លោក ម៉ែន ណាត នៅ​ថ្ងៃ​ទី ៣១ តុលា ២០១៧ សូម​ឆ្លើយ​​តប​​ថា «លោក ហ៊ុន ម៉ាណែត បបួល​​លោក ម៉ែន ណាត ភ្លាល់​​ហើយ​​ពេល​​នេះ​! ប៉ុន្តែ​​យើង សូម​បញ្ជាក់​​ថា ប្រទេស​​បារាំង និង​​សម្ព័ន្ធមិត្ត​​របស់​គេ រួម​ទាំង​​អាមេរិក គេ​ចេះ​​ស៊ើប​​អង្កេត​​រឿង​​លុយ​​កាក់​​របស់​​ត្រកូល ហ៊ុន ហើយ។ ហេតុ​នេះ ម៉ាណែត​! ពួក​យើង​​មិន​​បាច់​​ភ្នាល់​​យក​ឈ្នះ​​ចាញ់​​គ្នា​ទេ។ មុន​​ពេល​​អាមេរិក និង​​សម្ព័ន្ធមិត្ត សម្រេច​​ចិត្ត​​ដាក់​​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​កម្ពុជា គេ​​ទុក​​ពេល​​ឲ្យ​ឳពុក​​របស់ ម៉ាណែត គឺលោក ហ៊ុន សែន ពិចារ​ណា​​ឡើង​​វិញ ជុំវិញ​ស្ថានការ​​ដ៏​អាក្រក់ នៅ​​កម្ពុជា​​​បច្ចុប្បន្ន»។ 

លោក ប៉ាង​ សុខឿន (សុវណ្ណភូមិ ខ្មែរ) ផ្តល់​​យោបល់​​ថា «ហ៊ុន ម៉ាណែត និយាយ​​បោក​​ក្មេង ឬ​បោក​​អ្នក​គាំទ្រ​ឲ្យ​ជឿ​ ព្រោះ​​ពួក​​គេ​​ខ្វះ​​ការ​ពិចារណា។

១. ត្រូវយល់ថា ការភ្នាល់នេះ គឺ​ជា​​រឿង​​មិន​អាច​​កើត​ឡើង ព្រោះ ហ៊ុន ម៉ាណែត ដឹង​ថា លោក ម៉ែន ណាត មិន​អាច​​ធ្វើ​បាន។
២. ការរក ឬ​ស្នើ​សុំ​​ឯក​សារ​ណា​​មួយពី​ស្ថានទូត ទាក់ទង​នឹងធនាគារ​ប្រទេសណា​មួយ ឬអន្តរជាតិ​ណាមួយ អាច​​ធ្វើ​ទៅ​បាន លុះត្រា​តែ​រដ្ឋាភិបាល ជាអ្នកធ្វើ។ មាន​បណ្តឹង មាន​បញ្ហាច្បាស់លាស់ ដែល​​អាច​​ជា​ការ​​គំរាម ជា​ការ​​បង្ក​ហានិភ័យ​ ឬរំលោភច្បាប់​អ្វីមួយ ទើប​អាច​ធ្វើទៅ​បាន។ ពោល​មិនមែន​អ្នកណា ក៏​អាច​​សរសេរ​​ទៅ​ស្នើ​សុំ​​បាន​នោះ​​ទេ។ បើអ្នក​ណាៗ ក៏អាច​សរសេរ​ទៅស្នើ​សុំមើល​បាន តើ​មុខ​រប​រកស៊ី​របស់​គេ​ទៅ​ជាយ៉ាង​ណា? តើ​ច្បាប់​ប្រទេស​​គេ ការពារអ្នក​រកស៊ី​មានន័យស្អី? តើទំនុក​ចិត្ត​អតិថិជន​ឲ្យជឿស្អី? និយាយរួម មិន​​បាច់​​ដល់​​បារាំង​ទេ …ត្រឹម​​ស្រុក​​ខ្មែរ ខ្មែរ​ដូចគ្នា តើយើង​អាច​សុំមើល​កុងធនាគារ​នរណា​ម្នាក់​បាន​ទេ? គ្មាន​ផ្លូវទេ។ ដូច្នេះ កុំ​និយាយ​​ទាំង​ងងើល​បែប​​នេះ ម៉ាណែត។ តែចង់​ប្រាប់វិញថា ពេល​មានការផ្លាស់ប្តូរ​រដ្ឋាភិបាល មាន​​អ្នក​ដឹកនាំ​ថ្មី យើង​នឹង​យក​ឯកសារ​​​ទាំង​​​នោះ មក​​ឲ្យ​​​មើល​​​ជាក់​​​ជា​​មិន​​​ខាន​​ឡើយ ហើយ​​ពេល​នោះ កុំ​ភ្លេច​រឿង​​ភ្នាល់​នេះ​​ឲ្យ​សោះ ម៉ាណែត​!»។

