វិទ្យុអាស៊ីសេរី RFA | ដោយ ទីន ហ្សាការីយ៉ា
01st-4-2023

ពលរដ្ឋ​ជាច្រើន​គ្រួសារ ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​ ស្តាយស្រណោះ​ដីស្រែ​ចម្ការ​កេរ​​ឪពុក​ម្ដាយ​របស់​ពួកគាត់​រាប់​រយ​ហិកតារ បាន​បាត់បង់​ទៅ​ភាគី​វៀតណាម​​គ្រប់គ្រង ​ក្រោយ​ពី​រដ្ឋាភិបាល ​បាន​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ កាល​ពី​ពេល​កន្លង​ទៅ។

បើ​ទោះបី​ជា​អ្នក​ភូមិ​បាត់បង់​ដីស្រែ និង​ទទួលរង​ភាព​អយុត្តិធម៌​យ៉ាងណា​ក្តី ក៏​ពួកគាត់​សុខចិត្ត ខាំ​មាត់​សង្កត់ចិត្ត នៅ​ស្ងៀម​ស្ងាត់ មិន​ហ៊ាន​បញ្ចេញមតិ ជុំវិញ​បញ្ហា​នេះ ខ្លាច​ក្រែង​​អាជ្ញាធរ​ធ្វើបាប និង​ចាប់​ដាក់គុក។

ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​ឃុំ​ចាន់មូល ឃុំ​រូង និង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​ឈឺចាប់​ខ្លោចផ្សា​ក្នុង​ចិត្ត មិន​ហ៊ាន​ងើប​តវ៉ា ទាមទារ​ដីស្រែ​កេរ​ដូនតា របស់​ពួកគាត់ ដែល​បាត់បង់​ទៅ​វៀតណាម​គ្រប់គ្រង តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណាម។

អ្នកភូមិ​ភាគច្រើន ​ភ័យខ្លាច មិន​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន ព្រោះ​ខ្លាចក្រែង​អាជ្ញាធរ ធ្វើ​ទុក្ខបុកម្នេញ ខណៈ​ដែល​កន្លង​ទៅ អាជ្ញាធរ​​ភូមិ​/​ឃុំ បាន​ដើរ​គំរាម​ពលរដ្ឋ​តាម​ផ្ទះ មិន​ឱ្យ​និយាយ​រឿង​ព្រំដែន បើ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​ចំពោះមុខ​ច្បាប់។

ទន្ទឹង​នឹង​នេះ ពលរដ្ឋ​រស់នៅ​ភូមិ​ចាន់​មូល ៥០​គ្រួសារ ដែល​ធ្លាប់​តវ៉ា​ទាមទារ​ដីធ្លី ដែល​វៀតណាម​ គ្រប់គ្រង​ទំហំ​ជាង ៣០០ ហិកតារ បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត ឈប់​រវីរវល់​រឿង​នេះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ​ពលរដ្ឋ ២១​គ្រួសារ​ប៉ុណ្ណោះ ​ដែល​បន្ត​ប្តឹងផ្តល់​រក​យុត្តិធម៌។

រីឯ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត រស់​នៅ​តាម​បណ្តោយ​ព្រំដែន ក្នុង​ឃុំ​រូង និង​ឃុំ​ជាំ ក៏​មាន​បញ្ហា​បាត់បង់​ដីស្រែ​ចម្ការ ទៅ​ប្រទេស​វៀតណាម​ កាន់កាប់​ដែរ។

ពលរដ្ឋ​រស់នៅ​ភូមិ​ចាន់មូល លោក ឈីន ឆន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​លោក​មាន​ដីស្រែ​សរុប​ជាង ៧​ ហិកតារ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​ បោះបង្គោល​ព្រំដែន និង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រួច នៅ​សល់​តែ ០១ ហិកតារ​ប៉ុណ្ណោះ ហើយ ៦​ ហិកតារ​ទៀត របូត​ទៅ​វៀតណាម​គ្រប់គ្រង

លោក​ថា ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ភាគច្រើន មាន​បញ្ហា​ដូច​គ្រួសារ​លោក​ដែរ តែ​ពួកគាត់​មិន​ហ៊ាន​តវ៉ា​ទាមទារ​ដី​ទាំង​នោះ​វិញ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

លោក ឈីន ឆន ៖ «អត់​ដី​ច្រើន អ្នក​មិន​ហ៊ាន​តវ៉ា​ក៏​មាន ដោយសារ​ខ្លាច ហៅ​ទៅ​តុលាការ​ចាប់​ដាក់គុក ខ្លាច​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ទេ បាទ»។

អ្នកភូមិ​ថា ដី​តាម​បណ្តោយ​ព្រំដែន នៅ​ចំណុច​ភូមិ​ចាន់​មូល​ សរុប​ជាង ៣០០​ ហិកតារ ដែល​វៀតណាម​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​បាន​សម្របសម្រួល បោះបង្គោល​ព្រំដែន ជាមួយ​ភាគី​វៀតណាម​រួចរាល់ ភាគី​វៀតណាម​ បាន​ប្រគល់​ដី​នៅ​តំបន់​នោះ​​មួយ​​ផ្នែក ដែល​មាន​ទំហំ ជាង ៧០ ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ

