អត្ថបទវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA / ដោយលោក ស៊ុន ណារិន / 16-12-2020

ភ្នំពេញ — នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បា​ន​បញ្ជាក់​​ផ្ទាល់​​មាត់​​ថា ​រដ្ឋមន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ​និង​​ហិរញ្ញវត្ថុ​​បច្ចុប្បន្ន​​នេះ គឺ​​លោក អូន ព័ន្ធ​មុនីរ័ត្ន ដែល​​លោក​​ថា លោក​​«បាន​​បណ្តុះ​​បណ្តាល​​តាំង​​ពី​​នៅ​​ជា​​លេខា​ផ្ទាល់​»​​របស់​លោក ជា​​បេក្ខ​ភាព​​សម្រាប់​​តំណែង​នាយក​រដ្ឋមន្ត្រី។

អ្នក​វិភាគ​​លើក​ឡើង​​ថា ​បើ​ទោះ​​ជា​​អ្នក​ណា​​ជា​​នាយក​​រដ្ឋមន្ត្រី​​ក៏​​ដោយ ឲ្យ​​តែ​​លោក ហ៊ុន សែន នៅ​​មាន​​ប្រាជ្ញា​​ស្មារតី​​ពេញ​​លេញ លោក​​នៅ​​តែ​​ជា​​អ្នក​​នៅ​​ពី​​ក្រោយ​​ដែល​​មាន​​អំណាច។

កាល​​ពី​ថ្ងៃ​​អង្គារ ក្នុង​​ការ​​ថ្លែង​​មួយ​​ដែល​​មាន​​រយៈ​​ពេល​​ជិត​ ​៤​​ម៉ោង ទាក់​ទង​​នឹង​​ស្ថានការណ៍​​ជំងឺ​កូវីដ​-១៩ ​ឆ្លង​​ក្នុង​​សហគមន៍ និង​​ការ​​បញ្ជា​​ទិញ​​វ៉ាក់សាំង​​បង្ការ​​ជំងឺ​​រាត​ត្បាត​​នេះ លោក ហ៊ុន សែន បាន​ឆ្លៀត​លើក​ឡើងអំពី​អនាគត​អ្នកដឹកនាំ​កម្ពុជា បន្ទាប់​ពី​រូប​លោក ដែល​​កាន់​​អំណាច ​៣៥​​ឆ្នាំ​​មក​​ហើយ​ រហូត​​មក​​ដល់​​ពេល​​នេះ។

លោក​​បាន​​ថ្លែង​​ថា ​កាល​​ពី​ថ្ងៃ​ទី​​១៤ ខែ​​វិច្ឆិកា លោក​ខ្លួន​​ឯង​​ផ្ទាល់​​ចាត់​​ចែង​ឲ្យ​​លោក អូន ព័ន្ធ​មុនីរ័ត្ន ​តំណាង​ឲ្យ​រូប​​លោក​​នៅ​​ក្នុង​​កិច្ច​​ប្រជុំ​​​អាស៊ាន​​ (ASEAN) តាម​​ប្រព័ន្ធ​​អន​ឡាញ នៅ​ពេល​ដែល​​នាយក​​រដ្ឋមន្ត្រី ស្ថិត​ក្នុង​​ការ​​ដាក់​​ខ្លួន​​ឲ្យ​នៅ​​ដាច់​ដោយ​​ឡែក​ ដោយ​សារ​​បារម្ភ​​ឆ្លង​​ជំងឺ​​កូវីដ​​-១៩។

លោក​​​មាន​​ប្រសាសន៍​​ថា នេះ​​គឺ​​ជា​​ការ​រៀបចំ​​របស់​​លោក ដែល​​មាន​​បំណង​​បង្ហាញ​​សារ​​មួយ​​ឲ្យ​​គេ​​ដឹង។ លោក​​បន្ត​​ថា​ គណបក្ស​​ប្រជា​ជន​​កម្ពុជា ដែល​​លោក​​ជា​​ប្រធាន​​គណ​បក្ស​ បាន​រៀបចំ ​​«​៣​ ឬ​៤ ​ខ្សែ​ត្រៀម» សម្រាប់​​តំណែង​​នាយក​​រដ្ឋមន្ត្រី ដែល​​លោក​​ថា​ខ្សែ​​ត្រៀម​​ទីមួយ គឺ​​មនុស្ស​​ក្នុង​​ជំនាន់​របស់​​លោក។ លោក​​បន្ថែម​​ថា​ ការ​​ចុះ​​ផ្សាយ​​របស់​​សារព័ត៌មាន​​បរទេស​​ថា ​លោក អូន ព័ន្ធ​មុនីរ័ត្ន ជា​​បេក្ខ​ភាព​​ម្នាក់​​ក្នុង​​តំណែង​​នាយក​រដ្ឋមន្ត្រី ​ជា​​ការ​​ចុះ​ផ្សាយ​​ត្រឹម​ត្រូវ។

