ពីទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេស៍ ថ្ងៃទី ០៥ ខែ​មករា ឆ្នាំ ២០២០ លោក ម៉ែន ណាត ប្រធាន​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រំលឹកខួប ៤១ឆ្នាំនៃទិវាថ្ងៃ ៧ មករា ដោយ​បញ្ជាក់​អំពី​រឿងរ៉ាវ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម មកលើកម្ពុជា និង​បន្សល់​ទុក​នូវ​ផលវិបាក​ជា​ច្រើន សម្រាប់​កម្ពុជា​សព្វថ្ងៃ។ លោក ម៉ែន ណាត អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ «មាន​ឯកភាព​ជាតិ» ដោះ​ស្រាយ​វិបត្តិ​នយោបាយ, និង​ដោះ​ស្រាយ​បញ្ហា​ព្រំដែនគោក ព្រំដែន​ទឹក​ជាមួយ​វៀតណាម ដោយ​ឈរ​លើ​ស្នារតី​ជាតិ​ជាធំ។ ខាងក្រោម​នេះ ជា​ខ្លឹមសារ​សេចក្តី​ថ្លែងការណ៍​ទាំង​ស្រុង ៖

សេចក្តីថ្លែងការណ៍នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ៖
រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើ​ប្រាស់​ទិវាថ្ងៃ ៧ មករា ស្តារ​ស្ថានភាព​អាប់អួរ​របស់​កម្ពុជា និង​ហ៊ាន​ប្តេជ្ញាចិត្ត​ប្តឹង​តវ៉ា​រឿង កោះត្រល់ ហើយ​និង​ទឹកដី​ដែល​បាត់បង់

រដ្ឋាភិបាលលោក ហ៊ុន សែន គប្បី​ប្រើប្រាស់​វេទិកា​រំលឹក​ខួប ៤១ឆ្នាំ នៃទិវាថ្ងៃ ៧ មករា ឲ្យ​ទៅ​ជា​ទិវា​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ រវាង​ខ្មែរ​និងខ្មែរ គឺ​ជាការ​កសាង​គុណសម្បត្តិ​ថ្មី​មួយ​ទៀត សម្រាប់​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​ទម្លាក់​ចោល នូវ​និន្នាការ​រើស​អើង​នានា​ក្នុង​ផ្លូវ​នយបាយ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ដែល​នាំ​មក​គំរូ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ។

ក្នុងបំណងស្តារលទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ពិត​ប្រាកដ នៅ​ឆ្នាំ​២០២០ នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ល្មម​ដល់​ពេល​បញ្ឈប់​ការ​រំលោភ​រដ្ឋធម្មនុញ្ញ បញ្ឈប់​ការ​បំពាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ទម្លាក់​ចោល​បទ​ចោទ​នានា ទៅលើសកម្ជជនគណបក្សប្រឆាំង ហើយត្រូវអ្នកទោសមនិសិការទាំងអស់ រួមទាំងលោក កឹម សុខា មេ​ដឹកនាំ​គណបក្ស​ប្រឆាំងផង ឲ្យ​មាន​សរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំលឹកជូនជន​រួម​ជាតិ​ថា ទិវា ៧ មករា វា​មិន​មែន​ជា​ថ្ងៃ​កំណើត​ទី​២ ឬ​នាំ​មក​សន្តិភាព ឬក៏ អរគុណសន្តិភាព ដូចការអះអាងរបស់លោក ហ៊ុន សែន និងមន្រ្តីគណបក្សប្រជាជនកម្ពុជា (CPP) ស្អី​នោះទេ។ ថ្ងៃទី ៧ មករា ១៩៧៩ គឺថ្ងៃដែលកងទ័ពវៀតណាម ចូលលុកលុយឈ្លានពាន និងត្រួតត្រាកម្ពុជា មានរយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩) ដែលវាផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ និងប្រូតូកូលអន្តរជាតិ។ ជា​លទ្ធផល យើងបានធ្វើការកត់សម្គាល់បរិបទជុំវិញថ្ងៃ ៧ មករា នោះ មាន ៤ ចំណុចដូចក្រោម៖

១. វៀតណាម យកលេស«គុណបំណាច់ ថ្ងៃ ៧ មករា» បញ្ជួនពលរដ្ឋរបស់ខ្លួន រាប់លាននាក់ ឲ្យមករស់នៅកម្ពុជា ហើយតម្រូវរដ្ឋាភិបាលក្រុងភ្នំពេញកាលនោះ ជួយជ្រោមជ្រែងផង ស្របតាមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ថ្ងៃ១៨ កុម្ភៈ ១៩៧៩ និងសារចរណែនាំ ថ្ងៃ ២៦ កុម្ភៈ ១៩៨៦។
ឯកសារទាំងនោះ ត្រូវបានឲ្យដាក់ជា​«មោក្ខភាព» ឬខុសច្បាប់ ក្រោយពីមានកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​មាន​រដ្ឋាភិបាល​ថ្មី ឆ្នាំ១៩៩៣ ដែល​រៀបចំ​ដោយ អង្គការ​សហប្រជាជាតិ (អ.ស.ប. ហៅថា UNTAC) រួច​មក ពួកនិគមនជនវៀតណាម នៅកម្ពុជា ត្រូវបានចាត់​ជាជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ដែល​មាន​កំណត់​ក្នុង​ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦។

២. នៅអំឡុងពេលវៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា​នោះ អង្គការ​សហ​ប្រជាជាតិ (UN) និង​សហគមន៍​អន្តរជាតិ​នានា ចាត់​ទុកថា «វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា» ហើយ​បាន​ហៅ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន លោក ហេង សំរិន ជាដើម​នោះ​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ ម្ល៉ោះហើយ​អាសនៈ របស់​កម្ពុជា នៅ អ.ស.ប. នៅ​តែទុក​ឲ្យ​រដ្ឋាភិបាល​ខ្មែរក្រហម ជា​អ្នកាន់​កាប់​បន្ត។

