សមាគមរោងចក្រ​នៅកម្ពុជា (GMAC) បាន​ឲ្យដឹងថា គិតមកដល់​ថ្ងៃទី ០៤ ខែ​ឧសភា ឆ្នាំ​២០២០ រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ចំនួន ១៨០ បាន​ព្យួរ​ការ​ងារ​របស់​ខ្លួន និង​ចំនួន ៦០ ទៀត ក៏​កំពុង​ឈាន​ទៅ​ព្យួរ​ការងារ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​អំពាវនាវ​របស់​សមាគម​នេះ ចេញ​ផ្សាយ​នៅ​ថ្ងៃទី ០៤ ឧសភា (សូមទាញយក Download)។

សមាគម GMAC បង្ហាញក្តីព្រួយបារម្ភ​ថា ករណី​រោងចក្រ​ព្យួរការងារ​របស់ខ្លួន​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នកបញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា បាន​លុបចោល​ការបញ្ជាទិញ និង​ផ្អាកការ​បញ្ជាទិញ ដោយសារ​ការរីក​រាល​ដាល​​ជំងឺ​កូរ៉ូណា ឬ​កូវីដ១៩ នៅជុំវិញ​ពិភពលោក ហើយ​ប្រទេស​នីមួយៗ បាន​បិទ​ប្រទេស​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ពាល់​យ៉ាង​ខ្លាំង ដល់​វិស័យ​ឧស្សាហកម្ម​ការដេរ​នៅ​កម្ពុជា។

សមាគមនេះ អំពាវនាដល់​អ្នកបញ្ជា​ទិញ​ទាំងអស់ ឲ្យ​គោរពតាម​លក្ខខណ្ឌ​ទូទាត់ប្រាក់ សម្រាប់​ទំនិញ​ដែល​​បាន​​ទទួលរួច​ហើយ និង​ដែល​កំពុង​ដឹកទៅ​ឲ្យ​អ្នកបញ្ជាទិញ​ទាំង​នោះ។

ក្នុងសេចក្តីអំពាវសមាគម GMAC បញ្ជាក់​ថា កម្មករជាង ១៥ ម៉ឺននាក់ ជាអ្នក​រង​ផលប៉ះពាល់​ដោយផ្ទាល់ ដោយ​ការព្យួរ​ការងារ​ជាបណ្ដោះ​អាសន្ន​របស់​ពួកគេ។ ហើយកម្មករ​ជិត ២០ ម៉ឺននាក់​ទៀត នឹង​ត្រូវព្យួរ​ការងារ នាពេល​ឆាប់ៗ​ខាងមុខ។ ការព្យួរ​ការងារ​នេះ ធ្វើឲ្យសមាជិក​គ្រួសារ​ប្រមាណ ២ លាន​នាក់ រង​ផល​ប៉ះពាល់​ដោយ​ប្រយោល

មុនពេលផ្ទុះការរីករាលដាល​មេរោគកូរ៉ូណា ក្រុមអ្នកជំនាញ និង​ក្រុម​សហជីព បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថែ​រក្សា​ប្រព័ន្ធ​អនុគ្រោះព័ន្ធ EBA របស់​អឺរ៉ុប និង​ប្រព័ន្ធ GSP របស់​អាមេរិក។ ពេលនោះ​រដ្ឋាភិបាល បាន​ប្រកែក​ដោះសា ដោយសារ​សំអាង​ទៅលើប្រទេស​ចិន ជាមិត្ត​ដែកថែប និង​ជាឆ្អឹងខ្នង​ដ៏សំខាន់ ក្នុង​ការផ្តល់ប្រាក់កម្ចី​ដល់​កម្ពុជា និង​អះអាង​ជួយទិញ​ផលិតផល​ពី​កម្ពុជា ខណៈ​ប្រទេស​ចិនខ្លួនឯង នាំ​ទំនិញរបស់ខ្លួន​ទៅ​កាន់ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ដែរ​នោះ។

ក្រោយបរិបទនៃជំងឺរាតត្បាតកូវីដ១៩ ស្ថានភាពពិភពលោក​ នឹង​ផ្លាស់​ប្តូរឥរិយាបថ​ថ្មី ហើយប្រទេស​ចិន ដែល​ជាប្រភព​នៃ​ការរីករាលដាល​មេរោគ​កូរ៉ូណា​នេះ ត្រូវ​ជួប​ផលវិបាក​ធ្ងន់ធ្ងរ ដោយសារ​ប្រទេសឧស្សាហកម្ម​ធំៗ គេ​នឹង​សម្លឹង​មើល​ជម្រើស​ថ្មី

ដូច្នេះ ប្រទេសកម្ពុជា ត្រូវប្រញាប់ប្រញាល​ពិចារណា​នូវ​ជម្រើសថ្មិ និង​ឱកាសថ្មី​របស់ខ្លួន​ផង​ដែរ ពោលគឺត្រូវ​ពិនិត្យ​ឡើងវិញ នូវ​ប្រព័ន្ធ​អនុគ្រោះព័ន្ធ EBA របស់អឺរ៉ុប ខណៈ​ដែល​គណៈកម្មការ​អឺរ៉ុប បាន​ព្យួរ ២០% ពី​កម្ពុជា​រួច​ហើយ កាល​ពីខែកុម្ភៈ កន្លង​ទៅ។

កម្ពុជា ចាំបាច់ត្រូវតែវិលទៅ​រកការស្តារស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើយវិញ បើ​សិនមាន​បំណង​ស្តារ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេស​​ជាតិ​​ពិត​ប្រាកដ ទៅ​តាម​បំណង​​របស់​​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ រួមទាំង​អង្គការ​សហប្រជាតិ​ផង៕

គ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

លោក ម៉ែន ណាត
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

.