ពីទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេស៍ ថ្ងៃទី ០៥ ខែ​មករា ឆ្នាំ ២០២០ លោក ម៉ែន ណាត ប្រធាន​នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ បានចេញសេចក្តីថ្លែងការណ៍ រំលឹកខួប ៤១ឆ្នាំនៃទិវាថ្ងៃ ៧ មករា ដោយបញ្ជាក់អំពីរឿងរ៉ាវការឈ្លានពានរបស់ប្រទេសវៀតណាម មកលើកម្ពុជា និងបន្សល់ទុកនូវផលវិបាកជាច្រើន សម្រាប់កម្ពុជាសព្វថ្ងៃ។ លោក ម៉ែន ណាត អំពាវនាវឲ្យអ្នកនយោបាយខ្មែរ «មានឯកភាពជាតិ» ដោះស្រាយវិបត្តិនយោបាយ, និងដោះស្រាយបញ្ហាព្រំដែនគោក ព្រំដែនទឹកជាមួយវៀតណាម ដោយឈរលើស្នារតីជាតិជាធំ។ ខាងក្រោមនេះ ជាខ្លឹមសារសេចក្តីថ្លែងការណ៍ទាំងស្រុង ៖

សេចក្តីថ្លែងការណ៍នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ៖
រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់ទិវាថ្ងៃ ៧ មករា ស្តារស្ថានភាពអាប់អួររបស់កម្ពុជា និងហ៊ានប្តេជ្ញាចិត្តប្តឹងតវ៉ារឿង កោះត្រល់ ហើយនិងទឹកដីដែលបាត់បង់

រដ្ឋាភិបាលលោក ហ៊ុន សែន គប្បីប្រើប្រាស់វេទិការំលឹកខួប ៤១ឆ្នាំ នៃទិវាថ្ងៃ ៧ មករា ឲ្យទៅជាទិវាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រវាងខ្មែរនិងខ្មែរ គឺជាការកសាងគុណសម្បត្តិថ្មីមួយទៀត សម្រាប់ជាតិ និងពលរដ្ឋខ្មែរទូទៅ ដោយទម្លាក់ចោល នូវនិន្នាការរើសអើងនានាក្នុងផ្លូវនយបាយ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលនាំមកគំរូអាក្រក់ក្នុងប្រវត្តិសាស្ត្រ។

ក្នុងបំណងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញពិតប្រាកដ នៅឆ្នាំ២០២០ នេះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ល្មមដល់ពេលបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទម្លាក់ចោលបទចោទនានា ទៅលើសកម្ជជនគណបក្សប្រឆាំង ហើយត្រូវអ្នកទោសមនិសិការទាំងអស់ រួមទាំងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងផង ឲ្យមានសរីភាពដោយគ្មានលក្ខខណ្ឌ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំលឹកជូនជនរួមជាតិថា ទិវា ៧ មករា វាមិនមែនជាថ្ងៃកំណើតទី២ ឬនាំមកសន្តិភាព ឬក៏ អរគុណសន្តិភាព ដូចការអះអាងរបស់លោក ហ៊ុន សែន និងមន្រ្តីគណបក្សប្រជាជនកម្ពុជា (CPP) ស្អីនោះទេ។ ថ្ងៃទី ៧ មករា ១៩៧៩ គឺថ្ងៃដែលកងទ័ពវៀតណាម ចូលលុកលុយឈ្លានពាន និងត្រួតត្រាកម្ពុជា មានរយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩) ដែលវាផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ និងប្រូតូកូលអន្តរជាតិ។ ជាលទ្ធផល យើងបានធ្វើការកត់សម្គាល់បរិបទជុំវិញថ្ងៃ ៧ មករា នោះ មាន ៤ ចំណុចដូចក្រោម៖

១. វៀតណាម យកលេស«គុណបំណាច់ ថ្ងៃ ៧ មករា» បញ្ជួនពលរដ្ឋរបស់ខ្លួន រាប់លាននាក់ ឲ្យមករស់នៅកម្ពុជា ហើយតម្រូវរដ្ឋាភិបាលក្រុងភ្នំពេញកាលនោះ ជួយជ្រោមជ្រែងផង ស្របតាមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ថ្ងៃ១៨ កុម្ភៈ ១៩៧៩ និងសារចរណែនាំ ថ្ងៃ ២៦ កុម្ភៈ ១៩៨៦។
ឯកសារទាំងនោះ ត្រូវបានឲ្យដាក់ជា«មោក្ខភាព» ឬខុសច្បាប់ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ និងមានរដ្ឋាភិបាលថ្មី ឆ្នាំ១៩៩៣ ដែលរៀបចំដោយ អង្គការសហប្រជាជាតិ (អ.ស.ប. ហៅថា UNTAC) រួចមក ពួកនិគមនជនវៀតណាម នៅកម្ពុជា ត្រូវបានចាត់ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមានកំណត់ក្នុងច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦។