*****

សូមអានអត្ថបទរបស់ ហ៊ុន ម៉ាណែត ទាំង​ស្រុង​​ខាង​​ក្រោម៖
———-
{ហ្វេសប៊ុក} Hun Manet​៖ ថ្មីៗនេះ​លោក ម៉ែន ណាត ដែល​​តាំង​ខ្លួន​​ជា​អ្នក​​ក្លាហាន​​ក្នុង​ការ​បញ្ចេញ​​ព័ត៌មាន​​នានា​ បាន​​​បង្ហោះ​ព័ត៌មាន​​មួយ ​ដែល​​ចោទ​ថា ខ្ញុំ​មាន​លាក់​​លុយ ២០០ លាន​​ដុល្លា នៅ​ធនាគារ​​មួយ​​ឈ្មោះ BNP នៅ​ប្រទេស​​បារាំង និងបាន​កំពុង​ដេញថ្លៃ ទិញ​អគារ​ទីស្នាក់​ការបក្ស Le Parti Socialiste ដែល​គាត់​ចោទ​ថា​ ខ្ញុំ ហ៊ាន​ដេញ​ថ្លៃ​ដល់ជាង ៥៨ លាន​អឺរ៉ូឯ​ណោះផងដែរ។

នេះ​មិន​មែន​​ជា​រឿង​ទីមួយ​ទេ ដែល​​លោក ម៉ែន ណាត និងក្រុម​របស់គាត់ បាន​ប្រឌិត​ឡេីង​ក្នុងចេតនា​​មួលបង្កាច់ ញុះញង់ បំផ្លាញ​កិត្តិយស​អ្នកដទៃ ដេីម្បី​កេងចំណេញ​នយោបាយ។ ក្នុងនាម​ជាកូនប្រុស ខ្ញុំ​មិន​ចង់​​និយាយអ្វី​វែង​ឆ្ងាយទេ។ ខ្ញុំ​ចង់ភ្នាល់​តែម្តង ជាមួយ​លោក ម៉ែន ណាត ដែល​បាន​ចោទថា​ ខ្ញុំ​មាន​​លុយ​រាប់លាន​ដុល្លា ទុកនៅ​ធនាគារ​​បារាំង ហេីយ​និង​កំពុង​ចូលរួម​ដេញថ្លៃអគារ​ក្នុងតម្លៃ​រាប់លាន​អឺរ៉ូនោះ។ 

ការភ្នាល់នោះគឺ៖ ខ្ញុំ​ផ្តល់​​រយៈ​ពេល ២ សប្តាហ៏​​អោយ​លោក ម៉ែន ណាត បង្ហាញ​ឯកសារ​​ជា​ភស្តុតាង​​ដែល​​បញ្ជាក់​ថា៖ ១) ខ្ញុំ​មាន​​លាក់​លុយ ២០០ លាន​​ដុល្លា​នៅ​ធនាគារ BNP នៅ​បារាំង។ ២) ខ្ញុំ​មាន​​ឈ្មោះ​ដេញ​​ថ្លៃ​អគារ Le Parti Socialiste ដូច​ដែល​​លោក​​បាន​ចោទ។

ឯកសារ​ទាំង​នោះ យើង​អាច​ស្នើសុំ​អោយស្ថានទូត​បារាំង នៅកម្ពុជា ឬស្ថានទូត​កម្ពុជា នៅបារាំង សុំអោយ​ធនាគារ BNP ឬ អ្នករៀបចំ​ដេញថ្លៃ អគារ​នោះបញ្ជាក់​ជាផ្លូវការ​បាន ថា​ជាឯកសារ​ពិត ឬមិនពិត។

