វីអូឌី (VOD) ដោយលោក ណាត សុភាព
25-12-2022

តំណាង​ក្រុម​យុវជន​មក​ពី​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​គ្មាន​ការ​ឆ្លើយ​តប​ ចំពោះ​សំណើ​សុំ​បញ្ឈប់​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​​អចិន្ដ្រៃយ៍​​ ដល់​ជន​​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​​ និង​លុប​ចោល​​គម្រោង​​បង្កើត​​ដេប៉ាតឺម៉ង់​​សិក្សា​​ភាសា​វៀតណាម ​នៅ​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​ទេ នោះ​ពួក​គេ​​នឹង​ដើរ​ហែ​ក្បួន​ទៅ​កាន់​ស្ថាប័ន​រដ្ឋ ដើម្បី​បន្ត​ការ​​ទាម​ទារ​នេះ​បន្ថែម​ទៀត។  ​

ការព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​យុវជន​ជា​ច្រើន​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​តវ៉ា​នេះ។ តំណាង​យុវជន​ដែល​ដឹកនាំ​ការ​ជួប​ជុំ​គ្នា​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ លោក អ៊ុំ ឈុម បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​នេះ ពួក​គេ​ប្រមាណ ​៤០​នាក់ បាន​ជួប​ជុំ​គ្នា​សម្តែង​មតិ​​ ដើម្បី​ទាម​ទារ​ទៅ​រដ្ឋាភិបាល​ បញ្ឈប់​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​​អចិន្ដ្រៃយ៍​​ដល់​ជន​បរទេស​​ និង​លុប​ចោល​​គម្រោង​​បង្កើត​​ដេប៉ាតឺម៉ង់​​សិក្សា​​ភាសា​វៀតណាម ​នៅ​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​ថា មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ចេញ​មក​ដោះ​ស្រាយ ឬ​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​របស់​ពួក​គេ​នៅ​ឡើយ។

ករណីនេះ លោក​ព្រមាន​ថា បើ​អាជ្ញាធរ​នៅ​តែ​មិន​ចេញ​មក​ដោះ​ស្រាយ​ទេ នោះ​ពួក​គាត់ នឹង​នាំ​គ្នា​ដើរ​ហែ​ក្បួន​ទៅ​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ ក្រសួង​អប់រំ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ទាម​ទារ​ឱ្យ​ស្ថាប័ន​រដ្ឋ​ទាំង​នោះ ​ជួយ​ឆ្លើយ​តប​ និង​ដោះ​ស្រាយ​តាម​សំណើ​​របស់​ពួក​គេ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​លើក​ឡើង​ថា៖ «បើ​សិន​ជា​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ថ្ងៃ​ក្រោយ​ គឺ​យើង​ចង់​ធ្វើ​បែប​ជា​ដង្ហែ​ជា​ក្បួន​សុំ​ដើរ​ទៅ​ផ្លូវ​ណាៗ ឬ​ក៏​អាច​យើង​ដង្ហែ​ក្បួន​ខ្លះ ទៅ​កាន់​ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​អប់រំ​តែ​ម្តង។  នេះ​ជា​ការ​ព្រាង​ទុក​របស់​យើង គឺ​យើង​អត់​ចង់​ធ្វើ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​បន្ត​ទៀត​ទេ គឺ​យើង​ចង់​ធ្វើការ​ដង្ហែ​ជា​ក្បួន​វិញ តែ​ធ្វើ​ថ្ងៃ​ណា យើង​មិន​ទាន់​ច្បាស់​ទេ ចាំ​យើង​ពិភាក្សា​គ្នា​សិន»។

វីអូឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​ទេ​ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

ចំណែក អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា លោក រស់ សុវាចា និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។

កាល​ពី​សប្តាហ៍​មុន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន ​ធ្វើ​បាតុកម្ម​នៅ​​ទីលាន​​​ប្រជា​​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​​ការ​​​​​ចេញ​​បណ្ណ​​ស្នាក់​​​​​នៅ​​អចិន្ត្រៃយ៍​​ដល់​​​​ជន​​​​បរទេស និង​​លុប​​ចោល​​គម្រោង​​​​​បង្កើត​​អគា​រ​​​សិក្សា​ភាសា​វៀតណាម ​នៅ​​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​ភ្នំពេញ នៅ​​ថ្ងៃ​ទី​២៤ និង​ ២៥ ខែ​ធ្នូ ឆ្នាំ​២០២២​ វេលា​ម៉ោង ៦​ព្រឹក រហូត​ដល់​ម៉ោង ៦​ល្ងាច ដោយ​ដាក់​កំហិត​ឱ្យ​អ្នក​ចូល​រួម​ក្រោម ២០០​នាក់ តែ​ប៉ុណ្ណោះ។

ការ​ស្នើសុំ​ធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជន​​ទាំង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​​​បង្កើត​​អាគារ​​សិក្សា​​​ភាសា​​​​វៀត​​​ណាម ​នៅ​​សាកល​វិទ្យាល័យ​ភូ​មិន្ទ​​ភ្នំពេញ ខណៈ​ក្រសួង​​មហាផ្ទៃ​ បាន​ក្រើន​រំឭក​​ដល់​​​​មន្ត្រី​​ក្រោម​​ឱវាទ និង​​វិស័យ​ឯកជន​ទទួល​​ស្គាល់​​បណ្ណ​​​​​​ស្នាក់​​នៅ​អចិន្ត្រៃយ៍​ជន​បរទេស​អន្តោ​ប្រវេសន្ត​ ​សម្រាប់​​បម្រើ​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​រក​ឃើញ​ថា មន្ត្រី​​ថ្នា​ក់​​ក្រោម​ជាតិ និង​វិស័យ​ឯកជន​មួយ​ចំនួន មិន​ទាន់​​ទទួល​ស្គាល់​តម្លៃ​​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ណ​​ស្នាក់​នៅ​អចិន្ត្រៃយ៍​​របស់​ជន​បរទេស​អន្តោ​ប្រវេសន្ត​ទាំង​នោះ។

កាលពីថ្ងៃទី ២០ ខែ​វិច្ឆិកា កន្លង​ទៅ ប្រធាន​​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ ​ បាន​ស្នើ​ឱ្យ​កម្ពុជា​​ឱ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ទាក់​ទង​នឹង​ការ​ផ្តល់​ឯកសារ​​​ស្រប​ច្បាប់ ​​ដល់​​ប្រជា​ពលរដ្ឋ​​ខ្លួន​ ដែល​តាំង​ទី​លំនៅ​​​​លើ​ទឹក​ដី​កម្ពុជា ខណៈ​អ្នក​ឃ្លាំ​មើល​និយាយ​ថា ការ​ស្នើ​ដដែលៗ​នេះ ជា​រឿង​អាក្រក់​នៃ​នយោបាយ​ការ​ទូត​របស់​វៀតណាម មក​លើ​កម្ពុជា៕

.