ចំណែកឯ​ភូមិ​ចាន់​សាលា ឋិត​នៅ​ចំណុច​វាល​ត្បូង ដែល​ជា​ភូមិ​បុរាណ​មួយ ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ច្រើន​ជំនាន់​មក​ហើយ បច្ចុប្បន្ន​​បាន​ក្លាយ​ជា​វាលរហោឋាន គ្រប់គ្រង​ដោយ​វៀតណាម។

រីឯ​នៅ​ភូមិ​តានង ឃុំ​ចាន់​មូល ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៧ រហូតដល់ ៩៩ មាន​ដីស្រែ​ជាច្រើន​ហិកតារ ត្រូវ​វៀតណាម​គ្រប់គ្រង ​ដោយ​មាន​បង្គោល​ព្រំដែន​ខ្លះ បោះ​ចំ​កណ្តាល​ដីស្រែ​អ្នកភូមិ​។ បន្ថែម​ពី​នេះ ភូមិ​អំផុស ដែល​ជា​ភូមិ​ចាស់​មួយទៀត ក្នុង​ឃុំ​ចាន់​មូល បច្ចុប្បន្ន​ក៏​ត្រូវ​បាន​វៀតណាម​កាន់កាប់​ដែរ ក្រោយពី​រដ្ឋាភិបាល​ បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​រួចរាល់ ចាប់តាំងពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ ២០២២។

លោក ឈីន ឆន បន្ថែម​ថា ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន ពិបាក​វេទនា​ទាំង​កាយ និង​ចិត្ត ខ្វះ​ភាព​កក់ក្តៅ មិន​ត្រឹមតែ​បាត់បង់​ដីស្រែ​កេរ​ដូនតា​នោះ​ទេ បែរជា​ក្លាយជា​ជនរងគ្រោះ​ជាប់​បណ្តឹង​នៅ​តុលាការ​។ រីឯ​ពលរដ្ឋ​ភាគច្រើន បាន​បោះបង់​ដី​ដែល​វៀតណាម ​រំលោភ​យក ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ហើយ​មិន​ចង់​ចំណាយពេល​ដើរ​ប្តឹងផ្តល់​នោះ​ឡើយ។

លោក ឈីន ឆន ៖ «ខ្ញុំ​ឈឺចាប់​ពេក​ហើយ ជំនាន់​នោះ ហើយ​ឥលូវ​ក៏​ខ្ញុំ​នៅតែ​សោកស្តាយ​ដែរ តែ​ធ្វើ​ម៉េច​ជាក់ស្តែង​។ បើសិនជា​អនាគត​ទៅ ក្មេង​ជំនាន់​ក្រោយ មាន​ចំណេះ​ដឹង អាច​ដោះស្រាយ​បាន​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ តាម​ច្បាប់​អន្តរជាតិ ខ្ញុំ​ក៏​ត្រេក​អរ​​ដែរ»។

ឆ្លើយតប​រឿង​នេះ មេឃុំ​ចាន់​មូល លោក មី សារុំ មានប្រសាសន៍ថា កំឡុង​ពេល​ដែល​រដ្ឋាភិបាល​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម ពលរដ្ឋ​បាន​ឯកភាព​ទាំងស្រុង ពុំ​មាន​ពលរដ្ឋ​ណា​តវ៉ា​ប្តឹងផ្តល់​នោះ​ទេ ហើយ​ដី​ភាគច្រើន​អាជ្ញាធរ​ខ្មែរ ទាមទារ​បាន​ពី​វៀតណាម​ត្រឡប់​មក​វិញ។

លោក​បញ្ជាក់​ថា ផ្ទៃដី​ដែល​អាជ្ញាធរ​ទទួល​បាន​ពី​វៀតណាម ទំហំ​ជាង ៧០ ​ហិកតារ ក្នុង​ឃុំ​ចាន់មូល រដ្ឋាភិបាល​គ្រោង​រៀបចំ​ដី​ទាំងនោះ ជា​ដី​សម្បទាន​សង្គមកិច្ច។

លោក មី សារុំ ៖ «ដី​ប្រជាពលរដ្ឋ​យើង​ដែល​ធ្លាប់​គាស់​រាន បាន​ទៅ​លើ​វៀតណាម​ខ្លះ ហើយ​មួយ​ចំនួន​ទៀត បាន​ទៅលើ​ពលរដ្ឋ​យើង​ច្រើន​។ បើ​គិត​ពី​ផ្ទៃដី​ក្រោយ​ពី ការ​បោះបង្គោល​រួច ដែល​ផ្ទៃដី​យើង​បាន​ពី​វៀតណាម​មក គឺ​ជាង ៧០​ ហិកតារ»។

គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋាភិបាល​ឯក​បក្ស​ លោក ហ៊ុន សែន សម្រេច​បាន​ការ​បោះបង្គោល​ព្រំដែន​គោក​ ជាមួយ​ភាគី​វៀតណាម​ បាន ​៣១៥ បង្គោល ស្មើនឹង ​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥ បង្គោល​។ រដ្ឋាភិបាល​នឹង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ថ្មី​ទៀត ដើម្បី​បោះបង្គោល​ព្រំដែន​ ជាមួយ​ភាគី​វៀតណាម ចប់​សព្វគ្រប់។

