អត្ថបទ The Cambodia Daily
21-9-2022

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ ដល់​ជន​ជាតិ​វៀតណាម ​ដែល​​កំពុង​​រស់​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺ​ជា​ការ​ជ្រៀត​ជ្រែក​​កិច្ចការ​ផ្ទៃក្នុង និង​​រំលោភ​​អធិបតេយ្យ​​ជាតិ​កម្ពុជា​ធ្ងន់​ធ្ងរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាល​ពី​​ថ្ងៃ​ទី​​២០ ខែ​កញ្ញា ឆ្នាំ​​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ ​ភាគច្រើន​តែង​​ព្រួយ​បារម្ភ​​ពី​​អធិបតេយ្យ​​ជាតិ​​របស់​ខ្លួន ដែល​​ត្រូវ​បរទេស​ជិតខាង​ រំលោភ​បំពាន​​តាម​រយៈ​​នយោបាយ​ប្រជា​សាស្ត្រ​ ដែល​​វៀតណាម​ ​កំពុង​​បង្ហូរ​​ជន​ជាតិ​​របស់​​ខ្លួន ​ឱ្យ​​ទៅ​​រស់​នៅ​​លើ​​ទឹក​ដី​​កម្ពុជា​​ សព្វថ្ងៃ​​នេះ។

លោក​​បន្ថែម​ថា ជា​​រឿង​​ដែល​​គួរ​​ឱ្យ​​សោកស្តាយ​​ណាស់​ ដែល​រដ្ឋាភិបាល​ខ្មែរ​ ដឹក​នាំ​​ដោយ​​មេដឹក​នាំ​​ដែល​វៀត​ណាម​​លើក​​បន្តុប យល់​ព្រម​​តាម​សំណើ​នាយក​រដ្ឋ​មន្ត្រី​​វៀតណាម ទទួល​យក​​ជន​ជាតិ​របស់​គេ​ ឱ្យ​ទៅ​រស់នៅ​លើ​​ទឹក​ដី​​របស់​​ខ្លួន។

លោក​​ព្រមាន​ថា មហិច្ឆតា​​របស់​​វៀតណាម ​ក្នុង​​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា ទោះ​រូបភាព ឬ​​វិធីសាស្ត្រ​ណា​​ក៏​ដោយ គឺ​​មិន​អាច​អនុវត្ត​ទៅ​បាន​ទេ ប្រសិនបើ​កម្ពុជា​ មាន​រដ្ឋាភិបាល​ជា​របស់​ជាតិ​ខ្មែរ​ពិតប្រាកដ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ កម្ពុជា​ដែល​​មាន​​ លោក ហ៊ុន សែន ជា​មេដឹកនាំ បាន​បើក​ឱកាស​ឱ្យ​វៀតណាម​ ឈ្លានពាន​កម្ពុជា​គ្រប់​បែប​យ៉ាង​ជាង ៤​ទសវត្ស​​មក​​ហើយ។

លោក​បន្ត​ថា ឱកាស​ដែល​លោក ហ៊ុន សែន ចាប់​ផ្តើម​​បើក​​ឱ្យ​វៀតណាម គឺ​​រាប់​​ចាប់​តាំង​ពី​​ការ​​ចេញ​​សារាចរ​​ខុស​ច្បាប់ ​ឱ្យ​​ជន​ជាតិ​​វៀតណាម​ ​ទៅ​​រស់​នៅ​​លើ​ទឹក​ដី​កម្ពុជា និង​​ការ​​បង្កើត​​សន្ធិសញ្ញា​​ខុស​ច្បាប់ ​ឆ្នាំ​២០០៥ ដើម្បី​​ធានា​សុពលភាព​​កិច្ច​ព្រម​ព្រៀង​​ខុស​ច្បាប់​នានា ដែល​គាត់​​បាន​លួច​ចុះហត្ថលេខា ​ជាមួយ​វៀតណាម ​នា​ពេល​កន្លង​មក។

