បញ្ចូលអត្ថបទដោយលោក ម៉ែន ណាត

លោកបណ្ឌិត ឌី ការ៉េត ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​​មាន​​មូលដ្ឋាន​​នៅ​ទីក្រុង​ប៉ារីស ប្រទេស​​បារាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ រំលឹក​ខួបគម្រប់ ២៩ឆ្នាំ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង ថ្ងៃទី​២៣ ខែតុលា ឆ្នាំ១៩៩១។ សេចក្តីថ្លែងការណ៍ សង្កត់​ធ្ងន់​ទៅ​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុសច្បាប់​​នានា ជាមួយ​វៀតណាម​នៅ​មុន​ឆ្នាំ​១៩៩០ ដែល​រដ្ឋាភិបាលលោក ហ៊ុន សែន បន្តអនុវត្ត​មក​ទល់​សព្វថ្ងៃ។

សូមទាញយកសេចក្តីថ្លែងការណ៍៖ ភាសាខ្មែរ (Download) / ភាសាអង់គ្លេស (English: Download) និង ភាសាបារាំង (French: Download)

ខាងក្រោមនេះ មានលំអិតជាភាសាខ្មែរ៖

សេចក្តីថ្លែងការណ៍
កម្ពុជា៖ កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ១៩៩១ ទល់​នឹងសន្ធិសញ្ញា​យួន ១៩៧៩ និង ហ៊ុន សែន

កិច្ចព្រមព្រៀង​អន្តរជាតិ ទីក្រុងប៉ារីស ស្តីពីកម្ពុជា ឆ្នាំ​១៩៩១​ ជា​កិច្ចព្រម​ព្រៀង​ភូមិសាស្រ្ត​នយោ​បាយ​ ដើម្បី​សន្តិភាព​និងស្ថិរភាព នៅ​កម្ពុជា​ផង នៅ​តំបន់​អាស៊ីអគ្នេយ៍ និង​ក្នុងពិភពលោក​ផង​ បន្ទាប់​ពីមាន​​សង្រ្គាម​​ដ៏ឃោរឃៅ នៅ​យៀកណាម។ កិច្ចព្រម​ព្រៀង​អន្តរជាតិ​នេះ បាន​អះអាង​ជាថ្មី ​នូវ​ឯក​រាជ្យ​ និង​​អព្យាក្រឹត្យ របស់​ប្រទេស​កម្ពុជា ដែលមិន​ត្រូវ​រដ្ឋណា​ រំលោភ​ឡើយ​ និង​បាន​កំណត់​លក្ខន្តិកៈ​ផ្ទៃក្នុង​​ថ្មី​​មួយ សម្រាប់​រដ្ឋកម្ពុជា ដើម្បី​ការជានា​ជាតិ និង​ការកសាង​ឯកភាពជាតិ ដោយ​ហាម​មិន​ឲ្យរបប​នយោ​បាយ​​​ផ្តាច់ការ នៃ​អតីតកាល វិលត្រឡប់មកវិញ។ នេះជាកិច្ចសន្យា​ពិសេស ​រវាង​ហត្ថលេខី​​​ទាំង​អស់ ​ថា​​កម្ពុជា ត្រូវបាន​អន្តរជាតិ​​ការពារ និង​ជួយជ្រោមជ្រែង ប៉ុន្តែ​ត្រូវស្ថិត​នៅ​ក្រោម​ការឃ្លាំមើល​​ជា​និច្ច នៃ​​អន្តរជាតិ ក្នុង​ការប្រព្រឹត្ត​នយោបាយ​អន្តរជាតិ និង​នយោបាយ​ផ្ទៃក្នុង របស់​ខ្លួន។​ នៅក្នុងលក្ខខណ្ឌ​​នេះ កម្ពុជា មិន​មាន​អធិបតេយ្យ ១០០​ភាគរយ ដូច​រដ្ឋឯ​ទៀតៗ​នោះ​ទេ។

