(RFA Khmer /ដោយ មួង ណារេត /11 th-2-2019)
សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ បានប្រកាសចាប់ផ្តើមនីតិវិធី ព្យួរការអនុគ្រោះពន្ធបណ្តោះអាសន្ន ក្រោយព្រមានរបបលោក ហ៊ុន សែន តាំងពីដើមខែ តុលា ឆ្នាំ ២០១៨ អំពី​ការចាប់ផ្តើមនីតិវិធីនេះ បើ​របបនេះមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១១ ខែ កុម្ភៈ បញ្ជាក់ថា បើទោះបី​នីតិវិធីព្យួរការអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែង​តែសព្វាវុធ ឬ EBA» ពីកម្ពុជានេះ មិនមែនបានន័យថា សហភាពអឺរ៉ុប នឹងដកការអនុគ្រោះពន្ធនេះភ្លាមៗក៏ដោយ ក៏នៅទីបំផុត សហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធនេះជាស្ថាបពរ ប្រសិនបើរបបលោក ហ៊ុន សែន នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ទៅតាមសំណូមពររបស់សហគមន៍អន្តរជាតិ។

អនុប្រធានស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប អ្នកស្រី ហ្វេដេរ៊ីកា ម៉ូហ្ការ៊ីនី (Federica Mogherini ) បញ្ជាក់ថា រយៈពេល ១៨ ខែចុងក្រោយនេះ សហភាពអឺរ៉ុបមើលឃើញនូវ​ស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង នីតិរដ្ឋ​នៅកម្ពុជា ធ្លាក់ចុះដុនដាបខ្លាំង។ សហភាពអឺរ៉ុប តាមរយៈរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ច្បាស់ ពីជំហររបស់សហភាពអឺរ៉ុបនេះរួចទៅហើយ ថាបើស្ថានភាពបច្ចុប្បន្ននេះ នៅតែមិនប្រសើរឡើង នោះការបន្តផ្តល់ការអនុគ្រោះពន្ធ នឹងជួបបញ្ហា។ អ្នកស្រីបញ្ជាក់បន្ថែមថា ភាពជាដៃគូផ្នែកពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបជាមួយកម្ពុជា ត្រូវឈរលើការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាមូលដ្ឋានស្នូល។

ចំណែកឯស្នងការពាណិជ្ជកម្មអឺរ៉ុបអ្នកស្រី សេស៊ីលីយ៉ា ម៉ាមស្រ្តុម (Cecilia Malmström ) បានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ ថាច្បាស់ណាស់ នីតិវិធីព្យួរការអនុគ្រោះពន្ធនៅថ្ងៃនេះ មិនទាន់ជាសេចក្តីសម្រេចចុងក្រោយ ដកការអនុគ្រោះពន្ធភ្លាមមែន ប៉ុន្តែនីតិវិធីនេះចាប់ផ្តើមចេញដំណើរហើយ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្វីដែលសហភាពអឺរ៉ុប បញ្ជាក់ទៅភាគីកម្ពុជាឲ្យធ្វើតាមនោះ គឺមិនមែនជាការ​សន្យាខ្យល់ទេ។ អ្នកស្រីបញ្ជក់ទៀតថា បើកម្ពុជា ចង់បន្តទទួលបានការអនុគ្រោះពន្ធនេះតទៅទៀត កម្ពុជាត្រូវស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញដាច់ខាត។

សំណូមពរជាច្រើន ដែលសហភាពអឺរ៉ុបទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ធ្វើតាម ដើម្បីជាថ្នូរ​នឹង​ការ​បន្ត​ការផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មនេះ រួមមាន​ ដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់​ និង ដោយ​ឥតលក្ខខណ្ឌ អនុញ្ញាតឲ្យ​គណបក្សសង្គ្រោះជាតិ​បើកដំណើរការឡើងវិញដូចដើម ផ្តល់មុខតំណែង​ដល់មន្រ្តីក្រុមប្រឹក្សា​ជាប់​ឆ្នោត​របស់គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ឡើងវិញ និង រៀបចំឲ្យ​មានការ​បោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ​ និង យុត្តិធម៌ ដោយមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដជាដើម។

