក​យោធា បាន​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ ពី​សំណាក់​ពលរដ្ឋ​ភូមា​ទូទាំង​ប្រទេស និង​សហគមន៍​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន។ បើ​គិត​ត្រឹម​ដំណាច់​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា នេះ ក្រុម​យោធា​ បាន​សម្លាប់​ពលរដ្ឋ​ភូមា​ប្រមាណ ១៤០០ ​នាក់ ដោយ​រួម​ទាំង​កុមារ ស្ត្រី និស្សិត និង​យុវជន៕