គេបាន​យកប្រទេសកម្ពុជា ជាចំណុច​កណ្តាល នៃ​កិច្ចព្រមព្រៀង​ភូមិសាស្រ្ត​នយោ​បាយ​នេះ ពីព្រោះ​​ស្ថាន​ភាព​កម្ពុជា​ ក្នុង​ទសវត្សរ៍​ ១៩៧០-១៩៨០ វា​បាន​កើត​មក ពី​សង្រ្គាម​យៀកណាម​នោះ។ យួន កុម្មុយនីស្ត៍ ដែល​មាន​ជ័យជំនះ លើ​​បារាំង និង​លើអាមេរីក និងបាន​កាន់កាប់យៀកណាម​ខាងត្បូង ហើយ​បាន​បន្តវាយប្រហារ ដើម្បី​ត្រួតត្រា លើ​អតីតឥណ្ឌូចិន​​បារាំង ហើយ​បម្រុង​​នឹង​​រុល​​ទៅ​​ប្រទេស​​​​​ថៃ​ និង​ ម៉ាឡេស៊ី ផង។ យៀកណាម​នេះ ត្រូវ​​បាន​​អន្តរ​ជាតិ និង​អង្គការ​​សហប្រជាជាតិ (អ.ស.ប.) បរិហារ និង​​ថ្កោលទោស​ជា​ខ្លាំង តាំង​ពីថ្ងៃ​ដំបូង នៃ​​សង្គ្រាម​ឈ្លានពាន ចូល​​កាន់កាប់​​កម្ពុជា។ ប៉ុន្តែ នៅឆ្នាំ ១៩៨៧ យួនហាណូយ ដោយ​បានយល់​ថា គេ​មិន​អាចបន្ត​សង្រ្គាម​​កម្ពុជា​ យូ​រទៅ​ទៀត ត្បិត​​ប្រទេស កុម្មុយនីស្ត៍ នៃអឺរ៉ុប​ខាង​កើត កំពុង​រង្គោះរង្គើ​ជាខ្លាំង និង​មិន​​អាច​​ផ្តល់ជំនួយ​ឲ្យ​គេ សម្រាប់​​បន្ត​សង្រ្គាម នេះទេ។ គេបាន​ប្តូរយុទ្ធសាស្ត្រ​ រក​ការចរចា​ «សន្តិភាព»​វិញ ដោយ​បើក​ទំនាក់ទំនង​​ជាថ្មី ជា​មួយ​​សម្តេច នរោត្តម សីហនុ និង​រិះរក​ការចូលរួម ការចរចា​នៃអន្តរជាតិ​ផង។​​ ពេលនោះ រដ្ឋាភិបាល​​បារាំង បានជួយ​សម្រួល ជាច្រើន ដល់​ផែនការ របស់​យួន​ហាណូយ។ ​

ការចម្លែកមួយ ដែលយើង​បានឃើញ គឺកិច្ចព្រមព្រៀង​សន្តិភាព​អន្តរជាតិ ទីក្រុង​ប៉ារីសនោះ​ មិន​បាន លើក​​​ឈ្មោះ​ប្រទេស​យៀកណាម មកនិយាយ​មួយម៉ាត់ ដែល​យៀកណាម​នេះ​ ត្រូវ​បាន​ថ្កោលទោស យ៉ាង​ច្បាស់លាស់ ជារៀងរាល់​ឆ្នាំ ដោយ អ.ស.ប. តាំង​ពីឆ្នាំ​ ១៩៨០ ចំពោះ​ការឈ្លានពាន និង​ការកាន់​កាប់​ប្រទេស​កម្ពុជា ដោយ​កងទ័ព​ដ៏មាន​ឥទ្ធិពល​របស់ខ្លួន និង​ការបញ្ចូល​ជនជាតិ​យួន រាប់លាន​នាក់ មក​ធ្វើ​អាណានិគម​លើ​ទឹកដីខ្មែរ។ ជាងនេះ​ទៅ​ទៀត ការវាយប្រហារ​របស់យួន បាន​បន្ត​ជាង​ ១០ឆ្នាំ ដោយ​បាន​បណ្តាល ឱ្យស្លាប់​ជន​ស៊ីវិលខ្មែរ ជាច្រើន​សែន​នាក់ និង​កម្ពុជា​ រងការខូចខាត ឥតគណនា។

