អត្ថបទចលនា​​​​និស្សិត​​​​ SMD
12th-7-2021

ចលនា​​​​និស្សិត​​​​ដើម្បី​​​លទ្ធិ​​ប្រជា​​ធិបតេយ្យ (Student Movement for Democracy – SMD) តំណាង​ដោយ លោក ទូច វិបុល ប្រធាន​ប្រតិបត្តិ ​​​ចេញ​​​​​​​​សេចក្តី​​​ថ្លែងការណ៍​​រំលឹកខួប ៥ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ សេចក្តី​​ថ្លែងការណ៍​​នេះ បាន​​ចេញ​​​ផ្សាយ​​​​នៅ​​​ថ្ងៃទី ០៩ ខែ​កក្កដា ឆ្នាំ​​២០២១។ សូម​ទាញ​​យក​សេចក្តីថ្លែងការណ៍ (Download) ឬ​​​​អាន​​ខ្លឹមសារ​​ទាំង​​​ស្រុង​​ដូច​​ខាង​​​ក្រោម​៖

សេចក្តីថ្លែងការណ៍
ខួប​៥​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ពិនិត្យ​ឃើញ​ថា ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី កាល​ពី ៥​ឆ្នាំ​មុន​ នៅ​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ មិន​ទាន់​ត្រូវ​បាន​វែក​មុខ​ចាប់​ខ្លួន​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្តន្ទាទោស​ តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។ ដោយ​​សិក្សា​​លេី​​ពត៌មាន​​ច្រើន​ប្រភព​ យើង​សន្និដ្ឋាន​ថា លោក អឿត អាង (ឬ​ ជួប សម្លាប់) គឺ​ជា​ឃាតក​សិប្បនិម្មិត។ ការ​​ពិត​​លោក​ អឿត​ អាង ក៏​ជា​ជន​​រង​គ្រោះ ​ដែល​​អ្នក​រៀបចំ​ឃាតកម្ម ប្រើ​​ប្រាស់​​តែ​​ប៉ុណ្ណោះ​។

ចលនានិស្សិតដើម្បីលទ្ធិប្រធិបតេយ្យ នៅ​តែ​បន្ត​ទាមទា​រ​ឲ្យ​តុលាការ​​កម្ពុជា បង្ហាញ​​របាយការណ៍​ស៊ើប​អង្កេត​របស់​​ខ្លួន​​ច្បាស់​​លាស់ និង​ជា​សាធារណៈ ​ទៅ​តាម​​អង្គហេតុ​នៃ​ព្រឹត្តិការណ៍​​ធ្វើ​ឃាត​សម្លាប់​លោក​បណ្ឌិត កែម ឡី​ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ពី​មជ្ឈដ្ឋាន​នានា ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចោទ​ប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ជួរ​អាជ្ញាធរ​រដ្ឋាភិបាល។ ក្នុង​គោល​ដៅ​ស្តារ​មុខ​មាត់​ប្រព័ន្ធ​យុត្តិធម៌ និង​កិត្តិយស​​រដ្ឋាភិបាល​​កម្ពុជា​ តុលាការ​​ត្រូវ​មាន​សេចក្តី​ក្លាហាន​បង្ហាញ​អង្គចងចាំ​ នៃ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព នៅ​ស្តាម៉ាត (Star Mart) ស្តុប​បូគោ (ស្តុប​កែម​ឡី) ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ រយៈ​ពេល​ ២៤​ម៉ោង​ពេញ ក្នុង​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ចំ​ថ្ងៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី

​ តុលាការ​​កម្ពុជា​​នៅ​​ជំពាក់​ពលរដ្ឋ​​ខ្មែរ​ទូទៅ ​និង​​ជាពិសេស​ក្រុម​​គ្រួសារ​​ជន​​រងគ្រោះ​​ ដែល​កំពុង​ទ្រហោយំ ​ចង់​បាន​យុត្តិធម៌​ខ្លាំង​ណាស់។​ ដោយ​ហេតុ​នេះ ​យើង​ខ្ញុំ​ក៏​សូម​ទាមទារ​យ៉ាង​ទទូច​ឲ្យ​តុលាការ​កម្ពុជា បើក​ការ​ស៊ើប ​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​ឃាតកម្ម ឧត្តម​សេនីយ៍ ហូ សុខ, ឧត្តមសេនីយ៍ ចៅ សម្បត្តិ, ឧត្តមសេនីយ៍ លី សេងហុង, ឧត្តមសេនីយ៍ ក្រូច យឿម, ឧត្តមសេនីយ៍ ជា ឫទ្ធី​ឈុត, ឧត្តមសេនីយ៍ ម៉ែន ប៊ុន​ថន, ព្រះសង្ឃ សំ ប៊ុនធឿន, ទីប្រឹក្សា​សម្តេច​ក្រុមព្រះ​ប្រធាន​រដ្ឋសភា ឱម រដ្ឋសាឌី, មេដឹកនាំ​សេរី​សហជីព​កម្មករ ជា វិជ្ជា, អ្នកដឹកនាំ​សហជីព រស់ សុវណ្ណារេត, អ្នកដឹកនាំ​សហជីព​ ហ៊ី វុទ្ធី, សកម្មជន​ព្រៃឈើ ឈុត វុទ្ធី, អ្នកកាសែត ឃឹម សំបូរ, អ្នកកាសែត ​ធន់​ ប៊ុន​លី​,​ អ្នកកាសែត​ ជួ ជិតថារិទ្ធ, តារាភាពយន្ត ពិសិដ្ឋ ពីលិកា, និង​ជនរងគ្រោះ​​ផ្សេងៗ​​ទៀ​​ត ដូចជា​ករណី​តារា​ភាពយន្ត តាត ម៉ារ៉ារីណា និង​តារា​ចម្រៀង ទូច ស៊ុននិច ដែល​កំពុង​រស់​ក្នុង​ស្ថានភាព​ពិការភាព​ដ៏​គួរ​ឲ្យ​សង្វេក​បំផុត។ល។ 

យើង​ខ្ញុំ​យល់​ឃើញថា មាន​តែ​យុត្តិធម៌ទេ ដែល​ជា​បង្អែក​នៃ​ស្ថិរភាព​សង្គម និង​សន្តិភាព។ ដូច្នេះ ដើម្បី​ឆ្លុះ​ បញ្ចាំង​អំពី​ការ​អះអាង​របស់​រដ្ឋាភិបាល ដែលថា កម្ពុជា​មាន​សន្តិភាព​នោះ ទាល់​តែ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​បច្ចុប្បន្ន​ ឲ្យ​ឃើញ​យុត្តិធម៌​ជាក់​ស្ដែង។ ​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សូម​អំពាវនាវ​ដល់​តុលាការ​ និង​​អាជ្ញា​ធរ​​រដ្ឋាភិបាល​​កម្ពុជា ​ត្រូវ​ស្តាប់​សំឡេង​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​បំពេញ​​កាតព្វកិច្ច​របស់​ខ្លួន​​តាម​ច្បាប់ ឲ្យ​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់​​ពលរដ្ឋ​​ខ្មែរ ជាពិសេស​ក្រុម​​គ្រួសារ​​ជន​​រងគ្រោះដែល​កំពុង​​ទទូច​រក​​យុត្តិធម៌​យ៉ាង​​ពិត​​ប្រាកដ។

រដ្ឋធានីវ៉ាស៊ីនតុន ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១

ទូច វិបុល
ប្រធានប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