ក្រោយសាររំលែកទុក្ខ និង​ការដឹកនាំ​ប្រតិភូ​ទៅ​គោរពវិញ្ញាណខន្ធ​ម្តាយ​ក្មេក​ របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ត្រូវ​ជា​ម្តាយ​បង្កើត​របស់​អ្នកស្រី ប៊ុន រ៉ានី ពីសំណាក់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រួចមក បាន​ធ្វើឲ្យ​ក្រុមអ្នក​តាម​ដានសង្គម និង​ប្រជាពលរដ្ឋ រំពឹងថា​កាយវិកា​រ​ទន់ភ្លន់​រវាងឥស្សរជន​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​ទាំង​នេះ នាំឲ្យ​មាន​ការប្រែប្រួល​ជា​«វិជ្ជមាន» នៅ​កម្ពុជា​នាពេល​ខាង​មុខ។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាន​រំលឹក​លើគណនី​ហ្វេសប៊ុក កាល​ពីថ្ងៃ​ម្សិល​​មិញ {០៥ ឧសភា}​ ថា​មនុស្ស​ពីរ​នាក់​នេះ ពោល​គឺលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា ខាន​ជួប​គ្នា​ប្រមាណ ៤​ឆ្នាំមក​ហើយ ចាប់តាំង​ពីឆ្នាំ​២០១៦ នៅ​ក្នុង​រដ្ឋសភា។ អ្នកឃ្លាំមើល​សង្គម​ពី​ក្រៅប្រទេស​រូប​នេះ យល់​ឃើញ​ថា​ លោក កឹម សុខា និងលោក ហ៊ុន សែន ជួប​មុខគ្នា​​ជាថ្មី​​ ក្នុង​​ពិធីបុណ្យ​សព​មហា​​ឧបា​សិកា ប៊ុន ស៊ាងលី «ជាការចូល​​រួម​​រំលែកទុក្ខ​ធម្មតា ក្នុង​នាម​ជា​គ្រួសារខ្មែរ តាម​ប្រពៃណី​ខ្មែរ នេះ​បើតាម​ន័យ​​ធម្មតា»។ ចំណែកក្នុងន័យនយោបាយ គឺ​ «ជាសញ្ញាវិជ្ជមាន»មួយ ដែល​ពួកគេអាច​ជួបគ្នា​បាន និង​ជជែក​បាន​ខ្លះ នៅក្នុង​កម្រិតមួយ «ជាវិជ្ជមាន» ផង​ដែរ។ លោក​បន្តថា «រឿងអ្វី​ក៏ដោយ ក៏​អាច​ដោះស្រាយ​គ្នា​បាន ឲ្យតែ​ភាគីទាំងពីរ​មាន​ភាពប្រាកដនិយម និង​ជឿជាក់​រៀងៗខ្លួន ក្នុង​គោលដៅ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ពលរដ្ឋ និង​​ស្តារស្ថានភាព​​ជាប្រក្រតី​ឡើងវិញ នៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»

លោក ម៉ែន ណាត ចង់​ឃើញ​អ្នកនយោបាយ ជ្រើស​រើស​យក​វិធី​ជជែក​គ្នា ពិគ្រោះ​យោបល់​គ្នា តាមមធ្យោបាយ​​​អហិង្សា សន្តិវិធី គោរព​គ្នា​ទៅវិញ​ទៅមក និង​ឈរលើគោលការណ៍​ស្មើភាពគ្នា ក្នុង​ការ​​ដោះ​ស្រាយ​​បញ្ហា​នានា ដែល​​កំពុង​ប្រឈម​ នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ លោក​ក៏បាន​លើក​ជាយោបល់​មួយ​ចំនួន៖
១. លោក ហ៊ុន សែន វិល​ទៅ​រកការស្តារ​ប្រក្រតីភាព​របស់​កម្ពុជា​ឡើង​វិញ តាម​​របត់​​ថ្មី នៃ​​ទស្សនៈ​​ពិភពលោក បន្ទាប់​ពី​ផុត​រលត់​ស្ថានភាព​ជំងឺ​កូរ៉ូណា។
២. ចង់​ឃើញ​លោក កឹម សុខា មានសេរីភាព​ពេញលេញ រួចប​ន្តកិច្ច​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិរបស់​លោក​វិញ បើ​ទោះជា​មាន​ផលវិបាក​ខ្លះ​ក៏ដោយ។
៣. រួមគ្នាស្តារស្ថានការអាប់អួរទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង​សិទ្ធិមនុស្ស រួមទាំង​ដោះ​លែង​ក្រុម​សកម្មជន​ទាំងអស់ ឲ្យ​មាន​សេរីភាព​ឡើងវិញ។
៤. ដូច ៣ ចំណុចខាងលើ អ្នកទាំងអស់គ្នា ត្រូវប្រតិបត្តិ​តាម​មធ្យោបាយ​អហិង្សា សន្តិវិធី និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​ឈរលើ​គោលការណ៍​ស្មើភាព។