លោក​​ថ្លែង​​ថា៖ «យើង​​បណ្តុះ​​បណ្តាល​ អូន ព័ន្ធ​មុនីរ័ត្ន តាំង​​ពី​​ធ្វើ​​លេខា​​ខ្ញុំ​​ផ្ទាល់ រហូត​​ដល់​​ឡើង​​ធ្វើ​​ជា​​ឧបនា​យក​​រដ្ឋមន្ត្រី ហើយ​ត្រូវ​​ជំនួស​​នាយក​​រដ្ឋមន្ត្រី ដើម្បី​​ចូល​​រួម​​ប្រជុំ​​អាស៊ាន។ តើ​​នោះ​​ជា​​សារ​​អ្វី​ទៅ​? សូម​​ជម្រាប​​ជូន​​ឲ្យ​ច្បាស់​​នូវ​​ការ​​រៀប​ចំ។ កុំ​ម្ង៉ៃ​ៗ​ ត្រៀម​​តែ​​ផ្ទេរ​​អំណាច​​ឲ្យ ហ៊ុន ម៉ាណែត​ ៗៗ»

លោក​ ហ៊ុន សែន បន្ត​​ថា​ គណបក្ស​​កាន់​​អំណាច​​មាន​​ធន​ធាន​​មនុស្ស​​សំ​បូរ​​បែប​ ហើយ​អ្នក​​បញ្ចប់​​ការ​​សិក្សា​​ខ្ពង់​​ខ្ពស់​កម្រិត​ថ្នាក់​​បណ្ឌិត ​ក៏​មាន​​មិន​​តិច​​ដែរ។

VOA​ មិន​​អាច​​សុំ​​ការ​​អត្ថា​ធិប្បាយ​​ពី​​លោក អូន ព័ន្ធ​មុនីរ័ត្ន បាន​​ទេ​​នៅ​​ថ្ងៃ​​ពុធ​​នេះ ទាក់​​ទិន​​នឹង​​ការ​​ថ្លែង​​របស់​​នាយក​​រដ្ឋ​មន្ត្រី។

លោក អូន ព័ន្ធមុនីរ័ត្ន អាយុ ​៥៥​​ឆ្នាំ ដែល​​អាច​​និយាយ​​ភាសា​​អង់គ្លេស​​យ៉ាង​​ស្ទាត់​​ជំនាញ បាន​​បញ្ចប់​​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សង្គម និង​​នយោ​បាយ​​នៃ​សាកល​​វិទ្យាល័យ​មួយ​​ក្នុង​​ប្រទេស​​រុស្ស៊ី ឈ្មោះ​ថា ​Moscow State University កាល​​ពី​​ឆ្នាំ​​១៩៩៣។ លោក​​បាន​​ធ្វើ​​ជា​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ តាំង​​ពី​​ឆ្នាំ​​២០១៣ បន្ទាប់​​ពី​​បំពេញ​​ការងារ​​ជា​​រដ្ឋ​លេខាធិការ​​ក្រសួង​​នេះ អស់​​រយៈ​​ពេល ​១០ ឆ្នាំ។

