លោក ហ៊ុន សែន {ប្រមុខរដ្ឋាភិបាល} បានចារយល់ព្រមតាមសំណើររបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ជុំវិញ​ការស្នើ​សុំ​​កាត់​​ផ្ទៃ​ «បឹងតាមោក ឬបឹងកប់ស្រូវ» ទំហំ ៣៤ ហិកតា​បន្ថែម​ទៀត ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​មួយ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៧ ខែមេសា ផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច រដ្ឋមន្រ្តី​ក្រសួង​ដែនដី រដ្ឋមន្រ្តី​ធនធានទឹក និង អភិបាល​រាជធានីភ្នំពេញ បញ្ជាក់ថា​សំណើរសុំ​កាត់ផ្ទៃ​បឹងតាមោក​ ៣៤ ហិកតា​នោះ ដោយ ៣០ ហិកតា ត្រូវផ្តល់ទៅ​ឲ្យអ្នកស្រី គីម ហ៊ាង តំណាង​ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ប៉ុន្តែតំណាងក្រុមហ៊ុននេះ ត្រូវដោះស្រាយ​ជាមុន ជាមួយ​អ្នកកាន់កាប់​ផ្ទៃបឹងតាមោក​ ៣០ ហិកតា​នោះ ដោយក្នុង ១ ម៉ែត្រការ៉េ មានតម្លៃ ៥ ដុល្លារ។ ដោយឡែកផ្ទៃបឹងទំហំ ៤ ហិកតា​ទៀត  រដ្ឋាភិបាល មិនបានបញ្ជាក់ថា ផ្តល់ឲ្យអ្នកណា ឬក្រុមហ៊ុនណា​នោះ​ឡើយ។

លិខិតដដែល បានឲ្យដឹងថា ក្រៅពីផ្ទៃបឹងតាមោក ៣៤ ហិកតា នៅមានដី ៣ កន្លែង​ទៀត ដែល​រដ្ឋាភិបាល​បាន​ដោះដូរ ប៉ុន្តែ​ពុំបាន​បញ្ជាក់ថា ដោះដូរ​ឲ្យទៅអ្នកណា និង​ដោះដូរ​ក្នុង​គោលបំណង​អ្វី​នោះឡើយ។

កាលពីថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៦ រាជរដ្ឋាភិបាល​បានចេញអនុក្រឹត្យ​មួយ ដោយ​សម្រេច​កំណត់​ទំហំផ្ទៃ​ដី​បឹង​តាមោក ឬ បឹងកប់ស្រូវ ជាង ៣ ពាន់ហិកតា (៣ ២៣៩,៧) ជា​សម្បត្តិ​សាធារណៈ​របស់រដ្ឋ។

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៧ ក្នុងវេទិកាថ្នាក់ជាតិ​ លើកទីពីរ ស្តីពី “ការការពារ និង​អភិរក្សធនធាន​ធម្មជាតិ” តារា​ចម្រៀង​ស្រីដ៏ល្បី​នៅកម្ពុជា​មួយរូប អ្នកនាង មាស សុខសោភា ធ្លាប់​ស្នើ​សុំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​អន្តរាគមន៍​ជួយ​រក្សា​បឹងតា​មោក ឬបឹងកប់ស្រូវ ដោយ​ជួយ​មិន​ឱ្យមាន​ការលុបបឹង​នេះអី ព្រោះថាបឹងនេះ​ជា «បឹងធម្មជាតិ» ធំចុងក្រោយ នៅរាជធានីភ្នំពេញ។ ជាការឆ្លើយតប នៅគ្រាលនោះលោក ហ៊ុន សែន ក៏បានឆ្លើយតប​នឹងសំណើ​នាង មាស សុខសោភា ថា នឹងរក្សាទុកបឹងនេះ

ផ្ទុយស្រឡះពីការសន្យា របស់លោក ហ៊ុន សែន គ្រានោះ ព្រោះមកដល់​ពេលបច្ចុប្បន្ន បឹង​ធម្មជាតិ​មួយ​នេះ​រង​ការ​រំលោភ​យក ឬកាត់ចេញ​បន្តិច​ម្តងៗ ទៅឱ្យស្ថាប័ន​ពាក់ព័ន្ធ​ តាម​ការស្នើ​សុំ​របស់រដ្ឋ និង​ឯកជន ​ដោយ​មានការយល់​ព្រម​ពី លោក ហ៊ុន សែន ផ្ទាល់

ចាប់តាំងពីចុងឆ្នាំ ២០១៨ មក រដ្ឋាភិបាល​បានយល់ព្រម​កាត់​ផ្ទៃ​ដីបឹង​តាមោក ទៅ​ឱ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ ក្រោមគម្រោងអភិវឌ្ឍន៍ មានទំហំប្រមាណ ១៣០ ហិកតា​រួចទៅ​ហើយ

កាលពីចុងខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ពីសមាគមធាងត្នោត បានអះអាងថា បឹងចំនួន ២៦ នៅរាជធានី​ភ្នំពេញ ត្រូវបាន​ចាក់ដី​លុប​ទាំងអស់ ដោយ​ក្នុងនោះ បឹង ១៦ ត្រូវ​បាន​លុប​ទាំងស្រុង ​និង​បឹង ១០ ទៀត ត្រូវ​បាន​លុប ​នៅ​ផ្នែកខ្លះ។

របាយការណ៍នោះ ឱ្យដឹងថា ការលុប​បឹងទាំង​នេះ ធ្វើឲ្យប៉ះពាល់​ជីវចម្រុះ បរិស្ថាន បង្កឲ្យ​មាន​ទឹក​ជំនន់ ​ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ រងផលប៉ះពាល់ ដូចជា​បាត់បង់​លំនៅដ្ឋាន​ជាដើម៕

(ពីគេហទំព័រសារព័ត៌មាន The Cambodia Daily /05-5-2020)

.

Advertisements