៣. នៅអំឡុងពេលត្រួត្រា ឆ្នាំ១៩៧៩​–​១៩៨៩ វៀតណាម បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ចុះ​ហត្ថលេខា​លើ​សន្ឋិសញ្ញា កិច្ច​ព្រមព្រៀង និង​ឯកសារ​ខុស​ច្បាប់​ជា​ច្រើន ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លាន​ពាន​របស់​ខ្លួន ដូចជា​សន្ធិ​សញ្ញា​ស្តីពី​មិត្តភាព និងសហប្រតិបត្តិការ ឆ្នាំ១៩៧៩, កិច្ចព្រម​ព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ខែកក្កដា ឆ្នាំ១៩៨២ ដោយ​ដាក់​បញ្ចូល កោះត្រល់ ទាំងមូលផង, ចុះសន្ធិ​សញ្ញា​ស្តីពី​គោលការណ៍​ព្រំដែន ឆ្នាំ១៩៨៣, និង​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ ខែធ្នូ ឆ្នាំ១៩៨៥ រួមទាំង​ឯកសារ​ជា​ច្រើន​ទៀត។
សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារ​ទាំង​អស់​នោះ តម្រូវ​ឲ្យ​ដាក់​ជា«មោក្ខភាព ឬ​លុប​ចោល» វា​ជា​ខុស​ច្បាប់ ដែល​បាន​កំណត់​ដោយ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១។

៤. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម កម្ពុជា​–​វៀតណាម ឆ្នាំ​២០០៥ និង សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០១៩ ដែល​ផ្អែក​លើ​មូលដ្ឋាន សន្ធិសញ្ញាកំណត់​ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ «ជា​សន្ធិសញ្ញា​ខុស​ច្បាប់» មក​ផ្តល់​សច្ចាប័ន​ឡើង​វិញ សុទ្ធតែ​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​បូរណភាព​ទឹកដី ទៅវៀតណាម។ ឧទ្ទាហរណ៍ ភូមិកំណើត​លោក ហេង សំរិន ប្រធាន​រដ្ឋសភា សព្វថ្ងៃ នៅ​ភូមិថ្លុកត្រាច និង ភូមិអន្លុងជ្រៃ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ត្រូវបាន«ដោះ​ដូរ» យក​ពី​វៀតណាម​មក​វិញ។ ដោយ​ហេតុនេះ​ហើយ ក្រុម​អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​ឯករាជ្យ ប្រឆាំង​ជំទាស់។

៥. ជាយុទ្ធសាស្រ្តរបស់​វៀតណាម ភ្ជាប់​ជាមួយ​ការ​ផ្តល់​សច្ចាប័ន​លើ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ រហូត​មក​ដល់​ឆ្នាំ​២០១៥ គឺ​មាន​រយៈ​ពេល ១០ ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឹង​ប្រែង​ជំរុញ​កសាង និង​ជួស​ជុល​ឡើង​វិញ នូវរូប​ស្តូប​អនុស្សាវរីយ៍ (មិត្តភាព កម្ពុជា​-​វៀតណាម​-​ឡាវ ឬ​ហៅ​ថា ស្តូប​វៀតណាម) នៅ​គ្រប់​ខេត្ត​-​ក្រុង​នៅ​កម្ពុជា មក​ទល់​សព្វថ្ងៃ ដែល​នាំ​ឲ្យ​បែក​បាក់​ជាតិ និង​មាន​ហានីភ័យ​ធ្ងន់ធ្ងរ ទៅ​ថ្ងៃ​ក្រោយ។

ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ភ្ញាក់​រលឹក ត្រូវ​វិល​មក​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ​ឡើងវិញ ស្រប​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាពិសេស សូមយកវេទិកា ៧ មករា ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ យ៉ាងដូច្នេះថា៖

១. ត្រូវកសាងទំនុកចិត្ត​ពលរដ្ឋ​ខ្មែរ​ឡើងវិញ ជា​ការ​ផ្សះផ្សា​ផ្លូវចិត្ត​គ្រប់​និន្នាការ​នយោបាយ «ដើម្បី​ឯកភាជាតិ»។

២. ត្រូវទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ ចំពោះលោក កឹម សុខា និង​ផ្តល់​នីតិ​សម្បទា​ដល់​បក្សសង្គ្រោះ​ជាតិ ជា​ការ​ថែ​រក្សា​ឋានៈ​ប្រព័ន្ធ​អនុគ្រោះពន្ធ អឺរ៉ុប (EBA – Everything But Arms) និង​ឋានៈ​ផ្សេង​ទៀត។

៣. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និង​កិច្ច​ព្រម​ព្រៀង​នានា ជាមួយ​វៀតណាម ដែល​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ត្រូវ​រុះរើ​ចេញ​នូវ ស្តូប​វៀតណាម នៅ​តាម​ខេត្ត​-​ក្រុង ក្នុងប្រទេសកម្ពុជា។ ហើយជន​អន្តោ​ប្រេសន៍​យួន​ខុស​ច្បាប់ ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ។

៤. ត្រូវប្តឹងសើរើទាមទារ កោះត្រល់ និងទឹកដី​ដែល​បាត់បង់ មក​ជូន​ពលរដ្ឋ​ខ្មែរ​វិញ តាម​រយៈ​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ពី​បទ​វៀតណាម រំលោភ​ឈ្លាន​ពាន​បូរណភាព​ទឹកដី​កម្ពុជា។

គ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២០

ម៉ែន ណាត (Mèn Nath)
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

…………….

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download