21769690_1512711575448559_46953098_n.jpg

ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប បានទៅជួបជុំសំដែងមតិ នៅខាងមុខទីស្នាក់ការកណ្តាលរបស់ សហភាពអឺរ៉ុប ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងែទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីរកអន្តរាគមន៍ ឲ្យជួយ​ដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និង អ្នកទោសមនសិការ ដែលកំពុងជាប់ឃុំឃាំង​ យ៉ាង​​​​​អយុត្តិធម៌ នៅប្រទេសកម្ពុជា។

ក្រុមអ្នកតវ៉ា មកពីប្រទេសផ្សេងៗគ្នា មកជួបជុំតវ៉ានេះ ដែលអ្នកខ្លះមកពីប្រទេស បារាំង​ អាល្លឺម៉ង់ អូស្ទ្រីស ស្វ៊ីស និង បែលហ្ស៊ិកជាប្រទេសសាម៉ី។ ពួកគេ ធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន រថយន្តក្រុង និងរថភ្លើង មានចម្ងាយរាប់រយគីឡូម៉ែត្រ ហើយនិងមានភ្លៀងខ្យល់ទៀតផង នោះទីក្រុងព្រុចសែល ជាកន្លែងធ្វើបាតុកម្មតវ៉ា។

ក្រុមអ្នកតវ៉ា បានថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ធ្ងន់ៗថា «ដឹកនាំប្រទេសកម្ពុជា វិលទៅរករបបផ្តាច់ការ។ រដ្ឋាភិបាល ហ៊ុន សែន រំលោភសិទ្ធិមនុស្ស រំលោភច្បាប់រដ្ឋធម្មនុញ្ញ និង រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១»។ល។ ក្រៅពីនេះ នៅមានបដា ពាក្យស្លោកជាច្រើន ដែលមានរូបលោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧, មានរូបលោក គឹម សុខ អ្នកវិភាគនយោបាយ, មានរូបលោក អ៊ុំ សំអាន សមាជិកសភា និងលោកអតីតសមាជិកព្រឹទ្ធសភា ហុង សុខហួរ ជាដើម ដែលកំពុងឃុំខ្លួន នៅពន្ធនាគារ។

ជាមួយគ្នានោះក្រុមអ្នកតវ៉ា បានអំពាវនាវសហគមន៍អឺរ៉ុប ឲ្យដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាល ហ៊ុន សែន ដើម្បីដោះលែងលោក កឹម សុខា និង ជនរងគ្រោះយ៉ាងយុត្តិធម៌ជាច្រើនរូបទៀត ឲ្យមានសេរីភាព ព្រមទាំងត្រូវបើកចំហ នូវសេរីភាពសារព័ត៌មានឡើងវិញ។ ហើយក្រុមអ្នកតវ៉ា ក៏បានស្នើផងដែរ ឲ្យសហគមន៍អឺរ៉ុប ធ្វើយ៉ាងណាជំរុញឲ្យកម្ពុជា វិលរកប្រក្រតីភាពនយោបាយឡើងវិញ ធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៨ ខាងមុខ។

គួរលំលឹកថាថ្មីៗនេះ សភាសហគមន៍អឺរ៉ុប បានអនុម័តសេចក្តីសម្រេច ១០ ចំណុច ដាក់សម្ពាធរដ្ឋាភិបាល ហ៊ុន សែន លើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការសំដែងមិត និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាល្អិតល្អន់ ទៅវិស័យពាណិជ្ជកម្មនាំចេញ ទៅកាន់អឺរ៉ុប៕ (អត្ថបទដោយ នគរ) /១៩ កញ្ញា ២០១៧

21769819_1512710838781966_1370228629_n