លោក ឌី ការ៉េត បណ្ឌិតច្បាប់ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារា៉ង នៅថ្ងៃទី ៥ មករា ឆ្នាំ​២០២០ ចេញសេចក្តីថ្លែងការណ៍ ៦ ទំព័រ រំលឹកខូប ៤១ឆ្នាំនៃទិវាថ្ងៃ ៧ មករា ថាថ្ងៃដែលវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ទាំងស្រុង មានដូចតទៅ៖

សេចក្តីថ្លែងការណ៍
៧​ មករា ៧៩៖ យួន «រំដោះ» ខ្មែរ (?)

ការវាយប្រហារលុកលុយកម្ពុជា នៃកងទ័ពយួន​កុម្មុយនីស្ត នាឆ្នាំ ១៩៧៨១៩៧៩ ត្រូវបាន​យួន​ខំ​ឃោសនាបន្លំថា ជា «ការរំដោះប្រជាជនខ្មែរ អំពីរបប​ប្រល័យ​ពូជសាសន៍ នៃ​ពួកខ្មែរក្រហម ប៉ុល ពត» គឺថាជា «អំពើមនុស្សធ៌ម»​  ជា «កិច្ចការពារសិទ្ធិមនុស្ស» នៅកម្ពុជា ​មិន​មែនយួន ​បាន​ឈ្លានពាន​ ក្នុងបំណង​លេបទឹកដីកម្ពុជាទេ។

យើងធ្លាប់ដឹងហើយថា កាលណាគេតាំងទី ឬពង្រីកអំណាចរបស់គេ ពួកយួន​​កុម្មុយនិស្ត មិន​ដែលខ្វល់ខ្វាយ អំពីសិទ្ធិមនុស្សអីទេ។ ឧទាហរណ៍គឺវាសនាដ៏សោកសង្រេង នៃពួកយួនខាងត្បូង ​​ចាញ់សង្គ្រាមដោយការលាងខួរក្បាល នៅក្នុង «ជំរុំអប់រំជាថ្មី» ឬការសម្លាប់​ចោល ពីឆ្នាំ​ ១៩៧៥, សោកនាដកម្ម​នៃពួកយួន «រត់តាមទូក» (the Boat people), ការវាយបង្រ្កាបជនជាតិភាគតិច​ជាអាទិ៍។

ប៉ុន្តែកាលពីខែ មិថុនា ឆ្នាំ ២០១៩ នេះ រដ្ឋមន្រ្តីការពារជាតិយៀកណាម ​គឺឧត្តមសេនីយ៍​ ង៉ូ​ស៊ន​ឡិក (Ngô Xuân Lich) មិនបានលើកអំពី​ «ការប្រល័យពូជសាសន៍» នៃពួក ប៉ុល ពត ទេ នៅពេល​ដែលគាត់រំលឹកម្តងទៀត អំពីគោលបំណងនៃការវាយប្រហារ កម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ ១៩៧៨ ដោយកង​ទ័ព​យៀកណាមនោះ គឺជា ​«ការកំទេចសត្រូវ ដើម្បី​ការពារព្រំដែន ភាគនិរតីនៃប្រទេស​យៀកណាម​»។ គាត់បាន​​បញ្ជាក់​​ទៀតថាសកម្មភាព​នៃរបបប៉ុល​ពត ​បានរំលោភឯករាជ្យអធិប​តេយ្យ​ភាព និង​បូរណភាពទឹកដីរបស់យៀកណាម ក៏ដូចជាច្បាប់អន្តរជាតិ ដែលធ្វើឱ្យខូចទំនាក់ទំនង រវាងប្រទេស​ទាំង​ពីរ”…

