វិទ្យុអាស៊ីសេរី RFA
ដោយ ខែ សុណង | 16-7-2021

អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ ឱ្យដឹង​ថា ជនជាតិ​វៀតណាម ​បាន​បណ្តែត​ផ្ទះទឹក​ខ្នាត​ធំ​ដែល​មាន​បែ​ចិញ្ចឹម​ត្រី​ផ្អឹប​ជាប់​ខាងក្រោម ​ប្រមាណ ១០០​ ​ខ្នង ចេញពី​តំបន់​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម ​ជា​បន្តបន្ទាប់​រយៈពេល ៤ ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឱ្យ​ចូល​​ប្រទេស​​វៀតណាម​​វិញ​ទេ។ ពលរដ្ឋ​វៀតណាម​ឱ្យដឹង​ថា អាជ្ញាធរ​វៀតណាម ​បាន​ប្រាប់​ពួកគាត់​ថា រដ្ឋាភិបាល​វៀតណាម​ ជំរុញ​ឱ្យ​អ្នក​រស់នៅ​លើ​ជម្រក​បណ្តែត​ទឹក​ទាំងអស់ ត្រូវ​វិលត្រឡប់​ទៅ​រស់​នៅ​លើ​ផ្ទៃ​ទន្លេសាប​វិញ។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច ឱ្យ​ដឹង​នៅ​ថ្ងៃទី​​១៦ កក្កដា ថា​ ជម្រក​​បណ្តែត​ទឹកធំៗ ​ប្រមាណ ១​​​រយខ្នង​ (១០០) ទាំង​នោះ ​ត្រូវ​​​បាន​​ជនជាតិ​វៀតណាម​​សណ្ដោង រំកិល​ចេញពី​ផ្ទៃ​ទន្លេសាប នៅ​ចំណុច​ចុងកោះ ឬ​ហៅថា តំបន់​ចុងពាម ដែល​​ជា​ចំណុចប្រសព្វ​គ្នា​រវាង​​ស្រុក​​រលាប្អៀរ និង​​ក្រុង​​កំពង់ឆ្នាំង​។ បច្ចុប្បន្ន តំបន់​នោះ មាន​បែ​ចិញ្ចឹម​ត្រី នៅសល់​ប្រមាណ ១៥០ បែ​ដែល​​ពុំ​ទាន់​រុះរើ និង​​មាន​បែ​​ខ្លះ ម្ចាស់​របស់​គេ​បាន​រុះរើ​ដំបូល ដោយ​ប្រក់​តង់​កៅស៊ូ​ជំនួស រង់ចាំ​ត្រី​ធំធាត់​សិន ទើប​រុះ​រើចេញ​ទាំងស្រុង ស្របតាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត។