ជាបន្ទាប់មក ដោយសារ​ការធ្វេសប្រហែស ឬការលម្អៀង​ទៅខាងយួន និង ហ៊ុន សែន​ នៃអ្នកការទូត​​ជប៉ុន យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) ​ ដែល​ដឹកនាំ​អង្គការ​ អ៊ុនតាក់ (UNTAC) ក្នុង​សម័យ​​អន្តរកាល ការ​បណ្តេញ​កង​ទ័ពបរទេស (យួន) ឲ្យអស់​ពី​កម្ពុជា ក៏មិន​បាន​ធ្វើជាក់លាក់ ការដក​សព្វាវុធ​ពីក្រុមវិវាទ​ខ្មែរ ក៍មិន​បាន​ម៉ត់​ចត់ ហើយ​ការគ្រប់គ្រង​រដ្ឋបាល ហ៊ុន សែន ក៏មិនបានដិតដល់ ដូច​ដែល កិច្ចព្រមព្រៀង បាន​​កំណត់ទេ។ ហេតុ​នេះ កម្លាំង​អាណានិគម​និយម​យួន ទាំងកងទ័ព ទាំងពួក«អ្នកជំនាញការ» ទាំងពួក​​អាណា​និគម​​យួន ជាច្រើន​លាននាក់​នោះ ​អាច​បន្ត​​នៅ​កម្ពុជា តទៅទៀត។

 គឺដោយសារ កង្វះខាតធំៗ​ខាង​លើនៃ អ.ស.ប. នោះ​ហើយ ទើប​យួន​ហាណូយ យល់ថា គេមិន​ចាំបាច់ នឹង​​លុបបំបាត់ សន្ធិសញ្ញា​អាណានិគម​និយម​របស់គេ នៃថ្ងៃ​ទី ​១៨ កម្ភៈ ១៩៧៩ ហៅថា «សន្ធិសញ្ញា ​សន្តិភាព ​មិត្តភាព ​និង​សហប្រតិបត្តិការ»​ ព្រមទាំង​កិច្ចព្រមព្រៀង​សន្ធឹក​សន្ធាប់ ក្នុង​គ្រប់​វិស័យ ដែល​យោងចេញ ពីសន្ធិសញ្ញា​នេះ មាន​ជា​អាទិ​​ កិច្ចព្រមព្រៀង​នានា ស្តីអំពី​ព្រំដែនថ្មី​ នៃស​មុទ្រ​ និង​ដីគោក រវាង​យៀកណាម និង​អាជ្ញាធរបរិវារ​របស់ខ្លួន ហៅថា​ «សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា» នៃ​ក្រុមលោក ហេង សំរិន លោក ហ៊ុន សែន ដោយ​បំពានលើ​កិច្ចព្រមព្រៀង​អន្តរជាតិ ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ឆ្នាំ​១៩៩១ និង​​ទោះជាមាន​ការជំទាស់​ជាខ្លាំង ពី​ព្រះមហាក្សត្រ នរោត្តម សីហនុ ជាប្រមុខរដ្ខ នៃកម្ពុជា​ក្តី។​ ហ៊ុន សែន បាន​ប្រកែក​​នឹង​​ព្រះមហាក្សត្រ មិន​ព្រម​លុបបំបាត់ នូវ​សន្ធិសញ្ញា​​អំពី​ទឹកដី ជាមួយ​​យួន​​​នោះដែរ ដោយ​សំអាង​យ៉ាងខ្លី លើ «ទំនាក់ទំនងល្អ​ជានិច្ច» រវាង​យៀកណាម និង​រដ្ឋាភិបាល​គាត់។​ កងទ័ព​យួន ក៏​បាន​បន្តកាន់កាប់​ និង​​ទាញ​​យក​ភោគ​ទ្រព្យ​កម្ពុជា​ នៃខែត្រធំៗ​ នៅ​ភាគឦសាន (រតនគីរី,​ មណ្ឌលគីរី, ស្ទឹងត្រែង, ក្រចេះ) ដោយ​ការបង្កើត តំបន់សកម្មភាពរួមគ្នា ហៅថា​ «ត្រីកោណឥណ្ឌូចិន» រួចហើយកែ ជា «ត្រីកោណកម្ពុជា លាវ យៀកណាម»។