បើលោក ម៉ែន ណាត មាន​ឯកសារ​ដែលបញ្ជាក់​ថា ខ្ញុំពិត​ជាមាន​ប្រាក់ និង​កំពុង​ដេញថ្លៃ​អគារ​ដូចដែល​លោក ចោទប្រកាន់​មែន ខ្ញុំហ៊ាន​៖
១) ប្រគល់​លុយ​ទាំងអស់ ដែលលោក​ចោទខ្ញុំថា មាន​នោះ​អោយ​ទៅ​លោក
២) ខ្ញុំនឹង​ធ្វើកិច្ចសន្យា​ជាសាធារណៈថា ខ្ញុំនឹង​ឈប់ប្រឡូក​ក្នុងនយោបាយ​អស់មួយ​ជីវិត។

ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ាន​ភ្នាល់ ឬមិន​អាចផ្តល់​ភស្តុតាង​ពិតប្រាកដ ដើម្បី​បញ្ជាក់​តាម​ការចោទ​​របស់​​លោកទេ ខ្ញុំសុំ​អោយលោក ម៉ែន ណាត៖
១) ធ្វើលិខិត​សុំទោសខ្ញុំ​ជាសាធារណៈ
២) ធ្វើកិច្ចសន្យា​ជាសាធារណៈ​ថា លោក​​នឹង​ឈប់​​ប្រឡូក​ក្នុង​នយោបាយ តាម​​គ្រប់​រូបភាព​អស់​មួយ​​ជីវិត។

ខ្ញុំមិនខ្លាច​នឹងភ្នាល់ទេ ព្រោះខ្ញុំគ្មាន​អ្វីត្រូវ​លាក់បាំង ចំពោះ​ការចោទ​ប្រកាន់​របស់លោក ម៉ែន ណាត ទេ។
ខ្ញុំសង្ឃឹមថា លោក ម៉ែន ណាត ដែល​តាំងខ្លួន​ជាអ្នក​ក្លាហាន នោះហ៊ាន​ភ្នាល់ជាមួយ​ខ្ញុំដែរ ព្រោះ​បើតាម​អ្វីដែល​លោក​ស​រសេរ​នោះគឺលោក បាន​អួតថា មាន​ភស្តុតាង​អស់ហើយ សម្រាប់​យក​ឈ្នះ ក្នុង​ការភ្នាល់​គ្នានេះ។

ប្រជាពលរដ្ឋជាច្រើន ក៏កំពុង​រង់ចាំ​មើលដែរ តើ​អ្នកក្លាហាន​ដូច​លោក ហ៊ាន​ទទួល​ខុសត្រូវ ចំពោះ​អ្វីដែល​ខ្លួន​សរសេរ​ឬទេ? ខ្ញុំ​សង្ឃឹម​ថា​លោក ម៉ែន ណាត ពិតជា​មាន​ចិត្តជា​កូន​ប្រុស និង​មាន​ភាពក្លាហាន  ទទួល​ខុសត្រូវ ចំពោះ​ការសរសេរ​របស់ខ្លួន ហើយ​មិនមែន​ជាជនកំសាក និង​មិនហ៊ាន​ទទួល​ខុសត្រូវ​នោះ​ទេ។ ខ្ញុំនឹង​រង់ចាំ​ចម្លើយលោក ហើយ​បើលោក មាន​ឯកសារ​ជាភស្តុតាង​ពិតប្រាកដ សូម​បង្ហាញ​មក។ ឯកសារ​ទាំងនោះ យើង​អាច​ស្នើសុំ​អោយស្ថាន​ទូតបារាំង នៅកម្ពុជា ឬស្ថាន​ទូតកម្ពុជា នៅបារាំង សុំអោយ​ធនាគារ BNP ឬ អ្នករៀបចំ​ដេញថ្លៃ អគារ​នោះ​បញ្ជាក់​ជាផ្លូវការ​បាន ថា​ជាឯកសារ​ពិត​ ឬមិន​ពិត​បាន។

23004602_1866147586790745_29694742389044674_ocdmannat

13147324_966225280140242_5821107342263481190_o