អ្នកសម្របសម្រួល​នៃ​ អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច​ ​ខេត្តកំពង់ឆ្នាំង លោក ទត គឹកស្រូ​យ សង្កេត​​ឃើញ​​ថា ពលរដ្ឋ​វៀតណាម​​ភាគ​ច្រើន មិន​អាច​​សម្រប​ខ្លួន​​ទៅ​​រស់​នៅ​លើគោក​​បាន​ទេ ព្រោះ​​ពួកគាត់ មាន​​ទម្លាប់​​រស់នៅ​លើទឹក ប្រកប​​របរ​​នេសាទ និង​​ចិញ្ចឹម​ត្រី​។ លោក​ថា បែ​ចិញ្ចឹម​ត្រី​ធំៗ ដែល​​សណ្ដោង​​ទៅ​កាន់​ប្រទេស​​វៀតណាម ពលរដ្ឋ​​វៀតណាម​​បាន​​ចំណាយ​ប្រាក់​​យ៉ាងច្រើន​សាងសង់ ដោយ​ផ្ទះ​នីមួយៗ​មាន​តម្លៃ​ចាប់ពី ១​​ម៉ឺន ៥​​ពាន់​ដុល្លារ ដល់​​ជាង ២ ​ម៉ឺន​ដុល្លារ​អាមេរិក ហេតុនេះ​ទើប​ពួកគាត់​មិន​រុះរើ ដោយ​បង្ខំចិត្ត​បន្លាស់​ទី​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។ លោក​អះអាង​ថា ពលរដ្ឋ​វៀតណាម​ទាំងនោះ កំពុង​ជាប់​គាំង នៅ​តំបន់​ព្រំដែន តាម​ដង​ទន្លេបាសាក់ ក្នុង​ខេត្ត​កណ្តាល​ ជាច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​អាជ្ញាធរ​វៀតណាម ​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​វៀតណាម​៖ «​ពួកគាត់​មានការ​ស្រាយ​ស្រណោះ​ទ្រព្យសម្បត្តិ​ពួកគាត់​ច្រើន​ដែរ ម្យ៉ាងទៀត ពួកគាត់​ក៏​មិន​ពេញចិត្ត ក្នុង​ការ​រស់នៅ លើគោក​ដែរ​។ ផ្ទះ​ហ្នឹង​មានផ្ទះ​ខ្លះ ជាង ២ ​ម៉ឺន​ដុល្លារ ទាំង​បែ​ត្រី ហើយ​រស់​នៅ​​លើ​ហ្នឹង ម្យ៉ាងទៀត ជា​ទម្លាប់ គាត់​អត់​ចង់​រស់នៅ​លើគោក​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ពលរដ្ឋ​វៀតណាម​ នៅតែ​ស្តាយស្រណោះ​ផ្ទះ​​ធំៗ​ បណ្តែត​​ទឹក ដែល​អាជ្ញាធរ​​ខេត្ត​កំពង់​ឆ្នាំង​​ជូន​ដំណឹង​ឱ្យ​រុះរើ និង​បន្លាស់​ទី ទៅ​រស់នៅ​លើគោក​វិញ​។ លោក​ថា ពលរដ្ឋ​វៀតណាម​ខ្លះ មិន​ពេញចិត្ត​រស់នៅ​លើគោក​នោះ​ទេ ហើយ ពលរដ្ឋ​វៀតណាម​​ខ្លះទៀត លក់​ទូក​ម៉ាស៊ីន និង​ផ្ទះ​បណ្តែត​ទឹក រួច​វិល​ត្រឡប់​​ទៅ​ប្រទេស​​វៀតណាម​​វិញ។

ជនជាតិ​វៀតណាម​ម្នាក់ ដែល​បន្លាស់​ទី​ពី​ទន្លេសាប មក​រស់នៅ​លើគោក ក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក យ៉ យ៉ាំងឌុង ប្រាប់​​អាស៊ី​សេរី​​​ថា ជម្រក​​បណ្តែត​ទឹក ​១០០ ​ខ្នង កំពុង​​កឿង​នៅ​ខេត្តកណ្តាល ដោយសារ​​អាជ្ញាធរ​​វៀតណា​ម រារាំង​ជិត ១ ​ខែ​​មក​​ហើយ ​ដោយ​​លើក​ហេតុផល​ថា ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩ ។ លោក​ថា អាជ្ញាធរ​វៀតណាម បាន​ផ្តល់​ស្បៀងអាហារ និង​​អង្ករ​​មួយ​ចំនួន ដល់​​ពលរដ្ឋ​វៀតណាម ​ដែល​​កំពុង​​កក​ស្ទះ​​នោះ​។ លោក​​បន្ថែម​ថា អាជ្ញាធរ​វៀតណាម កំពុង​រក​មធ្យោបាយ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​​កម្ពុជា អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម បញ្ជូន​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ឱ្យ​វិលត្រឡប់​​មក​លើ​ផ្ទៃ​ទន្លេសាប ក្នុង​​ខេត្ត​កំពង់​ឆ្នាំង​​វិញ​៖ «​នៅ​ទល់ដែន​គេ​ដោះស្រាយ គេ​អត់​ឱ្យ​ចូល​ច្រាំង​ទេ ព្រោះ​គេ​ខ្លាច​ឆ្លង​ជំងឺ​។ ខាង​វៀតណាម និង​ខ្មែរ​យើង កំពុង​ពិភាក្សា​​​គ្នា​ឱ្យ​យក​អ្នក​ទៅ ឱ្យ​វិល​ត្រឡប់មកវិញ ពីព្រោះ​ប្រជាជន​នៅ​ខាង​វៀតណាម​យើង​។ បើ​នៅ​កំពង់ឆ្នាំង គេ​ឱ្យមក​កំពង់​ឆ្នាំង បើ​នៅ​កំពង់​លួង គេ​ឱ្យ​នៅ​កំពង់​លួង»។

