អត្ថបទ RFA Khmer / ដោយ ទីន ហ្សាការីយ៉ា
23-9-2022

អ្នកវិភាគ​នយោបាយ​ លោក គឹម សុខ បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អួត​អាង​ថា កម្ពុជា​មាន​សន្តិភាព ដោយសារតែ​គោលនយោបាយ​ឈ្នះ​-​​ឈ្នះ នោះ​ជា​ការ​ប្រមាថ​អង្គការ​សហប្រជាជាតិ (UN) ដែល​បាន​ជ្រួយ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក គឹម សុខ មាន​ប្រសាសន៍​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ ភ័យខ្លាច បាត់បង់​ឯកភាព​ជាតិ និង​ធ្វើ​ឲ្យ​បរទេស​មាន​ឥទ្ធិពល​លើ​កម្ពុជា ដូចជា​វៀតណាម និង​ចិន ជាដើម ដែល​រំលោភ​លើ​​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​៖ «ការងារ​របស់​អ៊ុនតាក់​ហ្នឹងហើយ ដែល​នាំ​ឲ្យ​មានការ​សម្របសម្រួល និង​​ជា​ផ្លូវ​នាំទៅ​ដល់​បង្កើត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ក្រុម​លោក ហ៊ុន សែន បំផ្លាញ​ចោល ដោយ​មិន​ខ្វល់​អំពី​ការគោរព​​ កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស និង ​បង្កើត​នូវ​អ្វី​ដែល​ជា​ស្នាដៃ​វាល​ពិឃាត​ថ្មី​មួយ ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​ពិឃាត​វាសនា​ជាតិខ្មែរ ដោយ​ការប្រើ​អំពើ​ហិង្សា​តាម​ទំនើងចិត្ត និង​មិន​គោរព​រដ្ឋធម្មនុញ្ញ»។

លោក ហ៊ុន សែន ថ្លែង​នៅក្នុង​ឱកាស​ទិវា​​សន្តិភាព​អន្តរជាតិ ​ថ្ងៃទី​២១ ​កញ្ញា អះ​អាង​​​ថា កម្ពុជា​​ទទួល​​បាន​​សន្តិ​ភាព​​ទាំងស្រុង​ ចាប់​តាំង​ពី​​ឆ្នាំ​​១៩៩៨ ​មក តាមរយៈ​នយោបាយ​​ឈ្នះ​-​ឈ្នះ ​របស់​លោក ដែល​​ធ្វើ​ឲ្យ​កម្ពុជា ​រីក​ចំរើន​គ្រប់​វិស័យ។ លោក ​ហ៊ុន សែន បន្ថែម​ថា ក្រោម​ម្លប់​សន្តិភាព​នេះ លោក​បាន​បញ្ជូន​កងកម្លាំង​ជាង ៨ ​ពាន់ ៣ ​រយ​នាក់ (៨,៣០២​ នាក់​) ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ ​អង្គការ​សហប្រជាជាតិ​ ក្នុង​ប្រទេស​ចំនួន ​៩​ ជាដើម។

ទោះបីជា​បែបនេះ​ក្ដី អ្នកវិភាគ​លើកឡើង​ថា កម្ពុជា​សព្វថ្ងៃ​នេះ មិន​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ឡើយ​។ លោក គឹម សុខ បញ្ជាក់​ថា ដើម្បី​ឲ្យ​កម្ពុជា ​មាន​សន្តិភាព​ពិតប្រាកដ លុះត្រាតែ លោក ហ៊ុន សែន អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស ​ឲ្យ​បាន​ពេញលេញ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ភាគី​កម្ពុជា​​សន្យា​ថា ធានា​គោរព និង​​ប្រតិបត្តិ​​តាម​​គោលការណ៍​ប្រជា​ធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជា​​មូលដ្ឋាន​​នៅ​កម្ពុជា គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ ក្នុង​​ការ​ធ្វើ​សកម្មភាព ដែល​ជំរុញ និង​ការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ព្រមទាំង​ចូលរួម​គោរព ​តាម​​កិច្ច​ព្រម​ព្រៀង​​អន្តរជាតិ​ទាំង​ឡាយ​ ពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស​។ ស្មារតី​សំខាន់​ជាងគេ ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ការ​បង្រួបបង្រួម​ជាតិ​។ ប៉ុន្តែ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​​លោក ហ៊ុន សែន ​នេះ ធ្វើ​​ឲ្យ​​ពលរដ្ឋ​​រង​​ទុក្ខ​​បាត់​បង់​​សិទ្ធិ​សេរីភាព បំផ្លាញ​ប្រជា​ធិបតេយ្យ រំលោភ​សិទ្ធិ​​មនុស្ស និង​​បែកបាក់​ជាតិ៕

.