របាយការណ៍​​អភិវឌ្ឍ​​របស់​អង្គការ UNDP ស្តីពីគម្របព្រៃឈើ ថាគម្របព្រៃឈើ នៅ​កម្ពុជា បាន​ថយចុះ​ពី ៧៣% នៅឆ្នាំ ១៩៧៥ ធ្លាក់​​មក​ត្រឹម​​ប្រមាណ ​៤៧% នៅ​​​ឆ្នាំ​ ២០១៨។ ព្រៃ​ឈើ​ខ្មែរ មក​ដល់​ខែ​មសា ២០២០ ធ្លាក់ម​ក​ត្រឹម​ប្រមាណ ៤១%។ នេះ​បើតាម​​ក្រសួង​បរិស្ថាន​កម្ពុជា ​​ពីថ្ងៃទី ២៤ មេសា ២០២០ បាន​​បញ្ជាក់​​​ក្នុង​​​​សេចក្តីថ្លែង​ការណ៍​​ថា «បច្ចុប្បន្ន​​​​នេះ មាន​តំបន់​​​ការពារ​​​ធម្មជាតិ និង​​​​របៀង​​អភិរក្ស​​ជីវៈ​​ចម្រុះ ​សរុប​​​​​ចំនួន ៦០ កន្លែង ដែល​​​គ្រប​ដណ្តប់​​​លើ​​ផ្ទៃដី ប្រមាណ​​ជាង ៧,២ លាន​​​​ហិកាតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​​​​សរុប​​​របស់​​កម្ពុជា»។  (ដោយលោក ម៉ែន ណាត នៃ CWCI Cambodia)

សង្គម​ស៊ីវិល​ ស្នើ​​បង្ហាញ​​ឱ្យ​​តម្លាភាព ​ករណី​​ឈូស​​ឆាយ​​ព្រៃ​​ភ្នំ​​បូកគោ​​រាប់​ពាន់​​ហិកតារ

(ដោយលោ​ក ជាតិ ចំណាន / RFA Khmer /07th-6-2020)

ការ​ឈូស​ឆាយ​ព្រៃ រាប់ពាន់​ហិកតារ ក្នុង​​ឧទ្យាន​ជាតិ​​ព្រះមុនីវង្ស​ ​ភ្នំ​បូកគោ ក្នុង​​ខេត្ត​កំពត ក្រោម​​ស្លាក​អភិវឌ្ឍន៍ នៅ​​មិន​ទា​ន់​មាន​ការ​បកស្រាយ​​ឱ្យ​ច្បាស់លាស់ បង្ហាញ​​ឱ្យ​ពល​រដ្ឋ​ជ្រាប​​នៅឡើយ​ទេ​។ មន្ត្រី​សង្គម​​ស៊ីវិល​​រកឃើញ​ថា រដ្ឋាភិបាល​​ នៅ​មិនទាន់ បែងចែក​ឱ្យ​​ច្បាស់លាស់​តំបន់​ណា​​ ដែល​ត្រូវ​អភិវឌ្ឍន៍ និង​តំបន់​ណា​ ដែល​​ត្រូវ​អភិរក្ស​ធនធាន​ធម្មជាតិ​​នោះ​ទេ​។ ចំណែក​​មន្ត្រី​ជាន់ខ្ពស់​​ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា គម្រោង​​វិនិយោគ​​នៅ​តំបន់​នោះ ក្រុមហ៊ុន​​បាន​​សហការ​ជាមួយ​ក្រសួង​​សាមី និង​​អាជ្ញាធរ​ដែនដី។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ បង្ហាញ​តម្លាភាព នៃ​​គម្រោង​វិនិយោគ​​ខ្នាត​​ធំ លើ​រមណីយដ្ឋាន​​ព្រះមុនីវង្ស​ ​ភ្នំ​បូកគោ និង​​បង្ហាញ​ពី​ទីតាំង​វិនិយោគ​ ឱ្យ​ច្បាស់លាស់ ជា​ពិសេស​​ត្រូវ​បង្ហាញ​ទំហំ​​ថវិកាជាតិ ដែល​​ក្រុមហ៊ុន​​ បង់ពន្ធ​ចូល​រដ្ឋ ក្នុង​មួយឆ្នាំៗ​។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួកគេ​​សង្កេត​ឃើញ​ថា រមណីយដ្ឋាន​ភ្នំ​បូកគោ កំពុង​ទទួល​​រង​ការ​ឈូស​ឆាយ​ព្រៃ ជាច្រើន​​ពាន់​​ហិកតារ ដាច់​​ជា​​កង់ៗ ធំ​ល្វឹងល្វើយ ដាច់​កន្ទុយភ្នែក ហើយ​សំណល់​ព្រៃឈើ​​ ដែល​​ឈូស​ឆាយ​នោះ ត្រូវ​​គេ​​គរ​ទុក​​លើ​ខ្នង​ភ្នំ​បូកគោ​។ តំបន់​ខ្លះ​ទៀត ដាក់​ស្លាក​គម្រោង​​វិនិយោគ ផ្ទះល្វែង កន្លែង​​លម្ហែ​កាយ និង​កន្លែង​​បម្រើ​សេវាកម្ម​​ទេសចរណ៍​​ផ្សេងៗ​ទៀត។