អនុប្រធាន​វេទិកា​ពលរដ្ឋ​​រូប​នេះ​ អះអាង​ថា ដើម្បី​​លុប​បំបាត់​​នយោបាយ​ប្រជា​សាស្ត្រ​ តាម​រយៈ​ការ​បង្ហូរ​ជន​ជាតិ​វៀតណាម​​ដោយ​​ខុស​ច្បាប់ ​ចូល​​ទៅ​​រស់នៅ​​លើ​ទឹក​ដី​កម្ពុជា ក្នុង​បំណង​បន្សាប​​ជាតិ​​សាសន៍​​ខ្មែរ​​សព្វថ្ងៃ​នេះ កម្ពុជា ​គ្មាន​​ជម្រើស​​ណា​​ល្អ​​ក្រៅ​ពី​​លុបចោល​​រាល់​ សន្ធិសញ្ញា​​ ដែល​អស់​សុពលភាព ​ក្រោយ​កិច្ច​ព្រម​ព្រៀង​​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ​ទេ នោះ​​ទើប​កម្ពុជា ​អាច​រក​ឃើញ​នូវ​ពន្លឺ​ឯករាជ្យ ហើយ​អាច​ធានា​អធិបតេយ្យ​ភាព​​ជាតិ និង​ចៀស​​ផុត​​ពី​ការ​​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​​របស់​ខ្លួន ​ពី​បរទេស​ជិតខាង​​បាន​​ត​ទៅ​​ថ្ងៃ​​អនាគត។

ចំណែក​សកម្មជន​សង្គម លោក ធែល ធីលែន បាន​​លើកឡើង​ក្នុង​​កិច្ច​ពិភាក្សា​​នេះ​​ថា ប្រសិន​បើ​​រដ្ឋាភិបាល​កម្ពុជា ​មិន​​ប្រុង​ប្រយ័ត្ន​​ពី​​ការ​បង្ហូរ​​ជន​ជាតិ​​វៀតណាម​ ចូល​មក​កម្ពុជា​ទេ ជាតិ​​សាសន៍​​ខ្មែរ ​នឹង​​រង​​នូវ​​ហានិភ័យ​ធ្ងន់​ធ្ងរ​​បំផុត ខណៈ​​រដ្ឋាភិបាល​​វៀតណាម ​នឹង​​មិន​​បញ្ឈប់​​ផែនការ​​បង្ហូរ​​ជន​ជាតិ​​របស់​​គេ​​ដោយ​ខុស​ច្បាប់​ ឱ្យ​​ចូល​​ទៅ​រស់​នៅ​លើ​ទឹកដី​ខ្មែរ​​នោះ​ឡើយ។

កាលពី​ថ្ងៃទី​​២៦ ខែ​​កុម្ភៈ ឆ្នាំ​១៩៨៦ បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​​ចុះ​ហត្ថ​លេខា​​លើ​​សារាចរ​​ណែនាំ​​ ស្ដីពី​​ការ​អនុវត្ត​​គោល​នយោបាយ​​ចំពោះ​​អាណិកជន​​វៀតណាម​​នៅ​​កម្ពុជា ដែល​​តម្រូវ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា ​ផ្តល់​ដីធ្លី ទី​ជម្រក ផ្តល់​​អត្ត​សញ្ញាណ​ប័ណ្ណ ថែ​រក្សា និង​​ផ្គត់​ផ្គង់​​ឲ្យ​​បាន​​ត្រឹម​ត្រូវ ហើយ​សារាចរ​នេះ ​នៅ​តែ​​មាន​សុពលភាព​រហូត​​មក​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ កាលពី​ថ្ងៃទី​ ១៣ ខែ​​ឧសភា ឆ្នាំ​​២០២២ បាន​​សុំ​​ឱ្យ​លោក ហ៊ុន សែន ជួយ​​ពលរដ្ឋ​​វៀតណាម ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​​ជា​​ការ​​រស់​នៅ​ដោយ​​ស្រប​ច្បាប់​វិញ ខណៈ​​មេដឹកនាំ​​កម្ពុជា​ លោក ហ៊ុន សែន មិន​​បាន​​បដិសេធ​ទៅ​​នឹង​​សំណើ​​នេះ​​ទេ។

ក្រសួង​មហាផ្ទៃ កាល​ពី​​ថ្ងៃ​​ចុង​​ខែ​​សីហា ឆ្នាំ​​២០២២ ចេញ​​សេចក្ដី​​ជូន​ដំណឹង​ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ឱ្យ​​ជន​អន្តោ​ប្រវេសន៍​​នៅ​កម្ពុជា ស្រប​​ពេល​​ដែល​​គេ​​មើល​​ឃើញ​ថា ជនអន្តោប្រវេសន៍​​ដែល​​រស់នៅ​​លើ​​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ៕

.