21752179_1380560358731773_5824838509173078183_n

(អត្ថបទដោយ ម៉ែន ណាត / ១៣ កញ្ញា ២០១៧)


«ខ្ញុំនឹងដើរចេញពី គ.ជ.ប. បើសិនគណបក្សប្រឆាំង CNRP ត្រូវបានលោក ហ៊ុន សែន រំលាយ»នេះគឺជាសំដីរបស់លោក រ៉ុង ឈុន សមាជិក គ.ជ.ប ១រូប ក្នុងចំណោមសមាជិកទាំង ៩ រូប ត្រូវបានសារព័ត៌មាននានា និង ក្រុមចម្រុះក្នុងបណ្តាញសង្គម លើកឡើងជាប្រធានបទយ៉ាងសំខាន់ ចំពេលដែលគណបក្សសង្គ្រោះជាតិ (CNRP) ទទួលរងការវាយប្រហារផ្ទួនៗ ពីគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាគណបក្សកុម្មុយនីស្ត បន្តតំណែលពីក្រុមកខ្មែរក្រហម បច្ចុប្បន្នហៅថា «គណបក្សប្រជាជនកម្ពុជា»។

ការថ្លែងរបស់លោក រ៉ុង ឈុន ខាងដើម មានបំណងបង្ហាញពីជំហរច្បាស់លាស់ខាងផ្លូវនយោបាយ និងការសម្រេចចិត្តមួយ ដែលជាសារទៅកាន់ថា្នក់ដឹកនាំជាតិ ស្ថាប័នកំពូលៗរបស់ជាតិ ជាពិសេសប្រមុខរដ្ឋាភិបាល ហ៊ុន សែន ឲ្យរៀនធ្វើនយោបាយ សុច្ចរឹត ឈរលើបន្ទាត់ច្បាប់ដ៏ត្រឹមត្រូវមួយ ដើម្បីំជំរុញកម្ពុជា ទៅរកការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ហើយគណបក្សនយោបាយ ទាំងបក្សប្រឆាំង បក្សស្រប ឬបក្សកាន់អំណាច ត្រូវតែមានសិទ្ធិស្មើគ្នា ក្នុងការប្រកួតប្រជែង រកសម្លេងឆ្នោតរៀងៗខ្លូន ពីពលរដ្ឋ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញជាតិ។

អតីតមេដឹកនាំសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាដ៏ល្បីល្បាញ លោក រ៉ុង ឈុន បញ្ជាក់ជំហរលាឈប់ពីសមាជិក គ.ជ.ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) នេះ បានធ្វើឡើងកាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ចំពេលដែលលោក ហ៊ុន សែន ព្រមានរំលាយគណបក្សប្រឆាំង និង បញ្ជាឲ្យរដ្ឋសភាជាតិរបស់លោក ហេង សំរិន ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មី ដើម្បីដាក់ទណ្ឌកម្មបន្ថែម លើលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំង ដែលភៀសខ្លួននៅប្រទេស បារាំង គេចពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាល ហ៊ុន សែន។ ទោះជាយ៉ាងណាក្តី លោក សម រង្ស៊ី បានប្រកាសលាឈប់ពីប្រធាន គណបក្សសង្គ្រោះជាតិ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលលោក ហ៊ុន សែន ព្រមានធ្ងន់ៗថា «នឹងដកហូតទីស្នាក់ការណគបក្ស នៅចាក់អង្រែលើ ភ្នំពេញ និង ដកហូតដីធ្លីមួយកន្លែង នៅក្រុងព្រះសីហនុ ដើម្បីសងជំងឺចិត្ត ហ៊ុន សែន តាមបណ្តឹងរបស់តុលាការរាប់ភ្លេច»។