ចំណែកប្រធាន​ក្រុមពលរដ្ឋនិយម លោក ទូច វិបុល បាន​សរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​លោក​បាន​ឃើញសកម្មជន​នយោបាយ​ជាច្រើន សម្តែ​ការសប្បាយចិត្ត នៅ​ពេល​ឃើញ​លោក ហ៊ុន សែន និង​លោក កឹម សុខា អង្គុយ​ក្បែរគ្នា​ប្រកប​ដោយ​ការគោរពគ្នា​ទៅវិញ​ទៅមក ដោយ​នាំ​គ្នា​ពោល​ពាក្យ​ថា «ទោះបីយើ​នៅ​បក្សផ្សេង​គ្នា ឬមាន​ទស្សនៈផ្ទុយគ្នា​យ៉ាងណា​ក៏​ដោយ ក៏យើង​ចេះគោរពគ្នា​ទៅវិញ​ទៅមក ​នៅ​ពេល​ដៃគូ​របស់​ខ្លួន មាន​ទុក្ខ​បែប​នេះ»។ លោក​បន្តថា សារនេះ​បញ្ជាក់​ថា សកម្មជន​នយោបាយ​ខ្មែរ មាន​ការយល់​ដឹង​ច្រើន​ អំពី​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ទូច វិបុល បន្តថា «សូមចូលរួមរីករាយជាមួយបងប្អូនខ្មែរ ហើយសង្ឃឹមថា មេដឹកនាំ ក៏ដូចជា​អ្នក​នយោបាយ​គ្រប់​និន្នាការ ប្រកាន់​យក​មាគារ​គោរពគ្នា​បែប​នេះ ទៅថ្ងៃ​អនាគត»

ដោយឡែក​សម្រាប់ទីប្រឹក្សា​អង្គការសេដាក និង​ជាប្រធាន​គណៈកម្មាធិការ​នាយក​នៃ គណបក្សប្រធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង់ សាំងកុមារ ក្រៅ​ពីសម្តែង​ការចូលរួម​មរណ​ទុក្ខ​ជាមួយ​លោកនាយករដ្ឋមន្រ្តី និង​ក្រុមគ្រួសារ លោក​ក៏មាន​ទស្សនៈ​ថា «កាយវិការ​រវាងលោក ហ៊ុន សែន និង​លោក កឹម សុខា ក្នុងពិធី​គោរពវិញ្ញាណ​ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ាងលី នោះ​ក៏អាច​ជាឱកាស​នៃ​ការចាប់ផ្តើម ក្នុងការសម្រប​សម្រួល​គ្នា​រវាងមេបក្ស​កាន់អំណាច និង​មេបក្សប្រឆាំង»។ លោក​បន្តថា ការសម្របសម្រួល​គ្នារវាង​តួអង្គ​អ្នកនយោបាយ​ជនខ្ពស់​ទាំងពីរ ក្នុងការធ្វើ​សហការគ្នា កសាង​ប្រជាធិបតេយ្យ​សេរី​ពហបក្ស នៅ​កម្ពុជា ដែល​ជាមូលដ្ឋាន​គ្រឹះនៃ​សន្តិភាព​យូរអង្វែង និង​ការអភិវឌ្ឃ​ប្រកប​ដោយ​សមធម៌។

