The Cambodia Daily
19-12-2022

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើម​បញ្ចេញ​យុទ្ធនាការ​ វាយប្រហារ​លើ​អ្នកវិភាគ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក ដែល​តែងតែ​រិះ​គន់​​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ដោយ​​បង្កើត​​បទ​ចម្រៀង​ប្រមាថ​មាក់ងាយ ​ក្នុង​កម្មវិធី​សាធារណៈ។

លោក ហ៊ុន សែន បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ ​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​​មាន​ចំណងជើង​ថា «កុំ​ជឿ​សម្ដី​ក្រុម​អ្នក​ស៊ី​ឈ្នួល​វិភាគ​បង្អាប់​ខ្មែរ» ដោយ​ក្នុង​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នោះ ​បាន​រៀបរាប់​ថា មាន​មាត់​អាង​ថា អាចារ្យ​តែ​ថាំ វិភាគ​ច្រើន​ឆ្នាំ គុក​ចាំ​ទទួល អាង​រត់​ចោល​ស្រុក ចាក់រុក​កាច់​មួល បាន​ស៊ី​ពែ​ឈ្នួល វិភាគ​បំពាន។

ក្នុង​ខ្លឹមសារ​នៃ​បទ​ចម្រៀង​របស់​មេដឹកនាំ​ខ្មែរ​រូប​នេះ ក៏​បាន​សរសេរ​លើក​តម្កើង​ នូវ​ការ​ដឹកនាំ​របស់​ខ្លួន​ផង​ដែរ​ថា ស្រុក​ខ្មែរ​ចម្រើន កើន​គ្រប់​វិស័យ សមិទ្ធផល​ថ្មីៗ​តម្លៃ​សែន​លាន អគារ លំនៅ សាលា ផ្លូវ​ស្ពាន ឈាន​អភិវឌ្ឍ។

ការ​បញ្ចេញ​បទ​ចម្រៀង​ វាយប្រហារ​លើ​អ្នកវិភាគ​នៅ​ក្រៅ​ស្រុក​នេះ ត្រូវ​គេ​ដឹង​ថា លោក ហ៊ុន សែន ហាក់​មាន​ចេតនា​សំដៅ​ទៅ​លើ​អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ដែល​ជា​មនុស្ស​តែង​ត្រូវ​បាន​លោក ហ៊ុន សែន ប្រមាថ​ជា​បន្តបន្ទាប់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា លោក ហ៊ុន សែន បាន​ប្រយ័ត្នប្រយែង​ចំពោះ​រូបលោក ​មិន​ខុស​ពី​ការ​ប្រយ័ត្នប្រយែង​ចំពោះ​លោក កឹម សុខា និង​លោក សម រង្ស៊ី នោះ​ទេ ក្នុង​ដំណាក់កាល​ដែល​គាត់​ កំពុង​រៀប​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​បង្កើត​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​អ្នក​ស្នង​មត៌ក​អំណាច​សម្រាប់​ត្រកូល ហ៊ុន នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន ទំនង​ជា​ព្រួយ​គ្រប់​ដង្ហើម​ចេញ​ចូល​ខ្លាច​រូបលោក​ក្លាយ​ជា​គូប្រជែង​នឹង​កូន​ប្រុស​​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​មុខ។

លោក​បន្ថែម​ថា រឿង​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន កាន់តែ​ព្រួយ​ចិត្ត​ទៀត​នោះ គឺ​ការ​គំរាម​ចាប់​រូបលោក​ដាក់​គុក និង​ការ​ប៉ុនប៉ង​យក​អាយុ​ជីវិត​របស់​លោក​ម្តង​ហើយ​ម្តង​ទៀត ហើយ​ដែល​លោក​នៅតែ​មិន​ញញើត​ដូច​ពេលនេះ ជាដើម។ លោក​បន្ត​ថា ដើម្បី​បំភាន់​មហាជន លោក ហ៊ុន សែន មាន​តែ​ចោទ​រូបលោក​ទាំង​បំពាន​ទៅ​តុលាការ ដើម្បី​កុំ​ឱ្យ​លោក ​មាន​ឱកាស​ប្រកួតប្រជែង​ជាមួយ​​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ហៅ​អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ថា​ ជា​ក្មេង​ពាល​កែ​មិន​ឡើង ហើយ​ជា​អ្នក​ដែល​ចិញ្ចឹម​ចិត្ត​ប្រឆាំង​នឹង​រូប​លោក​​រហូត​មក ក្នុង​នោះ លោក ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​មួយ​ដែល​លោក គឹម សុខ បាន​ឡើង​ថ្លែង​កាលពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​នាម​ជា​អ្នក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ប្រឆាំង​នឹង​ការ​ដឹកនាំ​តាម​ជំហាន​គីង្គក់​ របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ។

