The Cambodia Daily
18-8-2022
ប្រធានសារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន មួយរូបអះអាងថា ប្រសិនបើជប៉ុន ចង់មានឥទ្ធិពលលើកម្ពុជា ដូចមហាអំណាចកុម្មុយនីស្តចិន គឺជប៉ុន ត្រូវតែឱ្យរដ្ឋាភិបាលកម្ពុជា ខ្ចីលុយឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក សយ សុភាព បានលើកឡើងក្នុងកម្មវិធី Monday Talk របស់លោកកាលពីថ្ងៃទី១៥ សីហា ថា ជប៉ុនធ្លាប់ប្រជែងជាមួយចិន ចំពោះការសាងសង់ផែមួយនៅខេត្តកំពត ដើម្បីដឹកភ្ញៀវទេសចរពីខេត្តកំពត ទៅកោះត្រល់ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ការសាងសង់នោះ មិនទាន់ចេញជាលទ្ធផលនៅឡើយទេ ខណៈការអភិវឌ្ឍរបស់ចិន នៅកម្ពុជា មានសន្ទុះលឿន និងឆាប់រហ័ស។
លោក សយ សុភាព អះអាងថា មហាអំណាចកុម្មុយនីស្តចិន នឹងមិនដកខ្លួនចេញពីកម្ពុជាដាច់ខាត ព្រោះថាចិនបានជួយកម្ពុជា លើការអភិវឌ្ឍច្រើនណាស់ រួមទាំងផ្លូវថ្នល់នានាសព្វថ្ងៃនេះ ខណៈអ្នកដែលរិះគន់ពីទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា ជាមួយចិន មិនដែលឃើញពួកគេធ្វើដំណើរតាមវាលស្រែនោះទេ គឺឃើញតែធ្វើដំណើរលើផ្លូវ ដែលចិនសាងសង់ឱ្យកម្ពុជារហូតមក។
នាយកសារព័ត៌មានរូបនេះ បញ្ជាក់ថា ការរីកចម្រើននៅកម្ពុជា ជាពិសេសផ្លូវគមនាគមន៍ គឺមានតែចិនប៉ុណ្ណោះដែលមានសមត្ថភាពផ្តល់ឱ្យកម្ពុជា នូវផ្លូវថ្នល់ច្រើនខ្វាត់ខ្វែង ដូចសព្វថ្ងៃនេះ។ លោកបន្ថែមថា សូម្បីធនាគារពិភពលោក (World Bank) ក៏ផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលកម្ពុជា មិនស្មើនឹងចិនដែរ បើទោះបីជារដ្ឋាភិបាលចិនទទួលបានផលប្រយោជន៍ពីកម្ពុជា ក្នុងគម្រោងអភិវឌ្ឍន៍របស់ពួកគេក៏ដោយ ក៏បង្ហាញឱ្យឃើញពីការជួយកម្ពុជា ឱ្យរីកចម្រើនផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមានការរិះគន់ថា កម្ពុជាកំពុងតែដើរចូលទៅក្នុងអន្ទាក់បំណុល របស់ចិន ដែលនាំឱ្យខ្លួន ក្លាយទៅជាកូនអុករបស់ចិន សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងអាមេរិក ដែលពួកគេ កំពុងប្រឈមមុខដាក់គ្នាសព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៦ សីហា នេះ ការលើកឡើងរបស់ លោក សយ សុភាព បានបង្ហាញយ៉ាងច្បាស់ថា របៀបដឹកនាំកម្ពុជា របស់គ្រួសារ ហ៊ុន [នៃលោក ហ៊ុន សែន] គឺសុខចិត្តបម្រើមនោគមវិជ្ជាបរទេស ដែលជាម្ចាស់បំណុលរបស់ខ្លួន គ្រប់បែបយ៉ាង ឱ្យតែបរទេសនោះ ហ៊ានទម្លាក់លុយឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ហើយមេដឹកនាំខ្មែរ ក៏សុខចិត្តធ្វើតាមបង្គាប់បញ្ជារបស់ម្ចាស់បំណុល ទាំងនោះ ដោយមិនខ្វល់ពីការវិនាសអន្តរាយរបស់កម្ពុជាដែរ។
លោក ម៉ែន ណាត លើកឡើងថា វាជាភាពអាម៉ាស់ខ្លាំងណាស់របស់កម្ពុជា ដែលមានមេដឹកនាំសម្លឹងរកមើលតែបរទេសណា ដែលឱ្យខ្លួនអាចខ្ចីបំណុល ដោយសុខចិត្តលុតជង្គង់ ឱ្យគេលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមអំពើចិត្ត ដើម្បីតែលុយសម្រាប់ប្រើប្រាស់ពង្រឹងអំណាច តវង្សត្រកូលរបស់ខ្លួន ជាជាងគិតគូរពីផលប្រយោជន៍ប្រទេសជាតិ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ការអភិវឌ្ឍនានាដែលបានមកពីការខ្ចីបុល សម្រាប់ឱ្យក្រុមគ្រួសារ ត្រកូល ហ៊ុន យកមកអួតពលរដ្ឋខ្មែរសព្វថ្ងៃនេះ គឺកំពុងទាញកម្ពុជា ឱ្យធ្លាក់ជ្រោះបំណុល ដ៏សែនជ្រៅប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មហាអំណាចកុម្មុយនីស្តចិន តែងប្រើគោលជំហរមួយ គឺគ្មានមិត្ត គ្មានសត្រូវ តែត្រូវគិតលើផលប្រយោជន៍។ ដូច្នេះ ប្រទេសដែលអាចផ្តល់ផលប្រយោជន៍ឱ្យចិន ពួកគេនឹងបង្កើតជាមិត្តភាពភ្លាមៗ ក្នុងនោះ ចិនអាចទម្លាក់កម្ចីគ្រប់បែបយ៉ាង ទោះបីជាប្រទេសដែលខ្ចីលុយទាំងនោះ យកទៅប្រើប្រាស់ដោយគ្មានតម្លាភាព ឬមិនគោរពតាមគោលការណ៍សិទ្ធិមនុស្សក៏ដោយ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា បច្ចុប្បន្ននេះ កម្ពុជាបានជំពាក់បំណុលបរទេសជិត ១ ម៉ឺនលានដុល្លារអាមេរិកហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពបំណុល ដែលមិនមានហានិភ័យ ឬបារម្ភពីបំណុលវ័ណ្ឌកនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកក្កដា ឆ្នាំ២០២២ អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍របស់ខ្លួនថា គិតត្រឹមដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលបរទេសសរុបជាង ៩ ពាន់លានដុល្លារអាមេរិកហើយ ក្នុងនោះបំណុលជាលក្ខណៈទ្វេភាគី មានរហូតដល់ទៅ ៧០% ហើយកម្ពុជា បានជំពាក់មហាអំណាចកុម្មុយនីស្តចិន ដល់ទៅជាង ៤២%៕
.