ជាការពិតលោក សម រង្ស៊ី ត្រូវបង្ខំចិត្តលាឈប់ពីតំណែងប្រធានគណបក្សប្រឆាំង ដើម្បីផ្តល់ជីវិតឲ្យ គណបក្ស​​​ប្រឆាំងរបស់ខ្លួន រស់រានបន្តទៅទៀត ជៀសផុតពីការប៉ុនប៉ងរំលាយ តាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី ដែលជាច្បាប់ មានខ្លឹមសារផ្ទុយនឹង រដ្ឋធម្មនុញ្ញ ។ ច្បាប់កែប្រែថ្មីនេះ បានហាមប្រាម «ទណ្ឌិត ធ្វើនយោបាយ ឬដឹកនាំបក្សនយោបាយ»។ សហគមន៍ជាតិ និងអន្តរជាតិ រិះគន់ពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជា កែប្រែច្បាប់ ដែលមានការធាក់ថយក្រោយនោះ។

លោក កឹម សុខា បានទទួលតំណែងជាប្រធាន គណបក្សសង្គ្រោះជាតិ តាំងពីខែកម្ភៈ ជំនួសលោក សម រង្ស៊ី។ ពេលនោះលោក ហ៊ុន សែន ក៏បានសរសេរសំបុត្រអបអរសាទរ លោក កឹម សុខា ជាប្រធានថ្មីផងដែរ។

ទោះបីយ៉ាងក៏ដោយ លោក ហ៊ុន សែន មិនបានបន្ធូរដៃឲ្យគណបក្សប្រឆាំងសោះឡើយ បន្ទាប់ពីគណបក្សកាន់អំណាចរបស់លោក បាត់បង់កៅអីមេឃុំ ចៅសង្លាត់ ជិត ៥០០ បានទៅលើគណបក្សប្រឆាំង កាលពីការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧។ តាមលទ្ធផលនៃការបោះឆ្នោងឃុំសង្កាត់ថ្មីៗនេះ បង្ហាញថា គណបក្សកាន់អំណាច CPP របស់លោក ហ៊ុន សែន នឹងបន្តបាត់បង់កៅអីតំណាងរាស្រ្ត ឬបាត់បង់ការគាំទ្រច្រើនរបស់ខ្លួនថែមទៀត បានទៅលើគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ​២០១៨

ដោយហេតុនេះហើយ លោក ហ៊ុន សែន និង គណបក្សកាន់អំណាចរបស់លោក ត្រូវតែរកវិធី និងយុទ្ធសាស្រ្តទុច្ចរឹត រួមជាមួយការប្រើប្រាស់ ច្បាប់ស្តីពីគណបក្សនយោបាយថ្មី និង ប្រើប្រាស់ប្រព័ន្ធតុលាការ ត្រូវកំចាត់គណបក្សប្រឆាំង បង្ក្រាបស្ថាប័នសារព័ត៌មានឯករាជ្យ និង អង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតខ្លះ ឲ្យបានមុន ១ ឆ្នាំ មុនការបោះឆ្នោតជាតិ ឆ្នាំក្រោយ។ 

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្រ្ត ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទថា «ក្បត់ជាតិ ឃុបឃឹតជាមួយបរទេស {អាមេរិក} គ្រោងផ្តួលរំលំរដ្ឋាភិបាល»។ ការចាទប្រកាន់នេះ ដោយផ្អែកលើខ្សែវីដេអូមួយ ដែលលោក កឹម សុខា បានថ្លែងនៅប្រទេស ​អូស្រ្តាលី កាលខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែលោក ហ៊ុន សែន បែរជាថា «បទល្មើសជាក់ស្តែង» ទៅវិញ។