លោក​​ក៏​​ជា​​តំណាង​រាស្ត្រ​​ខេត្ត​​កណ្តាល​​ផង​​ដែរ ហើយ​​ក៏​​ជា​​ប្រធាន​​ក្រុម​​កាងារ​​ចុះ​​ជួយ​​ខេត្ត​​កណ្តាល​​របស់​​ គណបក្ស​​ប្រជា​ជន​​កម្ពុជា។ លោក​​ជា​​សមាជិក​​គណៈ​​អចិន្ត្រៃយ៍​​នៃ​​គណ​បក្ស​​ប្រជាជន ដែល​​មាន​​សមាសភាព ​៣៤​ ​រូប។ នេះ​​បើ​​តាម​​វេប​សាយ​​របស់​​គណបក្ស​​កាន់​​អំណាច។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ទីភ្នាក់​ងារ​​ព័ត៌មាន​​បរទេស ​Reuters​ បាន​​ចេញ​ផ្សាយ​​ការ​​ស៊ើប​អង្កេត​​មួយ ដោយ​​រក​​ឃើញ​​ថា ​រដ្ឋមន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​​ស្នើ​​សុំ​​សញ្ជាតិ​​ស៊ីប​ (Cyprus) ដែល​​​ជា​​សមាជិក​​​មួយ​​​នៃ​​​សហ​ភាព​​​អឺរ៉ុប។ យោង​​តាម​​​សារព័ត៌មាន​ Reuters ដើម្បី​​​ចូល​​​សញ្ជាតិ​ស៊ីប​​​បាន ​អ្នក​​ស្នើ​​សុំ​​សញ្ជាតិ​​ពី​​ប្រទេស​​ស៊ីប តម្រូវ​​ឲ្យ​​មាន​​ទឹក​​ប្រាក់​វិនិយោគ​​ក្នុង​​ប្រទេស​​នេះ ​យ៉ាង​​តិច ​២​​លាន ​២​​សែន​​ដុល្លារ​​អាមេរិក។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ន​យោបាយ​ នៅ​​ប្រទេស​​កម្ពុជា ​លោក ឯម សុវណ្ណារ៉ា មាន​​ប្រសាសន៍​​ថា ​ការ​​លើក​​ឡើង​​របស់​​នាយក​រដ្ឋមន្ត្រី​​អំពី​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី​​ លោក អូន ព័ន្ធ​មុនីរ័ត្ន «គ្រាន់​​តែ​ជា​​ឈ្នាន់»​ សម្រាប់​​បង្ក្រាប​​សំឡេង​​ជំទាស់​​ក្នុង​​ជួរ​​បក្ស​ និង​គណបក្ស​​ប្រឆាំង ខណៈ​​មាន​​ការ​លើក​​ឡើង​អំពី​​គម្រោង​​របស់​​លោក ហ៊ុន សែន ក្នុង​​ការ​​តែង​តាំង​​លោក ហ៊ុន ម៉ាណែត កូន​​ប្រុស​​ច្បង ជា​​អ្នក​​ស្នង​​តំណែង។

លោក​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​​ពុធ ​នេះ​​ថា៖ «ខ្ញុំ​​ផ្ទាល់​​ ខ្ញុំ​​គិត​​ថា​​វា​​អត់​​មាន​​អី​​ភ្ញាក់​​ផ្អើល​​ទេ។ អា​នេះ​​គ្រាន់​​តែ​​ជា​​ការ​ជ្រលរ​ឆ្វេង​​វាយ​​ស្តាំ​​ទេ។ គ្រាន់​​តែ​​ជា​​យន្ត​ការ​​មួយ​ នៅ​​ក្នុង​​ការ​​បង្ហាញ​​ថា​ នាយក​រដ្ឋមន្រ្តី​មាន​​លទ្ធភាព មាន​​សមត្ថ​ភាព​​ស្នើ​​បេក្ខជន​​នយោបាយ​​រូប​​ណា​​មួយ​​ដែល​​ជា​​ឥស្សរជន​​ថ្នាក់​​ដឹក​នាំ​​នៅ​​អនាគត»។

អ្នក​វិភាគ​​រូប​នេះ​​បន្ត​​ថា​ ការ​បោះ​ឆ្នោត​​ដោយ​​យុត្តិធម៌​​នៅ​​ក្នុង​​ជួរ​​គណបក្ស​​ប្រជាជន​​កម្ពុជា ជា​​រឿង​​សំខាន់ ប៉ុន្តែ​​លោក​​ថា បុគ្គល​ដែល​​ជា​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​​ពី​​លោក ហ៊ុន សែន ក៏​​ត្រូវ​​ជា​​មនុស្ស​​ដែល​​ប្រជា​ជន​​កម្ពុជា​​ទូទៅ​​គាំទ្រ​​ផង​​ដែរ។

លោក​​​បន្ថែម​​ថា៖ «ប្រសិន​​​បើ​​​គាត់​​​រើស​​​ចេញ​​ពី​​​ប្រភព​​​ណា​​​ក៏​​ដោយ​ ដែល​​មិន​ទាន់​​ជា​​បេក្ខជន​​ ដែល​​មិន​​ទាន់​​ទទួល​​បាន​ទទួល​​ការ​គាំទ្រ​​ពី​​មហា​ជន​​ទូទៅ​​ច្រើន​​ទេ ពិបាក​នៅ​​ក្នុង​​ការ​​ប្រកួត​​ប្រជែង​ ​នៅ​​ក្នុង​​ការ​​បោះ​ឆ្នោត​​ណាស់»