ជុំវិញ​រឿ​នេះ ប្រធាន​ការិយាល័យ​កិច្ចការបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង លោក ប៉ាន់ ឡៃឈៀង បដិសេធ​​ការ​អធិប្បាយ​​ដោយ​លោក ​រុញ​​ឱ្យទៅ​សួរ​​អភិបាលខេត្ត​វិញ។

អាស៊ីសេរី ​មិន​​ទាន់​អាច​ទាក់ទង អភិបាលខេត្ត​​កំពង់​ឆ្នាំង ​ដែល​ទើប​ឡើង​​កាន់​ដំណែង គឺ​លោក ស៊ុន សុវណ្ណារិទ្ធ ដើម្បី​​សុំ​អត្ថាធិប្បាយ​​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី ១៦ កក្កដា​។ ចំណែក ប្រធាន​សមាគម​វៀតណាម លោក ស៊ឹម ជី អាស៊ី​សេរី​​ក៏​​មិន​អាច​​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ ដោយ​​ទូរ​សព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នកទទួល។

កាលពី​ឆ្នាំ​ ២០១៨ រដ្ឋាភិបាល​​បាន​​ធ្វើ​អនុ​ប​យោគ​ កាត់​​ដីព្រៃ​លិច​ទឹក​ទំហំ​ ៤០ ​ហិកតារ​​ក្នុងភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដើម្បី​​រៀបចំ​ដី​​សម្បទាន​​សង្គមកិច្ច​​ជូន​ប្រជាពល​រដ្ឋ​ ​ឱ្យ​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក ​ជាង ​២​ ពាន់​ (២.០០០) ​គ្រួសារ​​ក្នុង​នោះ​​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​។ មក​ទល់​ពេល​នេះ អ្នក​ដែល​ទៅ​តាំងទី​លំនៅ​លើដី ៤០ ហិកតារ មាន​ជិត ២ ​រយ​​គ្រួសារ​។ អាជ្ញាធរ​​ខេត្ត​​កំពង់ឆ្នាំង ​ធ្លាប់​អះអាង​ថា ដី ​៤០ ​ហិកតារ​​នោះ ជា​​ដី​​ជួល មិន​មែន​​ចែក​​ឱ្យ​នោះ​ទេ​។ ប៉ុន្តែ​​មន្ត្រី​​អង្គការ​​សង្គម​​ស៊ីវិល​​រក​ឃើញ​​ថា ក្រុម​ពលរដ្ឋ​វៀតណាម ​ជិត ២ ​រយ​គ្រួសារ ​ដែល​កំពុង​រស់នៅ​លើ​ដី​នោះ ត្រូវ​បង់លុយ​​ឱ្យ​​អាជ្ញាធរ​​ខ្មែរ​​ក្នុង​មួយ​​ខែ ១០ ​ម៉ឺន​​រៀល ហើយ​រយៈពេល ៣ ឆ្នាំ ក្រោយ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​​ស្របច្បាប់ ក្នុង​ទំហំ​ដីឡូត៍ ៤ ម៉ែត្រ ២​​តឹក បណ្តោយ ២០ ម៉ែត្រ ក្នុង​មួយ​គ្រួសារ។

មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា មក​ទល់​ពេល​នេះ មាន​ជនជាតិ​​វៀតណាម ​ជាង ៤ ​រយ (៤០០) ​គ្រួសារ​​ប៉ុណ្ណោះ បាន​​ឯកភាព​​រុះ​រើ​​ផ្ទះ​បណ្តែត​ទឹក តាម​​ការណែនាំ​​របស់​​អាជ្ញាធរ និង​​មាន​ពលរដ្ឋ​វៀតណាម ​ប្រមាណ ១​ រយ (១០០) គ្រួសារ​​ទៀត បាន​​សណ្ដោង​ផ្ទះ​​បណ្តែត​ទឹក ទៅ​កាន់​ប្រទេស​​វៀតណាម​​វិញ។

អាជ្ញាធរ​ខេត្ត​​កំពង់ឆ្នាំង ធ្លាប់​​ប្រាប់​​អាស៊ីសេរី​​ថា ក្នុង​​ខេត្ត​កំពង់​ឆ្នាំង មាន​ផ្ទះ​​បណ្ដែត​ទឹក​ ​ជិត ៤ ​ពាន់​​គ្រួសារ ក្នុង​​នោះ​​ភាគ​ច្រើន​​ជា​​ជន​ជាតិ​​វៀតណាម​។ បច្ចុប្បន្ន នៅ​ខេត្ត​កំពង់ឆ្នាំង មាន​​ជនជាតិ​វៀតណាម ​រស់​នៅ​​ជាង ​១ ​ម៉ឺន​នាក់ (១០.០៨៧) ហើយ​​កន្លែង​​ដែល​​ជនជាតិ​​វៀតណាម ​រស់​នៅ​​ច្រើន​ជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​​កំពង់ឆ្នាំង សង្កាត់​ផ្សារឆ្នាំង សង្កាត់​ខ្សាម តំបន់​​ឆ្នុកទ្រូ ស្ថិត​ក្នុង​​ឃុំ​​ឆ្នុកទ្រូ ស្រុក​​បរិបូណ៌ ហើយ​​ក្រៅពីនោះ​​ នៅ​​ស្រុក​​កំពង់​ត្រឡាច និង​​តំបន់​​ផ្សេងៗ​​ទៀត។

