The Cambodia Daily
21-6-2022
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរ សូម្បីតែមួយមិល្លីម៉ែត្រ ឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើល ជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរ ដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះថា បើវៀតណាមពិតជាចង់បានទឹកដីកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា ដែលក្រោមការដឹកនាំរបស់បក្សកាន់អំណាច ពិតជាចង់កាត់ដីឱ្យវៀតណាម ដូចដែលគេបានចោទប្រកាន់មែន នោះលោក ក៏មិនចាំបាច់ចរចា ជាមួយភាគីវៀតណាម អំពីបញ្ហាព្រំដែនអស់រយៈពេល ៤៣ ឆ្នាំដែរ។
លោក ហ៊ុន សែន អះអាងថា ការចុះហត្ថលេខាលើ សន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម បានធ្វើឡើងជាច្រើនដំណាក់កាល ទើបអាចឱ្យប្រទេសទាំងពីរ ស្រុះស្រួលជាមួយគ្នា និងក្លាយជាអ្នកជិតខាងល្អ ដូចសព្វថ្ងៃនេះ បើមិនដូច្នេះទេ តាមបណ្តោយតំបន់ព្រំដែនកម្ពុជា-វៀតណាម នៅតែមិនអាចសហការគ្នាដើម្បីបង្កើតបានទៅជាព្រំដែនសន្តិភាព ដូចពេលនេះទេ។
មេដឹកនាំខ្មែរក្រាញអំណាចយូរជាងគេ ក្នុងពិភពលោករូបនេះ អះអាងថា កម្ពុជាមានសុខសន្តិភាពរយៈពេលជាង ៤០ ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់លោក ក្នុងនោះកម្ពុជា បានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាមជាច្រើន ដែលភាគីទាំងពីរ បានចុះហត្ថលេខាទទួលយក ៨៤% នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់ ប៉ុន្តែនៅសល់ ១៦% ទៀតដែលភាគីទាំងពីរ កំពុងចរចាដោះស្រាយបញ្ហាជាមួយគ្នា ក្នុងនោះមាន ៦% ដែលភាគីកម្ពុជា និងវៀតណាម កំពុងជជែកគ្នាបន្ត។
ការអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទ លើបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ថាបានសម្បទានទឹកដីកម្ពុជា ឱ្យទៅរដ្ឋាភិបាលវៀតណាម នាពេលកន្លងមក។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ មិថុនា នេះថា ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនឆ្លុះបញ្ចាំងពីការពិត នៃការដឹកនាំជាក់ស្តែងរបស់គាត់ ចាប់តាំងពីកងទ័ពវៀតណាម បានលើកបន្តុបឱ្យគាត់ ដឹកនាំប្រទេសកម្ពុជា តាំងពីអំឡុងទសវត្សឆ្នាំ១៩៨០ មកនោះទេ។
លោក ម៉ែន ណាត អះអាងថា បើចង់ដឹងថាលោក ហ៊ុន សែន បានសម្បទានដី ឱ្យរដ្ឋាភិបាលវៀតណាម ឬក៏អត់នោះ សូមក្រឡេកទៅមើលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់នានា ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រម ជាមួយមេដឹកនាំវៀតណាម តាំងពីអំឡុងទសវត្សឆ្នាំ១៩៨០ មក នោះគេនឹងដឹងយ៉ាងច្បាស់ណាស់ថា ឯកសារខុសច្បាប់ទាំងនោះ បានបម្រើមហិច្ឆតារបស់វៀតណាម ក្នុងការឈ្លានពានទឹកដីរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ឱ្យពលរដ្ឋខ្មែរជឿជាក់តាមការអះអាងរបស់លោកមែន គឺលោក ត្រូវតែប្រកាសមោឃភាពលើសន្ធិសញ្ញាខុសច្បាប់ ដែលខ្លួនបានចុះហត្ថលេខាជាមួយវៀតណាមទាំងអស់ ព្រមទាំងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ពីការឈ្លានពានរបស់វៀតណាម ដែលបានទាមទារឱ្យភាគីកម្ពុជា ចុះហត្ថលេខាជាមួយខ្លួន លើកិច្ចព្រមព្រៀងខុសច្បាប់ ទាំងនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា លោក ហ៊ុន សែន ទំនងជាមិនហ៊ានធ្វើរឿងបែបនេះទេ ព្រោះថា ដើម្បីបំពេញតាមការចង់បានរបស់វៀតណាម លោក ហ៊ុន សែន បានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន ដូចជាការគំរាមព្រះមហាក្សត្រដោយការផ្លាស់ប្ដូរពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋ ជាដើម បើព្រះអង្គមិនឡាយព្រះហស្តលេខា លើសន្ធិសញ្ញាខុសច្បាប់ ដែលលោក ហ៊ុន សែន បានឯកភាពជាមួយវៀតណាម ទេនោះ។
ទាក់ទិននឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងខុសច្បាប់ រវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាម បានធ្វើឡើងជាច្រើនដំណាក់កាល ក្នុងនោះ នៅឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់ កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងការចុះហត្ថលេខា លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេស នាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ដោយឡែកនៅឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម នៅពេលនោះ បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់ លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ មួយទៀតដើម្បីបញ្ជាក់ពីសុពលភាព កិច្ចព្រមព្រៀងខុសច្បាប់នានា រវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថា នៅតែមានសុពលភាពសម្រាប់ការអនុវត្តបន្ត រវាងប្រទេសទាំងពីរ ទៅថ្ងៃអនាគត។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នា ប្រវែង ១២៧០ គីឡូម៉ែត្រ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នា បោះបង្គោលសរុបចំនួន ៣១៤ បង្គោល ស្មើនឹង ៨៤% ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ។
យ៉ាងណាក៏ដោយ មេដឹកនាំវៀតណាម តែងតែជំរុញឱ្យមេដឹកនាំកម្ពុជា ពន្លឿននីតិវិធី ដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍ លើការផ្តល់សច្ចាប័ននៃ ការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារគ្រប់បែបយ៉ាង ព្រមទាំងការបោះបង្គោលព្រំដែន ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបានផងដែរ៕