គេបានដឹងដែរថា ទំនាស់រវាង ប៉ុល ពត និងពួកកុម្មុយនិស្តយួន បានផ្ទុះឡើងយ៉ាងឃោរឃៅជាដំបូង នៅខែ ​កក្កដា ឆ្នាំ ១៩៧៣​។​​ ក្រោយពីមានការស៊ីញ៉េ​ កិច្ចព្រមព្រៀងសន្តិភាព ​នៅទីក្រុងប៉ារីស ពីថ្ងៃទី ២៧ មករា ១៩៧៣ ​រវាងអាមេរិក​ និង​យៀកណាមខាងជើង/យៀកកុង ​ដែលក្នុងនោះ មានជំពូកមួយ ស្តីពីស្ថានភាព​​នៃប្រទេសឡាវ និងកម្ពុជា ​ផង ​ប៉ុល ពត បានស្នើឱ្យកងទ័ពយៀកណាម ដកខ្លួនចេញពីកម្ពុជាទៅ។ សំណើនេះ ត្រូវបានធ្វើជាថ្មី នៅខែ ឧសភា ឆ្នាំ ១៩៧៥ ដោយហេតុថា កងទ័ពយៀកណាម បានបន្តកាន់កាប់ខេត្តខាងកើតនៃកម្ពុជា គឺរតនគីរី មណ្ឌលគីរី ក្រចេះ ​ព្រមទាំងស្រុកពញាក្រែក មេមត់ ស្នួល នៅកំពង់ចាម និងស្វាយរៀង។ ការចរចាគ្នា រវាងប្រទេសទាំងពីរ អំពីខ្សែបន្ទាត់ព្រំដែន ក៏បានកើតឡើង នៅចន្លោះ​ឆ្នាំ ​១៩៧៥ និង ១៩៧៧ ដោយគ្មានបានលទ្ធផលអ្វីទេ ពីព្រោះយៀកណាម បានបដិសេធ មិនទទួលស្គាល់ព្រំដែនកម្ពុជា ដែលពួកគេខ្លួនឯង ធ្លាប់បានទទួលស្គាល់ជាឳឡារឹក និងម្តងហើយម្តងទៀត នៅឆ្នាំ ១៩៦៦ ១៩៦៧ និង ១៩៧០។ លើស​​ពីនេះទៀត នៅឆ្នាំ ១៩៧៧ ក្រុងហាណូយ បានទាមទារ ឲ្យពួកខ្មែរក្រហម ទទួលយកនូវ «ទំនាក់ទំនងពិសេស» រវាងប្រទេសទាំងពីរ ដូចគ្នានិងឡាវ ជាមួយយៀកណាមដែរ តែ​ ប៉ុល ពត ប្រកែកដោយចង់រក្សា​ឯករាជ្យនៃ​បក្សកុម្មុយនីស្ត៍កម្ពុជា​ និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ និងមានតែ «ទំនាក់ទំនងធម្មតា» ប៉ុណ្ណោះ ជាមួយបក្សកុម្មុយនីស្ត៍​យៀក​ណាម ​និងរដ្ឋយៀកណាម​សង្គម​និយម​។

ការរៀបចំនយោបាយ

 ​នៅដើមឆ្នាំ ១៩៧៧ ក្រុងហាណូយ បានរៀបចំផែនការ ដើម្បីលុកលុយកម្ពុជា ដោយ​វិធីនយោបាយ​ការទូត និងយោធាជាស្រេច។ គោលដៅរបស់ហាណូយ ​គឺកំចាត់ឥទ្ធិពលចិន ​ទាំងអស់ ចេញពីអតីតឥណ្ឌូចិនបារាំង នៅយៀកណាម ក៏ដូចជានៅឡាវ និង កម្ពុជាដែរ។ ការត្រៀមរបស់ហាណូយ បាន​បង្ហាញថាការលុកលុយរបស់គេ នឹងត្រូវបន្តភ្លាមៗ​ ​ដោយការកាន់កាប់ និងការធ្វើអាណានិគម នៃកម្ពុជា​។ នេះហើយជាអត្ថន័យនៃសំដី ដែលនាយករដ្ឋមន្ត្រី ផាម ​វាន់​ដុង(Pham Van Dong) ប្រកាស​ដល់ពិភពលោក នៅខែ កុម្ភៈ ឆ្នាំ ១៩៧៩ បន្ទាប់ពីកងទ័ពយួន បានចូលកាន់កាប់ភ្នំពេញយ៉ាងស្រួល និងបន្ទាប់ពីបាន​ធ្វើ​យ៉ាងរហ័សនា ថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ នូវ​ «សន្ធិសញ្ញាសន្តិ​ភាពមិត្តភាព និងសហប្រត្តិបត្តិការ» ជា​មួយពួកកូនចៅខ្មែរ​របស់ខ្លួន​​​ថា ​ស្ថានភាព​នៃកម្ពុជា មិនអាចត្រឡប់ទៅក្រោយ​វិញឡើយ”! (“la situation du Cambodge est irréversible”)! ។