ចំណែកអ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ហេង ស្រ៊ាង វិញលើក​ឡើងថា «រីករាយ​បាន​ឃើញ​អ្នក​នយោបាយ​ខ្មែរ ជួប​ជជែកគ្នា​ដោយ​សន្តិវិធី ដោយ​សន្តិភាព ដើម្បី​ដោះស្រាយ​បញ្ហាជាតិ»។ ជាមួយគ្នា​នេះ លោកសង្ឃឹម​ថា កំដៅ​នយោបាយ​នឹងបាន​ចុះថយ​ខ្លះ ក្រោយពេល​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា កាល​ពីថ្ងៃ​ម្សិល​មិញ។

ជានេះទៀតមានពលរដ្ឋ​ក្នុង​បណ្តាញហ្វេសប៊ុក​ជាច្រើន បានសម្តែង​សេចក្តីរីករាយ​ក្រោយ​ជំនួប​នេះ ដោយ​ពួក​គេ​សង្ឃឹម​ថា ស្ថានភាព​នយោបាយ​នឹងប្រែ​ជាស្រឡះ ក្រោយ​ពេលអាប់អួរ​អស់រយៈពេល​ជាង ២ ឆ្នាំ​មក​នេះ។

រីឯអតីតប្រធានអង្គការតម្លាភាព លោក ព្រាប កុល បាន​សរសេរ​នៅ​លើ​គណនីហ្វេសប៊ុក​របស់​លោក​ថា រូបលោក​ផ្ទាល់ និង​ពលរដ្ឋខ្មែរ​ទូទាំងនគរ គាំទ្រ​ឲ្យឥស្សរជន​នយោបាយ​គ្រប់លំដាប់ថ្នាក់ មាន​ឥរិយាបថ និង​វប្បធម៌​ប្រាស័្រយ​ទាក់ទង​គ្នា​បែប​នេះ។ លោកបន្តថា «ឥរិយាបថ និងវប្បធម៌​បែបនេះ គួរតែ​មាន​នៅក្នុង​សង្គម​ជាតិ​ខ្មែរ​ដរាបរៀង​ទៅ ទោះស្ថិត​ក្នុងកាលៈទេសៈ​ណាក៏​ដោយ។ ទង្វើ​បែប​នេះ គឺជា​សីលធម៌ និងគុណធម៌ ដែល​អ្នក​នយោបាយ និង​ពលរដ្ឋខ្មែរ​គ្រប់និន្នាការ គួរប្រកាន់​យក។ ហើយ​ការប្រព្រឹត្ត​បែប​នេះ គួរ​ត្រូវ​បាន​ជម្រុញ និង​ធ្វើជាគំរូ​ដោយ​មេដឹកនាំ​នយោបាយ»

ដោយឡែកមាន​ពលរដ្ឋខ្លះ​លើក​ឡើងថា ពេលឃើញ​អ្នកនយោបាយ​ជួបគ្នា និង​ដឹង​សុខ​ទុក្ខគ្នា ពួក​គាត់​កាន់​តែ​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ពីព្រោះ​នេះ​ជារូបភាព​ដែល​ពលរដ្ឋ​ចង់ឃើញ ចង់បាន ជាការ​រួប​រួម​ជាតិជា​ធ្លុង​មួយ​យ៉ាង​ពិតប្រាកដ។

បន្ថែមពីនេះ ប្រវត្តិសាស្ត្រ​បាន​លាតត្រដាង​ឲ្យយើង​ឃើញ​ហើយ​ថា «ខ្មែររួមគ្នា ខ្មែរខ្លាំង តែ​បើខ្មែរ​បែកបាក់​គ្នា ខ្មែរ​ខ្សោយ»។ ពលរដ្ឋ​ក៏បាន​ផ្តាំទៅអ្នក​នយោបាយ​ថា «មានតែការរួបរួម​គ្នា​ប៉ុណ្ណោះ ទោះបី​យើង​មាន​ទស្សនៈ​នយោបាយ​ខុសគ្នា​ក៏ដោយ ក៏ប៉ុន្តែ​ទិសដៅរួម​ គឺប្រយោជន៍​ជាតិ»៕

(អានអត្ថបទដោយលោក ហាស់ សាន នៃសារព័ត៌មាន The Cambodia Daily /០៦ ឧសភា ២០២០)

.