២. នៅអំឡុងពេលវៀតណាម ត្រួតត្រាប្រទេសកម្ពុជានោះ អង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិនានា ចាត់ទុកថា «វៀតណាមឈ្លានពានប្រទេសកម្ពុជា» ហើយបានហៅ រដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន លោក ហេង សំរិន ជាដើមនោះថា ជារដ្ឋាភិបាលខុសច្បាប់។ ម្ល៉ោះហើយអាសនៈ របស់កម្ពុជា នៅ អ.ស.ប. នៅតែទុកឲ្យរដ្ឋាភិបាលខ្មែរក្រហម ជាអ្នកាន់កាប់បន្ត។

៣. នៅអំឡុងពេលត្រួត្រា ឆ្នាំ១៩៧៩–១៩៨៩ វៀតណាម បានបង្ខំឲ្យរដ្ឋាភិបាល ហ៊ុន សែន ចុះហត្ថលេខាលើសន្ឋិសញ្ញា កិច្ចព្រមព្រៀង និង ឯកសារខុសច្បាប់ជាច្រើន ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួន ដូចជាសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការ ឆ្នាំ១៩៧៩, កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ ខែកក្កដា ឆ្នាំ១៩៨២ ដោយដាក់បញ្ចូល កោះត្រល់ ទាំងមូលផង, ចុះសន្ធិសញ្ញាស្តីពីគោលការណ៍ព្រំដែន ឆ្នាំ១៩៨៣, និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ខែធ្នូ ឆ្នាំ១៩៨៥ រួមទាំងឯកសារជាច្រើនទៀត។
សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងអស់នោះ តម្រូវឲ្យដាក់ជា«មោក្ខភាព ឬលុបចោល» វាជាខុសច្បាប់ ដែលបានកំណត់ដោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១។

៤. សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម កម្ពុជា–វៀតណាម ឆ្នាំ២០០៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលផ្អែកលើមូលដ្ឋាន សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ «ជាសន្ធិសញ្ញាខុសច្បាប់» មកផ្តល់សច្ចាប័នឡើងវិញ សុទ្ធតែធ្វើឲ្យកម្ពុជា ខាតបង់បូរណភាពទឹកដី ទៅវៀតណាម។ ឧទ្ទាហរណ៍ ភូមិកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភា សព្វថ្ងៃ នៅភូមិថ្លុកត្រាច និង ភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ត្រូវបាន«ដោះដូរ» យកពីវៀតណាមមកវិញ។ ដោយហេតុនេះហើយ ក្រុមអ្នកជំនាញកិច្ចការព្រំដែនឯករាជ្យ ប្រឆាំងជំទាស់។

៥. ជាយុទ្ធសាស្រ្តរបស់វៀតណាម ភ្ជាប់ជាមួយការផ្តល់សច្ចាប័នលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ រហូតមកដល់ឆ្នាំ ២០១៥ គឺមានរយៈពេល ១០ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្រឹងប្រែងជំរុញកសាង និងជួសជុលឡើងវិញ នូវរូបស្តូបអនុស្សាវរីយ៍ (មិត្តភាព កម្ពុជា-វៀតណាម-ឡាវ ឬហៅថា ស្តូបវៀតណាម) នៅគ្រប់ខេត្ត-ក្រុងនៅកម្ពុជាមកទល់សព្វថ្ងៃ ដែលនាំឲ្យបែកបាក់ជាតិ និងមានហានីភ័យធ្ងន់ធ្ងរ ទៅថ្ងៃក្រោយ។

ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវភ្ញាក់រលឹក ត្រូវវិលមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេស សូមយកវេទិកា ៧ មករា ដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ យ៉ាងដូច្នេះថា៖

១. ត្រូវកសាងទំនុកចិត្តពលរដ្ឋខ្មែរឡើងវិញ ជាការផ្សះផ្សាផ្លូវចិត្តគ្រប់និន្នាការនយោបាយ «ដើម្បីឯកភាជាតិ»។

២. ត្រូវទម្លាក់ចោលទាំងស្រុងបទចោទប្រកាន់ ចំពោះលោក កឹម សុខា និងផ្តល់នីតិសម្បទាដល់បក្សសង្គ្រោះជាតិ ជាការថែរក្សាឋានៈប្រព័ន្ធអនុគ្រោះពន្ធ អឺរ៉ុប (EBA – Everything But Arms) និងឋានៈផ្សេងទៀត។

៣. ត្រូវលុបចោសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងត្រូវរុះរើចេញនូវ ស្តូបវៀតណាម នៅតាមខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។ ហើយជនអន្តោប្រេសន៍យួនខុសច្បាប់ ត្រូវបញ្ជូនទៅប្រទេសដើមវិញ។

៤. ត្រូវប្តឹងសើរើទាមទារ កោះត្រល់ និងទឹកដីដែលបាត់បង់ មកជូនពលរដ្ឋខ្មែរវិញ តាមរយៈម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបទវៀតណាម រំលោភឈ្លានពានបូរណភាពទឹកដីកម្ពុជា។

គ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២០

ម៉ែន ណាត (Mèn Nath)
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

…………….

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download

Advertisements