ជុំវិញ​រឿង​នេះ​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បកស្រាយ​ថា មកទល់​ពេល​នេះ រដ្ឋាភិបាល​មិនទាន់​បោះបង្គោល​ព្រំដែន ជាមួយ​ភាគី​វៀតណាម​ រួចរាល់​នៅឡើយ​ទេ ព្រោះ​ការ​ដោះស្រាយ​បញ្ហា​នេះ ចាំបាច់​ត្រូវ​ឯកភាព​គ្នា​ទាំង​សង​ខាង ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ផ្លូវការ​ច្បាស់លាស់ ។ លោក​ថា សំណល់​ដី​ដែល​វៀតណាម ​ត្រូវ​សង​មក​ឱ្យ​កម្ពុជា រដ្ឋាភិបាល​​បានសម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ ជូន​ពលរដ្ឋ​ក្រីក្រ និង​យោធា​ការពារ​ព្រំដែន។

លោក​ព្រមាន​ថា ប្រយ័ត្ន​មាន​រឿង​វែងឆ្ងាយ ប្រសិនបើ​យក​ប្រភព​ពី​បញ្ហា​ព្រំដែន​ពី​ លោក រ៉ុង ឈុន

លោក វ៉ា គឹមហុង ៖ «ការ​បោះបង្គោល​ព្រំដែន ​យើង​រក​ខ្សែ​ព្រំដែន​ផ្លូវការ ​ឯកភាព​គ្នា​សង​ខាង ទើប​យើង​គណនា​ដី​ចេញចូល កាល​ណា​យើង​ចូល​គេ គេ​ចូល​យើង យើង​ត្រូវ​ថយ​។ យើង​ចូល​ច្រើន យើង​ចូល​តិច កុំ​អធិប្បាយ​តាម​នេះ តាម​នោះ តាម លោក រ៉ុង ឈុន នាំ​មានរឿង​វែងឆ្ងាយ»។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ លោក ម៉ែន ណាត សង្កេតឃើញ​ថា រដ្ឋាភិបាល​បាន​ចាប់ខ្លួន​សកម្មជន​ព្រំដែន និង​ហាមឃាត់​យុវជន ​មិន​ឱ្យ​តាមដាន​ពី​បញ្ហា​នេះ គឺជា​សញ្ញា​បង្ហាញថា ការ​កំណត់​ព្រំដែន​ជាមួយ​វៀតណាម ខ្វះ​តម្លាភាព និង​ធ្វើឡើង​ដោយ​លាក់លៀម

លោក ​ចូលរួម​សោកស្តាយ​ជាមួយ​ពលរដ្ឋ​ខ្មែរ ដែល​បាត់បង់​ដីស្រែ​ទៅ​វៀតណាម ព្រោះ​រដ្ឋាភិបាល​ឯក​បក្ស​ លោក ហ៊ុន សែន តែងតែ​ផ្តល់​សម្បទាន​ជូន​វៀតណាម ក្នុង​រឿង​ព្រំដែន​។ លោក​ប្រកាស​ជំហរ​ថា នឹង​នៅតែ​រក្សា​ចិត្តគំនិត​សើរើ​ឡើងវិញ នូវ​ឯកសារ​​ទាំង​ឡាយ​ណា​មិន​ប្រក្រតី ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​អនាគត ក្នុងពេលដែល​កម្ពុជា​មាន​រដ្ឋាភិបាល​ថ្មី។

លោក ម៉ែន ណាត ៖ «មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​បាត់​ដីស្រែ​ចម្ការ របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន នៅ​តាម​ភូមិ​ជាំ ឃុំ​ជាំ​ នៅ​ខាង​ត្បូងឃ្មុំ​ អីហ្នឹង វា​សុទ្ធតែ​ពាក់ព័ន្ធ​បញ្ហា​ផែនទី ហើយ​ផែនទី​ព្រំដែន​ដែល​គេ​ប្រើប្រាស់​ហ្នឹង គេ​យក​ផែនទី​បោន ដែល​បោះ​ខ្នាត ១/១០០​ពាន់ ដែល​បោះពុម្ព​ឡើងវិញ​ នៅ​វៀតណាម ឆ្នាំ១៩៨៥ ខែធ្នូ»។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ទៅ​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ ចំនួន​៨៤% ជាមួយ​ភាគី​វៀតណាម​ ដល់​រដ្ឋធានី​ហាណូយ។

ក្រោយមក ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម តាម​សំណើ របស់​លោក ហ៊ុន សែន

លោក ម៉ែន ណាត ចាត់ទុក​សន្ធិសញ្ញា​នេះ ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ឆ្នាំ​១៩៩១ និង ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មកវិញ​ នូវ​របប​សាធារណរដ្ឋ ប្រសិន​បើ​​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​នរោត្តម សីហមុនី មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ ស្ដីពី​ព្រំដែន​កម្ពុជា​-​វៀតណាម៕

.