– យោងតាមលោកប៉ាទ្រីសដឺបែរ (Patrice De Beer, អ្នកកាសែតបារាំង ដ៏សំខាន់​ម្នាក់) ការ​សម្រេចចិត្ត​​របស់ហាណូយ ដើម្បីកម្ចាត់ ប៉ុល ពត បានធ្វើឡើងតាំងពី ខែ កក្កដា ឆ្នាំ ១៩៧៧​៖ នៅខែ កក្កដា ឆ្នាំ ១៩៧៧ ពួក​យៀកណាមបានស្នើ មេ​ដឹក​នាំ​ខ្មែ​រ ​សីហនុ​ និយមម្នាក់ (លោក ​ចៅ សែនកុសល) ដែលបានភៀសខ្លួន ទៅនៅទីក្រុង​សៃហ្កុង (ព្រៃនគរ) ក្នុង​ឆ្នាំ​​​១៩៧៥ ឲ្យទទួលតំណែងដឹកនាំកម្ពុជា ជាថ្មី”។

– នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៨ វិទ្យុហាណូយជាភាសាខ្មែរ​ បានស្រែកអំពាវ​នាវ​​ជា​លើក​ដំបូង​ ឲ្យ​ប្រជា​ជន​កម្ពុជា ងើបឡើង​ ប្រឆាំងនឹងរបបខ្មែរក្រហម។

– ដល់ខែមិថុនា ឆ្នាំ ១៩៧៨ ទើបកាសែតរបស់បក្ស​ ឈ្មោះ “ញ៉ានដាន” (Nhân Dân) បរិហារ “បន ប៉ុល ពត-អៀង សារី ជាឃាតករ គួរអោយស្អប់ខ្ពើមបំផុត នៃជនជាតិខ្មែរ​ ចាម ​យៀកណាម ​និង​ចិន នៃប្រទេសកម្ពុជា”… “យើងត្រូវតែបញ្ឈប់ អំពើប្រល័យពូជសាសន៍ ដោយដៃនៃបន ប៉ុល ពត-អៀង សារី នេះ”​ !។

– ដល់ខែកក្កដា ក្រុងហាណូយក៏បានបញ្ជូន កងទ័ពចំនួន ១៥០,០០០ នាក់ ទៅព្រំដែនរបស់ខ្លួន ជាមួយប្រទេស ចិន ជាស្រេច។

ការរៀបចំ​ការទូត

– នៅដើមខែកញ្ញា ១៩៧៨ លោក ឡេ ដន (Lê Duan) ជាមេបក្សកុម្មុយនីស្ត៍​យៀក​ណាម (...) បានប្រាប់ ឯកអគ្គរដ្ឋទូត​ នៃសហភាពសូវៀត នៅទីក្រុងហាណូយ ថាការិយាល័យ​នយោបាយ នៃ ប... បានកំណត់គោល បំណងនៃ “ការដោះស្រាយទាំងស្រុង នៃ”បញ្ហា” កម្ពុជាប្រជាធិបតេយ្យ នៅដើមឆ្នាំ១៩៧៩។ ឡេ ដន បានបន្ថែមថា ចាំបាច់​ត្រូវតែចាត់វិធានការ យ៉ាងឆាប់រហ័ស​ ​ដើម្បី​កុំទុកពេល ឱ្យចិន ​បញ្ជូនទ័ពរបស់ខ្លួន ១០ កងពល តាមផ្លូវសមុទ្រ ឬផ្លូវគោក មកកម្ពុជា និងពង្រឹងជំហររបស់ខ្លួន នៅក្នុងប្រទេសនេះ។