គឺដោយសារជំនួយ​ នៃកម្លាំងយួន​ទាំងនេះ​​ហើយ ទើប​បក្សប្រជាជន​​កម្ពុជា នៃលោក ហ៊ុន សែន អាច​គ្រប​សង្កត់ លើភាគី​ខ្មែរ​ឯទៀតៗ និង​បន្តអំណាច​​ផ្តាច់ការ​របស់​ខ្លួន នៅកម្ពុជា។​ រីឯមហាអំណាច​បស្ចិមប្រទេស (អាមេរីក អឺរ៉ុប ជប៉ុន…) ដែល​យល់ថា ហ៊ុន សែន នឺង​បោះបង់​បទនយោបាយ​បែប​កុម្មុយនីស្ត៍​ ហើយ​និង​ធ្វើការ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​សេរី (ដូច​ការកំណត់ នៃ​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស) ក៏បាន​ផ្តល់​ជំនួយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​សង្គមកិច្ច​ជាច្រើន ដើម្បី​ពង្រឹង​គ្រឹះមូលដ្ឋាន​ថ្មី នៃ​សង្គមខ្មែរ និង​​ជំហររបស់ ហ៊ុន សែន។ គេមិនបាន​យកចិត្ត​ទុកដាក់ ​និង​ការបន្ត​បំពាន​ លើ​បូរណភាព​ទឹកដីកម្ពុជា​ ​និង​ការបន្តវត្តមាន​របស់កម្លាំង​យួន​គ្រប់គ្រង​ នៅ​ក្រោយ​វាំងនន​ខ្មៅ នៃ​«កិច្ច​សហប្រតិបត្តិការ» ​ឥត​​គណនា ជាមួយ​រដ្ឋបាល​នានា​នៃកម្ពុជា នោះទេ។ គេក៏​មិន​ភ្ញាក់ផ្អើល នឹង​ការបន្ត​ការប្រព្រឹត្ត​បំពាន លើ សិទ្ធិ-សេរីភាព​​ពល​រដ្ឋ និង​គោល​​ការណ៍​ប្រជាធិបតេយ្យសេរី​​ពហុបក្ស ដោយ​អំណាច ហ៊ុន សែន នោះ​ទេ​ដែរ រហូត​ដល់ផ្ទុះ​​រដ្ឋប្រហារ​បង្ហូរឈាម នៅខែ​កក្កដា ១៩៩៧ និង​ការក្តោបក្តាប់​​អំណាច​ទាំងស្រុង សង្កត់​លើ​ស្ថាប័នជាតិ​ទាំងអស់ ដោយ«មនុស្ស​ខ្លាំង» ហ៊ុន សែន ជាបន្ទាប់មក។

ចាប់ពីពេលនោះ​មក​ ហ៊ុន សែន បានបង្ហាញ​បន្តិចម្តងៗ ថា​គាត់​លែង​ទទួលស្គាល់ អត្ថិភាព,​ ឧត្តម​ភាព និង​អានុភាព​ នៃកិច្ចព្រមព្រៀង​អន្តរជាតិ ទីក្រុងប៉ារីស ឆ្នាំ​​​១៩៩១ មក​លើច្បាប់ ​និង​លើនយោ​បាយ​របស់​​កម្ពុជា ដោយ​គាត់​នៅ​តែ​រក្សា និងប្រតិបត្តិ​យ៉ាងហ្មត់​ចត់​បំផុត នូវ​កិច្ចព្រមព្រៀង​នានា ជា​មួយ​​យៀកណាម ពីឆ្នាំ​១៩៧៩ មក​នោះ។ ច្បាប់​រដ្ឋធម្មនុញ្ញ ត្រូវ​បាន ហ៊ុន សែន បង្រួញ​​មក​នៅ​​ពាក្យ​មួយ​​ម៉ាត់ថា «អធិប​តេយ្យ» ​របស់កម្ពុជា (គឺអំណាច ដែល​មិន​នៅ​ក្រោម​អំណាច​នរណា​ទៀត ក្នុង​ការ​ដឹក​នាំ​​នយោបាយ និង​​វាសនា​​ប្រទេស​ជាតិ) ហើយ​​អធិបតេយ្យ​របស់​​កម្ពុជា​នេះ ​ក៏​ត្រូវ​​បាន ហ៊ុន សែន​ ​បង្វែង​ន័យ​​មក​ប្រើជា​ អធិបតេយ្យ​របស់​រដ្ឋា​ភិបាល​គាត់ ដែល​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ វាជា​អធិប​តេយ្យ​​​​របស់​​ប្រជា​ពលរដ្ឋ​ខ្មែរ (ត្បិត​ថា «អំណាច​ទាំងអស់ ជារបស់​ប្រជាពលរដ្ឋ»!) ហើយដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស លើគ្រប់​ចំណុច​ផង។