ក្រុម​អ្នកទេសចរ​ដែល​ទៅ​ទស្សនា​ទីនោះ មាន​មន្ទិល​ថា តើ​សកម្មភាព​ឈូស​ឆាយ​​ព្រៃ​​រង្គាល និង​​មាន​​គ្រឿង​ចក្រ​​រាប់​សិប​គ្រឿង មាន​​រំសេវ​បំផ្ទុះ​​រំលាយ​ថ្ម ក្នុង​តំបន់​​ឧទ្យាន​ជាតិ​​បូកគោ ធ្វើឡើង​​ដោយ​​ត្រឹមត្រូវ​​តាម​ច្បាប់​​ឬទេ​ខណៈ​ពួកគេ​មិនទាន់​ដឹង​ថា តំបន់​ណា​ដែល​ត្រូវ​អភិរក្ស និង​តំបន់​ណា​ដែល​ត្រូវ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ។

លោក ស ម៉ូរី ប្រធាន​កម្មវិធី នៃ​បណ្ដាញ​យុវជន​កម្ពុជា និងជា​អ្នក​សិក្សា​ច្បាប់​​សិទ្ធិមនុស្ស​​អន្តរជាតិ ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី ៦ ឧសភា​ថា សកម្មភាព​ឈូស​ឆាយ​​ព្រៃ​ទាំងនោះ ចៀស​​មិន​ផុត នឹង​​ប៉ះពាល់​​បរិស្ថាន ជីវចម្រុះ និង​​ធនធាន​ធម្មជាតិ ក្នុង​តំបន់​​អភិរក្ស​នេះ។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​​បើក​​ជំហរ​ឱ្យ​ពលរដ្ឋ និង​​អ្នក​ពាក់ព័ន្ធ ចូលរួម ផ្តល់​មតិយោបល់​ជុំវិញ ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​កិច្ចសន្យា​វិនិយោគ​នានា ជាមួយ​ក្រុមហ៊ុន​ឯកជន​។ លើស​ពី​នេះ រដ្ឋាភិបាល ត្រូវ​បែងចែក​ឱ្យ​ដាច់​ស្រឡះ តំបន់​ណា​សម្រាប់​ក្រុមហ៊ុន​វិនិយោគ និង​តំបន់​ណាខ្លះ សម្រាប់​អភិរក្ស៖ «បច្ចុប្បន្ន​មានការ​ឈូស​ឆាយ​ដី រាប់​រយ​រាប់ពាន់​ហិកតារ លើ​ភ្នំ​ហ្នឹង ហើយ​យើង​អត់​ទាន់​ច្បាស់​ទេ​ថា តើ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ វា​ជាទី​តាំង​កន្លែង​ណាមួយ ឱ្យ​ពិតប្រាកដអ៊ីចឹង​ហើយ វា​បង្កើត​ភាព​ស្រពេចស្រពិល។ ភាព​មិន​ច្បាស់លាស់ ហើយ​យើង​មើល​ឃើញ​ថា ការអភិវឌ្ឍន៍​បែបនេះ វា​អត់​មាន​តម្លាភាព​។ សម្រាប់​យើង យើង​មិន​ចង់​ប្រឆាំង​ការ អភិវឌ្ឍ​ទេ តែ​យើង​ចង់​ឃើញ ការ​អភិវឌ្ឍ​មាន​តម្លាភាព និង​ការ​អភិវឌ្ឍ​បែប​អភិរក្ស មិនមែន​ជា​ការ​អភិវឌ្ឍ​បែប​បំផ្លាញ ធនធានធម្មជាតិ ហើយ​បម្រើ​ប្រយោជន៍​តែ​អ្នកមាន​លុយ មានអំណាច​ទេ»