លោក​បន្ថែម​ថា ប្រសិន​បើ​ប្រធាន​គណបក្ស ​លោក ហ៊ុន សែន «ផ្ចុង​ផ្តើម»​ បេក្ខភាព​​នាយក​រដ្ឋមន្ត្រី នោះ​​នឹង​​មាន​​ចរន្ត​​នៃ​​ការ​​គាំទ្រ​​លោក។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា និង​​ជា​​ព្រឹទ្ធ​សមាជិក​​មួយ​​រូប​ មាន​​ប្រសាសន៍​​ថា​ មុខ​សញ្ញា​​នៃ​​បេក្ខភាព​​នាយក​រដ្ឋមន្ត្រី​​របស់​​បក្ស​​កាន់​អំណាច ​មិនមែន​មាន​​តែ​​មួយ​​នោះ​​ទេ។

លោក​​មាន​​ប្រសាសន៍​​ថា៖ «អាហ្នឹង​គ្រាន់​​តែ​មតិ​​លើក​​មុខ​​សញ្ញា មិន​​មែន​​ជា​​ការ​​អត្តនោម័ត​ ចង្អុល​​បង្ហាញ​ថា​ ​ត្រូវ​​តែ​​ឯក​ឧត្តម​ អូន ព័ន្ធ​មុនីរ័ត្ន​ ឯ​ណា។ អត់​ទេ»

បើ​តាម​លោក សុខ ឥសាន ការ​បោះ​ឆ្នោត​​ជ្រើស​​រើស​​បេក្ខ​ភាព​​នាយក​រដ្ឋមន្ត្រី ​នឹង​​ត្រូវ​​ធ្វើ​​ឡើង​​ក្នុង​​មហា​​សន្និ​បាត​របស់​​គណបក្ស ហើយ​​អាច​​មាន​​ការ​​ជ្រើស​រើស​​បេក្ខ​ភាព​ប្រកួត​​ប្រជែង ​ដែល​​អាច​​មាន ​៣ ​ទៅ​ ៥​ នាក់ សម្រាប់​​ការ​​បោះ​ឆ្នោត។ លោក​​បន្ត​ថា​​រហូត​មក​​ដល់​​ពេល​​នេះ មិន​ទាន់​ដឹង​​ថា​​មាន​​បេក្ខភាព​​ណា​​នោះ​​ទេ។

លោក​មាន​​ប្រសាសន៍​​ថា៖ «ជា​ពិសេស​ គឺ​ថ្នាក់​​ដឹក​នាំ​​លោក​​សម្គាល់​​ហើយ។ លោក​​សម្គាល់ ​និយាយ​​រួម ប៉ុន្តែ​គាត់​​គ្រាន់​​តែ​មិន [ទាន់​] ​បញ្ចេញ ដើម្បី​​ផ្សាយ​​ជា​​សាធារណៈ។ ក៏​​ប៉ុន្តែ​​ការ​​កត់​​សម្គាល់​​ហ្នឹង គឺ​​តាម​​រយៈ​​គុណ​សម្បត្តិ តាម​​រយៈ​​ស្នាដៃ​​ការងារ​​របស់​​បេក្ខជន​​ម្នាក់ៗ​ របស់​​អ្នក​​បន្ត​​វេន​​ម្នាក់ៗ»

លោក សុខ ឥសាន បន្ត​​ថា​​អ្នក​​បន្ត​វេន​ ត្រូវ​​មាន​​លក្ខណៈ​​សម្បត្តិ​​គ្រប់​​គ្រាន់ សុខ​ភាព​​ល្អ កាយ​​សម្បទា​​មាំ​មួន ហើយ​មិន​​មាន​​ការ​​កំណត់​​អាយុ​​នោះ​​ទេ។

នៅ​ពេល​សួរ​​អំពី​​បេក្ខភាព​​របស់​​រដ្ឋមន្ត្រី​​មហាផ្ទៃ លោក ស ខេង ជា​​នាយក​រដ្ឋមន្ត្រី លោ​ក​ថា​​ លោក​មិន​អាច​​និយាយ​​បាន​​ទេ ដោយ​​​ថា​ វា​ល្មើស​​នឹង​​បទ​បញ្ជា​​ផ្ទៃ​ក្នុង​​របស់​​គណបក្ស។