អាស្រ័យហេតុទាំងនេះ ទើប ហ៊ុន សែន​ តាំង​ពីឆ្នាំ​២០១៧ មក បាន​បង្កើត​ច្បាប់​សន្ធឹកសន្ធាប់ បំផ្លាញ​សិទ្ធិ-សេរីភាព​ធម្មនុញ្ញ របស់​ពលរដ្ឋ របស់​អ្នកតំណាងរាស្ត្រ និង​គោលការណ៍​ធម្មនុញ្ញ នៃ​លទ្ធិប្រជាធិបតេយ្យ។ កងប៉ូលីស កងទ័ព និង​តុលាការ​របស់គាត់ ក៏ចេញបង្ក្រាប​នៅគ្រប់​ទឹសទី រាល់​ការទិតៀន ជំទាស់ និង​​ការតវ៉ា​របស់​ពលរដ្ឋ និង​របស់បក្សប្រកួត ដោយ​គេចោទ​ថា​ វាជាអំពើ​«ញុះ​ញុង» ជាការ​បង្ក «អសន្តិ​សុខ​​​សង្គម» ឬជា​អំពើ​«ក្បត់​ជាតិ» ក្នុង​បំណង​រំលំរដ្ឋា​ភិ​បាល​«ស្រប​ច្បាប់»។ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​វិញ ការរិះគន់ និងការថ្កោលទោស​របស់ ​អ.ស.ប. និង​របស់អំណាច​បស្ចិមប្រទេស ចំពោះ​ការ រំលោភ​សិទ្ធិ​មនុស្ស ឬការបំផ្លាញ​លទ្ធិប្រជាធិប​តេយ្យ​​ ដោយ​រដ្ឋាភិបាល ហ៊ុន សែន ក៏ត្រូវបាន​រដ្ឋាភិបាល​នេះ បរិហារ​​បញ្ច្រាស់វិញថា វាជាការជ្រៀត​ជ្រែក​ក្នុង​រឿងផ្ទៃក្នុង នៃ​កម្ពុជា ឬ​ជាអំពើ​ប៉ះពាល់​អធិបតេយ្យ​​របស់​កម្ពុជា។ ការពិត ការចោទ​​ប្រកាន់​ និង​​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ​របស់ អ.ស.ប. ក្តី របស់អឺរ៉ុប​ក្តី របស់​អាមេរីក​ក្តី តែងតែ​សំអាងលើ​ការ​មិន​គោរព​ដោយ​រដ្ឋាភិបាល ហ៊ុន សែន ចំពោះ​បទបញ្ញត្តិ​នៃ​កិច្ច ព្រមព្រៀង ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​ នោះ។​ ការធ្វើទណ្ឌកម្មផ្សេងៗ​ទៀត​របស់គេ នឹង​កើតមាន​ជា​ប្រាកដ​​ដែរ នៅពេលគេ​ឃើញ​ថា ដើម្បីរក្សា​អំណាច​ខ្លួន ហ៊ុន សែន បាន​លក់​អព្យាក្រឹតភាព​នៃ​កម្ពុជា ដែល​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​កំណត់​ច្បាស់លាស់ ដើម្បី​សន្តិភាព និង​ស្ថិរភាព​ នៃ​តំបន់នេះ។

ហ៊ុន សែន​ បានប្រកាសថ្មីៗ​នេះ​ថា​ មិនឲ្យ​ប្រវត្តិសាស្រ្ត​ចាស់ ​វិល​មក​យាយី​ប្រទេស​កម្ពុជា វិញ​ទេ។ ប៉ុន្តែ ហ៊ុន សែន​ បានភ្លេចថា គឺការមិន​គោរព​សិទ្ធិមនុស្ស ការ​បំបាត់​​លទ្ធិប្រជាធិបតេយ្យ និង​ការបោះ​បង់​ចោល អព្យាក្រឹត្យ​នៃកម្ពុជា នោះ​ហើយ ដែល​បាន​បើកទ្វារ បើក​ដៃ ឲ្យ​​​សង្រ្គាម និង​មហន្តរាយ​​ឥត​គណនា ចូលមក​កំទេចកម្ពុជា។​ ហេតុការណ៍​​នានា ​ដែល​យើង​​បាន​​ឃើញ​គឺ​ ហ៊ុន សែន​​ ដែល​ស្រវឹង​​នឹង​​​អំណាច គ្មាន​ព្រំដែន បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ដល់កិច្ចព្រមព្រៀង​អន្តរជាតិ ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​​បាន​និង​កំពុង​តែ​រុញកម្ពុជា ឲ្យធ្លាក់​ទៅ​ក្នុង​សង្រ្គាម និង​មហន្តរាយ​ដល់ជីវិត​​នោះ​ ម្តងទៀត។

ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ២០២០។

ឌី ការ៉េត
ជ.គណកម្មាធិការ ព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក

.

.