– នៅថ្ងៃទី ២ វិច្ឆិកា បន្ទាប់មក​ ឡេ ដន បានផ្លាស់ប្តូរទាំងស្រុង នូវនយោបាយ​អន្តរជាតិ នៃ​យៀកណាម​ ដោយ​ចុះ ហត្ថលេខា ជាមួយសហភាពសូវៀត នូវ“សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ”ព្រមទាំង​សន្ធិសញ្ញាជំនួយ សេដ្ឋកិច្ច (ចូលជាសមាជិក នៃអង្គការ កូមេកុម – COMECOM) និង សន្ធិសញ្ញា ជួយការពារគ្នា ទៅវិញទៅមក។ ហេតុនេះ ​ការរៀបចំឥណ្ឌូចិន​ តាមគំរូសហភាពសូវៀត ក៏ត្រូវបានគេគ្រោងទុក រួចហើយដែរ។ ដូច្នេះ សហភាព សូវៀត នឹងផ្តល់នាវា និងយន្ដហោះចម្បាំង និងគ្រឿងបរិក្ខារយោធា យ៉ាងច្រើន ឲ្យកងទ័ពយៀកណាម ដើម្បីទៅ ដោះស្រាយ​​ បញ្ហាកម្ពុជាប្រជាធិប​តេយ្យ​ ឲ្យបាន”ទាំង​ស្រុង”។

– នៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយសារការបារម្ភ និងប្រតិកម្មរបស់ចិននោះ រដ្ឋមន្ត្រី​ការបរទេស​យៀកណាម លោក ង្វៀន កូ ថាច់ (Nguyen Co Thach) ក៏បានជួបពិភាក្សាការងារ នៅឯអង្គការសហប្រជាជាតិ ជាមួយ លោក រីឈើត ហុលប្រ៊ុក (Richard Holbrooke) និងលោក រូបើត អូក្លី (Robert Oakley) ដែលជាជំនួយការ នៃប្រមុខ ក្រសួងការបរទេស​អាមេរីក​ គឺលោក សាយរឺស វ៉ាន (Cyrus Vance) អំពីរឿងជម្លោះ​យៀកណាម-​កម្ពុជាប្រជាធិបតេយ្យ។ ភាគីអាមេរិក បានស្នើទៅ ថាច់ ឲ្យប្រើឧបករណ៍ ​នៃ អ.ស.ប. វិញ ដើម្បីឲ្យបានជាដំណោះស្រាយ​ នៃអ.ស.ប. ផង។ ថាច់ ឆ្លើយភ្លាមថា “គ្មានត្រូវការទេ!” (“No way!”) យើងដឹងហើយថា យើងត្រូវធ្វើអ្វីខ្លៈ “។