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ មាន​ផ្ទៃដី​​ទំហំ​ជាង ១៥​ ម៉ឺន​ហិកតារ (១៥៤.៤៥៨ ​ហិកតារ​) ស្ថិត​​ក្នុង​​ភូមិសាស្ត្រ ស្រុក​​ទឹកឈូ ខេត្ត​កំពត ជាប់​​ខេត្ត​​ព្រះសីហនុ​។ ក្រុម​ពលរដ្ឋ​​ ឱ្យដឹង​ថា បើ​ទោះ​បី​ជា មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ និង​ការ​ឈូស​ឆាយ​​ទន្ទ្រានព្រៃ​​រាប់ពាន់​ហិកតារ ធ្វើឡើង​​ពី​សំណាក់​​អ្នក​មាន​​អំណាច​​ក្តី ទំនង​ជា​គ្មាន​នរណា​ម្នាក់​ បាន​​ដឹង​ពី​បទ​ល្មើស​​ឧក្រិដ្ឋ​នានា ដែល​កើតឡើង​​នៅ​​តំបន់​​នោះ​​ទេ​។ ពួកគេ​​អះអាង​ថា ការ​ឈូស​ឆាយ​ព្រៃ​ ​ក្លាយ​ជា​​វាល​ធំ​​ល្វឹងល្វើយ លាតសន្ធឹង​លើ​ផ្ទៃដី​ជាច្រើន​​ពាន់​ហិកតារ គេ​ឃើញ មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង មាន​កម្មករ​ជាច្រើន​ក្រុម និង​មាន​តំបន់​​ខ្លះ ​លើក​ស្លាក​​សាងសង់​​លំនៅ​ឋាន ​និង​​ផ្ទះល្វែង​​ជាដើម​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ឧទ្យាន​ជាតិ​​នេះ មាន​​នៅ​​សល់​​ព្រៃ​​តិច​​តូច​​ប៉ុណ្ណោះ ដុះ​តាម​ជម្រាល​ភ្នំ អម​សងខាង​​ផ្លូវ​ឡើង​លើ​ខ្នងភ្នំ​។ លោក​ថា រយៈ​ពេល​​ជាង ១០​ ឆ្នាំ​​​ចុង​​ក្រោយនេះ ឈើ​ហ៊ុប​ធំៗ ត្រូវ​គេ​កាប់​​ធ្វើ​អាជីវកម្ម​អស់ទាំង​​ស្រុង នៅសល់​ដើម​ឈើ​តូចៗ គ្មាន​​តម្លៃ​លើ​ទីផ្សារ​​អាច​​ប្រើប្រាស់​​បាន។