មន្ត្រី​សម្របសម្រួល​​សមាគម​​អាដហុក (Adhoc) ខេត្ត​​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មើល​​ឃើញ​​ថា អាជ្ញាធរ​​ខេត្ត​​កំពង់ឆ្នាំង បាន​ប្រឹង​ប្រែង​​ដោះ​ស្រាយ​​បញ្ហា​នេះ ហើយ​​ទទួល​​បាន​​លទ្ធផល​​ជា​វិជ្ជមាន​​ខ្លះ​​ហើយ ប៉ុន្តែ​​ការ​​អនុវត្ត​ច្បាប់​​អន្តោប្រវេសន៍ ​នៅ​តែ​​ធូរ​រលុង និង​​ពុំ​មាន​​ភាព​​ច្បាស់លាស់​​នៅ​ឡើយ​​ទេ​។ លោក​ថា ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​តំបន់​បឹង​ទន្លេសាប និង​​ដីគោក បាន​​កើនឡើង​​ពី​មួយ​​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ហើយ​​ការ​អនុវត្ត​​ច្បាប់​​អន្តោប្រវេសន៍​ នៅ​តែ​​មាន​​តិចតួច​បំផុត​៖ «​និយាយ​ចំ ​រដ្ឋាភិបាល​​គួរ​ចេញ​​ជា​​គោលការណ៍​​រួម​មួយ ស្នើ​ឱ្យ​​អាជ្ញាធរ​​មូលដ្ឋាន​​អនុវត្ត​​តាម​​ហ្នឹង បើ​​មិន​​ដូច្នោះ​​ទេ ខេត្ត​នេះ​ ​ឱ្យ​​ជម្លៀស​ទៅ​នោះ អ្នកនេះ​អនុញ្ញាត​​ឱ្យ​ឡើង​ត្រឹមនោះ វា​អត់​ស្មើភាព​គ្នា​ទេ វា​អត់​ត្រឹមត្រូវ​ទេ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ចាត់ទុក​ការ​​បន្លាស់​​ទី​ជនជាតិ​​វៀតណាម តាម​រយៈ​​កាត់​ឆ្វៀល​ដី​ទំហំ ៤០ ហិកតារ គឺ​ជា​ចំណុច​​ល្អ​ ដើម្បី​​ស្ដារ​​បរិស្ថាន​​ទន្លេសាប កាត់បន្ថយ​​ការ​​បន្ទ​​រ​បង់​​ចូល​ទន្លេ កាត់​បន្ថយ​ការ​​ចោល​​សំរាម និង​​ការ​​នេសាទ​​ត្រី​​ខុស​ច្បាប់​​ជា​ដើម។ ក៏ប៉ុន្តែ​​ពួកគេ​​ថា ដី ៤០ ហិកតារ​​នោះ មិន​គួរ​​ផ្តល់​​ជា​កម្មសិទ្ធិ​​ស្របច្បាប់​ ​ដល់​​ជនជាតិ​​វៀតណាម​​នោះ​​ទេ ព្រោះ​​អាច​​នឹង​​ប៉ះ​ពាល់​​ដល់​​អធិបតេយ្យ​ភាព​ជាតិ នៅ​​ថ្ងៃ​​អនាគត​។ រីឯ​​អ្នក​ប្រើប្រាស់​​បណ្ដាញ​​សង្គម​​ហ្វេ​ស​បុក និង​​គណបក្ស​​ប្រឆាំង បាន​​បង្ហោះ​សារ​​រិះ​គន់​​អាជ្ញាធរ​​ថា មិន​គួរ​ផ្តល់​​ដី​​សម្បទាន​​សង្គមកិច្ច ​ឱ្យ​​ជនជាតិ​​វៀតណាម ៤០ ហិកតារ​នោះ​​ទេ ប៉ុន្តែ​​គួរ​តែ​​បណ្តេញ​​ពួក​គាត់​​ឱ្យ​​ត្រឡប់ ទៅ​ប្រទេស​​វៀតណាម​ ​វិញ​។

ទាក់ទង​​នឹង​​ក្រុម​ជន​ជាតិ​​វៀតណាម ​ដែល​​ផ្លាស់​​ទី​​ទៅ​​ប្រទេស​​វៀតណាម​​នោះ​​វិញ អភិបាល​ខេត្ត​​កណ្តាល លោក គង់ សោភ​ណ្ឌ ឱ្យ​ដឹង​​ថា បច្ចុប្បន្ន​​ផ្ទះ​​បណ្តែត​​ទឹក​​របស់​​ពួក​គេ កំពុង​​ចត​​លើ​​ផ្ទៃ​ទឹកទន្លេ​ ​ក្បែរ​​តំបន់​​ព្រំដែន​ ​ក្នុង​​ខេត្តកណ្តាល ហើយ​​អាជ្ញាធរ​បាន​ការ​ពារ​​សុវត្ថិភាព និង​​ជំរុញ​​ឱ្យ​ពួក​គាត់​​ចាក់​​វ៉ាក់សាំង ការពារ​ជំងឺ​​កូ​វីដ-​១៩​។ លោក​​បញ្ជាក់​​ថា មាន​​ពលរដ្ឋ​​វៀតណាម ​ប្រមាណ ​១​​រយ​​នាក់ ដែល​​កំពុង​​ជាប់​​គាំង​​នៅ​​នោះ៕

.