ការរៀបចំយោធា

ក្នុងឆ្នាំ ១៩៧៧ ការប៉ុនប៉ងលុកលុយ​ ទ្រង់ទ្រាយធំ ​របស់យួន​ ដែលគាំទ្រ ដោយ​រថពាសដែក និងយន្តហោះ​​ទម្លាក់​គ្រាប់បែក បានកើតឡើងពីរដង រួចមកហើយ គឺនៅខែ តុលា និងខែ ធ្នូ។ នៅខែ ឧសភា ឆ្នាំ ១៩៧៨ សហរដ្ឋ​អាមេរិក បានដឹង តាមរយៈស្ថានទូតរបស់គេ នៅទីក្រុងបាងកក ថាយៀកណាម បានរៀបចំផែនការឈ្លានពាន​កម្ពុជា យ៉ាងសម្បើម។ នៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ការវាយប្រហាររបស់យួន ដ៏ធំ​អស្ចារ្យ ត្រូវបានផ្តើម ដោយ​កង​ទ័ព “ស្ម័គ្រចិត្ត”ចំនួន១៧០,០០០​នាក់ (១៥កងពល​) ជាមួយនិង​រថក្រោះ ៩០០គ្រឿង គ្រប់ធុន។ កងទ័ព​អាកាស ក៏បានចូលរួម ដោយយន្តហោះ និងឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ ជាង៣០០គ្រឿង ក្នុងនោះមាន យន្តហោះធុន ​A-37 Dragonfly និងធុន F-5​​ (ដែលសល់ ពីអតីតយៀកណាមខាងត្បូង) យន្តហោះចម្បាំងសូវៀត MiG-21, MiG-19 ចាស់ៗ និង ឧទ្ធម្ភាគចក្រ ពាសដែក​​​ ថ្មីៗ ធុន Mi-24A Hind។ បន្ថែមលើនេះ យួនបានរៀបចំ​​​ កងកម្លាំង​ខ្មែរ ជាង១ម៉ឹននាក់ (៣​កងវរសេនាធំ) ដែលនឹងក្លាយ​ជាស្នូល​ នៃ”រដ្ឋាភិបាលបដិវត្តន៍កម្ពុជា” ថ្មី។

កងទ័ពខាងប៉ុល​ ពត មានទាហាន តែជាង៦ម៉ឺននាក់​ និងរថក្រោះ​បន្តិច​បន្តួច។ កងទ័ព​អាកាសមាន​​ ឧទ្ធម្ភាគ​ចក្រ Huey ចំនួន ២០ គ្រឿង (ដែលគេបានទុកចោល) និងយន្តហោះចម្បាំង Shenyang J-6 ចំនួន ១៦ គ្រឿង (MiG-19 ចិន) ដែលទទួលបាន ពីប្រទេសចិន ។

ការវាយលុករបស់យួន ត្រូវបានដាក់ក្រោមបញ្ជាការ នៃឧត្តមសេនីយ៍ ឡេ ត្រុង តាន (Lê Trong Tân) ដែល ជា​នាយអគ្គសេនាធិការ នៃកងទ័ពយៀកណាម និងឧត្តមសេនីយ៍ ឡេ ឌុក អាញ (Lê Duc Anh) ជាមេបញ្ជាការ តំបន់យោធាទី៩ មានទីតាំង នៅជាប់ព្រំដែនខាងត្បូង ប្រទេសកម្ពុជា។ លោក​ ឡេ ឌុក ថូ (Lê Duc Tho) បាន ត្រួតត្រា កិច្ចប្រតិបត្តិការទាំងអស់ ក្នុងនាម ការិយាល័យនយោបាយ នៃ ប...។ ដូចដែល ឡេ ដន ចង់បាន យួនបានវាយយក ភាគខាងកើតទាំងមូល នៃប្រទេសកម្ពុជា តែក្នុងរយៈពេល១៣ថ្ងៃ​ នៃការប្រយុទ្ធគ្នា ហើយគេ បានចូលយករដ្ឋធានីភ្នំពេញ​ នាថ្ងៃទី៧ មករា ១៩៧៩ ដោយ​​​​គ្មាន​ការរារាំងអ្វីមួយ ពីខាងប៉ុល ពត ឡើយ។ ឡេ​ ឌុក អាញ ក៏បានកាន់បញ្ជាការ នៃកងទ័ពកាន់កាប់កម្ពុជា ក្រោមការដឹកនាំនយោបាយ​ នៃ​​ ឡេ ​ឌុក ​ថូ​​​ ។ គេ​បាន​យក ​បដិវត្ត​​យៀក​ណាម តាមបែប​សូវៀត​ មកអនុវត្តភ្លាមៗ ជំនួសបដិវត្តន៍ខ្មែរក្រហម ពីពេលនោះទៅ។