សហភាពអឺរ៉ុប បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែ តុលា ឆ្នាំ ២០១៨ ថាសហភាពអឺរ៉ុប នឹងចាប់ផ្តើមនីតិវិធីព្យួរការអនុគ្រោះពន្ធ នៅខែ កុម្ភៈ នេះ បើរបបនេះ នៅតែចចេសមិនព្រមធ្វើតាមចំណុច​អស់​ទាំងនេះ។

ក្រោយការព្រមាននេះ របបលោក ហ៊ុន សែន បានបន្ទន់ឥរិយាបទខ្លះ ដូចជាដោះលែងអ្នកទោសនយោបាយ មន្រ្តីអង្គការសង្គមស៊ីវិល និង អ្នកសារព័ត៌មាន និង បន្ធូរបន្ថយការរឹតត្បិតសិទ្ធិសេរីភាព​ខ្លះ ចំពោះសហជីពកម្មករ ប៉ុន្តែ ប៉ុណ្ណឹង​ សហគមន៍អន្តរជាតិ យល់ថា​មិនទាន់គ្រប់គ្រាន់ នៅឡើយទេ។

ចាប់ពីចេញសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថ្ងៃនេះ សហភាពអឺរ៉ុប នឹងផ្តើមបើកការត្រួតពិនិត្យ ស៊ីជម្រៅមួយសម្រាប់រយៈពេល ៦ ខែ។ បន្ទាប់មក បីខែតទៅមុខទៀត ស្ថាប័ននេះ នឹងចេញរបាយការណ៍ អំពីការវិវត្តនៃស្ថានការណ៍សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយសហភាពអឺរ៉ុប នឹងសម្រេចជាស្ថាបពរ ក្នុងការដកការអនុគ្រោះពន្ធនេះ។

ភ្លាមៗក្រោយ​ការ​ប្រកាស​ដំណឹងនេះ របបលោក ហ៊ុន សែន តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បាន​បង្ហោះសារតាមហ្វេស៊បុក ដោយ​ភ្ជាប់​មកនូវ​សេចក្តី​ថ្លែងការណ៍​របស់​របបនេះ និងបញ្ជាក់ថា ជាការរម្លឹក​អំពី​ជំហរ​របស់ខ្លួន​ តប​ទៅនឹងសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍ចាស់នេះ ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ រៀបរាប់​អំពីការសោកស្តាយ ចំពោះការសម្រេចចិត្ត​របស់សហភាពអឺរ៉ុប និង ចាត់ទុកការវាយតម្លៃរបស់ស្ថាប័នដែលមាន ២៨ ប្រទេសនេះ ថាលម្អៀង។ របបលោក ហ៊ុន សែន ការពារ​ចំណាត់ការរម្លាយគណបក្សសង្គ្រោះជាតិ ថាជាការត្រឹមត្រូវ និង ប្រាប់​ទៅសហភាពអឺរ៉ុបវិញថា បើនៅតែដកការអនុគ្រោះពន្ធពីកម្ពុជាមែន នោះកម្ពុជានឹង​នៅតែ​បន្តប្តេជ្ញាតាំងចិត្ត​កាន់តែមុតមាំថែមទៀត ការពារ និង រក្សា​ចំណាត់ការ​ ដែលខ្លួន​អះអាង​ថា​ត្រឹមត្រូវ និង ស្របច្បាប់​ ស្របពេលដែលសហគមន៍អន្តរជាតិ ថ្កោលទោស និង ដាក់ទណ្ឌកម្ម​ជុំទិសនេះ។​

អ្នកវិភាគ មន្រ្តីសិទ្ធិមនុស្ស និង ប្រធានសហជីពកម្មករជាច្រើន បាន​ព្រមាន​របបលោក ហ៊ុន សែន ជាហូរហែមកហើយ ថាបើរបបនេះ នៅតែចចេស មិនព្រមស្តារសិទ្ធិមនុស្ស​ឡើងវិញ កម្ពុជាចៀសមិនផុតពីបាត់បង់ការ​អនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ។ មជ្ឈដ្ឋានទូទៅ រួមទាំងតំណាង​ថៅកែរោងចក្រ និង អ្នកជំនួញធំៗផង សុទ្ធតែមើលឃើញពីផលប៉ះពាល់ធ្ងន់ លើវិស័យ​សេដ្ឋកិច្ចកម្ពុជា ពេលអត់​ការអនុគ្រោះពន្ធនេះ។ ពលរដ្ឋខ្មែររាប់លាននាក់ នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​តែវិបត្តិនេះ៕

.