rex-tillerson-trump

(RFI, 19-9-2017, ដោយ វណ្ណ សុគន្ធា)៖ សមាជិកសភា​អាមេរិក​ចំនួន ៨ នាក់ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ២០១៧ បាន​សរសេរ​លិខិត​មួយច្បាប់​ ទៅកាន់​ លោក​ Rex Tillerson រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​ របស់​ពួកគេ​ចំពោះ​​បញ្ហា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា បន្ទាប់ពី​ការចាប់ខ្លួន​ លោក ​កឹម សុខា និង ​ការបិទ​បណ្តាញ​សារព័ត៌មាន​មួយចំនួន ​កាលពីពេលថ្មីៗនេះ។ ក្រុម​សមាជិកសភា​អាមេរិក​ ក៏បាន​អំពាវនាវ ​ឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​ខ្លួន​ ដោះស្រាយ​បញ្ហា​នេះ ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា។

នៅក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​របស់ខ្លួន​ ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក្រុម​សមាជិកសភា​អាមេរិក​ទាំង ៨ រូបនេះ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ក៏បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​ជាពិសេស​ផងដែរ ​ចំពោះ​ការចាប់ខ្លួន​ លោក ​កឹម សុខា ប្រធាន​គណបក្សប្រឆាំង និង​ការ​ប៉ន់​ប៉ង​លុបបំបាត់​សេរីភាព​សារព័ត៌​មាន នៅ​កម្ពុជា។ ការព្រួយបារម្ភ​មួយទៀត​របស់​ពួកគេ គឺ​ចំពោះ​ការចោទប្រកាន់​ដែល​ពួកគេ​អះអាងថា​ គ្មាន​ហេតុផល​របស់ លោក ​ហ៊ុន សែន ដែលថា សហ​អាមេរិក​ បានរួម​ដៃ​ជាមួយ​ លោក ​កឹម សុខា ក្នុង​អំពើ​ក្បត់ជាតិ។ ហេតុ​ដូច្នេះហើយ ក្រុម​សមាជិកសភា​អាមេរិក បាន​អំពាវនាវ​ឲ្យ​ក្រសួងការបរទេស​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​ បន្ត​ថ្កោលទោស​ជា​សាធារណៈ​ ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

ប្រតិកម្ម​របស់​សមាជិក​សភា​អាមេរិក បាន​កើតឡើង​បន្ទាប់ពី​លោក ​កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន ​នៅក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ក្បត់ជាតិ។ វា​បាន​កើតឡើង​ដំណាលគ្នា ​នឹង​ការប្រកាស​បិទ​អង្គការ​អាមេរិកាំង​ NDI ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និងការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ​ដែល​បន្ត​ផ្សព្វ​ផ្សាយ ​ពី​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA)។ សម្រាប់​ក្រុម​សមាជិកសភា​អាមេរិក ស្ថានភាព​បែបនេះ វា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ​ចំពោះ​ការបោះ​ឆោត​ជាតិ​ ឆ្នាំ២០១៨ ដែល​នឹងមាន​ការលើកឡើង​ពី​មន្ទិលសង្ស័យ​នានា​ដែលថា ការបោះឆ្នោត​នោះ​នឹង ​សេរី និង​យុត្តិធម៌​ដែរ​ឫ​យ៉ាងណា។

នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ក្រុម​សមាជិកសភា​អាមេរិក​ទាំង ៨ រូប ​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ឲ្យ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​នូវ​គ្រប់​មធ្យោបាយ​ការទូត​ចាំបាច់​ទាំងអស់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋា​ភិ​បា​លោក​ហ៊ុន សែន ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ។ ពួកគេ​ក៏បាន​ស្នើសុំ​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ឲ្យ​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​ទាំងអស់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួនឯង​តាមរយៈ​បង្កើត​មាន​សេរីភាព​សារព័ត៌មាន​និង​ការគោរព​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជាមួយគ្នានេះ ក្រុម​សមាជិកសភា​អា​មេ​រិ​ក៏បាន​ព្រមាន​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែមាន​វិធានការ​លើ​បញ្ហា​ទាំងនេះ ប្រសិនបើ​ខ្លួន​ចង់​ស្វែងរក​ទំនាក់ទំនង​ល្អប្រសើរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ជាមួយ​អាមេរិក​នោះ។

នេះ​មិនមែនជា​ប្រតិកម្ម​ទី១ទេ​របស់​អាមេរិក​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា។ កាលពីពេលថ្មីៗនេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ក៏បាន​ចេញ​ប្រតិកម្ម​នឹង​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បាន​ទាញ​អាមេរិក​ភ្ជាប់​ទៅនឹង​ករណី​លោក​កឹម សុខា។ ទូត​អាមេរិក​ថែមទាំង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ថែមទៀត។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​តែងតែបាន​បញ្ជាក់​ហើយ​ថា សហគមន៍​អន្តរជាតិ​ក៏ដូចជា​រដ្ឋ​បរទេស​គ្មាន​ឥទ្ធិពល​ណាមួយ​មកលើ​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ទៅ​បញ្ឈប់​ដំណើរការ​របស់​តុលាការ​លើ​សំណុំរឿង​លោក​កឹម សុខា​ឡើយ៕


មានឯកសារដើម ជាភាសាអង់គ្លេស និង ភាសាខ្មែរ ដែលត្រូវបានបកប្រែក្រៅផ្លូវការ។ (ដោយ នគរ /១៩ កញ្ញា ២០១៧)

US MP-kh-1US MP-kh-2

US MP-1US MP-2