ការបាក់ទ័ពយ៉ាងរប៉ាត់រប៉ាយ នៃកងកម្លាំងប៉ុល ពត​ បានផ្តល់ឳកាស ឱ្យប្រជាជន​ខ្មែរ​រត់ចេញ ពីនរក​នៃ​”សហ​​ករណ៍”ខ្មែរក្រហម ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរថ្មី រៀបចំត្រួតត្រាយ៉ាងម៉ឹងម៉ាត់ នៅក្នុងក្រុម​“ផ្ទៈ១០ខ្នង” នៃ​ភូមិ​និមួយៗ​ របស់ពួកគេ។​ តាមរបាយការណ៍ នៃលោកស្រី​ អេស្មេរាល់ដា លុស្យូលី (Esméral​da Luciolli)​ ដែល​ជា​វេជ្ជបណ្ឌិត នៃអង្គការកាកបាទ-ក្រហមបារាំង​ គឹគេបាន​បង្កើតទៀត នូវ”ការងារសង្គមនិយម”ចាំបាច់ មក​ជំនួស​​​ការងារដោយបង្ខំ នៃពួកប៉ុល ពត ពីពេលមុន។ នាឆ្នាំ ១៩៨៤ គេបានអនុវត្តន៍​ «ផែនការ ក៥» (តាមគំនិត​ និង​​ការចាត់ចែង នៃ ឡេ ឌុក អាញ) ដោយចាប់​បង្ខំ​យុវជនខ្មែរទូទាំងប្រទេស អាយុ១៧-៤៥ឆ្នាំ រាប់សែននាក់​ ជាកងបន្តបន្ទាប់គ្នា ឲ្យទៅកាប់​ឆ្ការ​ព្រៃ​ស្រោងយ៉ាងធំ​ធេង ធ្វើជារបស់ហៅថា​”ជញ្ជាំងឫស្សី”(បណ្តោយ៨០០គ.ម. ទទឹង៥០០ម.​) ក្នុងបំណង​រារាំង​ការ​​ឆ្លងកាត់ នៃពួកខ្មែក្រហម​តស៊ូ ពីខាងព្រំដែនខ្មែរ-ថៃ ដែលបានបណ្តាល ឲ្យ ស្លាប់យុវជន​ទាំង​នោះ ជាង​ ២ ​សែន​​នាក់ (ដោយជម្ងឺ​ ជាពិសេសគ្រុនចាញ់​ ដោយ​ការខ្វៈទីជម្រក-ខ្វៈអាហារ ដោយ ការ​បាក់​កម្លាំង និង​ដោយ​ត្រូវគ្រាប់មីន​ផ្ទុះ ។ល។)​ យ៉ាង​អាណោចអាធ៌ម … ឥតប្រយោជន៍។

ជាសារុប តើការផ្លាស់ប្តូរទាំងអស់ នៃនយោបាយអន្តរជាតិ និងការបញ្ជូន​កងទ័ព​វាយប្រហារ យ៉ាងសន្ធឹកសន្ធាប់ របស់យួននោះ​ គឺដើម្បីមកដោះ”ប្រជាជនខ្មែរ ពីការសម្លាប់រង្គាល របស់ប៉ុល ពត ឬ?