យ៉ាងណាក៏ដោយ អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៣ ធ្នូ ថា ការ​ដែល​លោក ហ៊ុន សែន ហៅ​រូបលោក​ថា​ជា​ក្មេង​ពាល គឺ​មាន​បំណង​ចង់​ឱ្យ​លោក ​ឆ្លើយឆ្លង​ជាមួយ​គាត់​ត្រឹមតែ​រឿង​កំប៉ិកកំប៉ុក​ផ្ទាល់ខ្លួន ក្នុង​ចេតនា​បង្វែរ​កុំ​ឱ្យ​រូបលោក ​និយាយ​ពី​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ និង​ការ​បំផ្លាញ​ជាតិ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក​ថា លោក ហ៊ុន សែន ក៏​ព្យាយាម​បង្វែរ​សាច់រឿង​ ដែល​លោក​បាន​ដាក់​លក្ខខណ្ឌ​ថ្មីៗ​ ទៅ​កាន់​មេដឹកនាំ​ខ្មែរ​រូប​នេះ​ផង​ដែរ ដូចជា​ការ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងអស់​លើ​រូបលោក ដើម្បី​ឲ្យ​លោក ​អាច​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​​ជាមួយ​ពលរដ្ឋ​ខ្មែរ តាម​ការ​អះអាង​របស់​គាត់​ កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​រំលឹក​របស់​លោក​ដដែលៗ​បែប​នេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹងសម្បា​កាន់តែ​ខ្លាំង ស្រប​ពេល​​ដែល​គាត់ ​ក៏​មិន​បាន​គោរព​ពាក្យ​សន្យា ខណៈ​លក្ខខណ្ឌ​ថ្មីៗ​ ដែល​លោក​បាន​ទាមទារ លោក ហ៊ុន សែន ក៏​មិន​ហ៊ាន​ឆ្លើយ​តប​​ថែម​ទៀត​នោះ ដូច្នេះ​មាន​តែ​ប្រើ​វិធី​ឈ្លោះ​ជាមួយ​លោក​ជា​រឿង​បុគ្គល ដើម្បី​បន្លប់​សាច់រឿង​ដែល​គាត់​ បាន​បំផ្លាញ​ជាតិ​ប៉ុណ្ណោះ។

កាលពី​ខែ​សីហា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​​កេរ្តិ៍​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា ជា​សាធារណៈ​ពាក់ព័ន្ធ​ករណី​ថា ​បាន​បង្កើត​ជា​ប្រព័ន្ធ​នៃ​ការ​សម្លាប់​មនុស្ស​លើ​ឃាតកម្ម​ធំៗ ហើយ​រក​ឃាតករ​ពិត​មិន​ឃើញ។

ពាក់ព័ន្ធ​ករណី​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨ ​ខែ។ ជាង​នេះ​ទៀត តុលាការ​បង្គាប់​ឲ្យ​លោក​បង់​ប្រាក់​ពិន័យ​ចំនួន ៨​ លាន​រៀល​ចូល​ថវិកា​ជាតិ និង​ សំណង​ជំងឺ​ចិត្ត​ដល់​លោក ហ៊ុន សែន ដែល​ជា​ដើមបណ្ដឹង​ចំនួន ៨០០​លាន​រៀល ឬ​ប្រមាណ​ជា ២០ ​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ

ដោយ​មាន​ការ​គំរាមកំហែង​សុវត្ថិភាព ​ពី​រដ្ឋាភិបាល​កម្ពុជា​ឥត​ស្រាកស្រាន្ត លោក គឹម សុខ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កាលពី​ចុង​ឆ្នាំ​ ២០១៨ ក្រោយ​ពេល​លោក​ចេញពី​ពន្ធនាគារ​វិញ និង ​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់ ជាមួយ​កូនស្រី​របស់​លោក ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណាក៏ដោយ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្តឹង​លោក គឹម សុខ មួយ​ករណី​ទៀត​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ ​កាលពី​ថ្ងៃទី​ ៨ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ ក្រោម​បទល្មើស​ដែល​ពួកគេ​អះអាង​ថា មាន​ភស្តុតាង​ជា​វីដេអូ​គ្រប់គ្រាន់​ដែល​ថា​ លោក គឹម សុខ បាន​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ​កាលពី​អំឡុង​ខែ​មិថុនា ដល់​ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​អះអាង​ថា ខ្លួន​នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​អ្នកវិភាគ​នយោបាយ​រូប​នេះ ​នៅ​ថ្ងៃទី​ ១៨ ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​លោក គឹម សុខ ចោទ​ថា​ជា​ការ​លួច​ប្ដឹង និង​លួច​កាត់ទោស​លើ​រូប​លោក​​សុទ្ធសាធ។ លោក គឹម សុខ បាន​ចាត់ទុក​សវនាការ​នេះ​ថា​ ជា​សវនាការ​តាម​បែប​របប ប៉ុល ពត ដែល​ជា​របប​វាល​ពិឃាត​ប៉ុណ្ណោះ៕

.