The Cambodia Daily
06th-3-2021

ក្រុមបញ្ញវន្ត​នៅ​ក្រៅ​ប្រទេស សំដែង​ការសោក​ស្តាយ​ ចំពោះ​រដ្ឋសភា និង​​រដ្ឋាភិបាល​ឯកបក្ស កំពុង​ធ្វើ​ច្បាប់​ស្តីពី​ការទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​មាន​ការ​កម្រឹត​វិន័យ​ខ្លាំង​ពេក​ដល់ព​លរដ្ឋ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​រដ្ឋាភិបាល​ឯក​បក្ស​របស់​គណបក្ស​​កាន់​អំណាច ​ប្រឹង​​​ធ្វើ​​រឿង​​គ្រប់​​​យ៉ាង​​តាម​​តែ​​បំណង​​របស់​​លោក ហ៊ុន សែន ដែល​ជា​ការ​បង្ខំ​ពលរដ្ឋ​គ្រប់​មធ្យោបាយ​​​ នូវ​អ្វីដែល​គាត់​ចង់​បាន​​តែ​​ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះ​អាង​ថា ច្បាប់​ស្តីពី​​វិធានការ​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ នេះ មិន​ខុស​ពី​ច្បាប់​ដាក់​ប្រទេស​ក្នុង​​គ្រា​អាសន្ន​នោះ​ទេ ដែល​មាន​ការ​កម្រឹត​វិន័យ​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ។ លោក​បន្ត​ថា ច្បាប់​​នេះ​ក៏​ជា​ឧបករណ៍​មួយ ដើម្បី​បម្រើ​មហិច្ឆតា​​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ព្យាយាម​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ​របស់​ពលរដ្ឋ​គ្រប់​វិធី​​ក្នុង​អំឡុង​​វិបត្តិ​កូវីដ-១៩។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​រដ្ឋសភាជាតិ ដែល​ដឹកនាំ​ដោយ​គណ​បបក្ស​ប្រជាជាន​កម្ពុជា បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ និង​​ជំងឺ​​ឆ្លង​​កាច​​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ {០៥ មីនា ២០២១}។

សមាជិក​រដ្ឋសភា​របស់​គណបក្ស​កាន់​អំណាច​ប្រចាំ​មណ្ឌល​ខេត្ត​កំពុងស្ពឺ លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពី​រដ្ឋសភា​ អនុម័ត​ច្បាប់​នេះ​រួច​ភ្លាមៗ​ថា ច្បាប់​នេះ នឹង​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ នូវ​ឧបករណ៍​ដែល​អាច​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត ចំពោះ​ព្រឹត្តិការណ៍​សហគមន៍ ២០​ កុម្ភៈ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា កន្លង​មក ពលរដ្ឋ​តែង​តែ​មិន​គោរព​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ មាន​ជា​អាទិ៍ ការ​គេច​ពី​មណ្ឌល​ចត្តា​ឡី​ស័ក ការ​នាំ​មនុស្ស​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក ក៏​ដូចជា​ការ​មិន​អនុវត្ត​តាម​មន្រ្តី​សុខាភិបាល​ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ០៥ ខែ​មីនា ឆ្នាំ​២០២១ នេះ បាន​ពិន័យ​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ ជា​ប្រាក់​ចំនួន ២​លាន​រៀល ដោយសារ​តែ​បរុស​ម្នាក់​នោះ មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​សុខាភិបាល ​ដែល​បាន​ចេញ​ក្រៅ​ធ្វើ​ដំណើរ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក។

ការផាក​ពិន័យនេះ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាល​ពីថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ស្តី​ពី​វិធានការ​ចក្តា​ឡី​ស័ក ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍៕

.