នៅព្រលប់ថ្ងៃទី ១០ កក្កដា ២០១៩ យុវជនជាកូនភ្លោះ ជាសកម្មជនបរិស្ថាន លោក ជុំ ហួរ និងលោក ជុំ ហួត ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ១០ កក្កដា ខណៈពេលក្រុមមន្រ្តីសង្គមស៊ីវិល សហជីព និងពលរដ្ឋ ព្យាយាមដាក់កម្រងផ្កា និងអុជធូប រំលឹកខួប ៣ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នៅស្តុបបូកគោ ក្នុងក្រុងភ្នំពេញ យ៉ាងឃោរឃៅ និងអយុត្តិធម៌ កាលពី ៣ឆ្នាំមុន។

ចំពោះលោក សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួ​ន នៅព្រឹកថ្ងៃទី ១០ កក្កដា ដែរនោះ មិនត្រូវបានដោះលែងទេអាជ្ញាធរ សម្រេចកសាងសំណុំរឿងលោក សួង នាគព័ន្ធ ទៅកាន់តុលាការ ក្រោមការចោទប្រកាន់ថា ញុះញង់បង្កបទឧក្រិដ្ឋអាទិ៍ ដោយសារលោក បានចែកចាយខិតប័ណ្ណ ក្នុងថ្ងៃរំលឹកខួបបណ្ឌិត កែម ឡី។

ដោយឡែកលោក គង់ រ៉ៃយ៉ា ដែលអាជ្ញាធរចាប់ខ្លួន ជាមួយសមាជិកគ្រួសាររបស់លោក ៣ នាក់ទៀត កាលពីថ្ងៃទី ០៩ កក្កដា ឆ្នាំ២០១៩ មិន​ត្រូវបានដោះលែងទេ។ ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់លោក ត្រូវបាន​ដោះលែងហើយ នៅរសៀលថ្ងៃទី ១០ កក្កដានេះ។ ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺអ្នកស្រី សុខ ស្រីនិច ដែលទើបបានដោះលែងនោះ បានឲ្យដឹងថា ស្វាម៉ីរបស់អ្នកស្រី ត្រូវអាជ្ញាធរបញ្ជូនទៅតុលាការ នៅថ្ងៃទី ១០ កក្កដា។

ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាល ហ៊ុន សែន ឲ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដោយគ្មានលក្ខខណ្ឌ ហើយរដ្ឋាភិបាល ត្រូវស្តារមុខមាត់ជាតិ ស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គួសបញ្ជាក់ថាបណ្ឌិត កែម ឡី អ្នកវិភាពនយោបាយ និងសង្គដ៏ល្បីល្បាញ ត្រូវបានធ្វើឃាត កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតកាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។

ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងកូនៗ ​បានភៀសខ្លួនទៅក្រៅប្រទេសភ្លាមៗ ក្រោយស្វាម៉ី​របស់ខ្លួន ត្រូវបានគេធ្វើឃាត ហើយអ្នកស្រី និងកូ​នៗ ៥ នាក់ បានទទួលសិទ្ធិជាជនភៀសខ្លួន រស់នៅអូស្ត្រាលី ជាង ១ឆ្នាំមុននេះ ពីព្រោះអ្នកស្រី មានការព្រួយបារម្ភអំពីការគំរាមកំហែង ពីអាជ្ញាធរភ្នំពេញ។

ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាឃាតកសិប្បនិម្មិត ដែលគេរៀបចំឲ្យទទួលទោសនោះ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសជាប់គុក ១ ជីវិត កាលពីខែ មីនា ២០១៧ ពីបទធ្វើឃាតបណ្ឌិត កែម ឡី៕ (អត្ថបទដោយ ម៉ែន ណាត /១១ កក្កដា ២០១៩)

.