លោកប្រាប់ ​VOA ​ថា៖ «កាល​ណា​​និយាយ យើង​​ល្មើស​លក្ខន្តិកៈ​​គណបក្ស​ យើង​​ល្មើស​​បទ​បញ្ជា​​ផ្ទៃ​​ក្នុង​​គណបក្ស»

លោក​ អ៊ា សុផល ដែល​​ជា​អ្នក​​និពន្ធ​​សៀវភៅ​​ ដែល​​មាន​​ចំណង​​ជើង​​ថា ​«ការ​ពឹង​​ផ្អែក​​ជំនួយ​​ក្នុង​​ប្រទេស​​កម្ពុជា៖ តើ​​ជំនួយ​​បរទេស​​បំផ្លាញ​​ប្រជា​ធិប​តេយ្យ​​យ៉ាង​​ណា?» មាន​ប្រសាសន៍​​ថា ​លោក អូន ​ព័ន្ធ​មុនីរ័ត្ន ជា​​អ្នក​​បច្ចេក​ទេស​​ដែល​​ប្រឡូក​​ក្នុង​​នយោ​បាយ ជា​ជាង​​អ្នក​​នយោបាយ​​តែ​​មួយ​​មុខ។

លោក​ទស្សន៍​ទាយ​ថាលោក អូន ព័ន្ធ​មុនីរ័ត្ន ដូច​ជា​​លោក Goh Chok Tong អតីត​​នាយក​រដ្ឋមន្ត្រី​​សិង្ហបុរី​ ពី​​ចាប់​​ឆ្នាំ​១៩៩០ ​ដល់​ឆ្នាំ​​២០០៤ ដែល​​ឡើង​​កាន់​​អំណាច បន្ទាប់​​ពី​​លោក Lee Kuan Yew បាន​​ចុះ​​ចេញ​​ពី​​តំណែង។ បន្ទាប់​មក​ លោក Lee Hsien Loong ដែល​​ជា​​កូន​​ប្រុស​​របស់​​លោក Lee Kuan Yew បាន​​ក្លាយ​​ជា​​នាយក​រដ្ឋមន្ត្រី​ ចាប់​​ពី​​ឆ្នាំ​​២០០៤។

លោក អ៊ា សុផល អ្នក​វិភាគ​​នៅ​​សហរដ្ឋ​អាមេរិក បន្ត​​ថា​​លោក អូន ព័ន្ធ​មុនីរ័ត្ន ​គ្រាន់​​ជា​​អ្នក​​កំដរ​​ត្រៀម​​ សម្រាប់​​តំណែង​​របស់​​លោក ហ៊ុន ម៉ាណែត ឬ​​កូន​ប្រុស​របស់​​លោក ហ៊ុន សែន ផ្សេង​ទៀត។

លោក​​បន្ត​​ថា​ ការ​​ដាក់​​កូន​​ឲ្យ​​ធ្វើ​​ជា​​នាយក​រដ្ឋមន្ត្រី មើល​​ទៅ​​ជា​​រូបភាព​​អាក្រក់។ ទោះ​ជា​​យ៉ាង​ណា លោក​​ថា​​លោក ហ៊ុន សែន នៅ​​តែ​​ជា​​អ្នក​​នៅ​​ពី​​ក្រោយ។

លោក​បាន​ប្រាប់​ VOA​ តាម​​សារ​​អ៊ីមែល​​ថា៖ «មិន​​មាន​​ផ្លូវ​​ដែល​​លោក ហ៊ុន សែន ដើរ​​ចេញ​​នោះ​​ទេ ល្គឹក​​ណា​​លោក​ នៅ​​តែ​​មាន​​ប្រាជ្ញា​​ស្មារតី​​ពេញ​​លេញ។ លោក​​នឹង​​នៅ​​តែ​​ជា​​មនុស្ស​ រុញ​​ខ្សែ​ញាក់​​ពី​​ក្រោយ​វាំង​នន»

គួរ​បញ្ជាក់​ថា​លោក ហ៊ុន សែន ធ្លាប់​​ប្រកាស​​ថា​ លោក​​នឹង​​កាន់​​អំណាច​​មិន​​តិច​​ជាង​ ​១០​​ឆ្នាំ​​ទៀត ហើយ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​ត្រៀម​​ខ្លួន​​កាន់​​អំណាច ​ទៅ​​ដល់ ​១០០​​ឆ្នាំ​​ទៀត៕

.

.