ការថ្កោលទោសយៀកណាម នៃអន្តរជាតិ

នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ហ៊ានធ្វើអន្តរាគមន៍យោធា ទៅ​ក្នុង​ប្រទេស​មួយទៀត​ ដើម្បី​បញ្ចប់​​ការរំលោភ​សិទ្ធិមនុស្ស នៅក្នុងប្រទេសនេះទេ។ មានតែអង្គការសហប្រជាជាតិ​ ដែលប្រទេសនេះ បានចុះ និងធម្មនុញ្ញ​ អនុសញ្ញា ​និងកតិកាសញ្ញា​ ស្តីពីសិទ្ធិទាំងនោះ ជាមួយអ.ស.ប.ទេ ​ដែលអាចធ្វើដូច្នេះ​បាន ​បន្ទាប់ពី អ.ស.ប. ​បានប្រើអស់មធ្យោបាយការទូត​ និង ដោយបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ ផង។

បណ្តាប្រទេសអាស៊ាន នៅពេលនោះ មានថៃ ម៉ាឡេស៊ី និងសឹង្ហបូរី មិនដែល​បាន​រិៈគន់​ប្រឆាំង និង ការ​រំលោភ សិទ្ធិមនុស្ស ​នៅកម្ពុជាប្រជាធិបតេយ្យ ​ហើយក៏មិនបានតវ៉ា​ នឹងអំពើអមនុស្សធម៌ របស់យៀកណាម  អំពីរឿងពួកយួន”រត់តាមទូក” ដែលប្រទេសគេ បានរងនូវផលវិបាក​ទេ ប៉ុន្តែ ពួកគេ​បាន​សម្តែង​​ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាន់កាប់ប្រទេសឡាវ និងការឈ្លានពានកម្ពុជា នៃកង​ទ័ព​វៀតណាម ដ៏ខ្លាំងក្លានោះ។

ពិភពលោកទាំងមូល លើកលែងតែសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន បាន​ថ្កោលទោស ​ដល់​ការ​ឈ្លានពាន និងការកាន់កាប់កម្ពុជា ដោយយៀកណាម។ ភាគច្រើន​ នៃប្រទេស​មិនចូលបក្សសម្ព័ន្ធ ក៏បានទាមទារ ឱ្យយៀកណាម ដកកងទ័ពទាំងអស់របស់ខ្លួន ពីកម្ពុជា ដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ  ហើយទុកឱ្យប្រជាជន កម្ពុជា ដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយគ្មានការជ្រៀតជ្រែក ពីបរទេស។ អ.ស.ប. ពីឆ្នាំ១៩៧៩ ដល់១៩៨៦ បានចេញ សេចក្តីសម្រេចចិត្តប្រចាំឆ្នាំ ដោយទទួលស្គាល់ ភាពស្របច្បាប់ និងនិរន្តភាព នៃកម្ពុជាប្រជាធិបតេយ្យ ហើយទាមទារឱ្យយៀកណាម ដកកងទ័ពចេញ ពីប្រទេសនេះ ជាចាំបាច់ដែរ។

 ចំពោះលោក​ ប៊ូយ ទិន (Bui Tin) អតីតវរសេនីយ៍ឯក នៃកងទ័ពយៀកណាម ​ទទួលបន្ទុក​ព័ត៌មានយោធា​ ដែល​បានចូលរួម​ ក្នុងការវាយប្រហារ និងការកាន់កាប់កម្ពុជា ​​បានសរសេរថា “ថ្ងៃ៧ មករា ១៩៧៩ គឺជាការ ឈ្លានពាន និងការត្រួតត្រា របស់វៀតណាម នៅកម្ពុជា” ។ គាត់ក៏បានរៀបរាប់ផងដែរ ​អំពីរបៀប ដែលក្រុង ហាណូយ ចាត់តាំងរបបអាយ៉ង នៅភ្នំពេញ ដើម្បីលាក់បំបាំង ការត្រួតត្រារបស់ខ្លួន នៅកម្ពុជា បន្ទាប់ពីការឈ្លាន ពានយោធា។