អាស៊ីសេរី​ (RFA) បាន​ព្យាយាម​ទាក់ទង អភិបាល​ខេត្ត​កំពត លោក ជាវ តា​យ ដើម្បី​​សុំ​​ការ​បំភ្លឺ​​រឿង​​នេះ​​​មិន​​បាន​ទេ ដោយសារតែ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី​ ៦ មិថុនា។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន ​កំពុង​​កំណត់​​តំបន់​​ស្នូល តំបន់​​អភិរក្ស តំបន់​​អភិវឌ្ឍន៍​ចិរភាព និង​​តំបន់​​សហគមន៍ ក្នុង​​ឧទ្យាន​ជាតិ​​នេះ​។ លោក​​ថា បច្ចុប្បន្ន​​នេះ មន្ត្រី​ឧទ្យានុរក្ស​​ចំនួន ៤០ ​នាក់ កំពុង​ឈរជើង​​ការពារ​​ឧទ្យាន​ជាតិ​នេះ និង​​បាន​​បោះ​បង្គោល​​ទាំង​​តូច ទាំង​ធំ​ចំនួន ៦៦ ​ដើម ដើម្បី​កំណត់​​ព្រំ​សម្គាល់។ លោក​បញ្ជាក់​ថា ការ​អនុវត្ត​​គម្រោង​វិនិយោគ​​របស់​ក្រុមហ៊ុន​​ ឋិត​​ក្នុង​រង្វង់​​កំណត់ មុននឹង​​ធ្វើការអភិវឌ្ឍ ការ​ឈូស​ឆាយ គឺ​ក្រុមហ៊ុន​​បាន​​សហការ​​ជាមួយ​​ក្រសួងបរិស្ថាន និង​​អាជ្ញាធរ​​ដែនដី ដើម្បី​ពិនិត្យ​​សិក្សា​​លើ​ផល​​ប៉ះពាល់​​នានា។

កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ចេញ​អនុក្រឹត្យ​​ដាក់​​ឱ្យ​​ប្រើប្រាស់​​ប្លង់​​គោល​​នៃ​​​គម្រោង​​អភិវឌ្ឍន៍​​ក្រុង​បូកគោ​។ ខ្លឹមសារ​អនុក្រឹត្យ​នេះ បាន​កំណត់​ផ្នែក​ខ្លះ នៃ​​​​រមណីយដ្ឋាន​​​​ភ្នំ​បូកគោ ជាទី​ក្រុង​​ឆ្លាត​វៃ តំបន់​​ទេសចរណ៍​​ប្រវត្តិសាស្ត្រ និង​​តំបន់​​ពាណិជ្ជកម្ម ធុរកិច្ច និង​​លំនៅឋាន​​ជាដើម​។ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​​ ភ្នំ​បូកគោ មាន​ផ្ទៃដី​សរុប​ជាង ១​សែន ៥ ​ម៉ឺន​ហិកតារ (១៥៤.៤៥៤  ហិកតា​ក្នុង​នោះ ទំហំ​ដី​អាច​អភិវឌ្ឍន៍​បាន ​មាន​ចំនួន​ជាង ២​ម៉ឺន ៧​ពាន់​ហិកតារ (២៧.៩៤៣និង​ប្រភេទ​​ដី​​ក្នុង​កម្រិត​​ការសាងសង់​​មាន​​ចំនួន​ជាង ១​​សែន ២​​ម៉ឺន​ហិកតារ (១២៦.៥១៥ ហិកតាររីឯទំហំ​ដី​ជិត ២​ម៉ឺន​ហិកតារ ទៀត ​(១៨.៩៨៧) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុខា អូតែល របស់​ឧកញ៉ា សុខ គង់

