លោក ហ៊ុន សែន {ប្រមុខ​រដ្ឋាភិបាល} បាន​ចារ​យល់​ព្រម​តាម​សំណើ​របស់ ទីស្តី​ការ​គណៈរ​ដ្ឋមន្រ្តី ជុំវិញ​​ការ​ស្នើ​​សុំ​​​កាត់​​​ផ្ទៃ​ «បឹង​តាមោក ឬ​បឹង​កប់ស្រូវ» ទំហំ ៣៤ ហិកតា​​បន្ថែម​​ទៀត ឱ្យ​ទៅ​​ក្រុមហ៊ុន​​ឯកជន​​មួយ។

លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី កាល​ពីថ្ងៃទី ២៧ ខែមេសា ផ្ញើ​ជូន​ទៅ​រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច រដ្ឋមន្រ្តី​​ក្រសួង​​ដែនដី រដ្ឋមន្រ្តី​​ធនធានទឹក និង អភិបាល​​រាជធានី​ភ្នំពេញ បញ្ជាក់​ថា​​សំណើ​សុំ​​កាត់​ផ្ទៃ​​បឹង​តាមោក​ ៣៤ ហិកតា​នោះ ដោយ ៣០ ហិកតា ត្រូវ​ផ្តល់​ទៅ​​ឲ្យ​អ្នកស្រី គីម ហ៊ាង តំណាង​​ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ប៉ុន្តែ​តំណាង​​ក្រុមហ៊ុន​​នេះ ត្រូវ​ដោះ​ស្រាយ​​ជាមុន ជាមួយ​​អ្នក​កាន់​កាប់​​ផ្ទៃ​បឹង​តាមោក​ ៣០ ហិកតា​​នោះ ដោយ​ក្នុង ១ ម៉ែត្រ​​ការ៉េ មាន​តម្លៃ ៥ ដុល្លារ។ ដោយ​ឡែក​ផ្ទៃ​បឹង​ទំហំ ៤ ហិកតា​​ទៀត  រដ្ឋាភិបាល មិន​បាន​បញ្ជាក់​ថា ផ្តល់​ឲ្យ​អ្នក​ណា ឬ​ក្រុមហ៊ុន​ណា​​នោះ​​ឡើយ។

លិខិតដដែល បានឲ្យដឹងថា ក្រៅពីផ្ទៃបឹងតាមោក ៣៤ ហិកតា នៅមានដី ៣ កន្លែង​ទៀត ដែល​រដ្ឋាភិបាល​បាន​ដោះ​ដូរ ប៉ុន្តែ​​ពុំ​បាន​​បញ្ជាក់​ថា ដោះ​ដូរ​​ឲ្យ​ទៅ​អ្នកណា និង​​ដោះដូរ​​ក្នុង​​គោល​បំណង​​អ្វី​​នោះ​ឡើយ។

កាលពីថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៦ រាជរដ្ឋាភិបាល​​បាន​ចេញ​អនុក្រឹត្យ​​មួយ ដោយ​​សម្រេច​​កំណត់​​ទំហំ​ផ្ទៃ​ដី​បឹង​តាមោក ឬ បឹងកប់ស្រូវ ជាង ៣ ពាន់​ហិកតា (៣ ២៣៩,៧) ជា​​សម្បត្តិ​​សាធារណៈ​​របស់​រដ្ឋ។

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​វេទិកា​ថ្នាក់​ជាតិ​ លើក​ទី​ពីរ ស្តីពី “ការការពារ និង​​អភិរក្ស​ធនធាន​​ធម្មជាតិ” តារា​ចម្រៀង​ស្រីដ៏ល្បី​នៅកម្ពុជា​មួយរូប អ្នកនាង មាស សុខសោភា ធ្លាប់​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​អន្តរាគមន៍​ជួយ​រក្សា​បឹងតា​មោក ឬបឹងកប់ស្រូវ ដោយ​ជួយ​មិន​ឱ្យមាន​ការលុបបឹង​នេះអី ព្រោះ​ថា​បឹងនេះ​​ជា «បឹងធម្មជាតិ» ធំ​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ។ ជា​ការ​ឆ្លើយ​តប នៅ​គ្រាល​នោះ​លោក ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​​នឹង​សំណើ​​នាង មាស សុខសោភា ថា នឹង​រក្សា​ទុក​បឹង​នេះ

ផ្ទុយស្រឡះពីការសន្យា របស់លោក ហ៊ុន សែន គ្រានោះ ព្រោះ​មក​ដល់​​ពេល​បច្ចុប្បន្ន បឹង​​ធម្មជាតិ​​មួយ​​នេះ​ រង​ការ​​​រំលោភ​​យក ឬ​កាត់​ចេញ​​បន្តិ​ច​ម្តងៗ ទៅ​ឱ្យ​ស្ថាប័ន​​ពាក់ព័ន្ធ​ តាម​​ការ​ស្នើ​​សុំ​​របស់​រដ្ឋ និង​​ឯកជន ​ដោយ​​មាន​ការ​យល់​​ព្រម​ពី​លោក ហ៊ុន សែន ផ្ទាល់

ចាប់តាំងពីចុងឆ្នាំ ២០១៨ មក រដ្ឋាភិបាល​​បាន​យល់​ព្រម​​កាត់​​ផ្ទៃ​​ដី​បឹង​​តាមោក ទៅ​​ឱ្យ​​ស្ថាប័នរដ្ឋ និង​​ឯកជន​ ក្រោម​គម្រោង​អភិវឌ្ឍន៍ មាន​ទំហំ​ប្រមាណ ១៣០ ហិកតា​​រួច​ទៅ​​ហើយ

កាលពីចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ របាយការណ៍​ពី​សមាគម​ធាងត្នោត បាន​អះអាង​ថា បឹង​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​​ចាក់​ដី​​លុប​​ទាំង​អស់ ដោយ​​ក្នុង​នោះ បឹង ១៦ ត្រូវ​​បាន​​លុប​​ទាំង​ស្រុង ​និង​​បឹង ១០ ទៀត ត្រូវ​​បាន​​លុប ​នៅ​​ផ្នែ​កខ្លះ។

របាយការណ៍នោះ ឱ្យ​ដឹងថា ការ​លុប​​បឹង​ទាំង​​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ជីវ​ចម្រុះ បរិស្ថាន បង្ក​ឲ្យ​​មាន​​ទឹក​​ជំនន់ ​ហើយ​​ពលរដ្ឋ​​រាប់​ពាន់​​គ្រួសារ​ រង​ផល​ប៉ះ​ពាល់ ដូចជា​​បាត់​បង់​​លំនៅ​ដ្ឋាន​ ជាដើម៕

(ពីគេហទំព័រសារព័ត៌មាន The Cambodia Daily /05-5-2020)

 

.