The Cambodia Daily
02-02-2022

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD = People Movement for Democracy – Cambodia) អំពាវនាវ​ឱ្យ​តុលាការ និង​​រដ្ឋាភិបាល​​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​​​ លើ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បី​បើក​ឱកាស​ឱ្យ​លោក​ អាច​ចូលរួម​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​មុខ​គ្នា ដោយ​សេរី និង​យុត្តិធម៌​លើ​ទីលាន​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​ទទូច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច ​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អយុត្តិធម៌​លើ​លោក គឹម សុខ ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដើម្បី​ប្រកួតប្រជែង​ទល់​នឹង​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត ​របស់​គណបក្ស​កាន់​អំណាច។

លោក ទូច វិបុល អះអាង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ហេតុផល​មួយ​ ដើម្បី​ជម្រះ​មន្ទិល​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​ នូវ​មតិ​រិះគន់​ដែល​ថា​លោក ហ៊ុន សែន តែងតាំង​កូនប្រុស​ខ្លួនឯង​ ឱ្យ​ឈរ​ឈ្មោះ​ជា​បក្ខជន​នាយករដ្ឋមន្ត្រី​បាន ប៉ុន្តែ​បែរជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ស្លូតត្រង់​ដូចជា​លោក គឹម សុខ ជាដើម មិន​ឱ្យ​ចូលរួម​កិច្ចការ​នយោបាយ ​ដើម្បី​កសាង​ប្រទេស​ជាតិ​ដែរ​នោះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ស្រប​ច្បាប់ ​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ដែល​ធានា និង​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​របស់​ខ្លួន។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​ការ​ប្រមាថ​មាក់ងាយ​ធ្ងន់ៗ ​លើ​ក្រុម​បញ្ញវន្ត​ខ្មែរ ដែល​កំពុង​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​នៅ​ក្រៅ​ប្រទេស។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ ​ដែល​ទំនង​ជា​សំដៅ​ទៅ​ដល់​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ដែល​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​របស់​លោក គឹម សុខ គឺជា​ក្រុម​អត់​ការងារ​ធ្វើ បាន​ជា​ប្រឹង​វិភាគ​ពី​ការ​ដឹកនាំ​របស់​លោក សូម្បីតែ​លោក​នាំ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ចូល​គាល់​ព្រះមហាក្សត្រ​ក៏​នាំគ្នា​វិភាគ​ទៅ​រួច​ដែរ។

បុរស​ខ្លាំង​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ បាន​ស្នើ​ដល់​ក្រុម​របស់​លោក គឹម សុខ ថា​គួរតែ​នាំគ្នា​ខំ​រៀន​ឱ្យ​បាន​ច្រើន ក្រែងលោ​ថ្ងៃ​ក្រោយ​អាច​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ នៅ​កម្ពុជា​វិញ។ លោក ហ៊ុន សែន ក៏​ឆ្លៀត​ឌឺដង​ថា ដោយសារតែ​មាន​ក្រុម​ដែល​គ្មាន​សមត្ថភាព​បែប​នេះ​ហើយ ទើប​គណបក្ស​កាន់​អំណាច​របស់​លោក ​ចេះ​តែ​ឈ្នះ​ឆ្នោត​រហូត​មក​ទល់​ពេលនេះ ហើយ​ក៏​ជា​សំណាង​របស់​បក្ស​កាន់​អំណាច​ទៅវិញ។

យ៉ាងណាក៏ដោយ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មករា នេះ​ថា លក្ខខណ្ឌ​ងាយៗ ​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា លោក​មាន​សមត្ថភាព ឬ​មិន​មាន​សមត្ថភាព លោក ហ៊ុន សែន គួរតែ​បើក​ផ្លូវ​ឱ្យ​លោក ​អាច​ចូល​ទៅ​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​លោក​មិន​ខ្លាច​នឹង​ចូល​ទៅ​ក្នុង​ស្រុក ​ដើម្បី​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នោះ​ឡើយ។

លោក គឹម សុខ បញ្ជាក់​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ទាំង​អយុត្តិធម៌​លើ​រូបលោក​កន្លងមក លោក​នឹង​ចូល​ទៅ​កម្ពុជា​ ដើម្បី​ដឹកនាំ​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌​សង្គម ​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌ ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្តឹង​លោក គឹម សុខ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​សាធារណៈ​ពាក់ព័ន្ធ​ករណី​ចោទ​ថា «ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សម្លាប់​មនុស្ស​ល្បីៗ ហើយ​រក​ឃាតក​ពិត​មិន​ឃើញ»

ក្នុង​ករណី​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨​ខែ។ ជាង​នេះ​ទៀត តុលាការ​បង្គាប់​ឲ្យ​លោក ​បង់​ប្រាក់​ពិន័យ​ចំនួន ៨ ​លាន​រៀល​ចូល​ថវិកា​ជាតិ និង​សំណង​ជំងឺចិត្ត​ដល់​លោក ហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង​ចំនួន ៨០០ ​លាន​រៀល ឬ​ប្រមាណ​ជា ២០​ ម៉ឺន​ដុល្លារ​អាមេរិក។

ដោយ​មាន​ការ​គំរាមកំហែង​សុវត្ថិភាព​ពី​រដ្ឋាភិបាល​កម្ពុជា​ឥត​ស្រាកស្រាន្ត លោក គឹម សុខ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​កាលពី​ចុង​ឆ្នាំ​ ២០១៨ ក្រោយ​ពេល​លោក​ ចេញពី​ពន្ធនាគារ​វិញ និង​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ហ្វាំងឡង់ ជាមួយ​កូនស្រី​របស់​លោក ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ៕