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ​កាត់​ អាឡិច កត់សម្គាល់​ថា រយៈពេល ២០ ឆ្នាំ​​ចុង​​ក្រោយនេះ រមណីដ្ឋាន​​ប្រវត្តិសាស្ត្រ​​ដ៏​ល្បី​ល្បាញ​​មួយ​នេះ បាន​​ថយ​ចុះ​ព្រៃឈើ សត្វព្រៃ និង​ប្រព័ន្ធ​ជីវចម្រុះ​​ធំធេង​។ លោក​ថា ការបាត់​បង់​​ព្រៃឈើ​​នៅ​តំបន់​នោះ ដោយសារ​​គ្មាន​យន្តការ​​អភិរក្ស​​ច្បាស់លាស់ និង​ខ្វះ​ការ​​យកចិត្តទុក​ដាក់​​ពី​រដ្ឋាភិបាល​។ លោក​បន្ថែម​ថា ភ្នំ​បូកគោ​បច្ចុប្បន្ន​នៅ​សល់​តែ​ទេសភាព​លើ​ខ្នងភ្នំ​ប៉ុណ្ណោះ​៖ «និយាយ​​ឱ្យ​ចំ​​ទៅ ស្រណោះ​​តែម្ដង កន្លែង​​ដែល​ល្បី​​ពេញ​​អាស៊ីអាគ្នេយ៍ មាន​​ជនជាតិ​ខ្មែរ និង​​បរទេស​​ទៅលេង ស្រណោះ​​ណាស់​នៅ​​ពេល​​ដែល​​ឃើញ​ថា កន្លែង​នោះ​​វា​អត់​​ថែរក្សា​។ ជីវចម្រុះ​​អត់​ថែរក្សា និង​ប្រវត្តិសាស្ត្រ​​ ក៏​​មិន​​ថែរក្សា​។ កន្លែង​ហ្នឹង​ ​ប្រវត្តិសាស្ត្រ​​សម្បើម​​ណាស់​។ ប៉ុន្តែ​​បែរជា​នៅ​ខ្មែរ បំផ្លាញ​​ជីវចម្រុះ​​ខ្លួនឯង ដើម្បី​​លេង​ល្បែង ដើម្បី​​លាង​លុយ​​កខ្វក់ វា​ក្លាយ​ជា​ទម្លាប់ ខ្ញុំ​​ដូច​​ស្រណោះ»

លោក អាឡិច បន្ថែម​ថា ឧទ្យានជាតិ​បាន​បាត់បង់​ធនធានធម្មជាតិ​​ដ៏​ធំ​​សម្បើម​​នេះ បាន​​ជំនួស​​មក​វិញ​​ដោយ​​កន្លែង​​លេង​ល្បែង កន្លែង​​លាង​​លុយ​កង្វក់ កន្លែង​​ពេស្យាចារ និង​ទីតាំង​​លម្ហែ​កាយ​​របស់​​ក្រុម​​អ្នកមាន​​លុយ​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ស្ទើរតែ​មិន​បាន​ទទួល​​ផល​ទាល់​តែសោះ ពី​គម្រោង​​វិនិយោគ​​ទាំង​នេះ៕

អត្ថបទទាក់ទង
– ការ​សិក្សា​​ថ្មី៖ ​សាកល​វិទ្យាល័យ​​នៅ​ដាណឺម៉ាក បង្ហាញ​ថា​ ​ព្រៃ​ឡង់ ត្រូវ​បាន​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​ធំ
គម្របព្រៃឈើ​​ខ្មែរ សល់​ប្រមាណ ៤៧% ​ឆ្នាំ​២០១៨ និង​​ថយចុះ​មក​ត្រឹម ៤១% ដល់​ខែ​មេសា ​២០២០
ព្រៃឈើ នៅ​តំបន់​ព្រៃឡង់ រង​ការ​កាប់​បំផ្លាញ​ថែម​ទៀត បើ​តាម​រូបភាព​ផ្កាយ​រណប
ក្រសួងបរិស្ថាន ព្រមានសកម្មជនបរិស្ថាន ប៉ុន្តែ​សកម្មជន​បរិស្ថាន ថាត្រូវ​​ការពារ​ព្រៃឈើ​រួម​គ្នា ខណៈបទ​ល្មើស មិន​ថម​ថយ
ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ថាមិន​​ទាន់​​​បាន​ទទួល​​ពន្លឺ​​យុត្តិធម៌! តើលោកស្រី ហ៊ុន ម៉ាណា ជា​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន Timber Green កាល​នោះ?
– គម្រប​ព្រៃ​ឈើ​ខ្មែរ សល់​ជាង ៤០% ​កំពុង​រង​ការ​កាប់​បំផ្លាញ​បន្ថែម
– ឯកសារ៖ លោក ហ៊ុន សែន «សន្យា​កាត់​ក» ឆ្នាំ​២០០២ បរាជ័យ​​រឿង​​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ រួច​មក​ប្តូរពាក្យ​ថា ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ «ដូច​​កាប់​​ក្បាល ហ៊ុន សែន​»

.

Advertisements