ជុំវិញការចាប់ខ្លួនលោក កឹម សុខា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រូមទាំងអង្គការសហប្រជាតិ (UN) ផង ថ្កោលទោសធ្ងន់ៗ ទៅលើរដ្ឋាភិបាល ហ៊ុន សែន ថា «រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០, រំលោភច្បាប់, រំលោភសិទ្ធិមនុស្ស និង បំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។ សហគមន៍ជាតិ និងអន្តរជាតិ ក៏ថ្កោលទោសរដ្ឋាលកម្ពុជាធ្ងន់ៗផងដែរ ចំពោះការបង្រ្កាប ទៅលើវិទ្យាស្ថានអាមេរិកាំង (NDI), វិទ្យុអាស៊ីសេរី (RFA), វិទ្យុេអាមេរិក (VOA), សារព័តមាន (VOD) និងកាសែត The Cambodia Daily កាលពីចុងខែ សីហា ឆ្នាំ២០១៧។ សហគមន៍ជាតិ និងអន្តរជាតិទាំងនោះ អំពាវនាវឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ហើយត្រូវវិលមករកប្រក្រតីភាព និងគោរពច្បាប់ឡើងវិញ ធានាការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សហគមន៍ខ្មែរនៅក្រៅប្រទេស នៅអឺរ៉ុប (បារាំង, អាល្លឺម៉ង់, បែលហ្ស៊ិក, ស្វ៊ីស), អាមេរិក, កាណាដា, អូស្ត្រាលី និង នូវ៉ែលស៊ីឡង់ ធ្វើមហាបាតុកម្ម តាមប្រទេសរៀងៗខ្លួន ទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ហើយ ធ្វើញត្តិរួមគ្នា ដាក់ទៅអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យជួយអន្តរាគមន៍ ស្វែងរកសំណោះស្រាយបញ្ហាដល់កម្ពុជា ដើម្បីជៀសឲ្យផុតពីរបបផ្តាច់ការ ជាថ្មី ដែលគួរឲ្យព្រួយ​បារម្ភ។

លោក ហ៊ុន សែន បន្តព្រមានរំលាយគណបក្សប្រឆាំង ជាថ្មីទៀត ក្រោយពេលលោក កឹម សុខា ត្រូវបានចាប់បញ្ជូន ទៅឃុំខ្លួន នៅពន្ធនាគារ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងែី ០៤ កញ្ញា ឆ្នាំ២០១៧។ លោក ហ៊ុន សែន និយាយថា «បើសិនសមាជិកគណបក្សប្រឆាំង នៅតែបន្តការពារលោក កឹម សុខា នោះគណបក្សនេះ នឹងត្រូវរំលាយ»

ប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ធ្វើសន្និសីទកាសែត ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញថា បញ្ជាក់ជំហរថា «គណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅរកការបោះឆ្នោតជាតិ ឆ្នាំ​២០១៨»។ ក្នុងន័យនេះ គណបក្សនេះ អាចនឹងត្រូវរៀបចំជ្រើសរើសប្រធានថ្មី ជំនួសលោក កឹម សុខា ដើម្បីបន្តជីវិតនយោបាយរបស់ខ្លួន ទៅមុខទៀត។

ដូច្នេះ លោក រ៉ុង ឈុន សមាជិក គ.ជ.ប និង សមាជិក គ.ជ.ប ឯទៀតក្នុងស្ថាប័នកំពូលមួយនេះ ក៏កំពុងស្ថិតក្នុងផលវិ​បាកធំធេង ព្រមទាំងទទួលរងសម្ពាធនយោបាយ ពីលោក ហ៊ុន សែន ក៏មិនតិចតួចដែរ ក្នុងកាលៈទេសៈបច្ចុប្បន្ន។ ដំណើរកាបោះឆ្នោតជាតិ ឆ្នាំ​២០១៨ កំពុងស្ថិតនៅលើផ្លូវដ៏គ្រោតគ្រាត ហើយវាជាដំណាក់កាល ដែលសហគមន៍អន្តរជាតិ និង ប្រទេសផ្តល់ជំនួយដល់កម្ពុជា ត្រូវតែជួយអន្តរាគមន៍ផង និង ដាក់សម្ពាធផង

 

11112772_902759513100132_4467690831066398197_n