លោក វីល្លាម សូក្រូស (William Shawcross) អ្នកនិពន្ធជាតិអង់គ្លេស​ ​ក៏រឹត​តែ​ច្បាស់​ថែមទៀត ថា៖ ការ ឈ្លានពានរបស់យៀកណាម មកកម្ពុជា គឺជាកង្វល់យុទ្ធសាស្ត្រ​​ ហើយមិនមានអ្វី​ទាក់ទិន ជាមួយ បញ្ហាសិទ្ធិ មនុស្ស ទេ។ វីល្លាម​ សូក្រូស បានបញ្ជាក់ទៀតថា ង្វៀង កឺ ថាច់ រដ្ឋមន្ត្រីការបរទេសយួន បានប្រាប់(នៅឆ្នាំ ១៩៧៩) សមាជិកសភាអាមេរិក​​ ឈ្មោះ ស្ទ៊ីវ សូឡារ (Steve Solarz) ថា៖ “រឿងសិទ្ធិមនុស្ស (នៅកម្ពុជា ប្រជាធិបតេយ្យ) ​វាជាបញ្ហារបស់ពួកវា(ប៉ុល ពត) ទេ…ចំពោះយើង គឺមានតែ រឿងសុវត្ថិភាពទេ ដែលជាកង្វល់ របស់យើង “។

លោក ប៊ែន សែហ្វែរ (Bernd Schaefer) ជាប្រវត្ដិវិទូជាតិអាឡឺម៉ង់ បានថ្លែងថា យៀក​ណាម​ ​បាន​ជ្រើសរើស​ វាយលុកលុយកម្ពុជា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៧៨ ឲ្យចំថ្ងៃចុងបញ្ចប់យ៉ាងរីករាយ ​នៃ​សម័យ​ប្រជុំពេញអង្គ  នៃបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង និងខណៈ ដែលលោកខាងលិច កំពុងសប្បាយ ​និងពិធីបុណ្យណូអែល និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី…»។ ​លោកបានបញ្ជាក់ ដូចអ្នកឯទៀតថា ពួកយៀកណាម ​មិនបានចូលវាយ ប្រហារខ្មែរក្រហម ដោយសារហេតុផលមនុស្សធម៌ទេ តែពួកគេចង់កម្ចាត់​ រដ្ឋាភិបាលប្រឆាំងយៀកណាម និង ជំនួសដោយ រដ្ឋាភិបាលនិយមយៀកណាម ដើម្បីសន្តិសុខ របស់ប្រទេសគេ។ ហើយនេះ ជាការជាក់ស្តែង” ។

បន្ទាប់ពីគេយកបានទីក្រុងភ្នំពេញ យួនបានផ្តើម រៀបចំកម្ពុជា ជាអាណានិគម របស់​យៀកណាម ភ្លាម។ នៅ ទសវត្សឆ្នាំ ១៩៨០ អ្នកសង្កេតការណ៍ និងអ្នកស្រាវជ្រាវបារាំង ​បានសិក្សានិងពិពណ៌នា យ៉ាងទូលំទូលាយ អំពី ដំណើរការ នៃអាណានិគមនេះ។ ៤០ ឆ្នាំក្រោយមក ​គឺនៅថ្ងៃទី ៩ មករា ១៩៧៩ លោក ហ្វ្រង់ស្វ័រ​​​ ប៉ុងសូ (François Ponchaud) ​ជាព្រៈសង្ឃកាតូលិក បានថ្លែងតាម”វិទ្យុវ៉ាទីកង់” ថា “ពួកយៀកណាម មិនដែលទន់ ភ្លន់​ ជាមួយជនជាតិខ្មែរទេ។ ខ្ញុំផ្ទាល់ខ្លួនវិញ​ ខ្ញុំបានប្រឆាំងដាច់ខាត​ ១០០ភាគរយ និង​ពួកខ្មែរក្រហម ប៉ុន្តែលុះ យៀកណាមមករំដោះកម្ពុជា ខ្ញុំគិតថា​ ការរំដោះហ្នឹង​ វាអាក្រក់ជាងរបបខ្មែរ ក្រហម ទៅទៀត”។

ទីក្រុងប៉ារីស ថ្ងៃទី៥ មករា ២០២០

{បណ្ឌិតច្បាប់} ឌី ​ការ៉េត
ជ. គណកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក

………….

Advertisements